លោកុ‌ប្បត្តិ 3:1-7

លោកុ‌ប្បត្តិ 3:1-7 គកស១៦

ឯ​ពស់​ជា​សត្វ​មួយ​ដែល​មាន​កល‌ល្បិច​លើស​ជាងអស់​ទាំង​សត្វ​ព្រៃ ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បាន​បង្កើត។ វា​ពោល​ទៅ​កាន់​ស្ត្រី​ថា៖ «តើ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា "អ្នក​មិនត្រូវ​បរិ‌ភោគ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​សួន‌ច្បារ"មែន​ឬ?» ស្ត្រីពោល​ទៅ​កាន់​ពស់​ថា៖ «យើង​អាច​បរិ‌ភោគ​ផ្លែ​ឈើ​ទាំង​ឡាយ​នៅ​ក្នុង​សួន‌ច្បារ​បាន តែ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា "មិន​ត្រូវ​បរិ‌ភោគ​ផ្លែ​ឈើ​មួយ​ដែល​នៅ​កណ្ដាល​សួន‌ច្បារ​នោះ​ឡើយ ហើយ​ក៏​កុំ​ប៉ះ​ពាល់​ដែរ ក្រែង‌លោ​ស្លាប់"»។ ប៉ុន្ដែ ពស់​និយាយ​ទៅ​កាន់​ស្ត្រី​ថា៖ «អ្នក​នឹង​មិន​ស្លាប់​ជា​ពិត​ទេ ដ្បិត​ព្រះ‌ទ្រង់​ជ្រាប​ថា ពេល​ណា​អ្នក​បរិ‌ភោគ​ផ្លែ​ឈើ​នោះ ភ្នែក​អ្នក​នឹង​បាន​ភ្លឺ ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ ព្រម​ទាំង​ដឹង​ខុស​ត្រូវ​ផង»។ ដូច្នេះ ពេល​ស្ត្រី​ឃើញ​ថា ផ្លែ​ឈើ​នោះ​បរិ‌ភោគ​បាន ក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ថា ដើម​ឈើ​នោះគួរ​ឲ្យចង់​បាន ដើម្បី​ឲ្យ​មាន​ប្រាជ្ញា នាង​ក៏​បេះ​ផ្លែ​ឈើ​នោះ​មក​បរិ‌ភោគ ព្រម​ទាំង​ចែក​ឲ្យ​ប្តីដែល​នៅ​ជា‌មួយ ហើយ​ប្តី​ក៏​បរិ‌ភោគ​ដែរ។ ពេល​នោះ ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​បាន​ភ្លឺ​ឡើង ហើយ​គេ​ដឹង​ថា គេ​នៅ​ខ្លួន​ទទេ ហើយ​គេ​ក៏​យក​ស្លឹក​ល្វា​មក​ខ្ទាស់ ធ្វើ​ជា​ប៉ឹង​បិទ​បាំង​កាយ។