កាឡាទី 6

6
ការ​ជួយ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក
1បង‌ប្អូន​អើយ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ត្រូវ​គេ​ទាន់​ពេល​កំពុង​ប្រព្រឹត្ត​អ្វី​មួយ​ខុស អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះ‌វិញ្ញាណ ចូរ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព។ ចូរ​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។ 2ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ​ទើប​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌គ្រីស្ទ។ 3ដ្បិត​ប្រសិន‌បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ជា​អ្វី​មួយ តែ​មិន​មែន​ជា​អ្វី​សោះ អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ។ 4ចូរ​ឲ្យ​ម្នាក់ៗ​ពិសោធ​មើល​កិច្ច‌ការ​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​បើ​ឃើញ​ថា​ល្អ នោះ​នឹង​មាន​ហេតុ​អួត​ខ្លួន​ចំពោះ​ខ្លួន​ឯង​ផ្ទាល់ មិន​មែន​ប្រៀប​ធៀប​ជាមួយ​អ្នក​ដទៃ​ឡើយ។ 5ដ្បិត​ម្នាក់ៗ​ត្រូវ​ទទួល​បន្ទុក​របស់​ខ្លួន។
6អ្នក​ណា​ដែល​មាន​គ្រូ​បង្រៀន​ខាង​ព្រះ‌បន្ទូល ត្រូវ​ចែក​គ្រប់​ទាំង​របស់​ល្អ​ដល់​គ្រូ​នោះ​ផង។
7សូម​កុំយល់​ច្រឡំ គ្មាន​អ្នក​ណា​បញ្ឆោត​ព្រះ​បាន​ទេ ដ្បិត​អ្នក​ណា​សាប​ព្រោះ​ពូជ​អ្វី គេ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង។ 8អ្នក​ណា​ដែល​សាប​ព្រោះ​ខាង​សាច់​ឈាម​របស់​ខ្លួន អ្នក​នោះ​នឹង​ច្រូត​បាន​ជា​សេចក្ដី​ពុក‌រលួយ​ពី​សាច់​ឈាម​នោះ តែ​អ្នក​ណា​ដែល​សាប​ព្រោះ​ខាង​ព្រះ‌វិញ្ញាណ អ្នក​នោះ​នឹង​ច្រូត​បាន​ជីវិត​អស់​កល្ប​ជានិច្ច ពី​ព្រះ‌វិញ្ញាណ​វិញ។ 9យើង​មិន​ត្រូវ​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​យើង​មិន​រសាយ​ចិត្ត​ទេ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ។ 10ដូច្នេះ ពេល​យើង​មាន​ឱកាស យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ជា​ពិសេសេ ដល់​បង‌ប្អូន​រួម​ជំនឿ។
ពាក្យ​រំឭក​ដាស់‌តឿន និង​ពាក្យ​ប្រសិទ្ធពរ​ចុង​ក្រោយ
11សូម​មើល​អក្សរ​ធំៗ​ទាំង​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់ ផ្ញើ​មក​អ្នក​រាល់​គ្នា។ 12អស់​អ្នក​ដែល​ចង់​សម្ញែង​ខ្លួន​ខាង​សាច់​ឈាម គេ​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ទទួល​ពិធី​កាត់​ស្បែក គឺ​ដើម្បី​ឲ្យ​គេ​បាន​រួច​ពី​ការ​បៀត​បៀន ដោយ​ព្រោះ​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រីស្ទ​ប៉ុណ្ណោះ 13ដ្បិត​សូម្បី​តែ​អស់​អ្នក​ដែល​ទទួល​ពិធី​កាត់​ស្បែក ខ្លួន​គេ​ផ្ទាល់​មិន​ទាំង​កាន់​តាម​ក្រឹត្យ‌វិន័យ​ផង តែ​គេ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ពិធីកាត់​ស្បែក ដើម្បី​ឲ្យ​គេ​បាន​អួត​ខាង​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា។ 14ឯ​ខ្ញុំវិញ សូម​កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ ដែល​ដោយ‌សារ​ឈើ​ឆ្កាង​នោះ លោកីយ៍​បាន​ជាប់​ឆ្កាង​ខាង​ឯ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ជាប់​ឆ្កាង​ខាង​ឯ​លោកីយ៍​ដែរ។ 15ដ្បិត​ការ​កាត់​ស្បែក​មិន​សំខាន់​អ្វី​ទេ ហើយ​ការ​មិន​កាត់​ស្បែក នោះ​ក៏​មិន​សំខាន់​អ្វី​ដែរ តែ​ដែល​សំខាន់​គឺ ការ​កើត​ជា​ថ្មី។ 16សូម​ឲ្យ​អស់​អ្នក​ដែល​ដើរ​តាម​គោល​ការណ៍​នេះ ព្រម​ទាំង​សាសន៍​អ៊ីស្រា‌អែល​របស់​ព្រះ​ផង បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​មេត្តា‌ករុណា។
17ពី​ពេល​នេះត​ទៅ សូម​កុំ​ឲ្យ​អ្នក​ណា​រំខាន​ចិត្ត​ខ្ញុំ​ទៀត​ឡើយ ដ្បិត​ខ្ញុំ​មាន​ស្លាក​ស្នាម របស់​ព្រះ‌‌យេស៊ូវ ជាប់​ក្នុង​រូប​កាយ​ខ្ញុំ​ហើយ។
18បង‌ប្អូន​អើយ សូម​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ស្ថិត​នៅ​ជាប់​ជាមួយ​វិញ្ញាណ​របស់​អ្នក​រាល់​គ្នា។ អាម៉ែន។:៚

ទើបបានជ្រើសរើសហើយ៖

កាឡាទី 6: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល