ហូសេ 7
7
1កាលយើងចង់ប្រោសអ៊ីស្រាអែលឲ្យជា
នោះអំពើទុច្ចរិតរបស់អេប្រាអិម
និងអំពើអាក្រក់របស់សាម៉ារីបានលេចមកឲ្យឃើញ
ដ្បិតគេបានប្រព្រឹត្តសេចក្ដីភូតភរ
ចោរចូលលួចនៅខាងក្នុង
ហើយខាងក្រៅមានចោរប្លន់។
2គេមិនគិតថា
យើងនឹកចាំពីអំពើអាក្រក់ទាំងប៉ុន្មានរបស់គេទេ។
ឥឡូវនេះ អំពើរបស់គេបានឡោមព័ទ្ធគេហើយ
អំពើទាំងនោះនៅចំពោះមុខយើង។
3គេធ្វើឲ្យស្តេចសប្បាយចិត្តដោយអំពើអាក្រក់របស់ខ្លួន
ក៏ធ្វើឲ្យពួកមេសប្បាយចិត្ត
ដោយសេចក្ដីភូតភររបស់ខ្លួនដែរ។
4គេសុទ្ធតែជាមនុស្សផិតក្បត់
គេប្រៀបដូចជាឡដែលអ្នកធ្វើនំបុ័ងបានបន្ថែមកម្ដៅ
ចាប់ពីពេលច្របាច់ម្សៅ រហូតដល់ម្សៅដោរឡើង។
5នៅថ្ងៃពិធីបុណ្យរបស់ស្តេចនៃយើង
ពួកមេទៅជាឈឺដោយកម្ដៅរបស់ស្រា
គេរួមគំនិតជាមួយពួកឡកឡឺយ។
6ចិត្តរបស់គេប្រៀបដូចជាឡដែលឆេះដោយអំពើទុច្ចរិត
ចិត្តកំរោលរបស់គេឆេះងំរហូតនៅពេលយប់
ហើយព្រលឹមឡើងក៏ឆាបឆេះធ្លោឡើង។
7គេទាំងអស់គ្នាក្តៅដូចជាឡ
ហើយគេបំផ្លាញពួកមេដឹកនាំរបស់ខ្លួន។
ស្តេចទាំងប៉ុន្មានរបស់គេបានដួលអស់
ក្នុងចំណោមពួកគេ
គ្មានអ្នកណាអំពាវនាវរកយើងឡើយ។
8អេប្រាអិមលាយខ្លួនជាមួយសាសន៍ដទៃ
អេប្រាអិមជានំដែលគេមិនបានប្រែ។
9ពួកមនុស្សដទៃបានបង្ហិនកម្លាំងរបស់គេ
តែគេមិនដឹងខ្លួនទេ
សក់គេស្កូវល្បាយនៅលើក្បាលទៅហើយ
តែគេមិនដឹងខ្លួនទៀត។
10អំនួតរបស់អ៊ីស្រាអែលធ្វើបន្ទាល់ទាស់នឹងគេ
តែគេមិនបានវិលត្រឡប់មករកព្រះយេហូវ៉ា
ជាព្រះរបស់គេទេ
ទោះបីកើតមានដូច្នេះក៏ដោយ
ក៏គេមិនបានស្វែងរកព្រះអង្គដែរ។
ការពឹងពាក់សាសន៍នានាដែលឥតប្រយោជន៍
11អេប្រាអិមប្រៀបដូចជាសត្វព្រាប
ដែលអាប់ឥតប្រាជ្ញា ហើយគ្មានគំនិត
គេហៅរកសាសន៍អេស៊ីព្ទ
រួចគេទៅពឹងស្រុកអាសស៊ើរ។
12ពេលគេចេញទៅ
យើងនឹងបោះសំណាញ់របស់យើងគ្របលើគេ
យើងនឹងទម្លាក់គេចុះ ដូចសត្វហើរលើអាកាស
យើងនឹងវាយផ្ចាលគេ នៅពេលយើងឮថា
គេជួបប្រជុំគ្នា។
13វេទនាដល់គេហើយ ដ្បិតគេបានងាកចេញពីយើង!
អន្តរាយដល់គេហើយ
ដ្បិតគេបានបះបោរប្រឆាំងនឹងយើង!
ទោះបើយើងចង់លោះគេក៏ដោយ
ក៏គេចេះតែនិយាយកុហកទាស់នឹងយើងដែរ។
14គេមិនបានស្រែករកយើងដោយស្មោះពីចិត្តទេ
តែគេបែរជាស្រែកទ្រហោ
នៅលើដំណេករបស់គេទៅវិញ
គេឆូតសាច់របស់ខ្លួនឲ្យបានស្រូវ
និងស្រាទឹកទំពាំងបាយជូរថ្មី
គេបះបោរប្រឆាំងនឹងយើង។
15ទោះបើយើងបានបង្ហាត់
ហើយចម្រើនកម្លាំងដៃគេក៏ដោយ
ក៏គេនៅតែបង្កើតគម្រោងអាក្រក់ប្រឆាំងនឹងយើងដែរ។
16គេវិលមកវិញ តែមិនមែនមករកព្រះដ៏ខ្ពស់បំផុតទេ
គេប្រៀបដូចជាធ្នូដែលបាញ់មិនត្រង់
ពួកមេរបស់គេនឹងដួលស្លាប់ដោយដាវ
ព្រោះតែសម្ដីព្រហើននៃអណ្ដាតរបស់ខ្លួន។
ហេតុការណ៍នេះនឹងក្លាយជាទីមើលងាយ
ដល់គេនៅស្រុកអេស៊ីព្ទ។
ទើបបានជ្រើសរើសហើយ៖
ហូសេ 7: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies