អេសេគាល 42
42
បន្ទប់អមព្រះវិហារ
1បន្ទាប់មក លោកនាំខ្ញុំចេញទៅឯទីលានខាងក្រៅ តាមផ្លូវទៅទិសខាងជើង លោកនាំខ្ញុំទៅឯបន្ទប់ដែលនៅមុខទីលាន ដែលនៅខាងជើងប្រទល់មុខនឹងអាគារ។ 2អាគារដែលមានទ្វារបែរមុខទៅទិសខាងជើង មានប្រវែងមួយរយហត្ថ និងទទឹងហាសិបហត្ថ។ 3ប្រទល់នឹងទីលានខាងក្នុងដែលវាស់បានម្ភៃហត្ថ ហើយទល់មុខនឹងកម្រាលថ្មនៅទីលានខាងក្រៅ មានរានហាលបីជាន់។ 4នៅពីមុខបន្ទប់ទាំងប៉ុន្មាន មានកន្លែងដើរ ទទឹងដប់ហត្ថ ខាងក្នុងក៏មានផ្លូវមួយហត្ថចូលតាមទ្វារបន្ទប់ទាំងនោះ ដែលបើកទៅទិសខាងជើង។ 5រីឯបន្ទប់ខាងលើចង្អៀតជាង ព្រោះរានហាលកាត់ចេញពីបន្ទប់ទាំងនោះ ជាជាងបន្ទប់ជាន់ក្រោម និងបន្ទប់ជាន់កណ្ដាលនៃអាគារនោះ។ 6ដ្បិតមានបីជាន់ តែឥតមានសសរ ដូចជាសសរទីលានទេ ហេតុនោះបានជាជាន់លើត្រូវចង្អៀតជាងជាន់ក្រោម និងជាន់កណ្ដាល រាប់ពីដីឡើង។ 7ឯជញ្ជាំងខាងក្រៅ ទល់មុខនឹងបន្ទប់ទាំងនោះ ខាងឯទីលានខាងក្រៅ ពីមុខបន្ទប់ មានបណ្តោយហាសិបហត្ថ។ 8ដ្បិតបន្ទប់ទាំងនោះដែលនៅទីលានខាងក្រៅ មានបណ្តោយហាសិបហត្ថ ហើយនៅមុខព្រះវិហារនោះមានមួយរយហត្ថ។ 9នៅក្រោមបន្ទប់ទាំងនោះ មានផ្លូវចូលពីខាងកើត តាមដែលអ្នកណាចូលមកពីទីលានខាងក្រៅ។ 10នៅក្នុងកម្រាស់កំផែងទីលានខាងត្បូង ទល់មុខនឹងទីលាន ហើយពីមុខអាគារនោះ មានបន្ទប់ជាច្រើន។ 11ច្រកមួយនៅមុខបន្ទប់ទាំងនោះ មើលទៅដូចកន្លែងដើរនៃបន្ទប់ដែលនៅខាងជើងដែរ មានបណ្តោយ និងទទឹងស្មើគ្នា ហើយគ្រប់ផ្លូវចេញពីបន្ទប់ទាំងនោះ ក៏ត្រូវតាមរបៀប ហើយតាមទ្វារបន្ទប់មុននោះដែរ។ 12តាមរបៀបនៃទ្វាររបស់បន្ទប់នៅខាងត្បូង ក៏មានទ្វារមួយនៅក្បាលផ្លូវ គឺជាផ្លូវដែលចេញទៅចំពីមុខកំផែងទិសខាងកើត តាមដែលអ្នកណាចូលទៅឯបន្ទប់ទាំងនោះ។
13រួចលោកនិយាយមកខ្ញុំថា បន្ទប់ទាំងប៉ុន្មាននៅខាងជើង ហើយខាងត្បូង ដែលនៅមុខទីលាន នោះជាបន្ទប់បរិសុទ្ធ ជាកន្លែងនៃពួកសង្ឃដែលចូលទៅជិតព្រះយេហូវ៉ា គេបរិភោគរបស់បរិសុទ្ធបំផុត គឺនៅទីនោះដែលគេត្រូវដាក់របស់បរិសុទ្ធបំផុត ជាតង្វាយម្សៅ តង្វាយលោះបាប និងតង្វាយដែលថ្វាយដោយព្រោះការរំលង ដ្បិតទីនោះជាទីបរិសុទ្ធ។ 14កាលណាពួកសង្ឃចូលទៅ គេមិនត្រូវចេញពីទីបរិសុទ្ធ ទៅឯទីលានខាងក្រៅឡើយ គឺគេត្រូវទុកសម្លៀកបំពាក់ ដែលគេស្លៀកពាក់កំពុងដែលធ្វើការងារនៅទីនោះវិញ ពីព្រោះសម្លៀកបំពាក់ទាំងនោះសុទ្ធតែបរិសុទ្ធ ហើយគេត្រូវតែងខ្លួន ដោយសម្លៀកបំពាក់ផ្សេងទៀត រួចនឹងចូលទៅឯចំណែករបស់បណ្ដាជនបាន។
15កាលលោកបានវាស់ព្រះវិហារខាងក្នុងរួចហើយ ក៏នាំខ្ញុំចេញទៅតាមផ្លូវនៃទ្វារកំផែង ដែលបើកទៅទិសខាងកើត រួចក៏វាស់កំផែងព័ទ្ធជុំវិញ។ 16លោកវាស់ចំហៀងខាងកើត ដោយខ្នាតបបុសបានប្រាំរយខ្នាត គឺបានវាស់ដោយខ្នាតបបុសនៅព័ទ្ធជុំវិញ។ 17លោកវាស់ចំហៀងខាងជើង ឃើញទាំងអស់មានប្រាំរយហត្ថ ដោយខ្នាតបបុស។ 18លោកក៏វាស់ចំហៀងខាងត្បូង ឃើញមានប្រាំរយហត្ថ ដោយខ្នាតបបុស។ 19រួចលោកត្រឡប់ទៅខាងលិច វាស់ឃើញមានប្រាំរយហត្ថ ដោយខ្នាតបបុស។ 20គឺលោកបានវាស់ចំហៀងទាំងបួន មានកំផែងព័ទ្ធជុំវិញ បណ្តោយប្រាំរយទទឹងប្រាំរយ ដើម្បីញែករបស់ដែលបរិសុទ្ធ ចេញពីរបស់ដែលមិនបរិសុទ្ធ។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 42: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies