លោកុប្បត្តិ 19
19
អំពើលាមករបស់ក្រុងសូដុម
1នៅពេលល្ងាច ទេវតាទាំងពីរបានទៅដល់ក្រុងសូដុម ហើយឡុតអង្គុយនៅមាត់ទ្វារក្រុង។ កាលឡុតឃើញទេវតាទាំងពីរ គាត់ក្រោកឡើងទៅទទួល ហើយក្រាបចុះឱនមុខដល់ដី។ 2គាត់ជម្រាបថា៖ «លោកម្ចាស់ខ្ញុំអើយ សូមអញ្ជើញចូលផ្ទះខ្ញុំប្របាទជាអ្នកបម្រើរបស់លោក ដើម្បីលាងជើង និងស្នាក់នៅមួយយប់សិន រួចសឹមភ្ញាក់ឡើងពីព្រលឹម ហើយបន្ដដំណើរទៅមុខទៀត»។ ទេវតាតបថា៖ «ទេ យប់នេះ យើងនឹងសម្រាកនៅតាមទីធ្លាក្រុងវិញ»។ 3ប៉ុន្តែ ដោយឡុតចេះតែបង្ខំខ្លាំងពេក ទេវតាក៏ចូលទៅផ្ទះរបស់គាត់។ គាត់បានរៀបចំជប់លៀង ហើយដុតនំបុ័ងឥតដំបែ រួចទេវតាក៏បរិភោគ។ 4ប៉ុន្ដែ មុនពេលគេចូលដំណេក នោះមនុស្សទាំងឡាយ ទាំងក្មេងទាំងចាស់នៅក្រុងសូដុម នាំគ្នាមកឡោមព័ទ្ធផ្ទះ គឺមនុស្សទាំងអស់ពីក្នុងទីក្រុង 5គេស្រែកហៅឡុតថា៖ «តើមនុស្សដែលចូលមកផ្ទះអ្នកឯងល្ងាចមិញនៅឯណា? ចូរនាំគេចេញមកឲ្យយើង ដើម្បីឲ្យយើងបានស្គាល់គេ»។ 6នោះឡុតចេញមកជួបគេនៅមាត់ទ្វារ រួចបិទទ្វារពីក្រោយខ្នងវិញ 7គាត់ពោលថា៖ «ខ្ញុំសូមអង្វរ បងប្អូនខ្ញុំអើយ សូមកុំធ្វើអាក្រក់ដូច្នេះឡើយ! 8មើល៍ ខ្ញុំមានកូនស្រីពីរនាក់ វាមិនទាន់ដែលស្គាល់ប្រុសណាទេ ចាំខ្ញុំនាំវាចេញមកប្រគល់ឲ្យអ្នករាល់គ្នាប្រព្រឹត្តនឹងវាតាមអំពើចិត្តទៅចុះ សូមកុំឲ្យតែធ្វើអ្វីដល់បុរសទាំងនេះឡើយ ដ្បិតលោកបានចូលមកស្នាក់នៅក្រោមដំបូលផ្ទះខ្ញុំ»។ 9ប៉ុន្ដែ គេតបថា៖ «ថយចេញ» ហើយគេពោលទៀតថា៖ «ម្នាក់នេះចូលមកស្នាក់សោះ តែបែរជាតាំងខ្លួនធ្វើជាចៅក្រមផង! ឥឡូវនេះ យើងនឹងធ្វើបាបឯងឲ្យអាក្រក់ជាងពីរនាក់នោះទៅទៀត»។ ពេលនោះ គេច្រានឡុតជាខ្លាំង ហើយរំលោភចូលទៅជិត បម្រុងនឹងទម្លាយទ្វារ។ 10ប៉ុន្ដែ ទេវតាទាំងពីរលូកដៃទៅចាប់ឡុត ទាញចូលមកក្នុងផ្ទះវិញ រួចបិទទ្វារជិត។ 11ទេវតាបានធ្វើឲ្យពួកអ្នកដែលនៅមាត់ទ្វារខ្វាក់ភ្នែកទាំងអស់គ្នា ទាំងតូចទាំងធំ ដូច្នេះ គេក៏អស់ចិត្តលែងរាវរកមាត់ទ្វារទៀត។
ក្រុងសូដុម និងក្រុងកូម៉ូរ៉ាត្រូវបំផ្លាញ
12បន្ទាប់មក ទេវតាពោលទៅឡុតថា៖ «តើមានអ្នកណាទៀតនៅទីនេះឬទេ? បើមានកូនប្រសា កូនប្រុស កូនស្រី ឬបងប្អូនណារបស់អ្នកដែលនៅក្នុងក្រុងនេះ ចូរនាំគ្នាចេញពីកន្លែងនេះទៅ។ 13ដ្បិតយើងនឹងបំផ្លាញទីនេះ ព្រោះសម្រែកទាស់នឹងប្រជាជនរបស់ក្រុងនេះ បានលាន់ឮកាន់តែខ្លាំងឡើងនៅចំពោះព្រះយេហូវ៉ាហើយ ហើយព្រះយេហូវ៉ាបានចាត់ឲ្យយើងមកបំផ្លាញទីក្រុងនេះចោល»។ 14ដូច្នេះ ឡុតក៏ចេញទៅប្រាប់កូនប្រសា ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីទីនេះទៅ ដ្បិតព្រះយេហូវ៉ាបម្រុងនឹងបំផ្លាញទីក្រុងនេះហើយ»។ ប៉ុន្ដែ កូនប្រសារបស់គាត់ស្មានថាគាត់និយាយលេង។
15លុះព្រលឹមស្រាងៗ ទេវតាក៏បង្ខំឡុតថា៖ «ចូរក្រោកឡើង យកប្រពន្ធ និងកូនស្រីទាំងពីររបស់អ្នកចេញទៅ ក្រែងអ្នកត្រូវវិនាសក្នុងអំពើទុច្ចរិតរបស់ទីក្រុងនេះដែរ»។ 16ប៉ុន្ដែ ដោយសារគាត់នៅបង្អែបង្អង់ ទេវតាក៏ចាប់ដៃគាត់ ប្រពន្ធគាត់ ហើយកូនស្រីគាត់ទាំងពីរ នាំចេញទៅទុកឲ្យនៅក្រៅទីក្រុង ដ្បិតព្រះយេហូវ៉ាអាណិតអាសូរដល់គាត់។ 17កាលបាននាំពួកគេមកខាងក្រៅហើយ ទេវតា ប្រាប់ថា៖ «ចូររត់ឲ្យរួចជីវិតទៅ! កុំងាកមើលមកក្រោយ ក៏កុំឈប់នៅស្រុកវាលណាមួយឲ្យសោះ! ចូររត់គេចទៅឯភ្នំទៅ ក្រែងអ្នកត្រូវវិនាស»។ 18ប៉ុន្ដែ ឡុតប្រកែកថា៖ «ទេ លោកម្ចាស់ខ្ញុំអើយ 19មើល៍ ឥឡូវនេះ លោកបានផ្តល់ព្រះគុណមកខ្ញុំជាអ្នកបម្រើលោក ហើយបានចម្រើនសេចក្ដីមេត្តាករុណារបស់លោកឲ្យខ្ញុំឃើញ ដោយការពារជីវិតខ្ញុំ តែខ្ញុំរត់ទៅភ្នំមិនបានទេ ក្រែងមហន្តរាយនេះតាមខ្ញុំទាន់ ហើយខ្ញុំត្រូវស្លាប់។ 20មើលន៏ មានទីក្រុងមួយស្ថិតនៅជិតបង្កើយ ហើយក៏តូចផង សូមឲ្យខ្ញុំរត់ទៅទីនោះវិញ តើមិនមែនជាទីក្រុងតូចមួយទេឬ? នោះខ្ញុំនឹងបានរួចជីវិត»។ 21ទេវតាតបទៅគាត់ថា៖ «មើល៍ ខ្ញុំយោគយល់តាមសំណូមរបស់អ្នកក្នុងការនេះដែរ ទីក្រុងមួយដែលអ្នកនិយាយនេះ យើងនឹងមិនបំផ្លាញទេ។ 22ចូរប្រញាប់ឡើង ហើយរត់ទៅទីនោះទៅ ដ្បិតខ្ញុំមិនអាចធ្វើអ្វីបានទេ ទាល់តែអ្នកបានទៅដល់ទីនោះសិន»។ ហេតុនេះហើយបានជាគេហៅទីក្រុងនោះថា "សូអារ" ។ 23កាលឡុតបានចូលទៅដល់សូអារ នោះថ្ងៃបានរះបំភ្លឺផែនដីហើយ។
24ពេលនោះ ព្រះយេហូវ៉ាបង្អុរភ្លៀងជាស្ពាន់ធ័រ និងភ្លើងពីលើមេឃ មកលើក្រុងសូដុម និងក្រុងកូម៉ូរ៉ា 25ព្រះអង្គបានបំផ្លាញក្រុងទាំងនោះ ស្រុកវាលទាំងមូល និងមនុស្សទាំងប៉ុន្មាននៅទីក្រុងទាំងនោះ ព្រមទាំងរុក្ខជាតិទាំងអស់ដែលដុះនៅលើដី។ 26រីឯប្រពន្ធរបស់ឡុត ដែលនៅក្រោយខ្នងគាត់ បានងាកបែរមើលទៅក្រោយ ហើយស្រាប់តែក្លាយទៅជាបង្គោលអំបិលទៅ។
27លោកអ័ប្រាហាំក្រោកឡើងពីព្រលឹម ចេញទៅកន្លែងដែលលោកបានឈរនៅចំពោះព្រះយេហូវ៉ា។ 28លោកមើលឆ្ពោះទៅក្រុងសូដុម ក្រុងកូម៉ូរ៉ា និងស្រុកវាលទាំងមូល ឃើញមានសុទ្ធតែផ្សែងហុយឡើងពីដីមក ដូចជាផ្សែងនៃគុកភ្លើង។
29នៅពេលព្រះទ្រង់បំផ្លាញទីក្រុងនៅស្រុកវាលទាំងប៉ុន្មាន ព្រះអង្គនឹកចាំពីលោកអ័ប្រាហាំ ហើយបាននាំឡុតចេញផុតពីមហន្តរាយនោះ ក្នុងពេលព្រះអង្គបានរំលាយទីក្រុងដែលឡុតបានទៅរស់នៅនោះ។
ដើមកំណើតដែលគួរឲ្យខ្មាសរបស់សាសន៍ម៉ូអាប់ និងសាសន៍អាំម៉ូន
30ឯឡុតបានចាកចេញពីក្រុងសូអារជាមួយកូនស្រីទាំងពីរ ឡើងទៅរស់នៅតាមភ្នំ ដ្បិតគាត់ខ្លាចមិនហ៊ានរស់នៅក្នុងក្រុងសូអារទេ។ ដូច្នេះ គាត់ក៏រស់នៅក្នុងរូងភ្នំជាមួយកូនស្រីរបស់គាត់ទាំងពីរ។ 31ពេលនោះ នាងបងនិយាយទៅកាន់ប្អូនថា៖ «ឪពុកយើងចាស់ហើយ គ្មានប្រុសណានៅក្នុងស្រុកនេះ ចូលមកយកយើងធ្វើជាប្រពន្ធដូចគេឯងនៅលើផែនដីនេះទេ។ 32មក៍ យើងនាំគ្នាបង្អកស្រាឪពុកយើង រួចហើយយើងទៅដេកជាមួយគាត់ ដើម្បីឲ្យយើងបានតពូជរបស់ឪពុកយើង»។ 33ដូច្នេះ គេក៏បង្អកស្រាឪពុករបស់ខ្លួននៅយប់នោះ រួចនាងបងក៏ចូលទៅដេកជាមួយឪពុក តែគាត់មិនបានដឹងថានាងចូលដេកពេលណា ឬក្រោកពេលណាឡើយ។ 34លុះស្អែកឡើង នាងបងនិយាយទៅប្អូនថា៖ «មើល៍! យប់មិញ បងបានដេកជាមួយលោកឪពុក យប់នេះ ចូរយើងបង្អកស្រាគាត់ទៀត រួចឯងចូលទៅដេកជាមួយគាត់ម្តង ដើម្បីឲ្យយើងបានតពូជរបស់ឪពុកយើង»។ 35ដូច្នេះ គេក៏បង្អកស្រាឪពុកនៅយប់នោះទៀត ហើយនាងប្អូនក៏ក្រោកទៅដេកជាមួយឪពុក តែគាត់ឥតដឹងថានាងចូលដេកពេលណា ឬក្រោកពេលណាឡើយ។ 36ដូច្នេះ កូនស្រីរបស់ឡុតទាំងពីរក៏មានទម្ងន់ជាមួយឪពុករបស់ខ្លួន។ 37នាងបងបង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះកូននោះថា "ម៉ូអាប់"។ កូននោះជាឪពុករបស់សាសន៍ម៉ូអាប់ដរាបដល់សព្វថ្ងៃនេះ។ 38នាងប្អូនក៏បង្កើតបានកូនប្រុសមួយដែរ ហើយក៏ដាក់ឈ្មោះកូននោះថា "បេន-អាំមី" ហើយអ្នកនោះជាឪពុករបស់សាសន៍អាំម៉ូនដរាបដល់សព្វថ្ងៃនេះ។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 19: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies