អេ‌សេ‌គាល 45

45
ការ​បែង​ចែង​ទឹក​ដី
1មួយ​ទៀត កាល​ណា​អ្នក​រាល់​គ្នា​ចាប់​ឆ្នោត​ចែក​ស្រុក​ជា​មត៌ក នោះ​ត្រូវ​ឲ្យ​ថ្វាយ​តង្វាយ​មួយ​ដល់​ព្រះ‌យេហូវ៉ា ជា​ចំណែក​បរិសុទ្ធ​នៃ​ស្រុក​នោះ បណ្តោយ​ត្រូវ​ជា​ពីរ​ម៉ឺន​ប្រាំ​ពាន់ហត្ថ ហើយ​ទទឹង​ពីរ​ម៉ឺន ហត្ថ ដី​នោះ​ត្រូវ​តែ​បាន​បរិសុទ្ធ នៅ​គ្រប់​ក្នុង​ព្រំ‌ដែន​ជុំ‌វិញ 2ក្នុង​ដី​នោះ​ត្រូវ​ឲ្យ​មាន​កន្លែង​សម្រាប់​ទី​បរិសុទ្ធ ប្រវែង​ប្រាំ​រយ និង​ទទឹង ៥០០ គឺ​បួន​ជ្រុង​ស្មើ ថែម​ទាំង ៥០ ហត្ថ នៅ​ព័ទ្ធ​ជុំ‌វិញ​សម្រាប់​ជា​វាល​ទំនេរ 3ត្រូវ​ឲ្យ​យក​រង្វាស់​ដដែល ដើម្បី​វាស់​ដី​ម្តុំ​បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់ ហើយ​ទទឹង​មួយ​ម៉ឺន ឯ​ទី​បរិសុទ្ធ​ដែល​ជា​បរិសុទ្ធ​បំផុត នោះ​នឹង​នៅ​ក្នុង​ដី​ម្តុំ​នោះ 4នេះ​ជា​ចំណែក​ដី​ដែល​បរិសុទ្ធ ត្រូវ​ទុក​សម្រាប់​ពួក​សង្ឃ ជា​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ ហើយ​ចូល​មក​ជិត ដើម្បី​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា ដី​នោះ​នឹង​ត្រូវ​ទុក​សម្រាប់​ជា​ទី​សង់​ផ្ទះ​របស់​គេ ហើយ​ជា​កន្លែង​បរិសុទ្ធ សម្រាប់​ទី​បរិសុទ្ធ 5ហើយ​មួយ​ផ្នែក​ទៀត ត្រូវ​មាន​ដី​បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់ និង​ទទឹង​មួយ​ម៉ឺន​សម្រាប់​ពួក​លេវី ជា​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​ទុក​សម្រាប់​ជា​កេរ‌អាករ​ដល់​គេ ឲ្យ​គេ​មាន​ទី​ក្រុង​រស់​នៅ 6ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ទុក​ដី​របស់​ទី​ក្រុង​ទទឹង​ប្រាំ​ពាន់ បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់ ទន្ទឹម​នឹង​ដី​បរិសុទ្ធ​ដែល​បាន​ថ្វាយ​ដល់​ព្រះ​ហើយ នោះ​សម្រាប់​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា។ 7ត្រូវ​ឲ្យ​មាន​មួយ​ចំណែក​សម្រាប់​ចៅ‌ហ្វាយ នៅ​ទាំង​សង​ខាង​នៃ​ដី​បរិសុទ្ធ ដែល​បាន​ថ្វាយ​ដល់​ព្រះ​នោះ និង​ដី​របស់​ទី​ក្រុង គឺ​ខាង​មុខ​ដី​ជា​តង្វាយ​បរិសុទ្ធ និង​ដី​របស់​ទី​ក្រុង​នោះ ចាប់​ពី​ព្រំ​ប្រទល់​ខាង​លិច​ចេញ​ទៅ​ខាង​លិច ហើយ​ពី​ព្រំ​ប្រទល់​ខាង​កើត​ចេញ​ទៅ​ខាង​កើត ហើយ​ប្រវែង​ដី​នោះ ត្រូវ​បាន​ស្មើ​នឹង​ដី​មួយ​ចំណែក ចាប់​តាំង​ពី​ព្រំ​ប្រទល់​ខាង​លិច ទៅ​ដល់​ព្រំ​ប្រទល់​ខាង​កើត 8នោះ​នឹង​បាន​ជា​ដី​របស់​លោក ទុក​ជា​កេរ‌អាករ​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល។ ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​របស់​យើង នឹង​មិន​សង្កត់‌សង្កិន​ប្រជា‌រាស្ត្រ​របស់​យើង​ទៀត​ឡើយ គឺ​នឹង​ចែក​ស្រុក​នោះ​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល តាម​កុល‌សម្ព័ន្ធ​របស់​គេ។
9ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ឱ​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ល្មម​ហើយ ចូរ​លះ‌បង់​សេចក្ដី​ច្រឡោត និង​ការ​ជិះ​ជាន់​ចោល ហើយ​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​ចុះ ត្រូវ​ដក​ការ​ស៊ី​បំបាត់​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។
ខ្នាត​ទម្ងន់ និង​ខ្នាតប្រវែង
10ត្រូវ​មាន​ជញ្ជីង​ត្រឹម‌ត្រូវ គឺ​អេផា ពេញ​ខ្នាត និង​បាថ ពេញ​ខ្នាត។ 11ឯ​អេផា និង​បាថ នោះ​ត្រូវ​មាន​ចំណុះ​ស្មើ​គ្នា ដើម្បី​ឲ្យ​បាថ​មួយ​នោះ ត្រូវ​ជា‌មួយ​ភាគ​ក្នុងដប់ ក្នុង​មួយ​ហូមើរ ហើយ​ឲ្យ​អេផា​នោះ ត្រូវ​ជា‌មួយ​ភាគ​ក្នុងដប់ ក្នុង​មួយ​ហូមើរ​ដូច​គ្នា រង្វាល់​នោះ​រាប់​តាម​ហូរមើរ។ 12សេកែល ត្រូវ​ជា​ម្ភៃ​កេរ៉ា ហើយ​ម៉ានេ ត្រូវ​ជា​ម្ភៃ​សេកែលបូកនឹង​ម្ភៃ​ប្រាំ​សេកែល បូក​នឹង​ដប់​ប្រាំ​សេកែល។
តង្វាយ
13នេះ​ជា​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ គឺ​ក្នុង​ស្រូវ​ភោជ្ជ‌សាលី មួយ​ហូមើរ ត្រូវ​ថ្វាយ​មួយ​ភាគ​ក្នុង​ប្រាំមួយ ក្នុង​មួយ​អេផា ហើយ​ក្នុង​ស្រូវ​ឱក​មួយ​ហូមើរ ត្រូវ​ថ្វាយ​មួយ​ភាគ​ក្នុង​ប្រាំមួយ ក្នុង​មួយ​អេផា​ដែរ។ 14ឯ​កំណត់​ប្រេង​ដែល​ត្រូវ​ថ្វាយ វាល់​ជា​បាថ គឺ​មួយ​បាថ​ពី​គ័រ​នីមួយ​ៗ ត្រូវ​ថ្វាយមួយ​ភាគ​ក្នុង​ដប់ (ឯ​គ័រ​ស្មើ​នឹង​ហូមើរ គឺ​ត្រូវ​ជា​ដប់​បាថ)។ 15ឯ​ហ្វូង​ចៀម ត្រូវ​យក​មួយ​ក្នុង​ពីររយ ដែល​រក​ស៊ី​នៅ​វាល​ស្មៅ​យ៉ាង​ល្អ នៅ​ស្រុក​អ៊ីស្រា‌អែល​មក​ថ្វាយ ព្រម​ទាំង​តង្វាយ​ម្សៅ តង្វាយ​ដុត និង​តង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​នឹង​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​អម្ចាស់​យេហូវ៉ា។ 16ប្រជា​ជន​ទាំង‌ឡាយ​នៅ​ក្នុង​ស្រុក ត្រូវ​តម្រូវ​ឲ្យ​ថ្វាយ​តង្វាយ​នេះ​សម្រាប់​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល។ 17ឯ​តង្វាយ​ដុត តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច នៅ​ថ្ងៃ​បុណ្យ នៅ​ថ្ងៃ​ដើម​ខែ ហើយ​នៅ​ថ្ងៃ​ឈប់​សម្រាក គឺ​នៅ​គ្រប់​បុណ្យ​មាន​កំណត់​របស់​ពួក​វង្ស​អ៊ីស្រា‌អែល នោះ​ស្រេច​នៅ​លើ​ចៅ‌ហ្វាយ លោក​ត្រូវ​រៀបចំ​តង្វាយ​សម្រាប់​លោះ​បាប តង្វាយ​ម្សៅ តង្វាយ​ដុត និង​តង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​នឹង​ពួក​វង្ស​សាសន៍​អ៊ីស្រា‌អែល។
ពិធី​ជម្រះ​ទី​សក្ការៈ​ឲ្យ​បាន​បរិសុទ្ធ
18ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «លុះ​ដល់​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ដំបូង អ្នក​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ ហើយ​ត្រូវ​សម្អាត​ទី​បរិសុទ្ធ។ 19ឯ​សង្ឃ​ត្រូវ​យក​ឈាម​តង្វាយ​លោះ​បាប​នោះ ទៅ​ប្រឡាក់​នៅ​ក្រប​ទ្វារ​ព្រះ‌វិហារ ហើយ​នៅ​គន្លាក់​នៃ​អាស‌នា​ទាំង​បួន​ជ្រុង ព្រម​ទាំង​នៅ​ក្រប​ទ្វារ​កំផែង​នៃ​ទី‌លាន​ខាង​ក្នុង​ផង។ 20នៅ​ថ្ងៃ​ទី​ប្រាំពីរ​ខែ​នោះ ត្រូវ​ធ្វើ​ដូច​គ្នា​ទៀត សម្រាប់​អស់​អ្នក​ណា​ដែល​វង្វេង​ចេញ ហើយ​សម្រាប់​អ្នក​ណា​ដែល​ខ្លៅ​ល្ងង់​ដែរ យ៉ាង​នោះ​ឯង​នឹង​បាន​ធួន​នឹង​ព្រះ‌វិហារ។
21លុះ​ដល់​ថ្ងៃ​ទី​ដប់បួន​ក្នុង​ខែ​ដំបូង អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​រំលង ជា​បុណ្យ​ដែល​ត្រូវ​ធ្វើ​អស់​ប្រាំពីរ​ថ្ងៃ ហើយ​ត្រូវ​ស៊ី​តែ​នំបុ័ង​ឥត​ដំបែ​ម៉្យាង។ 22នៅ​ថ្ងៃ​នោះ ចៅ‌ហ្វាយ​ត្រូវ​រៀបចំ​គោ​ឈ្មោល​មួយ ទុក​ជា​តង្វាយ​លោះ​បាប សម្រាប់​ខ្លួន​លោក និង​បណ្ដា‌ជន​នៅ​ក្នុង​ស្រុក​ដែរ។ 23ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៃ​បុណ្យ លោក​ត្រូវ​រៀបចំ​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​គោ​ឈ្មោល​ប្រាំពីរ និង​ចៀម​ឈ្មោល​ប្រាំពីរ ឥត​ខ្ចោះ រាល់ៗ​ថ្ងៃ​គ្រប់​ប្រាំពីរ​ថ្ងៃ​នោះ ព្រម​ទាំង​ពពែ​ឈ្មោល​មួយ​រាល់​ថ្ងៃ​ដែរ ទុក​ជា​តង្វាយ​លោះ​បាប។ 24ត្រូវ​រៀប​តង្វាយ​ម្សៅ​ដែរ គឺ​ត្រូវ​យក​មួយ​ថាំង​សម្រាប់​គោ​មួយ និង​មួយ​ថាំង​សម្រាប់​ចៀម​ឈ្មោល​មួយ ហើយ​ប្រេង​ប្រាំបី​កំប៉ុង​សម្រាប់​ម្សៅ​មួយ​ថាំង។ 25ដល់​ថ្ងៃ​ទី​ដប់ប្រាំ ខែ​ទីប្រាំពីរ ក្នុង​ពេល​បុណ្យ​នោះ លោក​ត្រូវ​ធ្វើ​ដូច្នោះ​ទៀត​គ្រប់​ប្រាំពីរ​ថ្ងៃ តាម​របៀប​តង្វាយ​លោះ​បាប តង្វាយ​ដុត តង្វាយ​ម្សៅ និង​តង្វាយ​ប្រេង​ដែរ»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 45: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល