អេសេគាល 18
18
ព្រះអម្ចាស់ដាក់ទោសម្នាក់ៗតាមអំពើដែលខ្លួនប្រព្រឹត្ត
1ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំម្តងទៀតថា៖ 2«អ្នករាល់គ្នាប្រើពាក្យសុភាសិតនេះ និយាយពីដំណើរស្រុកអ៊ីស្រាអែលថា ឪពុកបានស៊ីផ្លែជូរ ហើយកូនត្រូវសង្កៀរធ្មេញទៅ នោះតើចង់ថាដូចម្តេច?»។ 3ព្រះអម្ចាស់យេហូវ៉ាស្បថថា៖ «ដូចជាយើងរស់នៅ នោះប្រាកដជាអ្នករាល់គ្នាមិនមានឱកាសនឹងនិយាយសុភាសិតនេះ នៅក្នុងស្រុកអ៊ីស្រាអែលទៀតឡើយ។ 4មើល៍! ព្រលឹងទាំងអស់ជារបស់យើង ទោះទាំងព្រលឹងឪពុក និងព្រលឹងកូនផង ក៏ជារបស់យើងដូចគ្នា ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះនឹងត្រូវស្លាប់។
5ប៉ុន្តែ បើមនុស្សណាសុចរិត ជាអ្នកប្រព្រឹត្តសេចក្ដីត្រឹមត្រូវ ហើយទៀងត្រង់ 6ឥតដែលស៊ីនៅលើភ្នំ ឬងើបមើលទៅរូបព្រះរបស់ពួកវង្សអ៊ីស្រាអែល ក៏មិនបានបង្អាប់ប្រពន្ធរបស់អ្នកជិតខាងខ្លួន ឬចូលទៅជិតស្រីដែលមានរដូវ 7ហើយមិនបានសង្កត់សង្កិនអ្នកណា គឺបានប្រគល់របស់បញ្ចាំដល់អ្នកដែលជំពាក់ខ្លួនវិញ ក៏មិនបានប្លន់យករបស់គេ គឺបានចែកអាហារដល់ពួកអ្នកដែលឃ្លាន ហើយបិទបាំងអ្នកដែលនៅខ្លួនទទេ ដោយសម្លៀកបំពាក់វិញ 8គឺបើអ្នកនោះមិនបានឲ្យគេខ្ចីដោយយកការ ឬយកកម្រៃអ្វីឡើយ គឺបានដកដៃពីអំពើទុច្ចរិតចេញ បានសម្រេចសេចក្ដីយុត្តិធម៌ចំពោះគ្នានឹងគ្នា 9ព្រមទាំងប្រព្រឹត្តតាមក្រឹត្យក្រមរបស់យើង ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ដើម្បីនឹងប្រព្រឹត្តដោយទៀងត្រង់ នោះព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា អ្នកនោះជាមនុស្សសុចរិតពិត អ្នកនោះនឹងរស់នៅជាប្រាកដ។ 10បើអ្នកនោះបង្កើតកូនប្រុសមកដែលធ្វើជាចោរ ជាអ្នកដែលកម្ចាយឈាម ឬប្រព្រឹត្តអំពើណាមួយបែបនេះ 11(ដែលផ្ទុយពីឪពុករបស់ខ្លួន) ជាកូនដែលស៊ីសំណែននៅលើភ្នំ ហើយប្រព្រឹត្តអំពើសៅហ្មងជាមួយប្រពន្ធរបស់អ្នកជិតខាងខ្លួន 12ព្រមទាំងសង្កត់សង្កិនពួកអ្នកក្រីក្រ អ្នកកម្សត់ទុគ៌ត ឬប្លន់គេ ក៏មិនបានប្រគល់របស់បញ្ចាំទៅវិញ ហើយបានងើបមើលទៅរូបព្រះ គឺបានប្រព្រឹត្តការដ៏គួរស្អប់ខ្ពើម 13បានទាំងឲ្យគេខ្ចីដោយយកការ ហើយយកកម្រៃផង តើកូននោះនឹងរស់នៅ ឬវាមិនត្រូវរស់ទេ? វាបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនោះ ដូច្នេះ វាត្រូវស្លាប់ជាមិនខាន ឈាមវានឹងធ្លាក់ទៅលើវាវិញ។ 14ប៉ុន្តែ បើអ្នកនោះបង្កើតកូនប្រុសមក ដែលឃើញអស់ទាំងអំពើបាបដែលឪពុកប្រព្រឹត្ត ក៏ពិចារណា ហើយមិនប្រព្រឹត្តតាមអំពើយ៉ាងនោះទេ 15គឺមិនស៊ីនៅលើភ្នំ ឬងើបមើលទៅរូបព្រះរបស់ពួកវង្សអ៊ីស្រាអែល ក៏មិនបានបង្អាក់ប្រពន្ធរបស់អ្នកជិតខាងខ្លួន 16ឬសង្កត់សង្កិនអ្នកណា ឬទទួលបញ្ចាំរបស់គេ ក៏មិនបានប្លន់ដែរ គឺបានចែកអាហាររបស់ខ្លួន ដល់ពួកអ្នកដែលឃ្លាន ហើយបិទបាំងអ្នកដែលនៅខ្លួនអាក្រាតទទេ ដោយសម្លៀកបំពាក់ 17ក៏ដកដៃចេញពីអំពើទុច្ចរិត ហើយមិនបានយកការប្រាក់ ឬកម្រៃអ្វីឡើយ គឺបានសម្រេចតាមក្រឹត្យក្រមរបស់យើង ហើយប្រព្រឹត្តតាមបញ្ញត្តិច្បាប់របស់យើងទាំងប៉ុន្មាន កូននោះនឹងមិនស្លាប់ ដោយព្រោះសេចក្ដីទុច្ចរិតរបស់ឪពុកខ្លួនឡើយ គឺនឹងមានជីវិតរស់នៅជាមិនខាន។ 18ចំណែកឪពុកអ្នកនោះ នឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួន ព្រោះបានសង្កត់សង្កិនយ៉ាងកំណាច ហើយបានប្លន់បងប្អូន ព្រមទាំងប្រព្រឹត្តអំពើដែលមិនល្អក្នុងចំណោមសាសន៍របស់ខ្លួន។ 19ប៉ុន្តែ អ្នករាល់គ្នាសួរថា ហេតុអ្វីបានជាកូនមិនត្រូវរងសេចក្ដីទុច្ចរិតរបស់ឪពុកដូច្នេះ? កាលណាកូនបានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់ ព្រមទាំងរក្សាក្រឹត្យក្រមរបស់យើង ហើយប្រព្រឹត្តតាម នោះវានឹងមានជីវិតរស់នៅវិញ។ 20ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះនឹងត្រូវស្លាប់ កូនមិនត្រូវរងសេចក្ដីទុច្ចរិតរបស់ឪពុកទេ ហើយឪពុកក៏មិនត្រូវរងសេចក្ដីទុច្ចរិតរបស់កូនដែរ សេចក្ដីទុច្ចរិតរបស់មនុស្សសុចរិតនឹងនៅលើអ្នកនោះ ហើយសេចក្ដីទុច្ចរិតរបស់មនុស្សទុច្ចរិតនឹងនៅលើខ្លួនអ្នកទុច្ចរិតនោះដែរ។ 21តែមនុស្សទុច្ចរិត បើបែរចេញពីអស់ទាំងអំពើបាបដែលខ្លួនបានប្រព្រឹត្ត ហើយរក្សាអស់ទាំងក្រឹត្យក្រមរបស់យើង ព្រមទាំងប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ អ្នកនោះនឹងមានជីវិតរស់នៅ ឥតត្រូវស្លាប់ឡើយ។ 22ឯអំពើរំលងទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្តនោះ នឹងមិននឹកចាំបទណាមួយទាស់នឹងគេទេ គឺគេនឹងរស់នៅ ដោយសេចក្ដីទុច្ចរិតដែលខ្លួនបានប្រព្រឹត្ត»។ 23ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលសួរថា៖ «តើយើងមានអំណរដោយមនុស្សទុច្ចរិតស្លាប់ឬ? តើមិនមែនអរដោយគេបែរចេញពីផ្លូវរបស់ខ្លួន ឲ្យបានរស់នៅទេឬ? 24តែមនុស្សសុចរិត បើគេបែរចេញពីអំពីសុចរិតរបស់ខ្លួនទៅប្រព្រឹត្តទុច្ចរិត ហើយធ្វើគ្រប់ការគួរស្អប់ខ្ពើម ដែលមនុស្សទុច្ចរិតតែងប្រព្រឹត្ត នោះតើនឹងរស់នៅឬ? អំពើសុចរិតទាំងប៉ុន្មានដែលអ្នកនោះបានធ្វើ នោះនឹងគ្មាននឹកចាំពីបទណាមួយឡើយ អ្នកនោះនឹងត្រូវស្លាប់ក្នុងអំពើរំលងដែលខ្លួនបានប្រព្រឹត្ត ហើយក្នុងអំពើបាបដែលខ្លួនបានធ្វើនោះវិញ។
25ទោះបើយ៉ាងនោះ គង់តែអ្នករាល់គ្នាថា ផ្លូវរបស់ព្រះអម្ចាស់មិនត្រឹមត្រូវទេ ដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ ចូរស្តាប់ចុះ តើផ្លូវរបស់យើងមិនត្រឹមត្រូវមែនឬ? តើមិនមែនជាផ្លូវរបស់អ្នករាល់គ្នា ដែលមិនត្រឹមត្រូវទេឬ? 26កាលណាមនុស្សសុចរិតបែរចេញពីអំពើសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តទុច្ចរិតវិញ ហើយត្រូវស្លាប់ទៅ នោះគឺនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិត ដែលខ្លួនបានប្រព្រឹត្តនោះ។ 27មួយទៀត កាលណាមនុស្សទុច្ចរិតបែរចេញពីអំពើទុច្ចរិត ដែលខ្លួនបានធ្វើ ទៅប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ នោះគេនឹងធ្វើឲ្យព្រលឹងខ្លួនរស់នៅ។ 28គឺនឹងរស់នៅជាពិតប្រាកដ ឥតស្លាប់ឡើយ ដោយព្រោះគេបានពិចារណា ហើយបែរចេញពីអំពើរំលងដែលខ្លួនបានប្រព្រឹត្តនោះ។ 29ប៉ុន្តែ ពួកវង្សអ៊ីស្រាអែលគេថា ផ្លូវរបស់ព្រះអម្ចាស់មិនត្រឹមត្រូវទេ ឱពួកវង្សអ៊ីស្រាអែលអើយ តើផ្លូវរបស់យើងមិនត្រឹមត្រូវមែនឬ? តើមិនមែនជាផ្លូវរបស់អ្នករាល់គ្នាទេឬដែលមិនត្រឹមត្រូវ? 30ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា ឱពួកវង្សអ៊ីស្រាអែលអើយ យើងនឹងជំនុំជម្រះអ្នករាល់គ្នា គ្រប់គ្នាតាមអំពើប្រព្រឹត្តរៀងខ្លួន ចូរអ្នករាល់គ្នាវិលមកវិញ ចូរបែរចេញពីអំពើរំលងរបស់អ្នក នោះសេចក្ដីទុច្ចរិតនឹងមិនបំផ្លាញអ្នកទេ។ 31ចូរបោះបង់ចោលអំពើរំលងទាំងប៉ុន្មានរបស់អ្នក ដែលអ្នករាល់គ្នាប្រព្រឹត្តនោះ ហើយឲ្យខ្លួនមានចិត្តថ្មី និងវិញ្ញាណថ្មីចុះ ដ្បិតឱពូជពង្សពួកអ៊ីស្រាអែលអើយ អ្នករាល់គ្នាចង់ស្លាប់ធ្វើអី? 32ព្រោះយើងឥតមានអំណរចំពោះការស្លាប់របស់អ្នកដែលត្រូវស្លាប់នោះទេ ដូច្នេះ ចូរអ្នករាល់គ្នាវិលមក ដើម្បីឲ្យបានរស់នៅ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 18: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies