អេ‌សេ‌គាល 18

18
ព្រះ‌អម្ចាស់​ដាក់​ទោស​ម្នាក់ៗ​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត
1ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា៖ 2«អ្នក​រាល់​គ្នា​ប្រើ​ពាក្យ​សុភា‌សិត​នេះ និយាយ​ពី​ដំណើរ​ស្រុក​អ៊ីស្រា‌អែល​ថា ឪពុក​បាន​ស៊ី​ផ្លែ​ជូរ ហើយ​កូន​ត្រូវ​សង្កៀរ​ធ្មេញ​ទៅ នោះ​តើ​ចង់​ថា​ដូច​ម្តេច?»។ 3ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា៖ «ដូច​ជា​យើង​រស់​នៅ នោះ​ប្រាកដ​ជា​អ្នក​រាល់​គ្នា​មិន​មាន​ឱកាស​នឹង​និយាយ​សុភា‌សិត​នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទៀត​ឡើយ។ 4មើល៍! ព្រលឹង​ទាំង​អស់​ជា​របស់​យើង ទោះ​ទាំង​ព្រលឹង​ឪពុក និង​ព្រលឹង​កូន​ផង ក៏​ជា​របស់​យើង​ដូច​គ្នា ឯ​ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​នឹង​ត្រូវ​ស្លាប់។
5ប៉ុន្តែ បើ​មនុស្ស​ណា​សុចរិត ជា​អ្នក​ប្រព្រឹត្ត​សេចក្ដី​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់ 6ឥត​ដែល​ស៊ី​នៅ​លើ​ភ្នំ ឬ​ងើប​មើល​ទៅ​រូប​ព្រះ​របស់​ពួក​វង្ស​អ៊ីស្រា‌អែល ក៏​មិន​បាន​បង្អាប់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន ឬ​ចូល​ទៅ​ជិត​ស្រី​ដែល​មាន​រដូវ 7ហើយ​មិន​បាន​សង្កត់‌សង្កិន​អ្នក​ណា គឺ​បាន​ប្រគល់​របស់​បញ្ចាំ​ដល់​អ្នក​ដែល​ជំពាក់​ខ្លួន​វិញ ក៏​មិន​បាន​ប្លន់​យក​របស់​គេ គឺ​បាន​ចែក​អាហារ​ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​ទទេ ដោយ​សម្លៀក‌បំពាក់​វិញ 8គឺ​បើ​អ្នក​នោះ​មិន​បាន​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ឬ​យក​កម្រៃ​អ្វី​ឡើយ គឺ​បាន​ដក​ដៃ​ពី​អំពើ​ទុច្ចរិត​ចេញ បាន​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ចំពោះ​គ្នា​នឹង​គ្នា 9ព្រម​ទាំង​ប្រព្រឹត្ត​តាម​ក្រឹត្យ‌ក្រម​របស់​យើង ហើយ​រក្សា​បញ្ញត្តិ​ច្បាប់​របស់​យើង ដើម្បី​នឹង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អ្នក​នោះ​ជា​មនុស្ស​សុចរិត​ពិត អ្នក​នោះ​នឹង​រស់​នៅ​ជា​ប្រាកដ។ 10បើ​អ្នក​នោះ​បង្កើត​កូន​ប្រុស​មក​ដែល​ធ្វើ​ជា​ចោរ ជា​អ្នក​ដែល​កម្ចាយ​ឈាម ឬ​ប្រព្រឹត្ត​អំពើ​ណា​មួយ​បែប​នេះ 11(ដែលផ្ទុយ​ពី​ឪ​ពុក​របស់​ខ្លួន) ជា​កូន​ដែលស៊ី​សំណែន​នៅ​លើ​ភ្នំ ហើយប្រព្រឹត្ត​អំពើ​សៅហ្មង​ជា‌មួយ​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន 12ព្រម​ទាំង​សង្កត់‌សង្កិន​ពួក​អ្នក​ក្រីក្រ អ្នក​កម្សត់​ទុគ៌ត ឬ​ប្លន់​គេ ក៏​មិន​បាន​ប្រគល់​របស់​បញ្ចាំ​ទៅ​វិញ ហើយ​បាន​ងើប​មើល​ទៅ​រូប​ព្រះ គឺ​បាន​ប្រព្រឹត្ត​ការ​ដ៏​គួរ​ស្អប់​ខ្ពើម 13បាន​ទាំង​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ហើយ​យក​កម្រៃ​ផង តើ​កូន​នោះ​នឹង​រស់​នៅ ឬ​វា​មិន​ត្រូវ​រស់​ទេ? វា​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ ដូច្នេះ វា​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​វា​នឹង​ធ្លាក់​ទៅ​លើ​វា​វិញ។ 14ប៉ុន្តែ បើ​អ្នក​នោះ​បង្កើត​កូន​ប្រុស​មក ដែល​ឃើញ​អស់​ទាំង​អំពើ​បាប​ដែល​ឪពុក​ប្រព្រឹត្ត ក៏​ពិចារ‌ណា ហើយ​មិន​ប្រព្រឹត្ត​តាម​អំពើ​យ៉ាង​នោះ​ទេ 15គឺ​មិន​ស៊ី​នៅ​លើ​ភ្នំ ឬ​ងើប​មើល​ទៅ​រូប​ព្រះ​របស់​ពួក​វង្ស​អ៊ីស្រា‌អែល ក៏​មិន​បាន​បង្អាក់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន 16ឬ​សង្កត់‌សង្កិន​អ្នក​ណា ឬ​ទទួល​បញ្ចាំ​របស់​គេ ក៏​មិន​បាន​ប្លន់​ដែរ គឺ​បាន​ចែក​អាហារ​របស់​ខ្លួន ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​អាក្រាត​ទទេ ដោយ​សម្លៀក‌បំពាក់ 17ក៏​ដក​ដៃ​ចេញ​ពី​អំពើ​ទុច្ចរិត ហើយ​មិន​បាន​យក​ការ​ប្រាក់ ឬ​កម្រៃ​អ្វី​ឡើយ គឺ​បាន​សម្រេច​តាម​ក្រឹត្យ‌ក្រម​របស់​យើង ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្តិ​ច្បាប់​របស់​យើង​ទាំង​ប៉ុន្មាន កូន​នោះ​នឹង​មិន​ស្លាប់ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ខ្លួន​ឡើយ គឺ​នឹង​មានជីវិត​រស់​នៅ​ជា​មិន​ខាន។ 18ចំណែក​ឪពុក​អ្នក​នោះ នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន ព្រោះ​បាន​សង្កត់‌សង្កិន​យ៉ាង​កំណាច ហើយ​បាន​ប្លន់​បង‌ប្អូន ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដែល​មិន​ល្អ​ក្នុង​ចំណោម​សាសន៍​របស់​ខ្លួន។ 19ប៉ុន្តែ អ្នក​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​កូន​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ដូច្នេះ? កាល​ណា​កូន​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់ ព្រម​ទាំង​រក្សា​ក្រឹត្យ‌ក្រម​របស់​យើង ហើយ​ប្រព្រឹត្ត​តាម នោះ​វា​នឹង​មាន​ជីវិត​រស់​នៅ​វិញ។ 20ឯ​ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​នឹង​ត្រូវ​ស្លាប់ កូន​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ទេ ហើយ​ឪពុក​ក៏​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​កូន​ដែរ សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​សុចរិត​នឹង​នៅ​លើ​អ្នក​នោះ ហើយ​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​ទុច្ចរិត​នឹង​នៅ​លើ​ខ្លួន​អ្នក​ទុច្ចរិត​នោះ​ដែរ។ 21តែ​មនុស្ស​ទុច្ចរិត បើ​បែរ​ចេញ​ពី​អស់​ទាំង​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​រក្សា​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់​វិញ អ្នក​នោះ​នឹងមាន​ជីវិត​រស់​នៅ ឥត​ត្រូវ​ស្លាប់​ឡើយ។ 22ឯ​អំពើ​រំលង​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ នឹង​មិន​នឹក​ចាំ​បទ​ណា​មួយ​ទាស់​នឹង​គេ​ទេ គឺ​គេ​នឹង​រស់​នៅ ដោយ​សេចក្ដី​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត»។ 23ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​យើង​មាន​អំណរ​ដោយ​មនុស្ស​ទុច្ចរិត​ស្លាប់​ឬ? តើ​មិន​មែន​អរ​ដោយ​គេ​បែរ​ចេញ​ពី​ផ្លូវ​របស់​ខ្លួន ឲ្យ​បាន​រស់​នៅ​ទេ​ឬ? 24តែ​មនុស្ស​សុចរិត បើ​គេ​បែរ​ចេញ​ពី​អំពី​សុចរិត​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​ទុច្ចរិត ហើយ​ធ្វើ​គ្រប់​ការ​គួរ​ស្អប់​ខ្ពើម ដែល​មនុស្ស​ទុច្ចរិត​តែង​ប្រព្រឹត្ត នោះ​តើ​នឹង​រស់​នៅ​ឬ? អំពើ​សុចរិត​ទាំង​ប៉ុន្មាន​ដែល​អ្នក​នោះ​បាន​ធ្វើ នោះ​នឹង​គ្មាន​នឹក​ចាំ​ពី​បទ​ណា​មួយ​ឡើយ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​រំលង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ក្នុង​អំពើ​បាប​ដែល​ខ្លួន​បាន​ធ្វើ​នោះ​វិញ។
25ទោះ​បើ​យ៉ាង​នោះ គង់​តែ​អ្នក​រាល់​គ្នា​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ត្រឹម​ត្រូវ​ទេ ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ តើ​ផ្លូវ​របស់​យើង​មិន​ត្រឹម​ត្រូវ​មែន​ឬ? តើ​មិន​មែន​ជា​ផ្លូវ​របស់​អ្នក​រាល់​គ្នា ដែល​មិន​ត្រឹម​ត្រូវ​ទេ​ឬ? 26កាល​ណា​មនុស្ស​សុចរិត​បែរ​ចេញ​ពី​អំពើ​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​ទុច្ចរិត​វិញ ហើយ​ត្រូវ​ស្លាប់​ទៅ នោះ​គឺ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ។ 27មួយ​ទៀត កាល​ណា​មនុស្ស​ទុច្ចរិត​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ធ្វើ ទៅ​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់​វិញ នោះ​គេ​នឹង​ធ្វើ​ឲ្យ​ព្រលឹង​ខ្លួន​រស់​នៅ។ 28គឺ​នឹង​រស់​នៅ​ជា​ពិតប្រាកដ ឥត​ស្លាប់​ឡើយ ដោយ​ព្រោះ​គេ​បាន​ពិចារ‌ណា ហើយ​បែរ​ចេញ​ពី​អំពើ​រំលង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ។ 29ប៉ុន្តែ ពួក​វង្ស​អ៊ីស្រា‌អែល​គេ​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ត្រឹម​ត្រូវ​ទេ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ តើ​ផ្លូវ​របស់​យើង​មិន​ត្រឹម​ត្រូវ​មែន​ឬ? តើ​មិន​មែន​ជា​ផ្លូវ​របស់​អ្នក​រាល់​គ្នា​ទេ​ឬ​ដែល​មិន​ត្រឹម​ត្រូវ? 30ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​ជំនុំ‌ជម្រះ​អ្នក​រាល់​គ្នា គ្រប់​គ្នា​តាម​អំពើ​ប្រព្រឹត្ត​រៀង​ខ្លួន ចូរ​អ្នក​រាល់​គ្នា​វិល​មក​វិញ ចូរ​បែរ​ចេញ​ពី​អំពើ​រំលង​របស់​អ្នក នោះ​សេចក្ដី​ទុច្ចរិត​នឹង​មិន​បំផ្លាញ​អ្នក​ទេ។ 31ចូរ​បោះ‌បង់​ចោល​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​អ្នក ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នោះ ហើយ​ឲ្យ​ខ្លួន​មាន​ចិត្ត​ថ្មី និង​វិញ្ញាណ​ថ្មី​ចុះ ដ្បិត​ឱ​ពូជ‌ពង្ស​ពួក​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ចង់​ស្លាប់​ធ្វើ​អី? 32ព្រោះ​យើង​ឥត​មាន​អំណរ​ចំពោះ​ការ​ស្លាប់​របស់​អ្នក​ដែល​ត្រូវ​ស្លាប់​នោះ​ទេ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​វិល​មក ដើម្បី​ឲ្យ​បាន​រស់​នៅ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 18: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល