អេ‌សេ‌គាល 44

44
ទ្វារ​បិទ
1លោក​នាំ​ខ្ញុំ​វិល​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​ខាង​ក្រៅ​របស់​ទី​បរិសុទ្ធ ដែល​បើក​ទៅ​ទិស​ខាង​កើត ទ្វារ​នោះ​នៅ​បិទ។ 2ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ទ្វារ​នេះ​ត្រូវ​បិទ​ជានិច្ច ឥត​បើក​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មនុស្ស​ណា​ចូល​តាម​ទ្វារ​នេះ​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​យាង​ចូល​តាម​ទ្វារ​នេះ​ហើយ ហេតុ​នោះ​នឹង​ត្រូវ​បិទ​រហូត។ 3ឯ​ព្រះ‌អម្ចាស់​ដ៏​ឧត្តម ព្រះ‌អង្គ​នឹង​គង់​នៅ​ទី​នោះ​ទុក​ជា​ព្រះ‌អម្ចាស់ ដើម្បី​សោយ​ព្រះ​ស្ងោយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​នឹង​យាង​ចូល​តាម​ផ្លូវ​ថែវ​នៃ​ទ្វារ​កំផែង ហើយ​នឹង​យាង​ចេញ​ទៅ​វិញ​តាម​ផ្លូវ​ដដែល»។
ការ​អនុញ្ញាតឲ្យចូល​ព្រះវិហារ
4បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​ខាង​ជើង ពី​មុខ​ព្រះ‌វិហារ ខ្ញុំ​មើល​ទៅ​ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នៅ​ពេញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា រួច​ខ្ញុំ​ក្រាប​ផ្កាប់​មុខ​ចុះ។ 5ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ផ្ចង់​ចិត្ត ត្រូវ​មើល​ដោយ​ភ្នែក ហើយ​ស្តាប់​ដោយ​ត្រចៀក តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​និយាយ ពី​ដំណើរ​បៀប​ទាំង​ប៉ុន្មាន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពី​អស់​ទាំង​ច្បាប់​ផង។ ចូរ​ផ្ចង់​ចិត្ត​ចំពោះ​ផ្លូវ​ចូល​ព្រះ‌វិហារ និង​អស់​ទាំង​ផ្លូវ​ចេញ​ពី​ទី​បរិសុទ្ធ។ 6រួច​អ្នក​ត្រូវ​ប្រាប់​ដល់​ពួក​វង្ស បះបោរ គឺ​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ត្រូវ​ឲ្យ​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក​ល្មម​ចប់​ហើយ 7គឺ​ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​នាំ​ពួក​សាសន៍​ដទៃ ជា​មនុស្ស​ដែល​មិន​ទទួល​កាត់​ស្បែក​ខាង​ចិត្ត ហើយ​ខាង​រូប​សាច់​ផង ឲ្យ​ចូល​មក​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​យើង ដើម្បី​នឹង​បង្អាប់​ទី​លំនៅ​របស់​យើង ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​បាន​ថ្វាយ​នំបុ័ង​របស់​យើង ព្រម​ទាំង​ខ្លាញ់ និង​ឈាម ហើយ​បាន​ផ្តាច់​សេចក្ដី​សញ្ញា​របស់​យើង ដោយ​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​អ្នក​ប្រព្រឹត្ត​នោះ។ 8អ្នក​រាល់​គ្នា​មិន​បាន​រក្សា​បញ្ញើ​នៃ​របស់​បរិសុទ្ធ​ដែល​យើង​ផ្ញើ​ទុក​នឹង​អ្នក គឺ​បាន​តាំង​ពួក​សាសន៍​ដទៃ​ឲ្យ​រក្សា​បញ្ញើ​របស់​យើង នៅ​ទី​បរិសុទ្ធ​ជំនួស​អ្នក​រាល់​គ្នា​ទៅ​វិញ»។
9ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «មិន​ត្រូវ​ឲ្យ​មាន​សាសន៍​ដទៃ​ណា​មួយ ក្នុង​ពួក​សាសន៍​ដទៃ​ដែល​នៅ​កណ្ដាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​អ្នក​ដែល​មិន​ទទួល​កាត់​ស្បែក​ខាង​ចិត្ត និង​ខាង​រូប​សាច់ បាន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​យើង​ឡើយ។ 10ប៉ុន្តែ ពួក​លេវី​ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​យើង ក្នុង​កាល​ដែល​ពួក​អ៊ីស្រា‌អែល​វង្វេង​ចេញ គឺ​ដែល​គេ​បាន​លះ​ចោល​យើង ទៅ​តាម​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ គេ​នឹង​ត្រូវ​រង​ទ្រាំ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន។ 11គេ​នឹង​ក្លាយ​ជា​អ្នក​ធ្វើ​ការ‌ងារ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​យើង ព្រម​ទាំង​មាន​អំណាច​ត្រួត‌ត្រា​លើ​អស់​ទាំង​ទ្វារ​នៃ​ព្រះ‌វិហារ ហើយ​ទាំង​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​ផង គេ​ត្រូវ​សម្លាប់​តង្វាយ​ដុត និង​យញ្ញ‌បូជា​សម្រាប់​បណ្ដា‌ជន ហើយ​ត្រូវ​ឲ្យ​គេ​ឈរ​នៅ​មុខ​បណ្ដា‌ជន ដើម្បី​ធ្វើ​ការ‌ងារ​ជំនួស។ 12ដោយ​ព្រោះ​គេ​បាន​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​រូប​ព្រះ​របស់​គេ ហើយ​បាន​ត្រឡប់​ជា​សេចក្ដី​ទុច្ចរិត ដែល​នាំ​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​ចំពប់​ដួល បាន​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​លើក​ដៃ​ទាស់​នឹង​គេ ហើយ​គេ​នឹង​ត្រូវ​រង​ទ្រាំ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន។ 13គេ​មិន​ត្រូវ​ចូល​មក​ជិត​យើង ដើម្បី​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​យើង ឬ​ចូល​ទៅ​ជិត​របស់​បរិសុទ្ធ​ណា​មួយ ក្នុង​អស់​ទាំង​វត្ថុ​បរិសុទ្ធ​បំផុត​របស់​យើង​ឡើយ គឺ​គេ​ត្រូវ​រង​ទ្រាំ​សេចក្ដី​ខ្មាស​របស់​ខ្លួន និង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​គេ​បាន​ប្រព្រឹត្ត​នោះ។ 14ប៉ុន្តែ យើង​នឹង​តាំង​គេ​ជា​អ្នក​រក្សា​បញ្ញើ​នៃ​ព្រះ‌វិហារ សម្រាប់​គ្រប់​ការ‌ងារ​ទាំង​នោះ និង​គ្រប់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ដែរ»។
ពួក​លេវី​ជាសង្ឃ
15ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ឯ​ពួក​លេវី​ដែល​ជា​សង្ឃ ជា​កូន​សាដុក ដែល​បាន​រក្សា​បញ្ញើ​ទី​បរិសុទ្ធ​របស់​យើង នៅ​វេលា​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វង្វេង​ចេញ​ពី​យើង ពួក​នោះ​នឹង​ចូល​មក​ជិត​យើង ដើម្បី​នឹង​ធ្វើ​ការ‌ងារ​សម្រាប់​យើង​វិញ ព្រម​ទាំង​ឈរ​នៅ​មុខ​យើង ដើម្បី​ថ្វាយ​ខ្លាញ់ និង​ឈាម​ផង។ 16គេ​នឹង​ចូល​មក​ក្នុង​ទី​បរិសុទ្ធ​របស់​យើង ក៏​ចូល​មក​ជិត​តុ​របស់​យើង ដើម្បី​ធ្វើ​ការ‌ងារ​សម្រាប់​យើង ព្រម​ទាំង​រក្សា​បញ្ញើ​របស់​យើង។ 17កាល​ណា​គេ​ចូល​ទៅ​តាម​ទ្វារ​កំផែង​ទី‌លាន​ខាង​ក្នុង នោះ​គេ​នឹង​ត្រូវ​ស្លៀក‌ពាក់​ដោយ​សំពត់​ទេស​ឯក ឥត​មាន​ស្លៀក‌ពាក់​អ្វី​ធ្វើ​ពី​រោម​ចៀម កំពុង​ដែល​គេ​ធ្វើ​ការ‌ងារ​នៅ​ខាង​ក្នុង​ទ្វារ​ទី‌លាន​ខាង​ក្នុង និង​ក្នុង​ព្រះ‌វិហារ​ឡើយ។ 18គេ​ត្រូវ​រុំ​ឈ្នួត​ធ្វើ​ពី​សំពត់​ទេស​ឯក​នៅ​លើ​ក្បាល ហើយ​ស្លៀក‌ពាក់​ខោ​ស្នាប់​ភ្លៅ​ទេស​ឯក​ដែរ គេ​មិន​ត្រូវ​ក្រវាត់​ខ្លួន​ដោយ​អ្វី​ដែល​នាំ​ឲ្យ​បែក​ញើស​ទេ។ 19កាល​ណា​គេ​ចេញ​ទៅ​ទី‌លាន​ខាង​ក្រៅ គឺ​ទៅ​ឯ​បណ្ដា‌ជន​ដែល​នៅ​ទី‌លាន​ខាង​ក្រៅ នោះ​គេ​ត្រូវ​ដោះ​សម្លៀក‌បំពាក់​ដែល​គេ​ស្លៀក‌ពាក់​សម្រាប់​ធ្វើ​ការ‌ងារ​ចេញ ដាក់​ទុក​ក្នុង​បន្ទប់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ហើយ​ត្រូវ​ស្លៀក‌ពាក់​ផ្សេង​វិញ ដើម្បី​មិន​ឲ្យ​គេ​ញែក​បណ្ដា‌ជន​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សម្លៀក‌បំពាក់​របស់​គេ។ 20គេ​ក៏​មិន​ត្រូវ​កោរ​សក់ ឬ​ទុក​ឲ្យ​សក់​ដុះ​វែង​ដែរ គ្រាន់​តែ​កាត់​តម្រឹម​ប៉ុណ្ណោះ។ 21មិន​ត្រូវ​ឲ្យ​សង្ឃ​ណា​ម្នាក់​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ទី‌លាន​ខាង​ក្នុង​ឡើយ។ 22ក៏​មិន​ត្រូវ​យក​តែ​ស្ត្រី​មេម៉ាយ ឬ​ស្រី​ប្តី​លែង ធ្វើ​ជា​ប្រពន្ធ​ខ្លួន​ដែរ គឺ​ត្រូវ​យក​ស្រី​ក្រមុំ​ក្នុង​ពូជ​វង្ស​អ៊ីស្រា‌អែល ឬ​ស្ត្រី​មេម៉ាយ​ណា​ដែល​ជា​ប្រពន្ធ​របស់​សង្ឃ​កាល​ពី​ដើម​ប៉ុណ្ណោះ។ 23គេ​ត្រូវ​បង្រៀន​ប្រជា‌រាស្ត្រ​របស់​យើង​ឲ្យ​ចេះ​សម្គាល់​របស់​បរិសុទ្ធ និង​របស់​ធម្មតា ហើយ​ឲ្យ​គេ​មើល​ដឹង​របស់​ស្អាត និង​របស់​ដែល​មិន​ស្អាត។ 24ក្នុង​រឿង​ទាស់​ទែង​គ្នា ត្រូវ​ឲ្យ​គេ​ឈរ​ជំនុំ‌ជម្រះ​ក្ដី ត្រូវ​ឲ្យ​គេ​ជំនុំ‌ជម្រះ​ការណ៍​នោះ តាម​សេចក្ដី​យុត្តិ‌ធម៌​របស់​យើង ព្រម​ទាំង​រក្សា​អស់​ទាំង​ក្រឹត្យ‌ក្រម និង​បញ្ញត្តិ​ច្បាប់​របស់​យើង នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​របស់​យើង​ផង ហើយ​ត្រូវ​ឲ្យ​គេ​រក្សា​ថ្ងៃ​សប្ប័ទ​របស់​យើង ទុក​ជា​បរិសុទ្ធ​ដែរ។ 25មិន​ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ជិត​ខ្មោច​ស្លាប់​ណា ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ឡើយ លើក​លែង​តែ​ខ្មោច​ឪពុក​ឬ​ម្តាយ កូន​ប្រុស ឬ​កូន​ស្រី បង‌ប្អូន​ប្រុស ឬ​បង‌ប្អូន​ស្រី ដែល​មិន​ទាន់​មាន​ប្តី​នៅ​ឡើយ នោះ​គេ​នឹង​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ខ្មោច​អ្នក​ទាំង​នោះ​បាន។ 26កាល​ណា​បាន​សម្អាត​ខ្លួន​វិញ​ហើយ ត្រូវ​រាប់​ប្រាំពីរ​ថ្ងៃ​ដល់​សង្ឃ​នោះ 27លុះ​ដល់​ថ្ងៃ​ដែល​ចូល​ទៅ​ក្នុង​ទី‌លាន​ខាង​ក្នុង​នៃ​ទី​បរិសុទ្ធ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ ត្រូវ​ថ្វាយ​តង្វាយ​លោះ​បាប​របស់​ខ្លួន នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។
28ត្រូវ​ឲ្យ​គេ​មាន​មត៌ក​ដែរ គឺ​យើង​ជា​មត៌ក​របស់​គេ អ្នក​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​គេ​មាន​កេរ‌អាករ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ ដ្បិត​យើង​ជា​កេរ‌អាករ​របស់​គេ​ហើយ។ 29គេ​នឹង​ស៊ី​តង្វាយ​ម្សៅ តង្វាយ​លោះ​បាប និង​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ហើយ​គ្រប់​របស់​ទាំង​អស់​ដែល​បាន​ថ្វាយ​ដាច់​ដល់​ព្រះ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល នោះបាន​ជា​របស់​គេ​ទាំង​អស់។ 30ចំណែក​ផល​ដំបូង​គ្រប់​យ៉ាង និង​អស់​ទាំង​តង្វាយ ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​គ្រប់​មុខ ពី​អស់​ទាំង​តង្វាយ​លើក​ចុះ​ឡើង​របស់​អ្នក​រាល់​គ្នា នោះ​សុទ្ធ​តែ​ជា​របស់​ពួក​សង្ឃ ក៏​ត្រូវ​ឲ្យ​ម្សៅ​ដំបូង​របស់​អ្នក​ដល់​ពួក​សង្ឃ​ដែរ ដើម្បី​ឲ្យ​បាន​ព្រះ‌ពរ​ស្ថិត​លើ​ផ្ទះ​អ្នក។ 31ពួក​សង្ឃ​មិន​ត្រូវ​ស៊ី​សាច់​សត្វ​ដែល​ស្លាប់​ដោយ​ជំងឺ ឬ​ស្លាប់​ដោយ​សត្វ​ណា​បាន​ខាំ​ហែក ទោះ​បើ​ជា​សត្វ​ហើរ ឬ​សត្វ​ជើង​បួន​ក្តី»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 44: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល