អេ‌សេ‌គាល 21

21
ដាវ​របស់​ព្រះ‌អម្ចាស់
1 ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 2«កូន​មនុស្ស​អើយ ចូរ​តម្រង់​មុខ​អ្នក​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​ពោល​ទៅ​ខាង​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ថ្លែងទំនាយ​ទាស់​នឹង​ស្រុក​អ៊ីស្រា‌អែល​ចុះ 3ហើយ​ប្រាប់​ដល់​ស្រុក​អ៊ីស្រា‌អែល​ថា: ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​ទាស់​ទទឹង​នឹង​អ្នក យើង​នឹង​ហូត​ដាវ​របស់​យើង​ចេញ​ពី​ស្រោម ហើយ​កាត់​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ចេញ​ពី​អ្នក​ផង។ 4ដូច្នេះ ដោយ​ព្រោះ​យើង​នឹង​កាត់​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ចេញ​ពី​អ្នក នោះ​ដាវ​របស់​យើង​នឹង​ចេញ​ពី​ស្រោម ទៅ​ទាស់​នឹង​គ្រប់​ទាំង​មនុស្ស ចាប់​តាំង​ពី​ខាង​ត្បូង​រហូត​ដល់​ខាង​ជើង។ 5គ្រប់​គ្នា​នឹង​ដឹង​ថា យើង​គឺ​ព្រះ‌យេហូវ៉ា បាន​ហូត​ដាវ​របស់​យើង​ពី​ស្រោម​ចេញ​ហើយ ដាវ​នោះ​នឹង​មិន​បាន​ស៊ក​ចូល​ទៅ​វិញ​ឡើយ។ 6ដូច្នេះ ឱ​កូន​មនុស្ស​អើយ ចូរ​ដក​ដង្ហើម​ធំ​ចុះ អ្នក​នឹង​ត្រូវ​ដក​ដង្ហើម​ធំ​នៅ​ចំពោះ​មុខ​គេ ដោយ​ចុក​សៀត​ចង្កេះ ហើយ​មាន​ចិត្ត​ជូរ​ចត់។ 7កាល​ណា​គេ​សួរ​អ្នក​ថា ហេតុ​អ្វី​បាន​ជា​ដង្ហើម​ធំ​ដូច្នេះ? អ្នក​ត្រូវ​ប្រាប់​ថា គឺ​ដោយ​ព្រោះ​បាន​ឮ​ដំណឹង ពី​ព្រោះ​ការ​នោះ​កំពុង​តែ​មក ហើយ​ចិត្ត​មនុស្ស​ទាំង​អស់​នឹង​រលាយ​ទៅ ដៃ​ទាំង​អស់​នឹង​អន់​ខ្សោយ វិញ្ញាណ​ទាំង​អស់​នឹង​ស្រយុត​ចុះ ហើយ​ក្បាល​ជង្គង់​ទាំង​ប៉ុន្មាន​នឹង​ទន់​ដូច​ជា​ទឹក ការ​នោះ​កំពុង​តែ​មក​ហើយ ក៏​នឹង​បាន​សម្រេច នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។ 8ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 9«កូន​មនុស្ស​អើយ ចូរ​ថ្លែងទំនាយ​ប្រាប់​ថា
ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ
ចូរ​ថា ន៏ មាន​ដាវ​ហើយ
ជា​ដាវ​ដែល​បាន​សំលៀង​ជា​ស្រេច
ហើយ​ខាត់​ឲ្យ​ភ្លឺ​ផ្លេក​ផង
10គេ​សំលៀង​ដើម្បី​សម្លេះ
ក៏​ខាត់​ដើម្បី​ឲ្យ​ភ្លឺ​ដូច​ផ្លេក‌បន្ទោរ
តើ​ឲ្យ​យើង​អរ​សប្បាយ​ម្ដេច​បាន?
អ្នក​បាន​មើល​ងាយ​ដំបង
និង​អស់​ទាំង​ការប្រៀន​ប្រដៅ​ផង។
11ដាវ​នោះ​បាន​ប្រគល់​ឲ្យ​គេ​ខាត់
ដើម្បីឲ្យ​បាន​កាន់​នៅ​ដៃ។
ដាវ​នោះ​បាន​សំលៀង​ហើយ
ហើយ​ក៏​បាន​ខាត់​ឲ្យ​ភ្លឺ​ដែរ
ដើម្បី​ដាក់​នៅ​ដៃ​អ្នក​ដែល​កាប់​សម្លាប់។
12កូន​មនុស្ស​អើយ ចូរ​ស្រែក ហើយ​ទ្រហោ‌យំ​ចុះ
ពី​ព្រោះ​ដាវ​នោះ​បាន​មក​លើ​ប្រជា‌រាស្ត្រ​របស់​យើង
ក៏​មក​លើ​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន
នៃ​សាសន៍​អ៊ីស្រា‌អែល​ដែរ
គេ​ត្រូវ​ប្រគល់​ដល់​ដាវ​ជា‌មួយ​ប្រជា‌រាស្ត្រ​យើង
ដូច្នេះ ចូរ​ទះ​ភ្លៅ​អ្នក​ចុះ។
13ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា
មាន​ការ​ល្បង‌ល​ហើយ
ដូច្នេះ បើ​ទាំង​ដំបង​ដែល​មើល‌ងាយ​មិន​នៅ​ទៀត
នោះ​ធ្វើ​ដូច​ម្តេច?
14ហេតុ​នោះ កូន​មនុស្ស​អើយ
ចូរ​អ្នក​ថ្លែងទំនាយ​ចុះ ហើយ​ទះ​ដៃ​ផង
នោះ​ត្រូវ​ឲ្យ​ដាវ​បាន​កាប់​ដល់​ពីរ​ដង
ហើយ​បី​ដង​ទៅ គឺ​ដាវ​នោះ​ដែល​កាប់​សម្លាប់
ជា​ដាវ​ដែល​ធ្វើ​ឲ្យ​ទាំង​ពួក​អ្នក​ធំ​ត្រូវ​របួស
ហើយ​ក៏​ចាក់​ចូល​ទៅ​ក្នុង​បន្ទប់​ដេក​របស់​គេ​ដែរ។
15យើង​បានដាក់​ដាវ
ដែល​ផ្គង​ចាំ​នៅ​មាត់​ទ្វារ​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​គេ
ដើម្បី​ឲ្យ​ចិត្ត​គេ​រលាយ​ទៅ
ហើយ​ឲ្យ​គេ​ចំពប់​ដួល​កាន់​តែ​ច្រើន​ឡើង
ដាវ​នោះ​បាន​ធ្វើ​ឲ្យ​ដូច​ជា​ផ្លេក‌បន្ទោរ
ក៏​បាន​សំលៀង​សម្រាប់​កាប់​សម្លេះ។
16ចូរ​មូល​គ្នា ចូរ​ទៅ​ខាង​ស្តាំ
ចូរ​តម្រៀប​គ្នា ចូរ​ទៅ​ខាង​ឆ្វេង
ខាង​ណា​ក៏​ដោយ​ដែល​អ្នក​តម្រង់​មុខ​ទៅ។
17យើង​នឹង​ទះ​ដៃ​ដែរ
នឹង​ធ្វើ​ឲ្យ​សេចក្ដី​ក្រោធ​របស់​យើង​សម្រាក​ទៅ​វិញ
គឺ​យើង ជា​ព្រះ‌យេហូវ៉ា​នេះ
យើង​បាន​ចេញ​វាចា​ហើយ»។
18ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា៖ 19«កូន​មនុស្ស​អើយ ចូរ​អ្នក​តម្រូវ​ឲ្យ​មាន​ផ្លូវ​ពីរ ដែល​ដាវ​របស់​ស្តេច​បាប៊ីឡូន​នឹង​មក​បាន ផ្លូវ​ទាំង​ពីរ​នោះ​ត្រូវ​ចេញ​ពី​ស្រុក​តែ​មួយ ត្រូវ​ធ្វើ​ជា​ដៃ​ចង្អុល​ដាក់​នៅ​ត្រង់​ដើម​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​ក្រុង។ 20ចូរ​អ្នក​តម្រូវ​ឲ្យ​មាន​ផ្លូវ​មួយ សម្រាប់​ឲ្យ​ដាវ​បាន​ទៅ​ដល់​ក្រុង​រ៉ាបាត នៃ​ពួក​កូន​ចៅ​អាំម៉ូន និង​មួយ​ទៀត​ចូល​ទៅ​ក្រុង​ស្រុក​យូដា ដល់​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​មាំ‌មួន។ 21ដ្បិត​ស្តេច​បាប៊ីឡូន​បាន​ឈរ​ត្រង់​ផ្លូវ​បែក គឺ​នៅ​ត្រង់​ដើម​ផ្លូវ​ទាំង​ពីរ​នោះ ដើម្បី​នឹង​ប្រើ​របៀន ក៏​អង្រួន​ព្រួញ សួរ​ដល់​ថេរ៉ាភីម ហើយ​មើល​ទំនាយ​ក្នុង​ថ្លើម។ 22ឯ​ឆ្នោត​ដែល​កាន់​នៅ​ដៃ​ស្តាំ បាន​សំដៅ​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​រៀប​គ្រឿង​បុក​ទម្លាយ​កំផែង ឲ្យ​បាន​ចន្លោះ​ចំហ​ចូល​ទៅ​ដល់​ការ​កាប់​សម្លាប់ និង​បន្លឺ​សំឡេង​ហ៊ោ ហើយ​តាំង​គ្រឿង​សម្រាប់​ទម្លាយ​ទ្វារ​កំផែង ព្រម​ទាំង​ជីក​ស្នាម​ភ្លោះ ហើយ​សង់​បន្ទាយ។ 23ប៉ុន្តែ សាសន៍​របស់​អ្នក​នឹង​មើល​សេចក្ដី​ទំនាយ​នោះ ទុក​ជា​ភូត‌ភរ​ទេ ដ្បិត​គេ​បាន​តាំង​សម្បថ​នឹង​អ្នក​ដទៃ​ហើយ ស្តេច​នោះ​នឹង​រំឭក​ពី​អំពើ​ទុច្ចរិត​វិញ ដើម្បី​នឹង​ចាប់​យក​គេ។
24ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​រឭក​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន ដោយ​បើក​អំពើ​រំលង​របស់​ខ្លួន​ឲ្យ​ឃើញ ហើយ​អំពើ​បាប​របស់​ខ្លួន​ក៏​បាន​ឃើញ​ច្បាស់ ក្នុង​គ្រប់​ការ​ដែល​អ្នក​ធ្វើ បាន​ជា​អ្នក​នឹង​ត្រូវ​ដៃ​គេ​ចាប់​បាន។
25ឯ​អ្នក ឱ​ចៅ‌ហ្វាយ​ដ៏​សៅ‌ហ្មង
ហើយ​កំណាច​របស់​អ៊ីស្រា‌អែល​អើយ
ថ្ងៃ​របស់​អ្នក​បាន​មក​ដល់
ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត
26ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ
ចូរ​ដោះ​ក្បាំង ដោះ​មកុដ​ចេញ
នេះ​មិន​ដូច​ធម្មតា​ទេ ចូរ​លើក​អ្វី​ដែល​ទាប​ថោក
ហើយ​បន្ទាប​អ្វី​ដែល​ខ្ពង់‌ខ្ពស់​ចុះ។
27ការ​ហិន​វិនាសអន្តរាយ
យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នេះ​វិនាស ការ​នេះ​មិន​គួរទេ
ប៉ុន្តែ រហូត​ដល់​អ្នក​នោះ​មក ដែល​មាន​សិទ្ធិ​ទទួល
យើង​នឹង​ប្រគល់​អំណាចដល់​អ្នក​នោះ។
28ឯ​អ្នក កូន​មនុស្ស​អើយ ចូរ​ថ្លែងទំនាយ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ពី​ដំណើរ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ពី​ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​គេ ចូរ​ប្រាប់​ថា
មាន​ដាវ មាន​ដាវ​ដក​ជា​ស្រេច
ដាវ​នោះ​បាន​ខាត់​ភ្លឺ​សម្រាប់​ការ​សម្លេះ​យ៉ាង​សន្ធឹក
ដើម្បី​បំផ្លាញ​ឲ្យ​អស់
ហើយ​ឲ្យ​បាន​ចាំង​ពន្លឺ​ដូច​ផ្លេក‌បន្ទោរ។
29ក្នុង​ពេល​ដែល​គេ​កំពុង​ឃើញ​និមិត្ត​កំភូត​សម្រាប់​អ្នក
ហើយ​កំពុង​ដែល​គេ​ថ្លែងទំនាយ​សេចក្ដី​កុហក​ដល់​អ្នក​នោះ
ដើម្បី​ឲ្យ​អ្នក​បាន​ដួល​ទៅ​លើក​ពួក​មនុស្ស​អាក្រក់
ដែល​ត្រូវ​របួស​ដល់​ស្លាប់
ជា​ពួក​អ្នក​ដែល​ថ្ងៃ​បាន​មក​ដល់
ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត។
30ចូរ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ
យើង​នឹង​វិនិច្ឆ័យ​អ្នក
នៅ​ត្រង់​កន្លែង​ដែល​បាន​បង្កើត​អ្នក​មក
គឺ​នៅ​ក្នុង​ស្រុក​កំណើត​របស់​អ្នក។
31យើង​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង​ទៅ​លើ​អ្នក
ហើយ​នឹង​ផ្លុំ​លើ​អ្នក​ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​យើង
ក៏​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​កំរោល
ដែល​ប្រសប់​បំផ្លាញ។
32អ្នក​នឹង​ដូច​ជា​ឧស​សម្រាប់​ភ្លើង
ឈាម​របស់​អ្នក​នឹង​ខ្ចាយ​នៅ​កណ្ដាល​ស្រុក
ឥត​មាន​អ្នក​ណា​នឹក​ចាំ​ពី​អ្នក​ទៀត​ឡើយ
ដ្បិត​យើង គឺ​ព្រះ‌យេហូវ៉ា​នេះ
យើង​បាន​ចេញ​វាចា​ហើយ»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 21: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល