អេសេគាល 22
22
ទីក្រុងពេញដោយឈាម
1ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 2«កូនមនុស្សអើយ តើអ្នកចង់ជំនុំជម្រះឬ? តើចង់ជំនុំជម្រះទីក្រុង ដែលតែងតែកម្ចាយឈាមឬទេ? ដូច្នេះ ចូរធ្វើឲ្យវាស្គាល់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់វាចុះ។ 3អ្នកត្រូវប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ទីក្រុងណាដែលកម្ចាយឈាម ដើម្បីឲ្យពេលកំណត់បានមកដល់ ក៏ធ្វើឲ្យរូបព្រះសម្រាប់ទាស់នឹងខ្លួន ដើម្បីឲ្យខ្លួនស្មោកគ្រោក 4អ្នកមានទោសដោយឈាមដែលអ្នកបានកម្ចាយនោះ ហើយក៏ស្មោកគ្រោកដោយរូបព្រះដែលបានកម្ចាយនោះ ហើយក៏ស្មោកគ្រោកដោយរូបព្រះដែលអ្នកបានធ្វើដែរ អ្នកបានធ្វើឲ្យថ្ងៃកំណត់អ្នកជិតមកដល់ អ្នកដល់កំណត់ឆ្នាំរបស់អ្នកហើយ ហេតុនោះបានជាយើងធ្វើឲ្យអ្នកត្រឡប់ទៅទីត្មះដៀលដល់អស់ទាំងសាសន៍ ហើយជាទីចំអកឡកឡឺយដល់ស្រុកទាំងប៉ុន្មានផង។ 5ឱអ្នកដែលស្អុយឈ្មោះ ហើយពេញដោយការវឹកវរអើយ ពួកអ្នកដែលនៅជិត ហើយពួកអ្នកដែលនៅឆ្ងាយ គេនឹងចំអកឡកឡឺយឲ្យអ្នក។
6មើល៍! ពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលគ្រប់គ្នាបាននៅក្នុងអ្នក តាមអំណាចដែលអាចនឹងកម្ចាយឈាម។ 7នៅក្នុងអ្នក គេបានមើលងាយទាំងឪពុកម្តាយផង នៅកណ្ដាលអ្នក គេបានសង្កត់សង្កិនពួកអ្នកដែលស្នាក់នៅ ហើយនៅក្នុងអ្នក គេបានជិះជាន់ពួកកំព្រា និងស្ត្រីមេម៉ាយ។ 8អ្នកបានខ្ពើមគ្រឿងបរិសុទ្ធរបស់យើង ហើយបានបង្អាប់ថ្ងៃសប្ប័ទរបស់យើងដែរ។ 9នៅក្នុងអ្នកមានមនុស្សដែលនិយាយបង្កាច់គេ ដើម្បីនឹងកម្ចាយឈាម នៅក្នុងអ្នក គេបានស៊ីនៅលើភ្នំ នៅកណ្ដាលអ្នកគេបានប្រព្រឹត្តការអាស្រូវបារាយណ៍។ 10នៅក្នុងអ្នក គេបានបើកកេរខ្មាសរបស់ឪពុក នៅក្នុងអ្នក គេបានបង្ខំស្រីដែលត្រូវញែកចេញដោយមានរដូវ។ 11ម្នាក់បានប្រព្រឹត្តការគួរស្អប់ខ្ពើមជាមួយប្រពន្ធរបស់អ្នកជិតខាងខ្លួន មួយទៀត បានធ្វើឲ្យកូនប្រសាស្រីខ្លួនមានសៅហ្មង ដោយការអាស្រូវបារាយណ៍ ហើយម្នាក់ទៀតក្នុងអ្នកបានបង្ខូចប្អូនស្រី ដែលជាកូនរបស់ឪពុកខ្លួន។ 12នៅក្នុងអ្នកគេបានស៊ីសំណូក ដើម្បីកម្ចាយឈាម អ្នកបានយកទាំងការ និងកម្រៃផង ហើយបានសង្កត់សង្កិនអ្នកជិតខាងអ្នក ឲ្យបានចំណេញដោយចិត្តលោភ ក៏បានភ្លេចយើងទៅ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
13ដូច្នេះ យើងបានទះដៃ ដោយព្រោះកម្រៃទុច្ចរិតដែលអ្នកបាននោះ ហើយដោយព្រោះឈាមដែលបានខ្ចាយនៅកណ្ដាលអ្នកផង។ 14តើចិត្តអ្នកនឹងធន់នៅបាន ហើយដៃអ្នកនឹងមានកម្លាំង នៅថ្ងៃដែលយើងធ្វើទោសដល់អ្នកបានឬ? យើង គឺព្រះយេហូវ៉ានេះ យើងបានចេញវាចាហើយ ក៏នឹងសម្រេចតាមផង។ 15យើងនឹងកម្ចាត់កម្ចាយអ្នកទៅនៅអស់ទាំងសាសន៍ ហើយបែងចែកអ្នកទៅនៅអស់ទាំងស្រុក យើងនឹងរំលីងសេចក្ដីស្មោកគ្រោកចេញពីអ្នកទៅ។ 16អ្នកនឹងត្រូវបន្ទាបបន្ថោក នៅចំពោះភ្នែកនៃអស់ទាំងសាសន៍ នោះអ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាមែន»។
17ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 18«កូនមនុស្សអើយ ពួកវង្សអ៊ីស្រាអែលបានត្រឡប់ជាអាចម៍សំណល់ដល់យើង គេសុទ្ធតែជាលង្ហិន ស៊ីវិឡាត ដែក និងសំណនៅក្នុងឡ គេជាអាចម៍ប្រាក់ទទេ»។ 19ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ដោយព្រោះអ្នករាល់គ្នាបានត្រឡប់ជាអាចម៍ប្រាក់ទាំងអស់គ្នាទៅហើយ នោះមើល៍ យើងនឹងប្រមូលអ្នករាល់គ្នាទៅកណ្ដាលក្រុងយេរូសាឡិម។ 20ដូចជាគេប្រមូលប្រាក់ លង្ហិន ដែក សំណ និងស៊ីវិឡាត ដាក់ក្នុងឡ ដើម្បីសប់ភ្លើងរំលាយទៅដែរ គឺយ៉ាងនោះដែលយើងនឹងប្រមូលអ្នករាល់គ្នា ដោយសេចក្ដីកំហឹង និងសេចក្ដីឃោរឃៅរបស់យើង គឺយើងនឹងដាក់អ្នករាល់គ្នានៅទីនោះ ហើយរំលាយទៅ។ 21អើ យើងនឹងប្រមូលអ្នក ហើយផ្លុំលើអ្នក ដោយភ្លើងនៃសេចក្ដីក្រោធរបស់យើង នោះអ្នករាល់គ្នានឹងត្រូវរលាយទៅ នៅកណ្ដាលទីក្រុង។ 22ប្រាក់ត្រូវរលាយទៅក្នុងឡយ៉ាងណា នោះអ្នករាល់គ្នានឹងត្រូវរលាយទៅ នៅកណ្ដាលនោះយ៉ាងនោះដែរ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា យើង គឺព្រះយេហូវ៉ានេះ យើងបានចាក់សេចក្ដីក្រោធរបស់យើងទៅលើអ្នករាល់គ្នា»។
23ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 24«កូនមនុស្សអើយ ចូរប្រាប់ដល់ទីក្រុងថា អ្នកជាស្រុកដែលមិនបានជម្រះសម្អាតឡើយ ក៏គ្មានភ្លៀងធ្លាក់មកលើអ្នក ក្នុងគ្រានៃសេចក្ដីគ្នាន់ក្នាញ់។ 25ពួកហោរារបស់វា គេគិតគូរគ្នានៅកណ្ដាលនោះ ហាក់ដូចជាសិង្ហ ដែលគ្រហឹមកំពុងហែករំពាស៊ី គេបានត្របាក់លេបព្រលឹងមនុស្ស គេយកទ្រព្យសម្បត្តិ និងរបស់មានតម្លៃទៅ ហើយគេធ្វើឲ្យមានពួកស្ត្រីមេម៉ាយជាច្រើននៅកណ្ដាលទីក្រុង។ 26ពួកសង្ឃក៏បានធ្វើទទឹងនឹងក្រឹត្យវិន័យរបស់យើង ព្រមទាំងបង្អាប់របស់បរិសុទ្ធទាំងប៉ុន្មានរបស់យើង គេមិនបានចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតាទេ ក៏មិនបានបង្ហាញឲ្យមនុស្សចេះសម្គាល់របស់មិនស្អាត និងរបស់ស្អាតដែរ គេគេចភ្នែកចេញពីថ្ងៃសប្ប័ទរបស់យើង ហើយយើងក៏ត្រូវអាប់ឱននៅក្នុងពួកគេ។ 27ពួកចៅហ្វាយនៅកណ្ដាលទីក្រុងប្រព្រឹត្តដូចជាសត្វស្វាន ដែលកំពុងហែករំពា គេប្រព្រឹត្តដូច្នោះ ដើម្បីនឹងកម្ចាយឈាម ហើយបំផ្លាញព្រលឹងមនុស្ស ប្រយោជន៍ឲ្យបានកម្រៃទុច្ចរិត។ 28ពួកហោរាបានបូកល្បាប់ឲ្យគេ ដោយឃើញនិមិត្តជាសេចក្ដីកំភូត ហើយថ្លែងទំនាយកុហកដល់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ក្នុងកាលដែលព្រះយេហូវ៉ាមិនបានមានព្រះបន្ទូលសោះ។ 29ពួកជននៅស្រុកធ្លាប់សង្កត់សង្កិន ហើយប្លន់ គេបៀតបៀនមនុស្សក្រីក្រ និងពួកកម្សត់ទុគ៌ត ហើយបានសង្កត់សង្កិនមនុស្ស ដែលស្នាក់នៅ ដោយឥតហេតុ។ 30យើងបានស្វែងរកមនុស្សម្នាក់ក្នុងពួកគេ ដែលនឹងសង់កំផែង ហើយឈរនៅចន្លោះបាក់បែកនៅមុខយើងជំនួសគេ ដើម្បីឲ្យយើងមិនបំផ្លាញស្រុកគេឡើយ ប៉ុន្តែ យើងរកមិនបានអ្នកណាមួយសោះ។ 31ហេតុនោះ បានជាយើងចាក់សេចក្ដីគ្នាន់ក្នាញ់របស់យើងទៅលើគេ យើងបានរំលីងគេ ដោយភ្លើងនៃសេចក្ដីក្រោធរបស់យើង ក៏បានទម្លាក់ផ្លូវរបស់គេទៅលើក្បាលគេវិញ» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 22: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies