អេ‌សេ‌គាល 36

36
អ៊ីស្រាអែល​នឹង​កាន់‌កាប់​ស្រុក​របស់​ខ្លួន​វិញ
1«កូន​មនុស្ស​អើយ ចូរ​ថ្លែងទំនាយ​ដល់​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល​ដែរ​ថា ឱ​ភ្នំ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ 2ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ខ្មាំង​សត្រូវ​បាន​ពោល​ឡក​ឲ្យ​អ្នក​ថា ហាសហា ទី​ខ្ពស់​ពី​បុរាណ​ទាំង​នេះ​បាន​ត្រឡប់​ជា​របស់​យើង​ហើយ។ 3ដូច្នេះ ចូរ​ថ្លែងទំនាយ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​ដោយ​ហេតុ​តែ​គេ​បាន​ធ្វើ​ឲ្យ​អ្នក​នៅ​ស្ងាត់‌ច្រៀប ព្រម​ទាំង​លេប​អ្នក​ចូល​គ្រប់​ទិស ឲ្យ​អ្នក​ទៅ​ជា​របស់​សាសន៍​ដែល​នៅ​សល់ ហើយ​ដោយ​ព្រោះ​ពួក​អ្នក​និយាយ​ដើម បាន​ចាប់ផ្ដើម​និយាយ​ពី​អ្នក ហើយ​ជន​ទាំង‌ឡាយ​និយាយ​អាក្រក់​ពី​អ្នក។ 4ដូច្នេះ ឱ​ភ្នំ​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដល់​អស់​ទាំង​ភ្នំ​ធំ​តូច ផ្លូវ​ទឹក និង​ច្រក​ភ្នំ ព្រម​ទាំង​កន្លែង​បាក់​បែក និង​ទី​ក្រុង​ដែល​គេ​ចោល​ស្ងាត់ ជា​ទី​ដែល​បាន​ត្រឡប់​ជា​រំពា ហើយ​ជា​ទី​ឡក‌ឡឺយ​ដល់​សំណល់​នៃ​អស់​ទាំង​សាសន៍​ដែល​នៅ​ព័ទ្ធ​ជុំ‌វិញ។ 5គឺ​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា សំណល់​នៃ​អស់​ទាំង​សាសន៍ ព្រម​ទាំង​ស្រុក​អេដុម​ទាំង​មូល ដែល​បាន​តម្រូវ​ស្រុក​យើង​ទុក​ជា​របស់​គេ ដោយ​អំណរ​អស់​ពី​ចិត្ត ទាំង​មាន​ចិត្ត​មើល‌ងាយ​ផង ដើម្បី​បោះ‌បង់​ចោល​ទុក​ជា​រំពា នោះ​ប្រាកដ​ជា​យើង​បាន​តប​នឹង​គេ​ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​យើង។ 6ដូច្នេះ ចូរ​ថ្លែងទំនាយ​ពី​ដំណើរ​ស្រុក​អ៊ីស្រា‌អែល ហើយ​ប្រាប់​ដល់​អស់​ទាំង​ភ្នំ​ធំ​តូច ផ្លូវ​ទឹក និង​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​និយាយ​ដោយ​សេចក្ដី​ប្រចណ្ឌ និង​សេចក្ដី​ក្រោធ​របស់​យើង ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​សាសន៍​ដទៃ។ 7ហេតុ​នេះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​ស្បថ​ហើយ​ថា ពិត​ប្រាកដ​ជា​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ព័ទ្ធ​ជុំ‌វិញ​អ្នក គេ​នឹង​ត្រូវ​រង់​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន​គេ​វិញ។
8ប៉ុន្តែ អ្នក ឱ​ភ្នំ​អ៊ីស្រា‌អែល អ្នក​រាល់​គ្នា​នឹង​បែក​មែក ហើយ​បង្កើត​ផល​របស់​អ្នក ឲ្យ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​យើង ពី​ព្រោះ​គេ​រៀប​នឹង​មក​ហើយ។ 9ដ្បិត​មើល៍! យើង​កាន់​ខាង​អ្នក ហើយ​យើង​នឹង​វិល​មក​ឯ​អ្នក​វិញ នោះ​នឹង​មាន​គេ​ភ្ជួរ​រាស់ ហើយ​សាប‌ព្រោះ​អ្នក។ 10យើង​នឹង​ឲ្យ​មនុស្ស​ចម្រើន​ឡើង​នៅ​ក្នុង​អ្នក គឺ​ជា​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល។ ដូច្នេះ ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​នឹង​មាន​មនុស្ស​នៅ ហើយ​អស់​ទាំង​កន្លែង​បាក់​បែក​នឹង​បាន​សង់​ឡើង​វិញ។ 11យើង​នឹង​ធ្វើ​ឲ្យ​ទាំង​មនុស្ស និង​សត្វ​បាន​ចម្រើន​ឡើង​នៅ​ក្នុង​អ្នក គេ​នឹង​ចម្រើន​ឡើង ហើយ​សាយ‌គ្រាយ​ចេញ​ទៅ យើង​នឹង​ឲ្យ​មាន​មនុស្ស​អាស្រ័យ​នៅ​ក្នុង​អ្នក​ដូច​ពី​ដើម ហើយ​ប្រព្រឹត្ត​នឹង​អ្នក​ដោយ​ល្អ​ជាង​ជាន់​ដើម​ទៅ​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។ 12យើង​នឹង​ឲ្យ​មាន​មនុស្ស​ដើរ​លើ​អ្នក គឺ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង គេ​នឹង​បាន​អ្នក​ជា​របស់​គេ ហើយ​អ្នក​នឹង​បាន​ជា​មត៌ក​ដល់​គេ នោះ​អ្នក​នឹង​មិន​ធ្វើ​ឲ្យ​គេ​ព្រាត់‌ប្រាស​កូន​ទៀត​ឡើយ។ 13ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​គេ​និយាយ​ពី​អ្នក​ថា អ្នក​ជា​ស្រុក​ដែល​លេប​មនុស្ស​បាត់ ហើយ​ពង្រាត់​កូន​របស់​សាសន៍​អ្នក។ 14ដូច្នេះ អ្នក​នឹង​លែង​លេប​មនុស្ស​ទៀត ក៏​មិន​ពង្រាត់​កូន​របស់​សាសន៍​អ្នក​ទៀត​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា។ 15យើង​មិន​ឲ្យ​អ្នក​ឮ​ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត​ទេ អ្នក​មិន​ត្រូវ​រង​ទ្រាំ​សេចក្ដី​ប្រមាថ​មើល‌ងាយ​របស់​គេ អ្នក​នឹង​មិន​ធ្វើ​ជា​ហេតុ ឲ្យ​សាសន៍​របស់​អ្នក​ចំពប់​ដួល​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។
ការ​ផ្លាស់​ប្រែជា​ថ្មីរបស់​អ៊ីស្រា‌អែល
16ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 17«កូន​មនុស្ស​អើយ កាល​ពួក​វង្ស​អ៊ីស្រា‌អែល​បាន​នៅ​ក្នុង​ស្រុក​របស់​ខ្លួន គេ​បាន​បង្អាប់​ស្រុក​នោះ ដោយ​ផ្លូវ​ប្រព្រឹត្ត និង​កិរិយា​របស់​ខ្លួន ផ្លូវ​ដែល​គេ​ប្រព្រឹត្ត​នៅ​មុខ​យើង ប្រៀប​ដូច​ជា​សេចក្ដី​ស្មោក‌គ្រោក​នៃ​ស្រី​ដែល​មាន​រដូវ។ 18ហេតុ​នោះ​បាន​ជា​យើង​ចាក់​សេចក្ដី​ក្រោធ​របស់​យើង​ទៅ​លើ​គេ គឺ​ដោយ​ព្រោះ​ឈាម​ដែល​គេ​បាន​កម្ចាយ​នៅ​ក្នុង​ស្រុក ហើយ​ដោយ​ព្រោះ​គេ​បាន​បង្អាប់​ស្រុក ដោយ​រូប​ព្រះ​របស់​គេ។ 19ដូច្នេះ យើង​បាន​កម្ចាត់‌កម្ចាយ​គេ​ទៅ​នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​ត្រូវ​បែង​ចែក​ទៅ​នៅ​គ្រប់​ស្រុក យើង​បាន​ជំនុំ‌ជម្រះ​គេ​តាម​ផ្លូវ​គេ​ប្រព្រឹត្ត និង​តាម​កិរិយា​របស់​គេ។ 20កាល​គេ​បាន​ចូល​ទៅ​ឯ​សាសន៍​ណា​ដែល​គេ​ត្រូវ​ខ្ចាយ​ទៅ​នោះ គេ​ក៏​បង្អាប់​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ទៀត ដោយ​មាន​មនុស្ស​ថា ពួក​នេះ​ជា​ពួក​របស់​ព្រះ‌យេហូវ៉ា គេ​បាន​ចេញ​ចាក​ពី​ស្រុក​របស់​ព្រះ‌អង្គ​មក។ 21ប៉ុន្តែ យើង​បាន​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​យើង ដែល​ពួក​វង្ស​អ៊ីស្រា‌អែល​បាន​បង្អាប់ នៅ​កណ្ដាល​សាសន៍​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ទៅ​ដល់​នោះ។
22ដូច្នេះ ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ យើង​មិន​មែន​ធ្វើ​ការ​នេះ ដោយ​យល់​ដល់​អ្នក​រាល់​គ្នា​ទេ គឺ​ដោយ​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​យើង​វិញ ជា​ឈ្មោះ​ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់ នៅ​កណ្ដាល​អស់​ទាំង​សាសន៍​ដែល​អ្នក​បាន​ទៅ​ដល់​នោះ។ 23យើង​នឹង​ញែក​ឈ្មោះ​ដ៏​ធំ​របស់​យើង ដែល​ត្រូវ​បង្អាប់​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ដែល​អ្នក​រាល់​គ្នា​បាន​បង្អាប់​នៅ​ក្នុង​ពួក​គេ ជា​បរិសុទ្ធ​ដែរ នោះ​ពួក​សាសន៍​ដទៃ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ពួក​អ្នក នៅ​ចំពោះ​ភ្នែក​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។ 24ដ្បិត​យើង​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​ប្រមូល​អ្នក​ពី​គ្រប់​ស្រុក នាំ​មក​ក្នុង​ស្រុក​ជា​របស់​អ្នក​រាល់​គ្នា​វិញ។ 25យើង​នឹង​ប្រោះ​ទឹក​ស្អាត​ទៅ​លើ​អ្នក​រាល់​គ្នា ដូចេ្នះ អ្នក​នឹង​បាន​ស្អាត យើង​នឹង​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​ស្អាត ពី​គ្រប់​សេចក្ដី​ស្មោក‌គ្រោក និង​ពី​អស់​ទាំង​រូប​ព្រះ​របស់​អ្នក។ 26យើង​នឹង​ឲ្យ​អ្នក​មាន​ចិត្ត​ថ្មី ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​អ្នក​ដែរ យើង​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ចេញ​ពី​រូប​សាច់​អ្នក ហើយ​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ។ 27យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង​នៅ​ក្នុង​អ្នក​រាល់​គ្នា បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​តាម​ក្រឹត្យ‌ក្រម ហើយ​រក្សា​បញ្ញត្តិ​ច្បាប់​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង។ 28អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​អ្នក អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​ដល់​អ្នក។ 29យើង​នឹង​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​អស់​ទាំង​សេចក្ដី​សៅ‌ហ្មង​របស់​អ្នក យើង​នឹង​បង្គាប់​ដល់​ស្រូវ ឲ្យ​បាន​ចម្រើន​ឡើង​ជា​បរិបូរ ឥត​ធ្វើ​ឲ្យ​កើត​មាន​អំណត់​ទៀត​ឡើយ។ 30យើង​នឹង​ចម្រើន​ផ្លែ​ឈើ និង​ផល​ចម្ការ​ឡើង​ដែរ ដើម្បី​មិន​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​ពាក្យ​ដំណៀល​របស់​សាសន៍​ដទៃ ដោយ​ព្រោះ​អំណត់​ទៀត 31អ្នក​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​កិរិយា​អាក្រក់​របស់​អ្នក ហើយ​ពី​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​មិន​ល្អ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មើល​ខ្លួន​ដោយ​ខ្ពើម​ឆ្អើម ដោយ​ព្រោះ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក»។ 32ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ដឹង​ថា មិន​មែន​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា​ដែល​យើង​ធ្វើ​ដូច្នេះ​ទេ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​មាន​សេចក្ដី​ខ្មាស ហើយ​ជ្រប់​មុខ ដោយ​ព្រោះ​កិរិយា​របស់​អ្នក​ចុះ។ 33ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ថ្ងៃ​ដែល​យើង​ជម្រះ​អ្នក​រាល់​គ្នា ឲ្យ​ស្អាត​ពី​អស់​ទាំង​អំពើ​ទុច្ចរិត​របស់​អ្នក នោះ​យើង​នឹង​ឲ្យ​អស់​ទាំង​ទី​ក្រុង​របស់​អ្នក មាន​មនុស្ស​រស់​នៅ​វិញ ហើយ​ឲ្យ​អស់​ទាំង​កន្លែង​បាក់​បែក​បាន​សង់​ឡើង។ 34ឯ​ស្រុក​ដែល​នៅ​ស្ងាត់ និង​មាន​គេ​ភ្ជួរ​រាស់ ជា​ស្រុក​ដែល​ពី​ដើម​នៅ​ស្ងាត់‌ច្រៀប ចំពោះ​ភ្នែក​នៃ​អស់​អ្នក​ដែល​ដើរ​កាត់​នោះ។ 35គេ​នឹង​ពោល​ថា ស្រុក​នេះ​ដែល​ត្រូវ​ចោល​ស្ងាត់ ត្រឡប់​ដូច​ជា​សួន‌ច្បារ​អេដែន ហើយ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ចោល​ស្ងាត់ ហើយ​បាក់​បែក ក៏​បាន​មាំ‌មួន​ឡើង ហើយ​មាន​មនុស្ស​រស់​នៅ​ផង។ 36ដូច្នេះ អស់​ទាំង​សាសន៍​ដែល​សល់​នៅ​ព័ទ្ធ​ជុំ‌វិញ​អ្នក គេ​នឹង​ដឹង​ថា គឺ​យើង ជា​ព្រះ‌យេហូវ៉ា​នេះ យើង​បាន​សង់​ទី​បំផ្លាញ​នោះ​ឡើង ហើយ​សាប‌ព្រោះ​កន្លែង​ដែល​ចោល​ស្ងាត់​វិញ គឺ​យើង ជា​យេហូវ៉ា​នេះ យើង​បាន​ចេញ​វាចា​ហើយ ក៏​នឹង​សម្រេច​តាម​ផង។
37ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា មួយ​ទៀត យើង​នឹង​បើក​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល បាន​សួរ​យើង​ពី​ដំណើរ​នោះ ដើម្បី​ឲ្យ​យើង​បាន​សម្រេច​ការ​នោះ​ដល់​គេ គឺ​យើង​នឹង​ឲ្យ​គេ​ចម្រើន​គ្នា​ជា​ច្រើន​ដូច​ជា​ហ្វូង​ចៀម។ 38ទី​ក្រុង​ដែល​ខូច​ទាំង​ប៉ុន្មាន នឹង​មាន​ហ្វូង​មនុស្ស​ពេញ ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​ញែក​ជា​បរិសុទ្ធ គឺ​ដូច​ជា​ហ្វូង​ចៀម​នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ថ្ងៃ​បុណ្យ​មាន​កំណត់ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 36: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល