ហេព្រើរ 8

8
អ្នក​កណ្ដាល​នៃ​សេចក្ដី​សញ្ញា​មួយ​ដែល​ប្រសើរ​ជាង
1រីឯចំណុច​សំខាន់​ក្នុង​សេចក្ដីដែល​យើង​កំពុង​និយាយ​នេះ គឺ​ថា យើង​មាន​សម្តេច​សង្ឃ​មួយ​អង្គ​បែប​នេះ ដែល​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​នៅ​ស្ថាន‌សួគ៌ 2ជា​អ្នក​មាន​ការ​ងារ​នៅ​ក្នុង​ទី​បរិសុទ្ធ និង​ក្នុង​រោង‌ឧបោ‌សថ​ដ៏​ពិត ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង មិន​មែន​មនុស្ស​ទេ។ 3ដ្បិត​សម្តេច​សង្ឃ​ទាំង​ប៉ុន្មាន ត្រូវ​បាន​តែង​តាំង​ឲ្យ​ថ្វាយ​តង្វាយ និង​យញ្ញ‌បូជា ដូច្នេះ សម្ដេច​សង្ឃ​នេះ​ក៏​ត្រូវ​មាន​អ្វី​នឹង​ថ្វាយ​ដែរ។ 4ប្រ​សិន​បើ​ព្រះ‌អង្គ​គង់​នៅ​ផែនដី នោះ​ព្រះ‌អង្គ​មិន​មែន​ជា​សង្ឃ​ទេ ព្រោះ​មាន​ពួក​សង្ឃ​ដែល​ថ្វាយ​តង្វាយ តាម​ក្រឹត្យ‌វិន័យ​ហើយ។ 5អ្នកទាំងនោះ​ជា​គំរូ និង​ជា​ស្រមោល​នៃ​អ្វីៗ​នៅ​ស្ថាន‌សួគ៌ ដូច​ព្រះ​បាន​បង្គាប់​លោក​ម៉ូសេ នៅ​ពេល​លោក​រៀប​នឹង​សង់​រោង‌ឧបោ‌សថ​ថា «ចូរ​ប្រយ័ត្ន​នឹង​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​អ្នក​នៅ​លើ​ភ្នំ» ។ 6ប៉ុន្ដែ ឥឡូវ​នេះ ព្រះ‌យេស៊ូវ​បាន​ទទួល​មុខ‌ងារ​មួយ​ដែល​ប្រសើរ​ជាង ព្រោះ​ព្រះ‌អង្គ​ជា​អ្នក​កណ្ដាល​នៃ​សេចក្ដី​សញ្ញា​មួយ​ដែល​ប្រសើរ​ជាង ជា​សេចក្ដី​សញ្ញា​ដែល​បាន​តាំង​ឡើង​នៅ​លើព្រះ​បន្ទូល​សន្យា​ដែល​ប្រសើរ​ជាង។ 7ដ្បិត​ប្រសិន‌បើ​សេចក្ដី​សញ្ញា​ចាស់​មិន​មាន​កំហុស នោះ​ក៏​គ្មាន​ឱកាស​នឹង​រក​សេចក្ដី​សញ្ញា​មួយ​ទៀត​ដែរ។
8ដ្បិត​ព្រះ‌អង្គ​បង្ហាញ​ឲ្យ​ឃើញ​ថា​ពួកគេ​មាន​កំហុស ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា "នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​តាំង​សញ្ញា​ថ្មីមួយ ជាមួយ​ពូជ​ពង្ស​អ៊ីស្រា‌អែល និង​ពូជ​ពង្ស​យូដា 9មិន​ដូច​ជា​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​ជា​មួយ​បុព្វ‌បុរស​របស់​គេ នៅ​ថ្ងៃ​ដែល​យើង​បាន​ចាប់​ដៃ​នាំ​គេ ចេញ​ពី​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ ព្រោះ​គេ​មិន​បាន​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​យើង ហើយ​យើង​ក៏​មិនរវី​រវល់នឹង​គេ​ដែរ"»។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 10ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «នេះ​ជា​សេចក្ដី​សញ្ញាដែល​យើង​នឹង​តាំង​ជាមួយ​ពូជ​ពង្ស​អ៊ីស្រា‌អែល​ក្រោយ​ថ្ងៃ​ទាំង​នោះ គឺ​ថា យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​យើង​ក្នុង​គំនិត​គេ ហើយ​ចារ​ក្រឹត្យ​វិន័យ​ទាំង​នោះ​នៅ​ក្នុង​ចិត្ត​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា​រាស្ត្រ​របស់​យើង។ 11គេ​មិន​ចាំ​បាច់​បង្រៀន​អ្នក​ជិត​ខាង​របស់​ខ្លួន ឬ​បង‌ប្អូន​របស់​ខ្លួន​ថា "ចូរ​ស្គាល់​ព្រះ‌អម្ចាស់" នោះ​ឡើយ ដ្បិត​គេ​នឹង​ស្គាល់​យើង​គ្រប់​គ្នា តាំង​ពី​អ្នក​តូច រហូត​ដល់​អ្នក​ធំ។ 12ដ្បិត​យើង​នឹង​ប្រោស​ប្រណី​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​យើង​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​របស់​គេ​ទៀត» ។ 13នៅ​ពេល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​អំពី​សេចក្ដី​សញ្ញាថ្មី ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​សេចក្ដី​សញ្ញា​មុន​ត្រឡប់​ជា​ចាស់ ឯ​អ្វី​ដែល​ចាស់ ហើយ​លែង​ប្រើ នោះ​ក៏​ជិត​នឹងសាប​សូន្យ​ទៅ​ដែរ។

ទើបបានជ្រើសរើសហើយ៖

ហេព្រើរ 8: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល