ហូសេ 5

5
ការ​ជំនុំ​ជម្រះ​ដែល​នឹង​កើត​មាន​ដល់​អ៊ីស្រា‌អែល និង​យូដា
1ឱ​ពួក​សង្ឃ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ
ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ
ឱ​ពូជ‌ពង្សរបស់​ស្តេច​អើយ ចូរ​ផ្ទៀង​ត្រចៀក​ដែរ
ដ្បិត​ការជំនុំ​ជម្រះគឺ​សម្រាប់​អ្នក​រាល់​គ្នា​ហើយ
ដ្បិត​អ្នក​រាល់​គ្នា​ជា​អន្ទាក់​នៅ​មីសប៉ា
ហើយ​ជា​មង​ដែល​លាត​នៅ​លើ​ភ្នំ​តាបោរ។
2ពួក​ក្បត់​បាន​ផុង​ជ្រៅ​ទៅក្នុងទី​សម្លាប់
តែ​យើង​នឹង​វាយ​ប្រដៅ​គេ​ទាំង​អស់​គ្នា។
3យើង​ស្គាល់​អេប្រាអិម​ហើយ
ឯ​អ៊ីស្រា‌អែល​ក៏​មិន​កំបាំង​ពី​យើង​ដែរ
ដ្បិត​ឥឡូវ​នេះ ឱ​អេប្រាអិម​អើយ
អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ
គឺ​អ៊ីស្រា‌អែលសៅ​ហ្មង​ហើយ។
4អំពើ​ដែល​គេ​ប្រព្រឹត្ត
មិន​បើក​ឲ្យ​គេ​វិល​មក​រក​ព្រះ​របស់​គេ​វិញ​បាន​ឡើយ
ដ្បិត​និស្ស័យ​ពេស្យា​ចារ​នៅ​ក្នុង​គេ​ហើយ
គេ​មិន​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ។
5អំនួត​របស់​អ៊ីស្រា‌អែល ធ្វើ​បន្ទាល់​ទាស់​នឹង​គេ
អេប្រាអិម នឹង​ជំពប់​ដួលក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន
ឯ​យូដា​ក៏​នឹង​ជំពប់​ដួល​ជា​មួយ​គេ​ដែរ។
6គេ​នឹង​ទៅ​ស្វែង​រក​ព្រះ‌យេហូវ៉ា
ទាំង​មាន​ហ្វូង​គោ ហ្វូង​ចៀម​ទៅ​ជា‌មួយ
តែ​គេ​នឹង​រក​ព្រះ‌អង្គ​មិន​ឃើញ​ឡើយ
ដ្បិត​ព្រះ‌អង្គ​បាន​ថយ​ចេញ​ពី​គេ​ហើយ។
7គេ​បាន​ក្បត់នឹងព្រះ‌យេហូវ៉ា
ដ្បិត​គេ​បាន​បង្កើត​កូន​ឥត​ខាន់​ស្លា។
ឥឡូវ​នេះ បុណ្យ​ចូល​ខែ​ថ្មី​នឹង​ស៊ី​បង្ហិន​គេ
ព្រម​ទាំង​ស្រែ​ចម្ការ​របស់​គេ​ផង។
8ចូរ​ផ្លុំ​ស្នែង​នៅ​គី‌បៀរ ហើយ​ផ្លុំ​ត្រែ​នៅ​រ៉ាម៉ា
ចូរ​ប្រកាស​អាសន្ន​នៅ​បេត-អាវេន​ទៅ
ឱ​បេនយ៉ាមីន​អើយ យើង​តាម​ពី​ក្រោយ​អ្នក​ហើយ!
9នៅ​ថ្ងៃ​ដាក់​ទោស
អេប្រាអិម​នឹង​ត្រឡប់​ទៅ​ជា​ទី​ខូច‌បង់
នៅ​កណ្ដាល​កុល‌សម្ព័ន្ធ​នានា​របស់​អ៊ីស្រា‌អែល
យើងប្រកាស​ប្រាប់​ពីដំណឹង​ដ៏​ពិត​ប្រាកដ។
10ពួក​មេ​របស់​យូដា
ប្រៀប​ដូច​ជា​អស់​អ្នក​ដែល​ដក​បង្គោល​សីមា​ចោល
យើង​នឹង​ជះ​កំហឹង​របស់​យើង​ទៅ​លើ​គេ
ដូច​ជះ​ទឹក។
11អេប្រាអិម​រង​នូវ​ការ​សង្កត់‌សង្កិន
ត្រូវ​កិន​កម្ទេច​ក្នុង​ការ​វិនិច្ឆ័យ
ព្រោះ​គេ​បាន​ស្ម័គ្រ​ចិត្ត
ដេញ​តាម​អ្វី​ដែល​ឥត​ប្រយោជន៍។
12ដូច្នេះ យើង​នឹង​បាន​ដូច​ជា​ដង្កូវ​ដល់​ពួក​អេប្រាអិម
ហើយ​ដូច​ជា​សេចក្ដី​ពុក​ផុយ​ដល់​ពូជ‌ពង្ស​យូដា។
13កាល​អេប្រាអិម​ឃើញ​អាការៈ​រោគ​របស់​ខ្លួន
ហើយ​យូដា​ឃើញ​របួស​របស់​ខ្លួន
នោះ​អេប្រាអិម​ក៏​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ
ហើយ​ចាត់​គេ​ទៅ​គាល់​ស្ដេច​ដ៏​ជា​ធំ
ប៉ុន្ដែ ស្ដេច​នោះ​មិន​អាច​ព្យាបាល
ឬ​ប្រោស​របួស​របស់​អ្នក​ឲ្យជា​សះ​បាន​ឡើយ។
14ដ្បិត​យើង​នឹង​បាន​ដូច​ជា​សិង្ហ​ដល់​ពួក​អេប្រាអិម
ហើយ​ដូច​ជា​សិង្ហ​ស្ទាវ​ដល់​ពូជ‌ពង្ស​យូដា។
យើង គឺ​យើង​នេះ​ហើយ​នឹង​ហែក​គេ
រួច​ចេញ​ទៅ​បាត់ យើង​នឹង​ពាំ​យក​គេ​ទៅ
ឥត​មាន​អ្នក​ណា​អាច​ជួយ​ឲ្យ​រួច​បាន​ឡើយ។
15យើង​នឹង​វិល​ត្រឡប់​ទៅ​រក​កន្លែង​របស់​យើង
រហូត​ទាល់​តែ​គេ​បាន​ទទួល​ស្គាល់​ទោស​របស់​ខ្លួន
ហើយ​ស្វែង​រក​មុខ​យើង
ដ្បិត​នៅ​ពេល​ណាគេ​មាន​អាសន្ន
គេ​នឹង​ស្វែង​រក​យើង​យ៉ាង​អស់​ពី​ចិត្ត។

ទើបបានជ្រើសរើសហើយ៖

ហូសេ 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល