អេ‌សេ‌គាល 32

32
ទំនួញអំពី​ផារ៉ោន និង​ប្រជា‌ជន​អេស៊ីព្ទ
1នៅ​ឆ្នាំ​ទី​ដប់​ពីរ ខែ​ទី​ដប់​ពីរ ថ្ងៃ​ទី​មួយ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 2«កូន​មនុស្ស​អើយ ចូរ​ផ្តើម​ពាក្យ​ទំនួញ​ពី​ដំណើរ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​ប្រាប់​ថា
ពី​ដើម​អ្នក​ប្រៀប​ដូច​ជា​សិង្ហ​ស្ទាវ​របស់​សាសន៍​ទាំង​ប៉ុន្មាន
ហើយ​ដូច​ជា​សត្វ​សម្បើម​នៅ​ក្នុង​សមុទ្រ
អ្នក​បាន​ធ្លាយ​ចេញ​មក​ជា‌មួយ​ទន្លេ​ទាំង​ប៉ុន្មាន​របស់​អ្នក
ហើយ​បាន​ធ្វើ​ឲ្យ​ទឹក​ខ្វល់​ឡើង​ដោយ​ជើង​អ្នក
ព្រម​ទាំង​ឲ្យ​ទន្លេ​របស់​អ្នក​ល្អក់​ទាំង​អស់​ដែរ»។
3ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
«យើង​នឹងបោះ​សំណាញ់​របស់​យើង​គ្រប​លើ​អ្នក
គេ​នឹង​ទាញ​អ្នក​ឡើង​មក​ជាប់​ក្នុង​សំណាញ់​របស់​យើង។
4យើង​នឹង​ទុក​អ្នក​ចោល​នៅ​លើ​ដី​គោក
យើង​នឹង​បោះ​អ្នក​ចោល​ទៅ​នៅ​ទី​វាល
ហើយ​ឲ្យ​សត្វ​ហើរ​លើ​អាកាស​ទាំង​ប៉ុន្មានមក​ទំ​លើ​អ្នក
ក៏​ចម្អែត​សត្វ​នៅ​ដី​ទាំង​មូល​ដោយ‌សារ​អ្នក​ដែរ។
5យើង​នឹង​ដាក់​សាច់​អ្នក​នៅ​លើ​ភ្នំ
ហើយ​បំពេញ​ច្រក​ភ្នំ​ទាំង​អស់
ដោយ​គំនរ​សាក‌សព អ្នក​ដែរ។
6យើង​នឹង​ស្រោច​ផែន‌ដី ជា​កន្លែង​អ្នក​ហែល​ទឹក​នោះ
ដោយ​ឈាម​របស់​អ្នក រហូត​ដល់​អស់​ទាំង​ភ្នំ​ផង
ហើយ​ទាំង​ផ្លូវ​ទឹក​នឹង​បាន​ពេញ​ដោយ​អ្នក​ដែរ។
7កាល​ណា​យើង​ពន្លត់​អ្នក នោះ​យើង​នឹង​បាំង​ផ្ទៃ​មេឃ
ហើយ​ធ្វើ​ឲ្យ​ផ្កាយ​ងងឹត​ទៅ
យើង​នឹង​បាំង​ថ្ងៃ​ដោយ​ពពក
ហើយ​ខែ​នឹង​លែង​ភ្លឺ​ដែរ។
8ឯ​អស់​ទាំង​តួ​ពន្លឺ​នៅ​លើ​មេឃ
យើង​នឹង​ធ្វើ​ឲ្យ​ងងឹត​ដោយ​ព្រោះ​អ្នក
ព្រម​ទាំង​គ្រប​ស្រុក​អ្នក​ដោយ​ភាព​ងងឹត
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា។
9យើង​នឹង​បណ្ដាល​ឲ្យ​ចិត្ត​មនុស្ស​ជា​ច្រើន​តក់‌ស្លុត
ក្នុង​កាល​ដែល​យើង​នាំ​ដំណឹង
អំពី​ការ​វិនាស​របស់​អ្នក
ទៅ​កណ្ដាល​អស់​ទាំង​សាសន៍
គឺ​ទៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន
ដែល​អ្នក​មិន​បាន​ស្គាល់។
10យើង​នឹង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ជា​ច្រើន​ភ័យ​ស្លុត
ដោយ​ព្រោះ​អ្នក ហើយ​ស្តេច​របស់​គេ
នឹង​ភ័យ​ខ្លាច​ជា​ខ្លាំង​ដោយ​ព្រោះ​អ្នក
ក្នុង​កាល​ដែល​យើង​លើក​ដាវ​យើង​នៅ​មុខ​គេ
គេ​នឹង​ញ័រ‌ញាក់​ជា‌និច្ច ដោយ​ព្រោះ​ជីវិត​រៀង​ខ្លួន
នៅ​ថ្ងៃ​ដែល​អ្នក​នឹង​ត្រូវ​ដួល​នោះ»។
11ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
«ដាវ​របស់​ស្តេច​បាប៊ីឡូន​នឹង​មក​លើ​អ្នក
12យើង​នឹង​ធ្វើ​ឲ្យ​ពួក​កក‌កុញ​របស់​អ្នក​ដួល
ដោយ​ដាវ​នៃ​ពួក​ខ្លាំង​ពូកែ
គេ​សុទ្ធ​តែ​ជា​មនុស្ស​គួរ​ស្ញែង‌ខ្លាច
នៅ​ក្នុង​អស់​ទាំង​សាសន៍
គេ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ឆ្មើង‌ឆ្មៃ
របស់​ស្រុក​អេស៊ីព្ទ​សូន្យ​បាត់​ទៅ
ហើយ​ពួក​កក‌កុញ​របស់​វា​នឹង​ត្រូវ​វិនាស​ដែរ។
13យើង​នឹង​បំផ្លាញ​សត្វ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នោះ
នៅ​ក្បែរ​ផ្លូវ​ទឹក​ជា​ច្រើន នោះ​ជើង​មនុស្ស
និង​ជើង​សត្វ នឹង​លែង​ធ្វើ​ឲ្យ​ទឹក​នោះ​ល្អក់​ទៀត។
14យើង​នឹង​ធ្វើ​ឲ្យ​ទឹក​នោះ​ថ្លា​វិញ
ក៏​នឹង​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​ហូរ​ដូច​ប្រេង
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា។
15កាល​ណា​យើង​បាន​ធ្វើ​ឲ្យ
ស្រុក​អេស៊ីព្ទ​ទៅ​ជា​ស្ងាត់‌ច្រៀប ហើយ​ខូច‌បង់
ជា​ស្រុក​ខ្វះ‌ខាត​របស់​ដែល​ពី​ដើម​មាន​ជា​បរិបូរ
ហើយ​កាល​ណា​យើង​បាន​វាយ​អស់​អ្នក​នៅ​ស្រុក​នោះ
នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។
16នេះ​ហើយ​ជា​ពាក្យ​ទំនួញ ដែល​គេ​នឹង​ត្រូវ​ទួញ
ពួក​កូន​ស្រីៗ​នៃ​អស់​ទាំង​សាសន៍
នឹង​ទួញ​ទំនួញ​ដោយ​ពាក្យ​នេះ
គេ​នឹង​ទួញ​ទំនួញ​ពី​ស្រុក​អេស៊ីព្ទ
និងប្រជាជន​ជា​ច្រើន​របស់​គេ
នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។
17នៅ​ឆ្នាំ​ទី​ដប់ពីរ ខែ​ទី​ដប់​ពីរ ថ្ងៃ​ទី​ដប់​ប្រាំ
ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖
18«កូន​មនុស្ស​អើយ ចូរ​ទ្រហោ‌យំ​នឹង​ប្រជា​ជន​ជា​ច្រើន
ឥត​គណនា​របស់​ស្រុក​អេស៊ីព្ទ​ទៅ ចូរ​រុញ​ទម្លាក់​គេ
គឺ​ទាំង​គេ និង​ពួក​កូន​ស្រី​របស់​សាសន៍​ទាំង​ប៉ុន្មាន
ដែល​មាន​ឈ្មោះ​ល្បី ទៅ​ក្នុង​ទី​ទាប​ជាង​ផែន‌ដី
ជា‌មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។
19តើ​អ្នក​ណា​មាន​លម្អ​ជាង​អ្នក​ណា?
ចូរ​ចុះ​ទៅ ហើយ​ដេក​ជា‌មួយ​ពួក​មិន​កាត់​ស្បែក​ចុះ។
20គេ​នឹង​ដួល​នៅ​កណ្ដាល​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ។ ស្រុក​អេស៊ីព្ទ​ត្រូវ​ប្រគល់​ដល់​ដាវ​ហើយ ចូរ​អូស​គេ​ចេញ​ទៅ ព្រម​ទាំង​ប្រជា​ជនជា​ច្រើនឥត​គណនា​ទាំង​ប៉ុន្មាន​របស់​គេ​ផង។ 21ពួក​មនុស្ស​ថ្នឹក​ចម្បាំង​ដ៏​ខ្លាំង​ពូកែ គេ​នឹង​និយាយ​ទៅ​កាន់​វា ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា‌មួយ​ពួក​អ្នក​ដែល​ជួយ​វា​ដែរ គេ​បាន​ចុះ​ទៅ ហើយ​គេ​ដេក​ស្តូក គឺ​ជា​ពួក​មិន​កាត់​ស្បែក ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ។
22អាស‌ស៊ើរ​ក៏​នៅ​ទី​នោះ​ជា​មួយ​ពួក​វា​ដែរ ផ្នូរ​ខ្មោច​របស់​គេ​ក៏​នៅ​ជុំ‌វិញ​វា គេ​ត្រូវ​ដួល​ស្លាប់​គ្រប់​គ្នា​ដោយ​ដាវ។ 23ផ្នូរ​របស់​គេ​បាន​ធ្វើ​នៅ​ទី​បំផុត​នៃ​ជង្ហុក​ធំ ហើយ​ពួក​វា​ក៏​នៅ​ព័ទ្ធ​ជុំ‌វិញ​ផ្នូរ​វា គឺ​គ្រប់​គ្នា​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ ជា​ពួក​អ្នក​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ស្ញែង‌ខ្លាច​នៅ​ស្ថាន​របស់​មនុស្ស​រស់។
24នៅ​ទី​នោះ​ក៏​មាន​អេឡាំ​ដែរ ព្រម​ទាំង​ពួក​កក‌កុញ​របស់​វា​នៅ​ជុំ‌វិញ​ផ្នូរ​របស់​វា គ្រប់​គ្នា​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ គេ​ជា​ពួក​អ្នក​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ស្ញែង‌ខ្លាច​នៅ​ស្ថាន​របស់​មនុស្ស​រស់ គេ​បាន​ចុះ​ទៅ​ដល់​ទី​ទាប​បំផុត​ក្នុង​ផែន‌ដី ឥត​ដែល​ទទួល​កាត់​ស្បែក ក៏​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន ជា‌មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។ 25គេ​បាន​រៀប​ដំណេក​ឲ្យ​អេឡាំ ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​សម្លាប់​ជា‌មួយ​ប្រជា​ជន​ជា​ច្រើន​ឥត​គណនា​ទាំង​ប៉ុន្មាន​របស់​គេ ផ្នូរ​របស់​គេ​នៅ​ព័ទ្ធ​ជុំ‌វិញ គេ​គ្រប់​គ្នា​ជា​មនុស្ស​ដែល​មិន​កាត់​ស្បែក ត្រូវ​ស្លាប់​ដោយ​ដាវ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្ញែង‌ខ្លាច នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់ គេ​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន ជា‌មួយ​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ គេត្រូវ​នៅ​កណ្ដាល​ពួក​មនុស្ស​ដែល​ត្រូវ​សម្លាប់។
26នៅ​ទី​នោះ ក៏​មាន​មែសេក និង​ទូបាល ព្រម​ទាំង​ពួក​កក‌កុញ​របស់​គេ​ផង ផ្នូរ​របស់​គេ​នៅ​ព័ទ្ធ​ជុំ‌វិញ គ្រប់​គ្នា​ជា​មនុស្ស​ដែល​មិន​ទទួល​កាត់​ស្បែក ហើយ​ត្រូវ​ស្លាប់​ដោយ​ដាវ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្ញែង‌ខ្លាច​នៅ​ស្ថាន​របស់​មនុស្ស​រស់។ 27គេ​មិន​បាន​ដេក​ជា‌មួយ​មនុស្ស​ខ្លាំង​ពូកែ ដែល​មិន​កាត់​ស្បែក ក្នុង​ពួក​អ្នក​ដែល​ត្រូវ​សម្លាប់ ជា​មនុស្ស​ដែល​បាន​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​កាន់​គ្រឿង​ចម្បាំង​របស់​គេ ព្រម​ទាំង​ដាក់​ដាវ​គេ​កើយ​ក្បាល ហើយ​មាន​អំពើ​ទុច្ចរិត​របស់​គេ​ជាប់​នៅ​ឆ្អឹង​ផង​នោះ​ទេ ដ្បិត​គេ​ជា​ទី​ស្ញែង‌ខ្លាច​ដល់​ពួក​ខ្លាំង​ពូកែ នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់។ 28ប៉ុន្តែ អ្នក​នឹង​ត្រូវ​បាក់​បែក​នៅ​ក្នុង​ពួក​ដែល​មិន​ទទួល​កាត់​ស្បែក ហើយ​ដេក​នៅ​ជា‌មួយ​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ។
29អេដុម​ក៏​នៅ​ទី​នោះ ព្រម​ទាំង​ពួក​ស្តេច និង​ពួក​ចៅ‌ហ្វាយ​វា​ផង ជា​ពួក​អ្នក​ដែល​ទោះ​បើ​ខ្លាំង​ពូកែ​ក៏​ដោយ គង់​តែ​ត្រូវ​ដេក​នៅ​ជា‌មួយ​ពួក​អ្នក​ដែល​ស្លាប់​ដោយ​ដាវ​ដែរ គេ​ត្រូវ​ដេក​នៅ​ជា‌មួយ​ពួក​ដែល​មិន​ទទួល​កាត់​ស្បែក ហើយ​ជា‌មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។ 30ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ខាង​ជើង ហើយ​ពួក​ស៊ីដូន​ទាំង​អស់​ក៏​នៅ​ទី​នោះ​ដែរ ជា​ពួក​អ្នក​ដែល​ចុះ​ទៅ​ជា‌មួយ​មនុស្ស​ដែល​ត្រូវ​សម្លាប់ គេ​ត្រូវ​ខ្មាស​ដោយ​ព្រោះ​សេចក្ដី​ស្ញែង‌ខ្លាច​ដែល​គេ​បាន​បង្កើត​ឡើង ដោយ​កម្លាំង​របស់​គេ គេ​ក៏​ដេក​ដោយ​ឥត​ទទួល​កាត់​ស្បែក គឺ​ដេក​ជា‌មួយ​ពួក​មនុស្ស​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ គេ​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន ជា‌មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។
31ឯ​ផារ៉ោន​នឹង​ឃើញ​គេ​ដែរ ហើយ​មាន​សេចក្ដី​ក្សាន្ត​ចិត្ត ពី​ដំណើរ​ពួក​កក‌កុញ​របស់​វា គឺ​ផារ៉ោន​នោះ និង​ពួក​កង‌ទ័ព ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា។ 32ដ្បិត​យើង​បាន​ធ្វើ​ឲ្យ​សេចក្ដី​ស្ញែង‌ខ្លាច​របស់​យើង​កើត​ឡើង​នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់ ហើយ​វា​នឹង​ត្រូវ​ផ្តេក​នៅ​កណ្ដាល​ពួក​អ្នក​ដែល​មិន​ទទួល​កាត់​ស្បែក ជា‌មួយ​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ គឺ​ផារ៉ោន​នោះ ព្រម​ទាំង​ពួក​កក‌កុញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 32: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល