អេសេគាល 32
32
ទំនួញអំពីផារ៉ោន និងប្រជាជនអេស៊ីព្ទ
1នៅឆ្នាំទីដប់ពីរ ខែទីដប់ពីរ ថ្ងៃទីមួយ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 2«កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយប្រាប់ថា
ពីដើមអ្នកប្រៀបដូចជាសិង្ហស្ទាវរបស់សាសន៍ទាំងប៉ុន្មាន
ហើយដូចជាសត្វសម្បើមនៅក្នុងសមុទ្រ
អ្នកបានធ្លាយចេញមកជាមួយទន្លេទាំងប៉ុន្មានរបស់អ្នក
ហើយបានធ្វើឲ្យទឹកខ្វល់ឡើងដោយជើងអ្នក
ព្រមទាំងឲ្យទន្លេរបស់អ្នកល្អក់ទាំងអស់ដែរ»។
3ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
«យើងនឹងបោះសំណាញ់របស់យើងគ្របលើអ្នក
គេនឹងទាញអ្នកឡើងមកជាប់ក្នុងសំណាញ់របស់យើង។
4យើងនឹងទុកអ្នកចោលនៅលើដីគោក
យើងនឹងបោះអ្នកចោលទៅនៅទីវាល
ហើយឲ្យសត្វហើរលើអាកាសទាំងប៉ុន្មានមកទំលើអ្នក
ក៏ចម្អែតសត្វនៅដីទាំងមូលដោយសារអ្នកដែរ។
5យើងនឹងដាក់សាច់អ្នកនៅលើភ្នំ
ហើយបំពេញច្រកភ្នំទាំងអស់
ដោយគំនរសាកសព អ្នកដែរ។
6យើងនឹងស្រោចផែនដី ជាកន្លែងអ្នកហែលទឹកនោះ
ដោយឈាមរបស់អ្នក រហូតដល់អស់ទាំងភ្នំផង
ហើយទាំងផ្លូវទឹកនឹងបានពេញដោយអ្នកដែរ។
7កាលណាយើងពន្លត់អ្នក នោះយើងនឹងបាំងផ្ទៃមេឃ
ហើយធ្វើឲ្យផ្កាយងងឹតទៅ
យើងនឹងបាំងថ្ងៃដោយពពក
ហើយខែនឹងលែងភ្លឺដែរ។
8ឯអស់ទាំងតួពន្លឺនៅលើមេឃ
យើងនឹងធ្វើឲ្យងងឹតដោយព្រោះអ្នក
ព្រមទាំងគ្របស្រុកអ្នកដោយភាពងងឹត
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។
9យើងនឹងបណ្ដាលឲ្យចិត្តមនុស្សជាច្រើនតក់ស្លុត
ក្នុងកាលដែលយើងនាំដំណឹង
អំពីការវិនាសរបស់អ្នក
ទៅកណ្ដាលអស់ទាំងសាសន៍
គឺទៅក្នុងស្រុកទាំងប៉ុន្មាន
ដែលអ្នកមិនបានស្គាល់។
10យើងនឹងធ្វើឲ្យជាតិសាសន៍ជាច្រើនភ័យស្លុត
ដោយព្រោះអ្នក ហើយស្តេចរបស់គេ
នឹងភ័យខ្លាចជាខ្លាំងដោយព្រោះអ្នក
ក្នុងកាលដែលយើងលើកដាវយើងនៅមុខគេ
គេនឹងញ័រញាក់ជានិច្ច ដោយព្រោះជីវិតរៀងខ្លួន
នៅថ្ងៃដែលអ្នកនឹងត្រូវដួលនោះ»។
11ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
«ដាវរបស់ស្តេចបាប៊ីឡូននឹងមកលើអ្នក
12យើងនឹងធ្វើឲ្យពួកកកកុញរបស់អ្នកដួល
ដោយដាវនៃពួកខ្លាំងពូកែ
គេសុទ្ធតែជាមនុស្សគួរស្ញែងខ្លាច
នៅក្នុងអស់ទាំងសាសន៍
គេនឹងធ្វើឲ្យសេចក្ដីឆ្មើងឆ្មៃ
របស់ស្រុកអេស៊ីព្ទសូន្យបាត់ទៅ
ហើយពួកកកកុញរបស់វានឹងត្រូវវិនាសដែរ។
13យើងនឹងបំផ្លាញសត្វទាំងប៉ុន្មានរបស់ស្រុកនោះ
នៅក្បែរផ្លូវទឹកជាច្រើន នោះជើងមនុស្ស
និងជើងសត្វ នឹងលែងធ្វើឲ្យទឹកនោះល្អក់ទៀត។
14យើងនឹងធ្វើឲ្យទឹកនោះថ្លាវិញ
ក៏នឹងឲ្យទន្លេទាំងប៉ុន្មានហូរដូចប្រេង
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។
15កាលណាយើងបានធ្វើឲ្យ
ស្រុកអេស៊ីព្ទទៅជាស្ងាត់ច្រៀប ហើយខូចបង់
ជាស្រុកខ្វះខាតរបស់ដែលពីដើមមានជាបរិបូរ
ហើយកាលណាយើងបានវាយអស់អ្នកនៅស្រុកនោះ
នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
16នេះហើយជាពាក្យទំនួញ ដែលគេនឹងត្រូវទួញ
ពួកកូនស្រីៗនៃអស់ទាំងសាសន៍
នឹងទួញទំនួញដោយពាក្យនេះ
គេនឹងទួញទំនួញពីស្រុកអេស៊ីព្ទ
និងប្រជាជនជាច្រើនរបស់គេ
នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
17នៅឆ្នាំទីដប់ពីរ ខែទីដប់ពីរ ថ្ងៃទីដប់ប្រាំ
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖
18«កូនមនុស្សអើយ ចូរទ្រហោយំនឹងប្រជាជនជាច្រើន
ឥតគណនារបស់ស្រុកអេស៊ីព្ទទៅ ចូររុញទម្លាក់គេ
គឺទាំងគេ និងពួកកូនស្រីរបស់សាសន៍ទាំងប៉ុន្មាន
ដែលមានឈ្មោះល្បី ទៅក្នុងទីទាបជាងផែនដី
ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។
19តើអ្នកណាមានលម្អជាងអ្នកណា?
ចូរចុះទៅ ហើយដេកជាមួយពួកមិនកាត់ស្បែកចុះ។
20គេនឹងដួលនៅកណ្ដាលពួកអ្នកដែលត្រូវស្លាប់ដោយដាវ។ ស្រុកអេស៊ីព្ទត្រូវប្រគល់ដល់ដាវហើយ ចូរអូសគេចេញទៅ ព្រមទាំងប្រជាជនជាច្រើនឥតគណនាទាំងប៉ុន្មានរបស់គេផង។ 21ពួកមនុស្សថ្នឹកចម្បាំងដ៏ខ្លាំងពូកែ គេនឹងនិយាយទៅកាន់វា ពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយពួកអ្នកដែលជួយវាដែរ គេបានចុះទៅ ហើយគេដេកស្តូក គឺជាពួកមិនកាត់ស្បែក ដែលត្រូវស្លាប់ដោយដាវ។
22អាសស៊ើរក៏នៅទីនោះជាមួយពួកវាដែរ ផ្នូរខ្មោចរបស់គេក៏នៅជុំវិញវា គេត្រូវដួលស្លាប់គ្រប់គ្នាដោយដាវ។ 23ផ្នូររបស់គេបានធ្វើនៅទីបំផុតនៃជង្ហុកធំ ហើយពួកវាក៏នៅព័ទ្ធជុំវិញផ្នូរវា គឺគ្រប់គ្នាត្រូវដួលស្លាប់ដោយដាវ ជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់។
24នៅទីនោះក៏មានអេឡាំដែរ ព្រមទាំងពួកកកកុញរបស់វានៅជុំវិញផ្នូររបស់វា គ្រប់គ្នាត្រូវដួលស្លាប់ដោយដាវ គេជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់ គេបានចុះទៅដល់ទីទាបបំផុតក្នុងផែនដី ឥតដែលទទួលកាត់ស្បែក ក៏បានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។ 25គេបានរៀបដំណេកឲ្យអេឡាំ ក្នុងចំណោមមនុស្សដែលត្រូវសម្លាប់ជាមួយប្រជាជនជាច្រើនឥតគណនាទាំងប៉ុន្មានរបស់គេ ផ្នូររបស់គេនៅព័ទ្ធជុំវិញ គេគ្រប់គ្នាជាមនុស្សដែលមិនកាត់ស្បែក ត្រូវស្លាប់ដោយដាវ ដ្បិតគេបានធ្វើឲ្យមានសេចក្ដីស្ញែងខ្លាច នៅក្នុងស្ថានរបស់មនុស្សរស់ គេបានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយអស់អ្នកដែលចុះទៅក្នុងជង្ហុកធំ គេត្រូវនៅកណ្ដាលពួកមនុស្សដែលត្រូវសម្លាប់។
26នៅទីនោះ ក៏មានមែសេក និងទូបាល ព្រមទាំងពួកកកកុញរបស់គេផង ផ្នូររបស់គេនៅព័ទ្ធជុំវិញ គ្រប់គ្នាជាមនុស្សដែលមិនទទួលកាត់ស្បែក ហើយត្រូវស្លាប់ដោយដាវ ដ្បិតគេបានធ្វើឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់។ 27គេមិនបានដេកជាមួយមនុស្សខ្លាំងពូកែ ដែលមិនកាត់ស្បែក ក្នុងពួកអ្នកដែលត្រូវសម្លាប់ ជាមនុស្សដែលបានចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់គ្រឿងចម្បាំងរបស់គេ ព្រមទាំងដាក់ដាវគេកើយក្បាល ហើយមានអំពើទុច្ចរិតរបស់គេជាប់នៅឆ្អឹងផងនោះទេ ដ្បិតគេជាទីស្ញែងខ្លាចដល់ពួកខ្លាំងពូកែ នៅក្នុងស្ថានរបស់មនុស្សរស់។ 28ប៉ុន្តែ អ្នកនឹងត្រូវបាក់បែកនៅក្នុងពួកដែលមិនទទួលកាត់ស្បែក ហើយដេកនៅជាមួយពួកអ្នកដែលត្រូវស្លាប់ដោយដាវដែរ។
29អេដុមក៏នៅទីនោះ ព្រមទាំងពួកស្តេច និងពួកចៅហ្វាយវាផង ជាពួកអ្នកដែលទោះបើខ្លាំងពូកែក៏ដោយ គង់តែត្រូវដេកនៅជាមួយពួកអ្នកដែលស្លាប់ដោយដាវដែរ គេត្រូវដេកនៅជាមួយពួកដែលមិនទទួលកាត់ស្បែក ហើយជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។ 30ពួកចៅហ្វាយទាំងប៉ុន្មាននៃស្រុកខាងជើង ហើយពួកស៊ីដូនទាំងអស់ក៏នៅទីនោះដែរ ជាពួកអ្នកដែលចុះទៅជាមួយមនុស្សដែលត្រូវសម្លាប់ គេត្រូវខ្មាសដោយព្រោះសេចក្ដីស្ញែងខ្លាចដែលគេបានបង្កើតឡើង ដោយកម្លាំងរបស់គេ គេក៏ដេកដោយឥតទទួលកាត់ស្បែក គឺដេកជាមួយពួកមនុស្សដែលត្រូវស្លាប់ដោយដាវ គេរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។
31ឯផារ៉ោននឹងឃើញគេដែរ ហើយមានសេចក្ដីក្សាន្តចិត្ត ពីដំណើរពួកកកកុញរបស់វា គឺផារ៉ោននោះ និងពួកកងទ័ព ដែលត្រូវស្លាប់ដោយដាវ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។ 32ដ្បិតយើងបានធ្វើឲ្យសេចក្ដីស្ញែងខ្លាចរបស់យើងកើតឡើងនៅក្នុងស្ថានរបស់មនុស្សរស់ ហើយវានឹងត្រូវផ្តេកនៅកណ្ដាលពួកអ្នកដែលមិនទទួលកាត់ស្បែក ជាមួយពួកអ្នកដែលត្រូវស្លាប់ដោយដាវដែរ គឺផារ៉ោននោះ ព្រមទាំងពួកកកកុញ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 32: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies