អេ‌សេ‌គាល 42

42
បន្ទប់​អម​ព្រះ‌វិហារ
1បន្ទាប់​មក លោក​នាំ​ខ្ញុំ​ចេញ​ទៅ​ឯ​ទី‌លាន​ខាង​ក្រៅ តាម​ផ្លូវ​ទៅ​ទិស​ខាង​ជើង លោក​នាំ​ខ្ញុំ​ទៅ​ឯ​បន្ទប់​ដែល​នៅ​មុខ​ទី‌លាន ដែល​នៅ​ខាង​ជើង​ប្រទល់​មុខ​នឹង​អាគារ។ 2អាគារ​ដែល​មាន​ទ្វារ​បែរ​មុខ​ទៅទិស​ខាង​ជើង មាន​ប្រវែង​មួយរយ​ហត្ថ និង​ទទឹងហាសិប​ហត្ថ។ 3ប្រទល់​នឹង​ទី‌លាន​ខាង​ក្នុង​ដែល​វាស់​បានម្ភៃ​ហត្ថ ហើយ​ទល់​មុខ​នឹង​កម្រាល​ថ្ម​នៅ​ទី‌លាន​ខាង​ក្រៅ មាន​រានហាល​បី​ជាន់។ 4នៅ​ពី​មុខ​បន្ទប់​ទាំង​ប៉ុន្មាន មាន​កន្លែង​ដើរ ទទឹង​ដប់​ហត្ថ ខាង​ក្នុង​ក៏​មាន​ផ្លូវ​មួយ​ហត្ថ​ចូល​តាម​ទ្វារ​បន្ទប់​ទាំង​នោះ ដែល​បើក​ទៅ​ទិស​ខាង​ជើង។ 5រីឯ​បន្ទប់​ខាង​លើចង្អៀត​ជាង ព្រោះ​រានហាល​កាត់​ចេញ​ពី​បន្ទប់​ទាំង​នោះ ជា​ជាង​បន្ទប់​ជាន់​ក្រោម និង​បន្ទប់​ជាន់​កណ្ដាល​នៃ​អាគារ​នោះ។ 6ដ្បិត​មាន​បី​ជាន់ តែ​ឥត​មាន​សសរ ដូច​ជា​សសរ​ទី‌លាន​ទេ ហេតុ​នោះ​បាន​ជា​ជាន់​លើ​ត្រូវ​ចង្អៀត​ជាង​ជាន់​ក្រោម និង​ជាន់​កណ្ដាល រាប់​ពី​ដី​ឡើង។ 7ឯ​ជញ្ជាំង​ខាង​ក្រៅ ទល់​មុខ​នឹង​បន្ទប់​ទាំង​នោះ ខាង​ឯ​ទី‌លាន​ខាង​ក្រៅ ពី​មុខ​បន្ទប់ មាន​បណ្តោយ​ហាសិប​ហត្ថ។ 8ដ្បិត​បន្ទប់​ទាំង​នោះ​ដែល​នៅ​ទី‌លាន​ខាង​ក្រៅ មាន​បណ្តោយ​ហាសិប​ហត្ថ ហើយ​នៅ​មុខ​ព្រះ‌វិហារ​នោះ​មាន​មួយរយ​ហត្ថ។ 9នៅ​ក្រោម​បន្ទប់​ទាំង​នោះ មាន​ផ្លូវ​ចូល​ពី​ខាង​កើត តាម​ដែល​អ្នក​ណា​ចូល​មក​ពី​ទី‌លាន​ខាង​ក្រៅ។ 10នៅ​ក្នុង​កម្រាស់​កំផែង​ទី‌លាន​ខាង​ត្បូង ទល់​មុខ​នឹង​ទី‌លាន ហើយ​ពី​មុខ​អាគារ​នោះ មាន​បន្ទប់​ជា​ច្រើន។ 11ច្រក​មួយ​នៅ​មុខ​បន្ទប់​ទាំង​នោះ មើល​ទៅ​ដូច​កន្លែង​ដើរ​នៃ​បន្ទប់​ដែល​នៅ​ខាង​ជើង​ដែរ មាន​បណ្តោយ និង​ទទឹង​ស្មើ​គ្នា ហើយ​គ្រប់​ផ្លូវ​ចេញ​ពី​បន្ទប់​ទាំង​នោះ ក៏​ត្រូវ​តាម​របៀប ហើយ​តាម​ទ្វារ​បន្ទប់​មុន​នោះ​ដែរ។ 12តាម​របៀប​នៃ​ទ្វារ​របស់​បន្ទប់​នៅ​ខាង​ត្បូង ក៏​មាន​ទ្វារ​មួយ​នៅ​ក្បាល​ផ្លូវ គឺ​ជា​ផ្លូវ​ដែល​ចេញ​ទៅ​ចំ​ពី​មុខ​កំផែង​ទិស​ខាង​កើត តាម​ដែល​អ្នក​ណា​ចូល​ទៅ​ឯ​បន្ទប់​ទាំង​នោះ។
13រួច​លោក​និយាយ​មក​ខ្ញុំ​ថា បន្ទប់​ទាំង​ប៉ុន្មាន​នៅ​ខាង​ជើង ហើយ​ខាង​ត្បូង ដែល​នៅ​មុខ​ទី‌លាន នោះ​ជា​បន្ទប់​បរិសុទ្ធ ជា​កន្លែង​នៃ​ពួក​សង្ឃ​ដែល​ចូល​ទៅ​ជិត​ព្រះ‌យេហូវ៉ា គេ​បរិ‌ភោគ​របស់​បរិសុទ្ធ​បំផុត គឺ​នៅ​ទី​នោះ​ដែល​គេ​ត្រូវ​ដាក់​របស់​បរិសុទ្ធ​បំផុត ជា​តង្វាយ​ម្សៅ តង្វាយ​លោះ​បាប និង​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ដ្បិត​ទី​នោះ​ជា​ទី​បរិសុទ្ធ។ 14កាល​ណា​ពួក​សង្ឃ​ចូល​ទៅ គេ​មិន​ត្រូវ​ចេញ​ពី​ទី​បរិសុទ្ធ ទៅ​ឯ​ទី‌លាន​ខាង​ក្រៅ​ឡើយ គឺ​គេ​ត្រូវ​ទុក​សម្លៀក‌បំពាក់ ដែល​គេ​ស្លៀក‌ពាក់​កំពុង​ដែល​ធ្វើ​ការ‌ងារ​នៅ​ទី​នោះ​វិញ ពី​ព្រោះ​សម្លៀក‌បំពាក់​ទាំង​នោះ​សុទ្ធ​តែ​បរិសុទ្ធ ហើយ​គេ​ត្រូវ​តែង​ខ្លួន ដោយ​សម្លៀក‌បំពាក់​ផ្សេង​ទៀត រួច​នឹង​ចូល​ទៅ​ឯ​ចំណែក​របស់​បណ្ដា‌ជន​បាន។
15កាល​លោក​បាន​វាស់​ព្រះ‌វិហារ​ខាង​ក្នុង​រួច​ហើយ ក៏​នាំ​ខ្ញុំ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​កំផែង ដែល​បើក​ទៅ​ទិស​ខាង​កើត រួច​ក៏​វាស់​កំផែង​ព័ទ្ធ​ជុំ‌វិញ។ 16លោក​វាស់​ចំហៀង​ខាង​កើត ដោយ​ខ្នាត​បបុស​បាន​ប្រាំរយ​ខ្នាត គឺ​បាន​វាស់​ដោយ​ខ្នាត​បបុស​នៅ​ព័ទ្ធ​ជុំ‌វិញ។ 17លោក​វាស់​ចំហៀង​ខាង​ជើង ឃើញ​ទាំង​អស់​មាន​ប្រាំរយ​ហត្ថ ដោយ​ខ្នាត​បបុស។ 18លោក​ក៏​វាស់​ចំហៀង​ខាង​ត្បូង ឃើញ​មាន​ប្រាំរយ​ហត្ថ ដោយ​ខ្នាត​បបុស។ 19រួច​លោក​ត្រឡប់​ទៅ​ខាង​លិច វាស់​ឃើញ​មានប្រាំរយ​ហត្ថ ដោយ​ខ្នាត​បបុស។ 20គឺ​លោក​បាន​វាស់​ចំហៀង​ទាំងបួន មាន​កំផែង​ព័ទ្ធ​ជុំ‌វិញ បណ្តោយប្រាំរយ​ទទឹង​ប្រាំរយ ដើម្បី​ញែក​របស់​ដែល​បរិសុទ្ធ ចេញ​ពី​របស់​ដែល​មិន​បរិសុទ្ធ។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 42: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល