អេ‌សេ‌គាល 25

25
ការ​ប្រកាស​ប្រឆាំង​នឹង​ជន​ជាតិ​អាំម៉ូន
1ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 2«កូន​មនុស្ស​អើយ ចូរ​តម្រង់​ទៅ​ខាង​ពួក​កូន​ចៅ​អាំម៉ូន​ថ្លែងទំនាយ​ពី​ដំណើរ​គេ​ចុះ 3ហើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អាំម៉ូន​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អ្នក​បាន​ថា ហាស់ហា ទាស់​នឹង​ទី​បរិសុទ្ធ​របស់​យើង ក្នុង​កាល​ដែល​ត្រូវ​បង្អាប់​នោះ ហើយ​ទាស់​នឹង​ស្រុក​អ៊ីស្រា‌អែល​ក្នុង​កាល​ដែល​ត្រូវ​ចោល​ស្ងាត់ ព្រម​ទាំង​ទាស់​នឹង​ពួក​វង្ស​យូដា ក្នុង​កាល​ដែល​គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ផង 4ហេតុ​នោះ មើល៍ យើង​នឹង​ប្រគល់​អ្នក​ដល់​ពួក​កូន​ចៅ​ស្រុក​ខាង​កើត​ទុក​ជា​កេរ‌អាករ គេ​នឹង​តាំង​បន្ទាយ ហើយ​ធ្វើ​ទី​លំនៅ​របស់​គេ​នៅ​ក្នុង​អ្នក គេ​នឹង​ស៊ី​ផល ហើយ​ផឹក​ទឹក​ដោះ​សត្វ​របស់​អ្នក។ 5យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​រ៉ាបាត​ទៅ​ជា​ក្រោល​សម្រាប់​សត្វ​អូដ្ឋ ហើយ​ឲ្យ​ស្រុក​ពួក​កូន​ចៅ​អាំម៉ូន​ទៅ​ជា​ទី​សម្រាប់​ឲ្យ​ហ្វូង​ចៀម​ដេក​នៅ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត 6ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អ្នក​បាន​ទះ​ដៃ ហើយ​តន្ត្រំ​ជើង ព្រម​ទាំង​មាន​សេចក្ដី​រីក‌រាយ ដោយ​គ្រប់​ទាំង​សេចក្ដី​មើល‌ងាយ​នៅ​ក្នុង​ចិត្ត​អ្នក​ចំពោះ​ស្រុក​អ៊ីស្រា‌អែល 7ហេតុ​នោះ មើល៍ យើង​បាន​លូក​ដៃ​ទៅ​លើ​អ្នក​ហើយ យើង​នឹង​ប្រគល់​អ្នក​ទៅ​សម្រាប់​ជា​របឹប​ដល់​សាសន៍​ដទៃ យើង​នឹង​កាត់​អ្នក​ចេញ​ពី​ពួក​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​អ្នក​វិនាស​បាត់​ពី​អស់​ទាំង​ប្រទេស​ទៅ យើង​នឹង​បំផ្លាញ​អ្នក​បង់​នោះ​អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន​ជាតិ​ម៉ូអាប់
8ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ព្រោះ​ស្រុក​ម៉ូអាប់ និង​ស្រុក​សៀរ​ពោល​ថា មើល៍ ពួក​វង្ស​យូដា​គេ​ក៏​ដូច​ជា​អស់​ទាំង​សាសន៍​ដែរ 9ហេតុ​នោះ យើង​នឹង​បើក​ជាយ​ស្រុក​ម៉ូអាប់ ឲ្យ​ព្រំ​ប្រទល់​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ​នៅ​ចំហ ជា​ទី​រុងរឿង​ឧត្តម​របស់​ស្រុក​នោះ គឺ​ក្រុង​បេត-យេស៊ីម៉ូត ក្រុង​បាល-មេយ៉ូន និង​ក្រុង​គារ‌យ៉ា‌ថែម 10ដល់​ពួក​កូន​ចៅ​នៅ​ស្រុក​ខាង​កើត ដើម្បី​ឲ្យ​គេ​បាន​ទៅ​ទាស់​នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​យើង​នឹង​ឲ្យ​ស្រុក​នោះ​ដល់​គេ ទុក​ជា​កេរ‌អាករ ដើម្បី​កុំ​ឲ្យ​គេ​នឹក​ចាំ​ពួក​កូន​ចៅ​អាំម៉ូន ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ​ទៀត 11យើង​នឹង​ជំនុំជម្រះ​សាសន៍​ម៉ូអាប់ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​មែន»។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន​ជាតិ​អេដុម
12ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ព្រោះ​ពួក​សាសន៍​អេដុម​បាន​ប្រព្រឹត្ត​ទាស់​នឹង​ពួក​វង្ស​យូដា​ដោយ​ការ​សង‌សឹក ហើយ​មាន​ទោស​យ៉ាង​ធ្ងន់ ដោយ​ការ​សង‌សឹក​តប​នឹង​គេ​ដូច្នេះ 13ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នឹង​លូក​ដៃ​ទៅ​លើ​ស្រុក​អេដុម​ដែរ ក៏​នឹង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ទៅ​ផង ហើយ​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ស្ងាត់‌ច្រៀប ចាប់​តាំង​ពី​ក្រុង​ថេម៉ាន ទៅ​ដល់​ដេដាន់ គេ​នឹង​ដួល​ស្លាប់​ដោយ​ដាវ 14យើង​នឹង​ផ្តល់​ការ​សង‌សឹក​របស់​យើង ទៅ​លើ​សាសន៍​អេដុម ដោយ‌សារ​ដៃ​នៃ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​យើង ដែល​នឹង​ធ្វើ​ដល់​សាសន៍​អេដុម តាម​កំហឹង និង​សេចក្ដី​ក្រេវ‌ក្រោធ​របស់​យើង នោះ​គេ​នឹង​ស្គាល់​សេចក្ដី​សង‌សឹក​របស់​យើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន​ជាតិ​ភីលី‌ស្ទីន
15ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ព្រោះ​សាសន៍​ភីលី‌ស្ទីន​បាន​ប្រព្រឹត្ត​ដោយ​ការ​សង‌សឹក គឺ​បាន​សង‌សឹក​តប ដោយ​សេចក្ដី​មើល‌ងាយ​នៅ​ក្នុង​ចិត្ត​គេ ដើម្បី​នឹង​បំផ្លាញ ដោយ​ចង​គំនុំ​ជាប់​ត​មក​ជា‌និច្ច 16ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍ យើង​នឹង​លូក​ដៃ​ទៅ​លើ​សាសន៍​ភីលី‌ស្ទីន យើង​នឹង​កាត់​ពួក​កេរេ‌ធីម​ចេញ ព្រម​ទាំង​បំផ្លាញ​សំណល់​មនុស្ស​ដែល​នៅ​សល់​តាម​ឆ្នេរ​សមុទ្រ​ផង 17យើង​នឹង​សម្រេច​ការ​សង‌សឹក​យ៉ាង​ធំ​ដល់​គេ ដោយ​សេចក្ដី​ផ្ចាញ់‌ផ្ចាល​ដ៏​ក្តៅ​ក្រហាយ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​ទម្លាក់​សេចក្ដី​សង‌សឹក​ទៅ​លើ​គេ»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 25: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល