លោកុប្បត្តិ 3:1-7
លោកុប្បត្តិ 3:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពស់ជាសត្វមួយមានកលល្បិចជាងគេ ក្នុងចំណោមសត្វព្រៃទាំងអស់ដែលព្រះជាអម្ចាស់បង្កើតមក។ វាពោលទៅកាន់ស្ត្រីថា៖ «តើព្រះជាម្ចាស់ពិតជាមានព្រះបន្ទូលថា អ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មាន ដែលនៅក្នុងសួនឧទ្យានមែនឬ?»។ ស្ត្រីពោលទៅកាន់ពស់ថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនឧទ្យានបាន រីឯដើមឈើដែលស្ថិតនៅកណ្ដាលសួនឧទ្យាននោះវិញ ព្រះជាម្ចាស់បានហាមថា “កុំបរិភោគផ្លែវាឡើយ ហើយក៏មិនត្រូវប៉ះពាល់ដែរ បើពុំនោះទេ អ្នកទាំងពីរនឹងស្លាប់ជាមិនខាន”»។ ពេលនោះ ពស់ប្រាប់ស្ត្រីថា៖ «ទេ! អ្នកទាំងពីរនឹងមិនស្លាប់ទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ជ្រាបថា ថ្ងៃណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចព្រះ ដែលស្គាល់ល្អស្គាល់អាក្រក់ជាមិនខាន»។ ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។ ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយដឹងថា គេនៅខ្លួនទទេ។ អ្នកទាំងពីរក៏បេះស្លឹកល្វាមកខ្ទាស់ធ្វើជាប៉ឹងបិទបាំងកាយ។
លោកុប្បត្តិ 3:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯពស់ជាសត្វមួយដែលមានកលល្បិចលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត។ វាពោលទៅកាន់ស្ត្រីថា៖ «តើព្រះទ្រង់មានព្រះបន្ទូលថា "អ្នកមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មានដែលនៅក្នុងសួនច្បារ"មែនឬ?» ស្ត្រីពោលទៅកាន់ពស់ថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនច្បារបាន តែព្រះទ្រង់មានព្រះបន្ទូលថា "មិនត្រូវបរិភោគផ្លែឈើមួយដែលនៅកណ្ដាលសួនច្បារនោះឡើយ ហើយក៏កុំប៉ះពាល់ដែរ ក្រែងលោស្លាប់"»។ ប៉ុន្ដែ ពស់និយាយទៅកាន់ស្ត្រីថា៖ «អ្នកនឹងមិនស្លាប់ជាពិតទេ ដ្បិតព្រះទ្រង់ជ្រាបថា ពេលណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចជាព្រះ ព្រមទាំងដឹងខុសត្រូវផង»។ ដូច្នេះ ពេលស្ត្រីឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយថា ដើមឈើនោះគួរឲ្យចង់បាន ដើម្បីឲ្យមានប្រាជ្ញា នាងក៏បេះផ្លែឈើនោះមកបរិភោគ ព្រមទាំងចែកឲ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។ ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយគេដឹងថា គេនៅខ្លួនទទេ ហើយគេក៏យកស្លឹកល្វាមកខ្ទាស់ ធ្វើជាប៉ឹងបិទបាំងកាយ។
លោកុប្បត្តិ 3:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពស់ជាសត្វចេះឧបាយកលលើសជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើត វានិយាយទៅកាន់ស្ត្រីថា តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ ស្ត្រីឆ្លើយតបថា យើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបាន តែត្រង់ដើមឈើ១ដែលនៅកណ្តាលសួនច្បារនោះ ព្រះទ្រង់មានបន្ទូលថា កុំឲ្យបរិភោគផ្លែនោះឡើយ ថែមទាំងកុំឲ្យពាល់ប៉ះផង ក្រែងលោស្លាប់ រួចពស់ក៏និយាយទៅស្ត្រីថា អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង កាលស្ត្រីបានឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយជាដើមដែលល្មមគួរនឹងចង់បាន ដើម្បីឲ្យបានប្រាជ្ញា នោះនាងក៏យកផ្លែមកបរិភោគ ព្រមទាំងចែកឲ្យដល់ប្ដីដែរ គាត់ក៏បរិភោគតាម នោះស្រាប់តែភ្នែករបស់អ្នកទាំង២បានភ្លឺឡើង ហើយគេដឹងថាខ្លួននៅជាអាក្រាត ក៏យកស្លឹកល្វាមកក្លាស់ធ្វើជាប្រដាប់ប៉ឹង