ហូសេ 4:7-19

ហូសេ 4:7-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គេ​មាន​ចំនួន​កាន់​តែ​ច្រើន​ប៉ុណ្ណា គេ​ក៏​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​យើង កាន់​តែ​ច្រើន​ប៉ុណ្ណោះ​ដែរ គេ​បាន​ប្ដូរ​សិរីល្អ​របស់​គេ ឲ្យ​ទៅ​ជា​សេចក្ដី​អាម៉ាស់! គេ​ចិញ្ចឹម​ជីវិត​ដោយ​តង្វាយ​លោះ​បាប របស់​ប្រជា​រាស្ត្រ​យើង គេសប្បាយ​ចិត្ត ពេល​ប្រជាជន​ប្រព្រឹត្ត​អំពើ​បាប។ នៅ​គ្រា​នោះ ប្រជា‌ជន​ជា​យ៉ាង​ណា សង្ឃ​ក៏​នឹង​យ៉ាង​នោះ​ដែរ ហើយ​យើង​នឹង​ដាក់​ទោស​គេ ដោយ​ព្រោះ​អំពើ​ដែល​គេ​ប្រព្រឹត្ត ព្រម​ទាំង​សង​ដល់​គេ តាម​កិរិយា​របស់​គេ​ផង។ គេ​នឹង​បរិភោគ តែ​មិនចេះ​ឆ្អែត ក៏​នឹង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ តែ​ឥត​បាន​ចម្រើន​គ្នា​ឡើង​ទេ ព្រោះ​គេ​បាន​បោះ​បង់​ចោល​ព្រះ‌យេហូវ៉ា ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ។ ស្រា​ចាស់ និង​ស្រា​ថ្មី ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​លែង​ចេះ​ពិចារណា។ ប្រជា‌រាស្ត្រ​របស់​យើង​ទៅសុំ​យោបល់​ពី​ដុំ​ឈើ ហើយឲ្យ​ដំបង​របស់​គេ​និយាយ​ប្រាប់​គេ ដ្បិត​និស្ស័យ​នៃ​អំពើ​ពេស្យា​ចារ​បាន​នាំ​ឲ្យ​គេ​វង្វេង គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ ដោយ​បោះ​បង់​ចោល​ព្រះ​របស់​ខ្លួន។ គេ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ក៏​ដុត​កំញាន​នៅ​លើ​ទួល​ខ្ពស់ៗ នៅ​ក្រោម​ដើម​ម៉ៃសាក់ ដើម​រលួស និង​ដើម​ពោធិ៍ ព្រោះ​ដើម​ទាំង​នោះ​មាន​ម្លប់​ល្អ។ ហេតុ​នេះ​ហើយ​បាន​ជា​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ហើយ​កូន​ប្រសា​ស្រី​របស់​អ្នក​រាល់​គ្នា ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ។ យើង​នឹង​មិន​ដាក់​ទោស​កូន​ស្រី​របស់​អ្នករាល់​គ្នា នៅ​ពេល​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ ក៏​មិន​ដាក់​ទោស​កូន​ប្រសា​ស្រី​របស់​អ្នក​រាល់​គ្នា នៅ​ពេល​គេ​ប្រព្រឹត្ត​អំពើ​ផិតក្បត់​ដែរ ដ្បិត​ខ្លួន​គេ​ជា​បុរស ក៏​បាន​ដក​ខ្លួន​ទៅ​ជា​មួយ​ស្រី​ពេស្យា​ដែរ គេ​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​ពួក​ស្រី​ពេស្យា​ក្នុង​ទីសក្ការៈ ប្រជា‌ជន​ដែល​ឥត​គំនិត​យោបល់​បែប​នេះ នឹង​ត្រូវ​វិនាស​ទៅ។ ឱ​អ៊ីស្រា‌អែល​អើយ ទោះ​បើ​អ្នក​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ​ក៏​ដោយ ក៏​មិន​ត្រូវ​ឲ្យ​យូដា​ជាប់​មាន​ទោស​ឡើយ។ មិន​ត្រូវ​ចូល​ទៅ​គីល‌កាល ក៏​មិន​ត្រូវ​ឡើង​ទៅ​បេត-អាវេន ឬក៏​ស្បថ ក្នុង​នាម​ព្រះ‌យេហូវ៉ា មាន​ព្រះ‌ជន្ម​រស់​នៅ​នោះ​ដែរ។ ដ្បិត​អ៊ីស្រា‌អែល​រឹង​ចចេសដូច​គោ​ក្រមុំ​ក្រាញ ឥឡូវ​នេះ តើ​ព្រះ‌យេហូវ៉ា​ត្រូវ​ឃ្វាល​គេ ដូច​ឃ្វាល​កូន​ចៀម នៅ​វាល​ស្មៅ​ដ៏​ទូលំ​ទូលាយ​បាន​ឬ? អេប្រាអិម​បាន​ភ្ជាប់​ខ្លួន​នឹង​រូប​ព្រះ​ហើយ តាម​តែ​គេ​ចុះ កាល​គេ​ផឹក​ស្រា​របស់​គេ​អស់​ហើយ គេ​ក៏​ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ ពួក​មេ​ដឹក​នាំ​របស់​គេ​ចូល​ចិត្ត​តែ​អំពើ​ដ៏​អាម៉ាស់។ ខ្យល់​បាន​ក្តោប​គេ​ដោយ​ស្លាប ហើយ​គេ​នឹង​ត្រូវ​ខ្មាស ដោយ​ព្រោះ​យញ្ញ‌បូជា​របស់​ខ្លួន។

ចែក​រំលែក
អាន ហូសេ 4

ហូសេ 4:7-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​បូជា‌ចារ្យ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ប្រព្រឹត្ត អំពើ​បាប​ប្រឆាំង​នឹង​យើង យើង​នឹង​ដូរ​កិត្តិយស​របស់​ពួក​គេ ឲ្យ​ទៅ​ជា​ភាព​អាម៉ាស់។ អ្នក​ទាំង​នោះ​បំប៉ន​ខ្លួន​ឲ្យ​ធំ​ធាត់ ដោយ‌សារ តង្វាយ​លោះ​បាប​នៃ​ប្រជា‌ជន​របស់​យើង ហើយ​សប្បាយ​ចិត្ត ដោយ​ឃើញ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់។ បូជា‌ចារ្យ​ក៏​ដូច​ជា​ប្រជា‌ជន​ដែរ យើង​នឹង​ដាក់​ទោស​ពួក​គេ តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត គឺ​ពួក​គេ​ប្រព្រឹត្ត​យ៉ាង​ណា យើង​នឹង​ដាក់​ទោស​ពួក​គេ​យ៉ាង​នោះ​ដែរ។ ពួក​គេ​បរិភោគ តែ​មិន​ចេះ​ឆ្អែត ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ តែ​មិន​បាន​ចម្រុង‌ចម្រើន​ទេ ដ្បិត​ពួក​គេ​បោះ​បង់​ចោល​យើង ដែល​ជា​ព្រះ‌អម្ចាស់ ទៅ​ប្រព្រឹត្ត អំពើ​ពេស្យា‌ចារ ចិត្ត​ប្រាថ្នា​ចង់ បាន​ស្រា​ចាស់ និង​ស្រា​ថ្មី បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង។ ប្រជា‌រាស្ត្រ​របស់​យើង​ទៅ​រក​ព្រះ​ធ្វើ​ពី​ឈើ ឲ្យ​ទស្សន៍‌ទាយ ដំបង​របស់​គេ​ប្រាប់​សេចក្ដី​ដែល​គេ​ចង់​ដឹង! គំនិត​ពេស្យា‌ចារ​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​របស់​ខ្លួន។ ពួក​គេ​តែងតែ​ធ្វើ​យញ្ញ‌បូជា​នៅ​តាម​កំពូល​ភ្នំ ហើយ​ដុត​គ្រឿង​ក្រអូប​នៅ​តាម​ទួល​ខ្ពស់ នៅ​ក្រោម​ដើម​ជ្រៃ ក្រោម​ដើម​ពោធិ និង​ក្រោម​ដើម​ម៉ៃ‌សាក់ ដែល​មាន​ម្លប់​ដ៏​ត្រជាក់‌ត្រជុំ! ហេតុ​នេះ កូន​ស្រី​របស់​អ្នក​រាល់​គ្នា ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ កូន​ប្រសា​ស្រី​របស់​អ្នក​រាល់​គ្នា ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ យើង​មិន​ដាក់​ទោស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ហើយ​ក៏​មិន​ដាក់​ទោស​កូន​ប្រសា​ស្រី​របស់ អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​ផិត​ក្បត់​របស់​គេ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ផ្ទាល់​បាន​ដក​ខ្លួន ទៅ​ជា​មួយ​ស្រី​ពេស្យា និង​ធ្វើ​យញ្ញ‌បូជា​រួម​ជា​មួយ​ស្រី​ពេស្យា​សក្ការៈ។ ប្រជា‌ជន​ដែល​មិន​ចេះ​គិត​ពិចារណា​បែប​នេះ រមែង​បោះ​ជំហាន​ទៅ​រក​សេចក្ដី​វិនាស។ អ៊ីស្រា‌អែល​អើយ ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ដូច្នេះ មិន​គប្បី​ឲ្យ​យូដា​ធ្វើ​ខុស​ដូច​អ្នក​ទេ កុំ​ទៅ​គីល‌កាល់ កុំ​ឡើង​ទៅ​បេតអា‌វេន ឬ​ក៏​ស្បថ​ក្នុង​នាម ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ដែរ។ អ៊ីស្រា‌អែល​មាន​ចិត្ត​រឹង‌រូស​ដូច​គោ​ញី​កៀច ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ត្រូវ​ឃ្វាល​ពួក​គេ​ដូច​ឃ្វាល​កូន​ចៀម នៅ​តាម​វាល​ស្មៅ​ដ៏​ទូលំ‌ទូលាយ​ដូច្នេះ? បើ​អេប្រាអ៊ីម​ចូល​រួម​ជា​មួយ​ព្រះ​ក្លែង‌ក្លាយ ទុក​ឲ្យ​គេ​ចូល​រួម​ទៅ! ពួក​គេ​ផឹក​ស្រា​មិន​ទាន់​អស់​ចិត្ត​ផង នោះ​ពួក​គេ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ។ មេ​ដឹក​នាំ​របស់​ពួក​គេ​ចូល​ចិត្ត​អំពើ​ដ៏​អាម៉ាស់។ ខ្យល់​កំបុត​ត្បូង​នឹង​កួច​ពួក​គេ​យក​ទៅ ហើយ​ពួក​គេ​នឹង​ត្រូវ​ខ្មាស ព្រោះ​តែ​យញ្ញ‌បូជា​របស់​ខ្លួន។

ចែក​រំលែក
អាន ហូសេ 4

ហូសេ 4:7-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

វា​វាល់​គ្នា​មាន​ចំនួន​ច្រើន​ឡើង​ប៉ុណ្ណា នោះ​ក៏​បាន​ធ្វើ​បាប​នឹង​អញ​ជា​ច្រើន​ប៉ុណ្ណោះ​ដែរ ដូច្នេះ អញ​នឹង​បំផ្លាញ​កិត្តិសព្ទ​របស់​គេ​ឲ្យ​ទៅ​ជា​សេចក្ដី​អាម៉ាស់​ខ្មាស​វិញ គេ​ចិញ្ចឹម​ជីវិត​ដោយ​អំពើ​បាប​របស់​រាស្ត្រ​អញ ក៏​តាំង​ចិត្ត​ចំពោះ​អំពើ​ទុច្ចរិត​របស់​វា​រាល់​គ្នា នៅ​គ្រា​នោះ បណ្តាជន​ជា​យ៉ាង​ណា សង្ឃ​ក៏​នឹង​យ៉ាង​នោះ​ដែរ ហើយ​អញ​នឹង​ធ្វើ​ទោស​គេ ដោយ​ព្រោះ​អំពើ​ប្រព្រឹត្ត​របស់​គេ ព្រម​ទាំង​សង​ដល់​គេ តាម​កិរិយា​របស់​គេ​ផង នោះ​គេ​នឹង​ស៊ីតែ​មិន​បាន​ឆ្អែត​ទេ ក៏​នឹង​ប្រព្រឹត្ត​សេចក្ដី​កំផិត តែ​ឥត​បាន​ចំរើន​គ្នា​ដែរ គឺ​ដោយ​ព្រោះ​គេ​បាន​លែង​ប្រយ័ត​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ។ ឯ​ការ​កំផិត ស្រា​ទំពាំង‌បាយ‌ជូរ នឹង​ទឹក​ទំពាំង‌បាយ‌ជូរ​ថ្មី នោះ​រមែង​ដក​យោបល់​ចេញ រាស្ត្រ​អញ​គេ​សូម​សេចក្ដី​ប្រឹក្សា​ចំពោះ​ដុំ​ឈើ គឺ​ជា​ឈើ​ផ្សង​របស់​គេ​ដែល​ឲ្យ​គេ​យល់​វិញ ដ្បិត​និស្ស័យ​នៃ​ការ​កំផិត​បាន​ឲ្យ​គេ​ប្រព្រឹត្ត​កន្លង គេ​បាន​ប្រព្រឹត្ត​ការ​កំផិត ដោយ​ក្បត់​ចំពោះ​ព្រះ​របស់​ខ្លួន​ហើយ គេ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ក៏​ដុត​កំញាន​នៅ​លើ​ភ្នំ​តូច នៅ​ក្រោម​ដើម​ម៉ៃសាក់ ដើម​រលួស នឹង​ដើម​ពោធិ៍​ទាំង​អស់​ដែរ ពី​ព្រោះ​ដើម​ទាំង​នោះ​មាន​ម្លប់​ល្អ គឺ​ហេតុ​នោះ​បាន​ជា​កូន​ស្រី​របស់​ឯង​រាល់​គ្នា​បាន​កន្លង​បវេណី ហើយ​អស់​ទាំង​ប្រពន្ធ​ថ្មោង‌ថ្មី​ក្នុង​ពួក​ឯង​រាល់​គ្នា​ក៏​ប្រព្រឹត្ត​កំផិត​ដែរ អញ​នឹង​មិន​ធ្វើ​ទោស​ដល់​កូន​ស្រី​របស់​ឯង ក្នុង​កាល​ដែល​ប្រព្រឹត្ត​កន្លង​បវេណី ឬ​ដល់​ប្រពន្ធ​ថ្មោង‌ថ្មី ក្នុង​កាល​ដែល​ប្រព្រឹត្ត​កំផិត​នោះ​ទេ ដ្បិត​ពួក​ប្រុសៗ​ក៏​ដក​ខ្លួន​ទៅ​ដោយ‌ឡែក ជា​មួយ​នឹង​ពួក​សំផឹង​ដែរ គេ​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​នឹង​ពួក​កំផិត ដូច្នេះ ជន​ទាំង‌ឡាយ​ដែល​ឥត​មាន​យោបល់​នេះ គេ​នឹង​ត្រូវ​វិនាស​បង់។ ឱ​អ៊ីស្រាអែល​អើយ ទោះ​បើ​ឯង​ប្រព្រឹត្ត​ការ​កំផិត​ក៏​មែន​ហើយ ប៉ុន្តែមិន​ត្រូវ​ឲ្យ​យូដា​ទៅ​ជា​មាន​ទោស​ឡើយ កុំ​ឲ្យ​ឯង​ឡើង​មក​ឯ​គីលកាល ក៏​កុំ​ឲ្យ​ឯង​ឡើង​ទៅ​ឯ​បេត-អាវេន ឬ​ស្បថ​ថា «ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ» នោះ​ដែរ ដ្បិត​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​ដោយ​រឹង‌ចចេស ដូច​ជា​គោ​ក្រមុំ‌ក្រាញ ឥឡូវ​នេះ តើ​ព្រះ‌យេហូវ៉ា​ទ្រង់​ត្រូវ​ឃ្វាល​គេ ដូច​ជា​កូន​ចៀម នៅ​ទី​វាល​ធំ​ទូលាយ​ឬ​អី ឯ​អេប្រា‌អិម​វា​ភ្ជាប់​ខ្លួន​តាម​រូប​ព្រះ​ហើយ តាម​តែ​វា​ចុះ គ្រឿង​ផឹក​របស់​គេ​បាន​ទៅ​ជា​ជួរ​ហើយ គេ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ជានិច្ច ឯ​ពួក​គ្រប់‌គ្រង​លើ​គេ​ក៏​គាប់​ចិត្ត​ចំពោះ​តែ​អំពើ​គួរ​ខ្មាស ខ្យល់​បាន​ក្តោប​គេ​ដោយ​ស្លាប គេ​នឹង​ត្រូវ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​របស់​ខ្លួន។

ចែក​រំលែក
អាន ហូសេ 4