ហូសេ 4:7-19

ហូសេ 4:7-19 គកស១៦

គេ​មាន​ចំនួន​កាន់​តែ​ច្រើន​ប៉ុណ្ណា គេ​ក៏​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​យើង កាន់​តែ​ច្រើន​ប៉ុណ្ណោះ​ដែរ គេ​បាន​ប្ដូរ​សិរីល្អ​របស់​គេ ឲ្យ​ទៅ​ជា​សេចក្ដី​អាម៉ាស់! គេ​ចិញ្ចឹម​ជីវិត​ដោយ​តង្វាយ​លោះ​បាប របស់​ប្រជា​រាស្ត្រ​យើង គេសប្បាយ​ចិត្ត ពេល​ប្រជាជន​ប្រព្រឹត្ត​អំពើ​បាប។ នៅ​គ្រា​នោះ ប្រជា‌ជន​ជា​យ៉ាង​ណា សង្ឃ​ក៏​នឹង​យ៉ាង​នោះ​ដែរ ហើយ​យើង​នឹង​ដាក់​ទោស​គេ ដោយ​ព្រោះ​អំពើ​ដែល​គេ​ប្រព្រឹត្ត ព្រម​ទាំង​សង​ដល់​គេ តាម​កិរិយា​របស់​គេ​ផង។ គេ​នឹង​បរិភោគ តែ​មិនចេះ​ឆ្អែត ក៏​នឹង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ តែ​ឥត​បាន​ចម្រើន​គ្នា​ឡើង​ទេ ព្រោះ​គេ​បាន​បោះ​បង់​ចោល​ព្រះ‌យេហូវ៉ា ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ។ ស្រា​ចាស់ និង​ស្រា​ថ្មី ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​លែង​ចេះ​ពិចារណា។ ប្រជា‌រាស្ត្រ​របស់​យើង​ទៅសុំ​យោបល់​ពី​ដុំ​ឈើ ហើយឲ្យ​ដំបង​របស់​គេ​និយាយ​ប្រាប់​គេ ដ្បិត​និស្ស័យ​នៃ​អំពើ​ពេស្យា​ចារ​បាន​នាំ​ឲ្យ​គេ​វង្វេង គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ ដោយ​បោះ​បង់​ចោល​ព្រះ​របស់​ខ្លួន។ គេ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ក៏​ដុត​កំញាន​នៅ​លើ​ទួល​ខ្ពស់ៗ នៅ​ក្រោម​ដើម​ម៉ៃសាក់ ដើម​រលួស និង​ដើម​ពោធិ៍ ព្រោះ​ដើម​ទាំង​នោះ​មាន​ម្លប់​ល្អ។ ហេតុ​នេះ​ហើយ​បាន​ជា​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ហើយ​កូន​ប្រសា​ស្រី​របស់​អ្នក​រាល់​គ្នា ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ។ យើង​នឹង​មិន​ដាក់​ទោស​កូន​ស្រី​របស់​អ្នករាល់​គ្នា នៅ​ពេល​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ ក៏​មិន​ដាក់​ទោស​កូន​ប្រសា​ស្រី​របស់​អ្នក​រាល់​គ្នា នៅ​ពេល​គេ​ប្រព្រឹត្ត​អំពើ​ផិតក្បត់​ដែរ ដ្បិត​ខ្លួន​គេ​ជា​បុរស ក៏​បាន​ដក​ខ្លួន​ទៅ​ជា​មួយ​ស្រី​ពេស្យា​ដែរ គេ​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​ពួក​ស្រី​ពេស្យា​ក្នុង​ទីសក្ការៈ ប្រជា‌ជន​ដែល​ឥត​គំនិត​យោបល់​បែប​នេះ នឹង​ត្រូវ​វិនាស​ទៅ។ ឱ​អ៊ីស្រា‌អែល​អើយ ទោះ​បើ​អ្នក​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ​ក៏​ដោយ ក៏​មិន​ត្រូវ​ឲ្យ​យូដា​ជាប់​មាន​ទោស​ឡើយ។ មិន​ត្រូវ​ចូល​ទៅ​គីល‌កាល ក៏​មិន​ត្រូវ​ឡើង​ទៅ​បេត-អាវេន ឬក៏​ស្បថ ក្នុង​នាម​ព្រះ‌យេហូវ៉ា មាន​ព្រះ‌ជន្ម​រស់​នៅ​នោះ​ដែរ។ ដ្បិត​អ៊ីស្រា‌អែល​រឹង​ចចេសដូច​គោ​ក្រមុំ​ក្រាញ ឥឡូវ​នេះ តើ​ព្រះ‌យេហូវ៉ា​ត្រូវ​ឃ្វាល​គេ ដូច​ឃ្វាល​កូន​ចៀម នៅ​វាល​ស្មៅ​ដ៏​ទូលំ​ទូលាយ​បាន​ឬ? អេប្រាអិម​បាន​ភ្ជាប់​ខ្លួន​នឹង​រូប​ព្រះ​ហើយ តាម​តែ​គេ​ចុះ កាល​គេ​ផឹក​ស្រា​របស់​គេ​អស់​ហើយ គេ​ក៏​ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ ពួក​មេ​ដឹក​នាំ​របស់​គេ​ចូល​ចិត្ត​តែ​អំពើ​ដ៏​អាម៉ាស់។ ខ្យល់​បាន​ក្តោប​គេ​ដោយ​ស្លាប ហើយ​គេ​នឹង​ត្រូវ​ខ្មាស ដោយ​ព្រោះ​យញ្ញ‌បូជា​របស់​ខ្លួន។

អាន ហូសេ 4