អេ‌សេ‌គាល 19

19
ទំនួញ​របស់​មេ​ដឹក‌នាំ​អ៊ីស្រា‌អែល
1មួយ​ទៀត ចូរ​អ្នក​ចាប់​តាំង​ពោល​បទ​ទំនួញ​ពី​ដំណើរ​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល
2ចូរ​ថា តើ​ម្តាយ​អ្នក​ថា​អ្វី? គឺ​ជា​សិង្ហ​ញី
ដែល​បាន​ក្រាប​នៅ​កណ្ដាល​សិង្ហ​ឈ្មោល
ក៏​បំបៅ​កូន នៅ​កណ្ដាល​ពួក​សិង្ហ​ស្ទាវ
3ក៏​បាន​ចិញ្ចឹម​កូន​មួយ ដែល​ត្រឡប់​ទៅ​ជា​សិង្ហ​ស្ទាវ
ហើយ​បាន​ហាត់​ចាប់​រំពា
វា​ក៏​ត្របាក់​លេប​មនុស្ស​ទៅ។
4អស់​ទាំង​សាសន៍​បាន​ឮ​និយាយ​ពី​វា
រួច​គេ​ចាប់​វា​បាន​ក្នុង​រណ្តៅ​របស់​គេ
ក៏​ខ្លុះ​ដឹក​ទៅ​ឯ​ស្រុក​អេស៊ីព្ទ។
5ឯ​មេ កាល​ឃើញ​ថា​រង់‌ចាំ​យូរ
តែ​ទី​សង្ឃឹម​បាន​បាត់​ហើយ
ក៏​យក​កូន​មួយ​ទៀត​ឲ្យ​ឡើង​ជា​សិង្ហ​ស្ទាវ។
6រួច​កូន​នោះ​ក៏​ដើរ​ទៅ​មក​ជា‌មួយ​ពួក​សិង្ហ​ឈ្មោល
វា​ត្រឡប់​ជា​សិង្ហ​ស្ទាវ ហើយ​ក៏​ហាត់​ចាប់​រំពា
ត្របាក់​លេប​មនុស្ស​ទៅ​ដែរ។
7វា​បាន​កម្ទេច​ទី​មាំ​មួន​របស់​គេ
ហើយ​បាន​បំផ្លិច​បំផ្លាញ​ទី​ក្រុង​របស់​គេ
ស្រុក​នោះ និង​ប្រជា​ប្រជន​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​នោះ
ក៏​ភ័យ​ស្លុត​នឹង​សំឡេង​គ្រហឹម​របស់​វា។
8គ្រា​នោះ អស់​ទាំង​សាសន៍​ក៏​លើក​គ្នា​ទាស់​នឹង​វា
ស្រុក​ជុំ‌វិញ​គ្រប់​ទិស គេ​ត្រដាង​មង​ពី​លើ​វា
ហើយ​វា​ជាប់​ក្នុង​រណ្តៅ​របស់​គេ។
9គេ​ខ្លុះ​ច្រមុះ​វា​ដាក់​ក្នុង​ទ្រុង
ដឹក‌ទៅ​ថ្វាយ​ស្តេច​បាប៊ីឡូន
គេ​នាំ​វា​ចូល​ទៅ​ក្នុង​ទី​មាំ‌មួន
ដើម្បី​មិន​ឲ្យ​ឮ​សូរ​សំឡេង​វា
នៅ​លើ​ភ្នំ​ស្រុក​អ៊ីស្រា‌អែល​ទៀត​ឡើយ។
10ម្តាយ​របស់​អ្នក​ប្រៀប​ដូច​ជា
ដើម​ទំពាំង‌បាយ‌ជូរ​ក្នុង​ចម្ការ
ដែល​ដាំ​នៅ​ក្បែរ​ផ្លូវ​ទឹក
ក៏​កើត​មាន​ផល ហើយ​មាន​ខ្នែង​ជា​ច្រើន
ដោយ​នៅ​ជិត​ទឹក​បរិបូរ។ q1
11ដើម​នោះ​មាន​មែក​មាំ
សម្រាប់​ជា​ដំបង​រាជ្យ​នៃ​ពួក​អ្នក​ដែល​គ្រប់‌គ្រង
ក៏​លូត​ឡើង​ខ្ពស់​ជាង​មែក​ញឹក‌ស្និត
វា​ទាញ​នាំ​ភ្នែក​ដោយ​កម្ពស់
និង​មែក​យ៉ាង​សន្ធឹក​របស់​វា។
12ប៉ុន្តែ វា​ត្រូវ​ដក​រំលើង ដោយ​សេចក្ដី​ឃោរ‌ឃៅ
ហើយ​ត្រូវ​បោះ​ចុះ​ដល់​ដី
រួច​ខ្យល់​ពី​ទិស​ខាង​កើត​ក៏​ធ្វើ​ឲ្យ​ផល​វា​ស្វិត​ក្រៀម
មែក​ដ៏​មាំ​របស់​វា​ត្រូវ​បាក់ ហើយ​ក្រៀម​ស្ងួត​ទៅ
ឯ​ភ្លើង​ក៏​ឆេះ​អស់​រលីង។
13ឥឡូវ​នេះ វា​ត្រូវ​ដាំ​នៅ​ទី​រហោ‌ស្ថាន​វិញ
គឺ​ក្នុង​ទី​ហួត‌ហែង ហើយ​សោះ​ស្ងួត។
14មាន​ភ្លើង​ចេញ​ពី​ដំបង​មួយ ដែល​ធ្វើ​ពី​ខ្នែង​វា
ទៅ​បញ្ឆេះ​ផល​វា ហើយ​វា​គ្មាន​ខ្នែង​ណា​មាំ
សម្រាប់​ធ្វើ​ដំបង​រាជ្យ​ពួក​អ្នក​គ្រប់‌គ្រង​ទៀត​ទេ
នេះ​ជា​បទ​ទំនួញ ហើយ​ទុក​ជា​ពាក្យ​ទួញ​ត​ទៅ»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 19: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល