ហូសេ 5
5
ការជំនុំជម្រះដែលនឹងកើតមានដល់អ៊ីស្រាអែល និងយូដា
1ឱពួកសង្ឃអើយ ចូរស្តាប់សេចក្ដីនេះ
ឱពូជពង្សអ៊ីស្រាអែលអើយ ចូរស្តាប់ចុះ
ឱពូជពង្សរបស់ស្តេចអើយ ចូរផ្ទៀងត្រចៀកដែរ
ដ្បិតការជំនុំជម្រះគឺសម្រាប់អ្នករាល់គ្នាហើយ
ដ្បិតអ្នករាល់គ្នាជាអន្ទាក់នៅមីសប៉ា
ហើយជាមងដែលលាតនៅលើភ្នំតាបោរ។
2ពួកក្បត់បានផុងជ្រៅទៅក្នុងទីសម្លាប់
តែយើងនឹងវាយប្រដៅគេទាំងអស់គ្នា។
3យើងស្គាល់អេប្រាអិមហើយ
ឯអ៊ីស្រាអែលក៏មិនកំបាំងពីយើងដែរ
ដ្បិតឥឡូវនេះ ឱអេប្រាអិមអើយ
អ្នកបានប្រព្រឹត្តអំពើពេស្យាចារ
គឺអ៊ីស្រាអែលសៅហ្មងហើយ។
4អំពើដែលគេប្រព្រឹត្ត
មិនបើកឲ្យគេវិលមករកព្រះរបស់គេវិញបានឡើយ
ដ្បិតនិស្ស័យពេស្យាចារនៅក្នុងគេហើយ
គេមិនបានស្គាល់ព្រះយេហូវ៉ាទេ។
5អំនួតរបស់អ៊ីស្រាអែល ធ្វើបន្ទាល់ទាស់នឹងគេ
អេប្រាអិម នឹងជំពប់ដួលក្នុងអំពើទុច្ចរិតរបស់ខ្លួន
ឯយូដាក៏នឹងជំពប់ដួលជាមួយគេដែរ។
6គេនឹងទៅស្វែងរកព្រះយេហូវ៉ា
ទាំងមានហ្វូងគោ ហ្វូងចៀមទៅជាមួយ
តែគេនឹងរកព្រះអង្គមិនឃើញឡើយ
ដ្បិតព្រះអង្គបានថយចេញពីគេហើយ។
7គេបានក្បត់នឹងព្រះយេហូវ៉ា
ដ្បិតគេបានបង្កើតកូនឥតខាន់ស្លា។
ឥឡូវនេះ បុណ្យចូលខែថ្មីនឹងស៊ីបង្ហិនគេ
ព្រមទាំងស្រែចម្ការរបស់គេផង។
8ចូរផ្លុំស្នែងនៅគីបៀរ ហើយផ្លុំត្រែនៅរ៉ាម៉ា
ចូរប្រកាសអាសន្ននៅបេត-អាវេនទៅ
ឱបេនយ៉ាមីនអើយ យើងតាមពីក្រោយអ្នកហើយ!
9នៅថ្ងៃដាក់ទោស
អេប្រាអិមនឹងត្រឡប់ទៅជាទីខូចបង់
នៅកណ្ដាលកុលសម្ព័ន្ធនានារបស់អ៊ីស្រាអែល
យើងប្រកាសប្រាប់ពីដំណឹងដ៏ពិតប្រាកដ។
10ពួកមេរបស់យូដា
ប្រៀបដូចជាអស់អ្នកដែលដកបង្គោលសីមាចោល
យើងនឹងជះកំហឹងរបស់យើងទៅលើគេ
ដូចជះទឹក។
11អេប្រាអិមរងនូវការសង្កត់សង្កិន
ត្រូវកិនកម្ទេចក្នុងការវិនិច្ឆ័យ
ព្រោះគេបានស្ម័គ្រចិត្ត
ដេញតាមអ្វីដែលឥតប្រយោជន៍។
12ដូច្នេះ យើងនឹងបានដូចជាដង្កូវដល់ពួកអេប្រាអិម
ហើយដូចជាសេចក្ដីពុកផុយដល់ពូជពង្សយូដា។
13កាលអេប្រាអិមឃើញអាការៈរោគរបស់ខ្លួន
ហើយយូដាឃើញរបួសរបស់ខ្លួន
នោះអេប្រាអិមក៏ទៅឯស្រុកអាសស៊ើរ
ហើយចាត់គេទៅគាល់ស្ដេចដ៏ជាធំ
ប៉ុន្ដែ ស្ដេចនោះមិនអាចព្យាបាល
ឬប្រោសរបួសរបស់អ្នកឲ្យជាសះបានឡើយ។
14ដ្បិតយើងនឹងបានដូចជាសិង្ហដល់ពួកអេប្រាអិម
ហើយដូចជាសិង្ហស្ទាវដល់ពូជពង្សយូដា។
យើង គឺយើងនេះហើយនឹងហែកគេ
រួចចេញទៅបាត់ យើងនឹងពាំយកគេទៅ
ឥតមានអ្នកណាអាចជួយឲ្យរួចបានឡើយ។
15យើងនឹងវិលត្រឡប់ទៅរកកន្លែងរបស់យើង
រហូតទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន
ហើយស្វែងរកមុខយើង
ដ្បិតនៅពេលណាគេមានអាសន្ន
គេនឹងស្វែងរកយើងយ៉ាងអស់ពីចិត្ត។
ទើបបានជ្រើសរើសហើយ៖
ហូសេ 5: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies