អេ‌សេ‌គាល 22

22
ទី​ក្រុងពេញ​ដោយ​ឈាម
1ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 2«កូន​មនុស្ស​អើយ តើ​អ្នក​ចង់​ជំនុំ‌ជម្រះ​ឬ? តើ​ចង់​ជំនុំ‌ជម្រះ​ទី​ក្រុង ដែល​តែង‌តែ​កម្ចាយ​ឈាម​ឬ​ទេ? ដូច្នេះ ចូរ​ធ្វើ​ឲ្យ​វា​ស្គាល់​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​វា​ចុះ។ 3អ្នក​ត្រូវ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ទី​ក្រុង​ណា​ដែល​កម្ចាយ​ឈាម ដើម្បី​ឲ្យ​ពេល​កំណត់​បាន​មក​ដល់ ក៏​ធ្វើ​ឲ្យ​រូប​ព្រះ​សម្រាប់​ទាស់​នឹង​ខ្លួន ដើម្បី​ឲ្យ​ខ្លួន​ស្មោក‌គ្រោក 4អ្នក​មាន​ទោស​ដោយ​ឈាម​ដែល​អ្នក​បាន​កម្ចាយ​នោះ ហើយ​ក៏​ស្មោក‌គ្រោក​ដោយ​រូប​ព្រះ​ដែល​បាន​កម្ចាយ​នោះ ហើយ​ក៏​ស្មោក‌គ្រោក​ដោយ​រូប​ព្រះ​ដែល​អ្នក​បាន​ធ្វើ​ដែរ អ្នក​បាន​ធ្វើ​ឲ្យ​ថ្ងៃ​កំណត់​អ្នក​ជិត​មក​ដល់ អ្នក​ដល់​កំណត់​ឆ្នាំ​របស់​អ្នក​ហើយ ហេតុ​នោះ​បាន​ជា​យើង​ធ្វើ​ឲ្យ​អ្នក​ត្រឡប់​ទៅ​ទី​ត្មះ‌ដៀល​ដល់​អស់​ទាំង​សាសន៍ ហើយ​ជា​ទី​ចំអក​ឡក‌ឡឺយ​ដល់​ស្រុក​ទាំង​ប៉ុន្មាន​ផង។ 5ឱ​អ្នក​ដែល​ស្អុយ​ឈ្មោះ ហើយ​ពេញ​ដោយ​ការ​វឹកវរ​អើយ ពួក​អ្នក​ដែល​នៅ​ជិត ហើយ​ពួក​អ្នក​ដែល​នៅ​ឆ្ងាយ គេ​នឹង​ចំអក​ឡក‌ឡឺយ​ឲ្យ​អ្នក។
6មើល៍! ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​គ្រប់​គ្នា​បាន​នៅ​ក្នុង​អ្នក តាម​អំណាច​ដែល​អាច​នឹង​កម្ចាយ​ឈាម។ 7នៅ​ក្នុង​អ្នក គេ​បាន​មើល‌ងាយ​ទាំង​ឪពុក​ម្តាយ​ផង នៅ​កណ្ដាល​អ្នក គេ​បាន​សង្កត់‌សង្កិន​ពួក​អ្នក​ដែល​ស្នាក់​នៅ ហើយ​នៅ​ក្នុង​អ្នក គេ​បាន​ជិះ​ជាន់​ពួក​កំព្រា និង​ស្ត្រី​មេម៉ាយ។ 8អ្នក​បាន​ខ្ពើម​គ្រឿង​បរិសុទ្ធ​របស់​យើង ហើយ​បាន​បង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង​ដែរ។ 9នៅ​ក្នុង​អ្នក​មាន​មនុស្ស​ដែល​និយាយ​បង្កាច់​គេ ដើម្បី​នឹង​កម្ចាយ​ឈាម នៅ​ក្នុង​អ្នក គេ​បាន​ស៊ី​នៅ​លើ​ភ្នំ នៅ​កណ្ដាល​អ្នក​គេ​បាន​ប្រព្រឹត្ត​ការ​អាស្រូវ​បារាយណ៍។ 10នៅ​ក្នុង​អ្នក គេ​បាន​បើក​កេរ‌ខ្មាស​របស់​ឪពុក នៅ​ក្នុង​អ្នក គេ​បាន​បង្ខំ​ស្រី​ដែល​ត្រូវ​ញែក​ចេញ​ដោយ​មាន​រដូវ។ 11ម្នាក់​បាន​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម​ជា‌មួយ​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន មួយ​ទៀត បាន​ធ្វើ​ឲ្យ​កូន​ប្រសា​ស្រី​ខ្លួន​មាន​សៅ‌ហ្មង ដោយ​ការ​អាស្រូវ​បារាយណ៍ ហើយ​ម្នាក់​ទៀត​ក្នុង​អ្នក​បាន​បង្ខូច​ប្អូន​ស្រី ដែល​ជា​កូន​របស់​ឪពុក​ខ្លួន។ 12នៅ​ក្នុង​អ្នក​គេ​បាន​ស៊ី​សំណូក ដើម្បី​កម្ចាយ​ឈាម អ្នក​បាន​យក​ទាំង​ការ និង​កម្រៃ​ផង ហើយ​បាន​សង្កត់‌សង្កិន​អ្នក​ជិត​ខាង​អ្នក ឲ្យ​បាន​ចំណេញ​ដោយ​ចិត្ត​លោភ ក៏​បាន​ភ្លេច​យើង​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។
13ដូច្នេះ យើង​បាន​ទះ​ដៃ ដោយ​ព្រោះ​កម្រៃ​ទុច្ចរិត​ដែល​អ្នក​បាន​នោះ ហើយ​ដោយ​ព្រោះ​ឈាម​ដែល​បាន​ខ្ចាយ​នៅ​កណ្ដាល​អ្នក​ផង។ 14តើ​ចិត្ត​អ្នក​នឹង​ធន់​នៅ​បាន ហើយ​ដៃ​អ្នក​នឹង​មាន​កម្លាំង នៅ​ថ្ងៃ​ដែល​យើង​ធ្វើ​ទោស​ដល់​អ្នក​បាន​ឬ? យើង គឺ​ព្រះ‌យេហូវ៉ា​នេះ យើង​បាន​ចេញ​វាចា​ហើយ ក៏​នឹង​សម្រេច​តាម​ផង។ 15យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​ទៅ​នៅ​អស់​ទាំង​សាសន៍ ហើយ​បែង​ចែក​អ្នក​ទៅ​នៅ​អស់​ទាំង​ស្រុក យើង​នឹង​រំលីង​សេចក្ដី​ស្មោក‌គ្រោក​ចេញ​ពី​អ្នក​ទៅ។ 16អ្នក​នឹង​ត្រូវ​បន្ទាប‌បន្ថោក នៅ​ចំពោះ​ភ្នែក​នៃ​អស់​ទាំង​សាសន៍ នោះ​អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​មែន»។
17ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 18«កូន​មនុស្ស​អើយ ពួក​វង្ស​អ៊ីស្រា‌អែល​បាន​ត្រឡប់​ជា​អាចម៍​សំណល់​ដល់​យើង គេ​សុទ្ធ​តែ​ជា​លង្ហិន ស៊ីវិឡាត ដែក និង​សំណ​នៅ​ក្នុង​ឡ គេ​ជា​អាចម៍​ប្រាក់​ទទេ»។ 19ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​អាចម៍​ប្រាក់​ទាំង​អស់​គ្នា​ទៅ​ហើយ នោះ​មើល៍ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ទៅ​កណ្ដាល​ក្រុង​យេរូ‌សាឡិម។ 20ដូច​ជា​គេ​ប្រមូល​ប្រាក់ លង្ហិន ដែក សំណ និង​ស៊ីវិឡាត ដាក់​ក្នុង​ឡ ដើម្បី​សប់​ភ្លើង​រំលាយ​ទៅ​ដែរ គឺ​យ៉ាង​នោះ​ដែល​យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​កំហឹង និង​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង គឺ​យើង​នឹង​ដាក់​អ្នក​រាល់​គ្នា​នៅ​ទី​នោះ ហើយ​រំលាយ​ទៅ។ 21អើ យើង​នឹង​ប្រមូល​អ្នក ហើយ​ផ្លុំ​លើ​អ្នក ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​រលាយ​ទៅ នៅ​កណ្ដាល​ទី​ក្រុង។ 22ប្រាក់​ត្រូវ​រលាយ​ទៅ​ក្នុង​ឡ​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​រលាយ​ទៅ នៅ​កណ្ដាល​នោះ​យ៉ាង​នោះ​ដែរ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង គឺ​ព្រះ‌យេហូវ៉ា​នេះ យើង​បាន​ចាក់​សេចក្ដី​ក្រោធ​របស់​យើង​ទៅ​លើ​អ្នក​រាល់​គ្នា»។
23ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 24«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​ថា អ្នក​ជា​ស្រុក​ដែល​មិន​បាន​ជម្រះ​សម្អាត​ឡើយ ក៏​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​អ្នក ក្នុង​គ្រា​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់។ 25ពួក​ហោរា​របស់​វា គេ​គិត‌គូរ​គ្នា​នៅ​កណ្ដាល​នោះ ហាក់​ដូច​ជា​សិង្ហ ដែល​គ្រហឹម​កំពុង​ហែក​រំពា​ស៊ី គេ​បាន​ត្របាក់​លេប​ព្រលឹង​មនុស្ស គេ​យក​ទ្រព្យ‌សម្បត្តិ និង​របស់​មាន​តម្លៃ​ទៅ ហើយ​គេ​ធ្វើ​ឲ្យ​មាន​ពួក​ស្ត្រី​មេម៉ាយ​ជា​ច្រើន​នៅ​កណ្ដាល​ទី​ក្រុង។ 26ពួក​សង្ឃ​ក៏​បាន​ធ្វើ​ទទឹង​នឹង​ក្រឹត្យ‌វិន័យ​របស់​យើង ព្រម​ទាំង​បង្អាប់​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​យើង គេ​មិន​បាន​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា​ទេ ក៏​មិន​បាន​បង្ហាញ​ឲ្យ​មនុស្ស​ចេះ​សម្គាល់​របស់​មិន​ស្អាត និង​របស់​ស្អាត​ដែរ គេ​គេច​ភ្នែក​ចេញ​ពី​ថ្ងៃ​សប្ប័ទ​របស់​យើង ហើយ​យើង​ក៏​ត្រូវ​អាប់‌ឱន​នៅ​ក្នុង​ពួក​គេ។ 27ពួក​ចៅ‌ហ្វាយ​នៅ​កណ្ដាល​ទី​ក្រុង​ប្រព្រឹត្ត​ដូច​ជា​សត្វ​ស្វាន ដែល​កំពុង​ហែក​រំពា គេ​ប្រព្រឹត្ត​ដូច្នោះ ដើម្បី​នឹង​កម្ចាយ​ឈាម ហើយ​បំផ្លាញ​ព្រលឹង​មនុស្ស ប្រយោជន៍​ឲ្យ​បាន​កម្រៃ​ទុច្ចរិត។ 28ពួក​ហោរា​បាន​បូក​ល្បាប់​ឲ្យ​គេ ដោយ​ឃើញ​និមិត្ត​ជា​សេចក្ដី​កំភូត ហើយ​ថ្លែងទំនាយ​កុហក​ដល់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល​សោះ។ 29ពួក​ជន​នៅ​ស្រុក​ធ្លាប់​សង្កត់‌សង្កិន ហើយ​ប្លន់ គេ​បៀត‌បៀន​មនុស្ស​ក្រីក្រ និង​ពួក​កម្សត់​ទុគ៌ត ហើយ​បាន​សង្កត់‌សង្កិន​មនុស្ស ដែល​ស្នាក់​នៅ ដោយ​ឥត​ហេតុ។ 30យើង​បាន​ស្វែង​រក​មនុស្ស​ម្នាក់​ក្នុង​ពួក​គេ ដែល​នឹង​សង់​កំផែង ហើយ​ឈរ​នៅ​ចន្លោះ​បាក់​បែក​នៅ​មុខ​យើង​ជំនួស​គេ ដើម្បី​ឲ្យ​យើង​មិន​បំផ្លាញ​ស្រុក​គេ​ឡើយ ប៉ុន្តែ យើង​រក​មិន​បាន​អ្នក​ណា​មួយ​សោះ។ 31ហេតុ​នោះ បាន​ជា​យើង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង​ទៅ​លើ​គេ យើង​បាន​រំលីង​គេ ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​យើង ក៏​បាន​ទម្លាក់​ផ្លូវ​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 22: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល