អេ‌សេ‌គាល 24

24
ថ្លាង​កំពុង​ពុះ
1លុះ​ដល់​ថ្ងៃ​ដប់ ខែ​ទី​ដប់ ឆ្នាំ​ទី​ប្រាំបួន ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 2«កូន​មនុស្ស​អើយ ចូរ​កត់​ថ្ងៃ​នេះ​ទុក ដ្បិត​នៅ​ថ្ងៃ​នេះ​ហើយ ដែល​ស្តេច​បាប៊ីឡូន​បាន​ចូល​ទៅ​ឡោម​ព័ទ្ធ​ក្រុង​យេរូ‌សាឡិម។ 3ចូរ​ពោល​ពាក្យ​ប្រៀប​ប្រដូច ដល់​ពួក​វង្ស​រឹង​ចចេស​នោះ ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ
ចូរ​ដាក់​ថ្លាង​នៅ​លើ​ភ្លើង
ចូរ​ដាក់​ចុះ ហើយ​ចាក់​ទឹក​ផង
4ចូរ​ប្រមូល​ដុំ​សាច់ គឺ​អស់​ទាំង​ដុំ​ល្អៗ និង​ភ្លៅ
ហើយ​ស្មា​ផង ទៅ​ដាក់​ក្នុង​ថ្លាង​នោះ​ដែរ
ត្រូវ​ឲ្យ​បំពេញ​ដោយ​ឆ្អឹង​យ៉ាង​សម្រាំង
5ត្រូវ​រើស​យក​ចៀម​យ៉ាង​សម្រាំង
បង្គរ​ឧស​នៅ​ពី​ក្រោម​ថ្លាង ស្ងោរ​វា​ឲ្យ​ឆ្អិន​ល្អ
ហើយ​សូម្បី​តែ​ឆ្អឹង​ក្នុង​ថ្លាង​ក៏​ត្រូវរម្ងាស់​ឲ្យ​ផុយ​ដែរ។
6ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម
គឺ​ដល់​ថ្លាង​ដែល​ជាប់​មាន​ក្អែល
ដែល​ក្អែល​នោះ​មិន​បាន​ដុស​ចេញ
ចូរ​យក​សាច់​ចេញ​ដោយ​ដុំៗ ឥត​បោះ​ឆ្នោត​ឡើយ។
7ដ្បិត​ឈាម​ដែល​បាន​កម្ចាយ​នោះ
ក៏​នៅ​កណ្ដាល​ទី​ក្រុង​នៅ​ឡើយ
វា​បាន​ដាក់​ឈាម​នោះ​នៅ​លើ​ថ្ម​រលីង
មិន​បាន​ចាក់​ទៅ​លើ​ដី
ដើម្បី​នឹង​គ្រប​បាំង​ដោយ​ធូលី​ដី​ទេ
8ជា​ការ​ដែល​បណ្ដាល​ឲ្យ​សេចក្ដី​ក្រោធ
ឡើង​មក​សង‌សឹក​នឹង​វា
ដូច្នេះ យើង​បាន​ដាក់​ឈាម​វា​ទៅ​លើ​ថ្ម​រលីង
ដើម្បី​មិន​ឲ្យ​បាន​គ្រប​បាំង​ដែរ
9ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម
យើង​នឹង​បង្គរ​ឧស​ឡើង​យ៉ាង​ច្រើន
10ចូរ​គរ​ឧស​ឡើង​ជា​ច្រើន ដុត​ភ្លើង​ឲ្យ​យ៉ាង​ក្តៅ
ហើយ​ស្ងោរ​សាច់​ឲ្យ​ឆ្អិន រួច​បង់​គ្រឿង‌គ្រៅ
ហើយ​ដុត​ឆ្អឹង​ទៅ
11បន្ទាប់​នោះ​ត្រូវ​ឲ្យ​យក​ថ្លាង​ទទេ
ដាក់​លើ​រងើក​ភ្លើង​ឲ្យ​ក្តៅ
ហើយ​ឲ្យ​លង្ហិន​បាន​ឆេះ​ទៅ
ដើម្បី​ឲ្យ​គ្រឿង​ស្មោក‌គ្រោក​បាន​រលាយ​ចេញ
ហើយ​ឲ្យ​ក្អែល​បាន​ឆេះ​ឲ្យ​សុស
12វា​បាន​នឿយ​ហត់​ដោយ​ការ​ឥត​ប្រយោជន៍
ស្នឹម​យ៉ាង​ក្រាស់​របស់​វា​មិន​ចេះ​ជ្រះ​ឡើយ
ត្រូវ​ដុត​ចោល​ក្នុង​ភ្លើង​ទៅ!
13មាន​ការ​អាស្រូវ​បារាយណ៍
នៅ​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​របស់​អ្នក
ដ្បិត​យើង​បាន​ដុស​ជម្រះ​អ្នក តែ​អ្នក​មិន​បាន​ស្អាត​ទេ
ដូច្នេះ អ្នក​នឹង​មិន​បាន​ស្អាត
ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​អ្នក​ទៀត​ឡើយ
ដរាប​ដល់​យើង​ឲ្យ​សេចក្ដី​ក្រោធ​របស់​យើង
ចំពោះ​អ្នក​បាន​សម្រាក​វិញ។
14យើង​នេះ គឺ​យេហូវ៉ា បាន​ចេញ​វាចា​ហើយ ការ​នេះ​នឹង​កើត​មក ហើយ​យើង​នឹង​ធ្វើ​ឲ្យ​សម្រេច​ជា​ពិត យើង​មិន​ព្រម​ដក​ថយ ឬ​ត្រា‌ប្រណី​ឡើយ ក៏​មិន​ដែល​ប្រែ​គំនិត​ដែរ គេ​នឹង​ជំនុំ‌ជម្រះ​អ្នក​តាម​ផ្លូវ​ដែល​អ្នក​ប្រព្រឹត្ត និង​អំពើ​ដែល​អ្នក​បាន​ធ្វើ​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។
ទី​សម្គាល់​អំពី​មរណ‌ភាព​នៃ​ភរិយា​របស់​ហោរា
15ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 16«កូន​មនុស្ស​អើយ យើង​នឹង​ដក​យក​របស់​ដែល​ត្រូវ​ចំណុច​ភ្នែក​ពី​អ្នក​ចេញ ដោយ​អាសន្ន‌រោគ តែ​អ្នក​មិន​ត្រូវ​សោយ‌សោក ឬ​យំ‌យែក​ឡើយ ក៏​មិន​ត្រូវ​ស្រក់​ទឹក​ភ្នែក​ដែរ 17អ្នក​ដក​ដង្ហើម​ធំ​ចុះ តែ​កុំ​ឲ្យ​ឮ​ឲ្យ​សោះ កុំ​យំ​សោក​នឹង​ខ្មោច​ស្លាប់​ឡើយ ត្រូវ​រុំ​ឈ្នួត​ជាប់​នៅ​លើ​ក្បាល ហើយ​ពាក់​ស្បែក​ជើង មិន​ត្រូវ​បិទ​បាំង​បបូរ​មាត់​អ្នក ឬ​បរិភោគ​អាហារ​របស់​អ្នក​កាន់​ទុក្ខ​ឡើយ»។ 18ដូច្នេះ ខ្ញុំ​ក៏​និយាយ​ដល់​បណ្ដា‌ជន​នៅ​ព្រឹក​នោះ ហើយ​ដល់​ល្ងាច​ប្រពន្ធ​ខ្ញុំ​ស្លាប់​ទៅ រួច​ព្រឹក​ឡើង​ខ្ញុំ​បាន​ធ្វើ​ដូច​ជា​ព្រះ‌អង្គ​បង្គាប់​មក។
19បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ក៏​សួរ​ខ្ញុំ​ថា សូម​ប្រាប់​យើង​ពី​ការ​ដែល​អ្នក​ធ្វើ​ទាំង​នេះ តើ​មាន​ន័យ​ដូច​ម្តេច​ដល់​យើង 20ខ្ញុំ​ប្រាប់​គេ​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​មក​ដល់​ខ្ញុំ​ថា៖ 21«ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍ យើង​នឹង​បង្អាប់​ទី​បរិសុទ្ធ​របស់​យើង និង​សេចក្ដី​អំនួត​របស់​អំណាច​អ្នក​រាល់​គ្នា ហើយ​របស់​ដែល​ត្រូវ​ចំណុច​ភ្នែក​នៃ​អ្នក ព្រម​ទាំង​សំណព្វ​ចិត្ត​អ្នក​រាល់​គ្នា​ផង ឯ​ពួក​កូន​ប្រុស​កូន​ស្រី​ដែល​អ្នក​បាន​ទុក​ចោល​ឯ​ណោះ នោះ​នឹង​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ 22គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ជា​ខ្ញុំ​បាន​ធ្វើ​នេះ​ដែរ គឺ​អ្នក​រាល់​គ្នា​នឹង​មិន​បិទ​បាំង​បបូរ​មាត់ ឬ​បរិភោគ​អាហាររបស់អ្នក​កាន់​ទុក្ខទេ។ 23ឯ​សំពត់​ឈ្នួត​នឹង​នៅ​ជាប់​លើ​ក្បាល ហើយ​ស្បែក​ជើង​នៅ​ជាប់​នឹង​ជើង​ដែរ អ្នក​រាល់​គ្នា​នឹង​មិន​សោយ‌សោក ឬ​យំ‌យែក​ឡើយ គឺ​នឹង​រោយ‌រៀវ​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន ហើយ​នឹង​ថ្ងូរ​ប្រទល់​មុខ​គ្នា​នឹង​គ្នា​វិញ 24អេសេ‌គាល​នឹង​ធ្វើ​ជា​ទី​សម្គាល់ ដល់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ឯង អ្នក​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​ទាំង​ការ​ដែល​គាត់​បាន​ធ្វើ​នោះ​ដែរ កាល​ណា​ការ​នេះ​កើត​មក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​ពិត។
25ឯ​អ្នក កូន​មនុស្ស​អើយ នៅ​ថ្ងៃ​ដែល​យើង​ដក​យក​ទី​មាំ​មួន​ពី​គេ​ចេញ ព្រម​ទាំង​អំណរ​ចំពោះ​សិរី‌ល្អ​របស់​គេ និង​អ្វីៗ​ដែល​គាប់​ភ្នែក ហើយ​សំណព្វ​ចិត្ត​របស់​គេ គឺ​ទាំង​កូន​ប្រុស​កូន​ស្រី​របស់​គេ​ដែរ 26នៅ​ថ្ងៃ​នោះ អ្នក​ណា​ដែល​រត់​រួច​បាន គេ​នឹង​មក​ឯ​អ្នក ដើម្បី​នឹង​ប្រាប់​ពី​ការ​នោះ​ឲ្យ​អ្នក​ឮ​ដោយ​ត្រចៀក 27នៅ​ថ្ងៃ​នោះ មាត់​អ្នក​នឹង​បើក​ឡើង​ដល់​អ្នក​ដែល​រត់​រួច អ្នក​នឹង​អាច​និយាយ​បាន មិន​នៅ​គ​ទៀត​ឡើយ គឺ​យ៉ាង​នោះ ដែល​អ្នក​នឹង​ធ្វើ​ជា​ទី​សម្គាល់​ដល់​គេ ហើយ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 24: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល