អេសេគាល 12
12
ប្រផ្នូលអំពីអ៊ីស្រាអែលត្រូវខ្ចាត់ខ្ចាយ
1ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 2«កូនមនុស្សអើយ អ្នកនៅក្នុងចំណោមពូជពង្សរឹងចចេសជាពួកអ្នកដែលមានភ្នែកសម្រាប់មើល តែមើលមិនឃើញទេ ក៏មានត្រចៀកសម្រាប់ស្តាប់ តែស្តាប់មិនឮដែរ ដ្បិតគេជាពូជពង្សរឹងចចេស 3ដូច្នេះ កូនមនុស្សអើយ ចូររៀបចំអីវ៉ាន់ សម្រាប់ដំណើរនិរទេស ហើយដើរចេញទៅ ទាំងថ្ងៃនៅចំពោះភ្នែកគេចុះ អ្នកត្រូវរើចេញពីកន្លែងអ្នក ទៅកន្លែងមួយទៀត នៅចំពោះភ្នែកគេ ប្រហែលជាគេនឹងពិចារណាយល់ ទោះបើគេជាវង្សរឹងចចេសក៏ដោយ។ 4អ្នកត្រូវរើយកអីវ៉ាន់អ្នកចេញ នៅពេលថ្ងៃ ចំពោះភ្នែកគេ ធ្វើដូចជារៀបចំនឹងត្រូវនិរទេសទៅ ហើយខ្លួនអ្នកត្រូវចេញទៅនៅពេលល្ងាចចំពោះភ្នែកគេ បែបដូចជាមនុស្សដែលត្រូវនិរទេស 5ចូរជីកទម្លុះកំផែងនៅចំពោះភ្នែកគេ ហើយបញ្ចេញអីវ៉ាន់ទៅតាមនោះចុះ 6អ្នកត្រូវលីអីវ៉ាន់អ្នកនៅមុខគេចេញទៅក្នុងងងឹត ក៏ត្រូវបាំងមុខ ដើម្បីមិនឲ្យឃើញស្រុកឡើយ ដ្បិតយើងបានតាំងអ្នកទុកជាទីសម្គាល់ ដល់ពូជពង្សអ៊ីស្រាអែល»។ 7ខ្ញុំក៏ធ្វើតាមបង្គាប់ខ្ញុំយកអីវ៉ាន់ចេញទាំងថ្ងៃ ដូចជាអីវ៉ាន់សម្រាប់ដំណើរនិរទេស ហើយនៅពេលល្ងាចខ្ញុំជីកទម្លុះកំផែងដោយដៃខ្ញុំ ក៏បញ្ចេញអីវ៉ាន់ក្នុងទីងងឹត ហើយលីយកទៅនៅចំពោះភ្នែកគេ។
8លុះព្រឹកឡើង ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 9កូនមនុស្សអើយ តើពូជពង្សអ៊ីស្រាអែលជាពួករឹងចចេសនោះ មិនបានសួរអ្នកទេថា "តើអ្នកកំពុងធ្វើអ្វី?" 10ត្រូវប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ព្រះបន្ទូលនេះ សំដៅលើចៅហ្វាយនៃក្រុងយេរូសាឡិម និងពូជពង្សអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅទីនោះដែរ 11ចូរប្រាប់ថា ខ្ញុំជាទីសម្គាល់ដល់អ្នករាល់គ្នា ការដែលខ្ញុំបានធ្វើនេះ នឹងមានគេធ្វើយ៉ាងនោះដល់ពូជពង្សអ៊ីស្រាអែលដែរ គេនឹងត្រូវនិរទេសទៅ ព្រមទាំងដឹកនាំទៅជាឈ្លើយផង។ 12គ្រានោះ ចៅហ្វាយដែលនៅកណ្ដាលពួកគេ លោកនឹងលីអីវ៉ាន់របស់លោកចេញទៅក្នុងងងឹត លោក នឹងជីកទម្លុះកំផែង ដើម្បីបញ្ចេញអីវ៉ាន់តាមនោះ លោកនឹងបាំងមុខ ដើម្បីមិនឲ្យភ្នែកឃើញស្រុកឡើយ។ 13យើងនឹងលាតមងយើងទៅពីលើលោក ហើយលោកនឹងជាប់អន្ទាក់របស់យើង យើងនឹងនាំលោកទៅឯបាប៊ីឡូន ជាស្រុករបស់ពួកខាល់ដេ ប៉ុន្តែ លោកនឹងមិនឃើញស្រុកនោះទេ ទោះបើលោកស្លាប់នៅទីនោះក៏ដោយ 14យើងនឹងកម្ចាត់កម្ចាយពួកអ្នកដែលនៅជុំវិញលោក និងកងទ័ពរបស់លោកទាំងប៉ុន្មានទៅតាមខ្យល់គ្រប់ទិស រួចយើងនឹងហូតដាវទៅតាមក្រោយគេ។ 15ដូច្នេះ កាលណាយើងបានបែងចែកគេ ទៅនៅកណ្ដាលអស់ទាំងសាសន៍ ហើយបានកម្ចាត់កម្ចាយគេទៅនៅគ្រប់ប្រទេស នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។ 16ប៉ុន្តែ យើងនឹងឲ្យមានពួកគេខ្លះរួចពីដាវ ពីអំណត់ និងពីអាសន្នរោគដែរ ដើម្បីឲ្យគេបានថ្លែងប្រាប់ពីគ្រប់ទាំងអំពើគួរស្អប់ខ្ពើមរបស់ខ្លួន នៅកណ្ដាលពួកសាសន៍ដទៃទាំងប៉ុន្មាន ដែលគេត្រូវទៅនៅនោះ ដូច្នេះ គេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
17ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 18«កូនមនុស្សអើយ ចូរស៊ីអាហារអ្នកដោយរន្ធត់ ព្រមទាំងផឹកទឹកដោយញាប់ញ័រ ហើយថប់ព្រួយចុះ។ 19ចូរប្រាប់ដល់ពួកជនក្នុងស្រុកថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលពីដំណើរពួកក្រុងយេរូសាឡិម និងពួកអ្នកនៅស្រុកអ៊ីស្រាអែលថា គេនឹងស៊ីអាហាររបស់គេ ដោយភ័យខ្លាច ហើយផឹកទឹករបស់គេដោយតក់ស្លុត ដ្បិតស្រុកគេនឹងត្រូវខូចបង់ ព្រមទាំងរបស់ទាំងអស់ដែលនៅក្នុងស្រុកនោះដែរ ដោយព្រោះសេចក្ដីច្រឡោតរបស់ពួកអ្នកដែលនៅស្រុកនោះ។ 20ទីក្រុងទាំងឡាយ ដែលមានមនុស្សនៅ នឹងត្រូវបំផ្លាញ ហើយស្រុកនឹងត្រូវខូចបង់ទៅ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
21ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 22«កូនមនុស្សអើយ ពាក្យទំនៀមយ៉ាងណានោះ ដែលអ្នករាល់គ្នាធ្លាប់និយាយ នៅស្រុកអ៊ីស្រាអែល ដោយថា កំណត់ថ្ងៃបានបន្ថយទៅ ហើយគ្រប់ទាំងនិមិត្តក៏ខានមាន។ 23ដូច្នេះ ត្រូវប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងនឹងធ្វើឲ្យពាក្យទំនៀមនោះបាត់ទៅ គេនឹងលែងប្រើពាក្យនោះទុកជាទំនៀម នៅស្រុកអ៊ីស្រាអែលទៀត ប៉ុន្តែ ត្រូវប្រាប់គេថា "វេលាកំណត់ជិតដល់ហើយ ព្រមទាំងពេលដែលនឹងសម្រេច តាមគ្រប់ទាំងនិមិត្តនោះផង"។ 24ដ្បិតនឹងគ្មាននិមិត្តក្លែងក្លាយ ឬពាក្យទំនាយបញ្ចើច នៅក្នុងពូជពង្សអ៊ីស្រាអែលទៀតឡើយ 25ព្រោះយើងនេះ គឺយេហូវ៉ា យើងនឹងចេញបង្គាប់ ហើយពាក្យដែលយើងប្រាប់នោះ នឹងបានសម្រេចជាពិត ឥតដែលបន្ថយទៀតឡើយ ដ្បិតឱពូជពង្សរឹងចចេសអើយ នៅគ្រារបស់អ្នក យើងនឹងចេញវាចា ហើយនឹងធ្វើសម្រេចតាមផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
26ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 27«កូនមនុស្សអើយ ពូជពង្សអ៊ីស្រាអែល គេនិយាយថា និមិត្តដែលគាត់ឃើញ នោះសម្ដែងពីគ្រាទៅមុខជាយូរ គាត់ថ្លែងទំនាយពីវេលា ដែលនៅឆ្ងាយនៅឡើយ 28ដូច្នេះ ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ នឹងគ្មានពាក្យរបស់យើងណាមួយត្រូវបន្ថយទៀតឡើយ គឺពាក្យដែលយើងបញ្ចេញ នោះនឹងបានសម្រេចជាពិត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 12: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies