អេសេគាល 41
41
1បន្ទាប់មក លោកនាំខ្ញុំទៅព្រះវិហារ ក៏វាស់សសរបានទទឹងប្រាំមួយហត្ថខាងនេះ ហើយប្រាំមួយហត្ថខាងនោះ ដែលស្មើនឹងទទឹងសសរ 2ហើយផ្លូវចូល មានទទឹងដប់ហត្ថ ឯផ្ទាំងទ្វារម្ខាង នោះប្រាំហត្ថ ហើយម្ខាងទៀតក៏ប្រាំហត្ថ ឯបណ្តោយព្រះវិហារ លោកវាស់បានសែសិបហត្ថ និងទទឹងម្ភៃហត្ថ។ 3រួចលោកក៏ចូលទៅខាងក្នុង វាស់ក្របទ្វារទាំងសងខាងបានពីរហត្ថ ផ្លូវចូលក៏ប្រាំមួយហត្ថ ឯទទឹងទ្វារ មានប្រាំពីរហត្ថ។ 4លោកវាស់បណ្តោយទីនោះបានម្ភៃហត្ថ ហើយទទឹងបានម្ភៃហត្ថ នៅខាងមុខព្រះវិហារ រួចលោកប្រាប់មកខ្ញុំថា ទីនេះជាទីបរិសុទ្ធបំផុត។
5បន្ទាប់មក លោកវាស់ជញ្ជាំងព្រះវិហារ មានកម្រាស់ប្រាំមួយហត្ថ ហើយគ្រប់បន្ទប់ដែលនៅជុំវិញព្រះវិហារ មានទទឹងបួនហត្ថទាំងអស់។ 6បន្ទប់ទាំងនោះមានបីជាន់ គឺបន្ទប់មួយនៅលើមួយទៀត ទាំងអស់មានសាមសិបបន្ទប់ តជាប់ពីជញ្ជាំងព្រះវិហារ សម្រាប់ជាបន្ទប់នៅព័ទ្ធជុំវិញ ដើម្បីឲ្យបានជាប់នឹងជញ្ជាំងនោះ តែមិនឲ្យស៊កចូលទៅក្នុងជញ្ជាំងព្រះវិហារទេ។ 7បន្ទប់ទាំងនោះកាន់តែធំជាលំដាប់ តាមដែលឡើងខ្ពស់ទៅព័ទ្ធជុំវិញព្រះវិហារ ដ្បិតផ្លូវដែលព័ទ្ធជុំវិញព្រះវិហារ បានឡើងកាន់តែខ្ពស់ទៅ តែទទឹងព្រះវិហារនៅដូចគ្នាទៅខាងលើ ហេតុនោះ បន្ទប់បានកាន់តែធំទូលាយទៅខាងលើយ៉ាងនោះ ចេញពីបន្ទប់ជាន់ក្រោមឡើងទៅឯបន្ទប់ជាន់លើ ដោយផ្លូវកណ្ដាល។ 8ខ្ញុំក៏ពិចារណាមើលកម្ពស់ព្រះវិហារនៅព័ទ្ធជុំវិញ ឃើញថា ជើងជញ្ជាំងបន្ទប់ទាំងនោះបានខ្ពស់ពេញមួយខ្នាតបបុស គឺប្រាំមួយហត្ថធំ។ 9ឯកម្រាស់នៃជញ្ជាំងខាងក្រៅរបស់បន្ទប់ទាំងនោះបានប្រាំហត្ថ ហើយប្រឡោះដែលសល់ សម្រាប់បន្ទប់ខាងៗរបស់ព្រះវិហារ 10ហើយនៅកណ្ដាលបន្ទប់ទាំងនោះ មានប្រឡោះទទឹងម្ភៃហត្ថនៅព័ទ្ធជុំវិញព្រះវិហារ។ 11ឯទ្វារនៃបន្ទប់ទាំងនោះ ក៏បើកទៅខាងកន្លែងដែលសល់នោះ គឺមានទ្វារមួយបើកទៅខាងជើង ហើយមួយទៀតបើកទៅខាងត្បូង មានប្រឡោះសល់នៅព័ទ្ធជុំវិញទទឹងប្រាំហត្ថ។
12មានអាគារមួយដែលនៅខាងមុខទីលាន គឺនៅខាងលិច មានទទឹងចិតសិបហត្ថ បណ្តោយកៅសិបហត្ថ ហើយជញ្ជាំងអាគារនៅព័ទ្ធជុំវិញ មានកម្រាស់ប្រាំហត្ថ។ 13ដូច្នេះ លោកក៏វាស់ព្រះវិហារបានមួយរយហត្ថ ហើយទីលាន និងអាគារនោះ ព្រមទាំងជញ្ជាំងផង នោះមានបណ្តោយមួយរយហត្ថ។ 14ឯទទឹងខាងមុខព្រះវិហារ និងទីលាននៅខាងកើត ក៏មួយរយហត្ថ។
15លោកវាស់ប្រវែងនៃអាគារ នៅមុខទីលាន ដែលនៅខាងក្រោយនោះ ព្រមទាំងរានហាលទាំងសងខាងបានមួយរយហត្ថ ហើយទាំងព្រះវិហារខាងក្នុង និងថែវនៃទីលានផង។ 16អស់ទាំងទ្វារ និងបង្អួចបិទ ហើយរានហាលនៅជុំវិញទាំងបីជាន់ ដែលប្រទល់មុខនឹងមាត់ទ្វារ បានស្រោបដោយឈើនៅជុំវិញ ចាប់តាំងពីដីឡើងទៅដល់បង្អួច (រីឯបង្អួចទាំងនោះសុទ្ធតែគ្របបិទជិត) 17ទៅដល់ខាងលើទ្វារ រហូតដល់ក្នុងព្រះវិហារ និងខាងក្រៅ ព្រមទាំងកំផែងនៅជុំវិញ ទាំងក្នុង ទាំងក្រៅ ក៏ធ្វើតាមទំហំ។ 18នោះសុទ្ធតែធ្វើដោយមានក្បាច់ជាចេរូប៊ីន និងដើមលម៉ើ មានដើមលម៉ើមួយ នៅកណ្ដាលចេរូប៊ីន និងចេរូប៊ីន ហើយចេរូប៊ីនទាំងនោះសុទ្ធតែមានមុខពីររៀងខ្លួន 19បានជាមានមុខមនុស្សបែរទៅខាងដើមលម៉ើម្ខាង ហើយមុខសិង្ហស្ទាវបែរទៅខាងដើមលម៉ើម្ខាងទៀត គឺបានធ្វើយ៉ាងនោះក្នុងព្រះវិហារនៅព័ទ្ធជុំវិញ។ 20គេបានធ្វើចេរូប៊ីន និងដើមលម៉ើ ចាប់តាំងពីដីរហូតទៅដល់ខាងលើទ្វារ ពាសពេញជញ្ជាំងរបស់ព្រះវិហារ។
21ឯក្របទ្វានៃព្រះវិហារ មានបួនជ្រុងស្មើ ហើយខាងមុខនៃទីបរិសុទ្ធ មើលទៅមានសណ្ឋានដូចគ្នា។ 22អាសនាបានធ្វើពីឈើ កម្ពស់បីហត្ថ បណ្ដោយពីរហត្ថ និងទទឹងពីរហត្ថ ឯជ្រុង និងបាត ព្រមទាំងជញ្ជាំងខាងៗអាសនានោះ សុទ្ធតែជាឈើទាំងអស់។ លោកពោលមកខ្ញុំថា៖ «នេះជាតុដែលនៅចំពោះព្រះយេហូវ៉ា»។ 23ឯព្រះវិហារ និងទីបរិសុទ្ធ មានទ្វារពីរ 24ចំណែកទ្វារទាំងនោះមានពីរផ្ទាំង គឺពីរផ្ទាំងដែលបើកបាន ទ្វារមួយមានពីរផ្ទាំង ហើយទ្វារមួយទៀតក៏មានពីរផ្ទាំងដែរ។ 25នៅផ្ទាំងទ្វារទាំងនោះ គឺជាទ្វារនៃព្រះវិហារ មានឆ្លាក់ជារូបចេរូប៊ីន និងដើមលម៉ើ ដូចជាបានធ្វើនៅជញ្ជាំងដែរ ហើយនៅថែវខាងក្រៅមានក្រាលក្តារ 26ក៏មានបង្អួចបិទ និងក្បាច់ដើមលម៉ើទាំងសងខាងថែវ និងបន្ទប់ខាងៗនៃព្រះវិហារទាំងអស់។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 41: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies