ហេព្រើរ 2

2
ពាក្យ​ដាស់​តឿន​ឲ្យ​ប្រុង​ប្រយ័ត្ន
1ហេតុ​នេះ យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​រឹត​តែ​ខ្លាំង​ថែម​ទៀត ចំពោះ​សេចក្ដី​ដែល​យើង​បាន​ឮ ក្រែង​យើង​រសាត់​ចេញ​ពីសេចក្ដី​ទាំង​នេះ​បាត់​ទៅ។ 2ប្រសិន‌បើ​ព្រះ‌បន្ទូល​ដែល​ពួក​ទេវតា​បាន​ថ្លែង​ប្រាប់​នោះ ជា​ការ​ពិត ដូច្នេះ អ្នក​ដែល​ប្រព្រឹត្ត​រំលង ហើយ​រឹង​ចចេស ត្រូវ​ទទួល​ទោសទៅ​ហើយ 3ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រួច​ខ្លួន​បាន បើ​យើង​ធ្វេស​ប្រហែស​នឹង​ការ​សង្គ្រោះ​ដ៏​ធំ​ដូច្នេះ? ជា​ដំបូង ព្រះ‌អម្ចាស់​បាន​ផ្សាយ​ការ​សង្គ្រោះ​មក ហើយ​អស់​អ្នក​ដែល​បាន​ឮ ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ។ 4ព្រះ​បាន​ធ្វើ​បន្ទាល់​ជា​មួយ​ពួក​គេ ដោយ​សម្តែង​ការ​អស្ចារ្យ និង​ឫទ្ធិ‌បារមី​ជា​ច្រើន​យ៉ាង ទាំង​ចែក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មក តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ។
ការ​តម្កើង​ឡើង​តាម​រយៈ​ការ​បន្ទាប​ចុះ
5រីឯ​បរិលោក​ដែល​យើង​និយាយ​នេះ ព្រះ​មិន​បាន​ប្រគល់​ឲ្យ​នៅ​ក្រោម​អំណាច​របស់​ពួក​ទេវតា​ទេ។ 6ប៉ុន្ដែ មាន​ម្នាក់​បាន​ធ្វើ​បន្ទាល់​នៅ​កន្លែង​មួយ​ថា៖ «តើ​មនុស្ស​ជា​អ្វី បាន​ជា​ព្រះ‌អង្គ​នឹក​គិត​ដល់​គេ ឬ​កូន​មនុស្ស​ជា​អ្វី បាន​ជា​ព្រះ‌អង្គ​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​គេ​ដូច្នេះ? 7ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​ទាប​ជាង​ពួក​ទេវតា​តែ​មួយ​រយៈ​ទេ ក៏​បាន​ប្រទាន​សិរី​ល្អ និង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ 8ព្រះ‌អង្គ​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នៅ​ក្រោម​ជើង​គេ» ព្រះ‌អង្គ​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ គឺ​មិន​បាន​ទុក​អ្វី ដែល​មិន​ចុះ​ចូល​សោះ​ឡើយ។ ឥឡូវ​នេះ យើង​មិន​ទាន់​ឃើញ​ថា​គ្រប់​ទាំង​អស់​ចុះ​ចូល​នៅ​ឡើយ​ទេ 9តែ​យើង​ឃើញ​ព្រះ‌យេស៊ូវ ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា​មួយ​រយៈ ដោយ​ព្រះ‌អង្គ​បាន​រង​ទុក្ខ និង​សុគត ឥឡូវ​នេះ ព្រះ‌អង្គ​បាន​ទទួល​សិរី​ល្អ និង​ព្រះ​កិត្តិ‌នាម​ទុក​ជា​មកុដ។ ដោយ​សារ​ព្រះ‌គុណ​របស់​ព្រះ ដែល​ទ្រង់​បាន​សុគត​ជំនួស​មនុស្ស​ទាំង​អស់។ 10អ្វីៗ​ទាំង​អស់​កើត​មាន​ឡើង​ដោយ​សារ​ព្រះ‌អង្គ ហើយ​ដោយ​ព្រះ‌អង្គ​ចង់​នាំ​កូន​ជា​ច្រើន​មក​ក្នុង​សិរី‌ល្អ នោះ​គួរ​គប្បី​ឲ្យ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ម្ចាស់​នៃ​ការ​សង្គ្រោះ បាន​គ្រប់​លក្ខណ៍ ដោយ​រង​ទុក្ខ​លំបាក។ 11ដ្បិត​ព្រះ‌អង្គ​ដែល​បាន​ញែក​ជា​បរិសុទ្ធ និង​អស់​អ្នក​ដែល​ព្រះ‌អង្គ​ញែក​ជា​បរិសុទ្ធ សុទ្ធ​តែ​ចេញ​មក​ពី​ប្រភព​តែ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មិន​ខ្មាស​នឹង​ហៅ​គេ​ជា​បង‌ប្អូន​ឡើយ 12ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទូល​បង្គំ​នឹង​ប្រកាស​ពី​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ដល់​ពួក​បង‌ប្អូន​ទូល​បង្គំ ទូល​បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អង្គ នៅ​កណ្តាល​ក្រុម​ជំនុំ» 13ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ទូល​បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ» ហើយ​ថា «មើល៍ ទូល‌បង្គំ​នៅ​ជាមួយ​ពួក​កូន​ចៅ ដែល​ព្រះ​បាន​ប្រទាន​មក​ទូល‌បង្គំ» ។ 14ដូច្នេះ ដោយព្រោះ​កូន​ចៅ​នោះ​ជាប់​សាច់​ឈាម​នឹង​គ្នា ព្រះ‌អង្គ​ក៏​ទទួល​ចំណែក​ជា​សាច់​ឈាម​ដូច្នោះ​ដែរ ដោយ​ព្រះ‌អង្គ​សុគត ដើម្បី​បំផ្លាញ​អា​នោះ​ដែល​មាន​អំណាច​លើ​សេចក្តី​ស្លាប់ គឺ​អារក្ស 15ហើយ​រំដោះ​អស់​អ្នក​ដែល​ជាប់​ជា​បាវ​បម្រើ​អស់​មួយ​ជីវិត ដោយ​សារ​ការ​ភ័យ​ខ្លាច ឲ្យ​បាន​រួច​វិញ។ 16ដ្បិត​ព្រះ‌អង្គ​ពិត​ជា​មិន​បាន​យាង​មក​ជួយ​ពួក​ទេវតា​ទេ គឺ​ជួយ​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ​វិញ។ 17ហេតុ​នេះ​ហើយ​បាន​ជា​គួរ​ឲ្យ​ព្រះ‌អង្គ មាន​លក្ខណៈ​ដូច​បង‌ប្អូន​របស់​ព្រះ‌អង្គ​គ្រប់​ជំពូក​ដែរ ដើម្បី​ធ្វើ​ជា​សម្តេច​សង្ឃ ដែល​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​ព្រះ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​សម្រាប់​រំដោះ​ប្រជាជន​ឲ្យ​រួច​ពី​បាប។ 18ដ្បិត​ដោយ​ព្រះ‌អង្គ​បាន​រង​ទុក្ខ​លំបាក ទាំង​ត្រូវ​ល្បួង ព្រះ‌អង្គ​ក៏​អាច​ជួយ​អស់​អ្នក ដែល​ត្រូវ​ល្បួង​បាន​ដែរ។

ទើបបានជ្រើសរើសហើយ៖

ហេព្រើរ 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល