ហូសេ 8

8
អ៊ីស្រា‌អែល​បាន​ងាក​បែរ​ចេញ​ពី​ព្រះ
1ចូរ​ផ្អឹប​ត្រែ​នៅ​មាត់​របស់​អ្នក​ចុះ!
មាន​សត្រូវ​បោះ​ពួយដូច​ឥន្ទ្រី
មក​លើ​ដំណាក់​របស់​ព្រះ‌យេហូវ៉ា
ព្រោះ​ពួក​អ៊ីស្រា‌អែល​បាន​បំពាន
លើ​សេចក្ដី​សញ្ញា​របស់​យើង
ហើយ​បះ​បោរ​ប្រឆាំង​នឹង​ច្បាប់​របស់​យើង។
2គេ​ស្រែក​រក​យើង​ថា "ព្រះ​នៃ​ទូល​បង្គំ​អើយ
យើង​ខ្ញុំ​ជា​សាសន៍​អ៊ីស្រា‌អែល
ស្គាល់​ព្រះ‌អង្គ​ហើយ!"
3អ៊ីស្រា‌អែល​បាន​បោះ​បង់​ចោល​សេចក្ដី​ល្អ
ខ្មាំង​សត្រូវ​នឹង​ដេញ​តាម​គេ។
4គេ​បាន​តាំង​ស្តេច​ផ្សេងៗ​ឡើង
តែ​មិន​មែន​ដោយ‌សារ​យើង​ទេ
ក៏​បាន​តាំង​ពួក​មេដឹក​នាំ
តែ​យើង​មិន​បាន​ដឹង​ឡើយ។
គេ​បាន​យក​ប្រាក់ និង​មាស​របស់​ខ្លួន​ធ្វើ​ជា​រូប​ព្រះ
ជា​ការ​ដែល​នាំ​ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស។
5ឱ​សាម៉ារី​អើយ
យើង​បាន​បោះ​ចោល​រូប​កូន​គោ​របស់​អ្នក​ហើយ
កំហឹង​របស់​យើង​បាន​ឆួល​ឡើង​ទាស់​នឹង​គេ។
តើ​ដល់​ពេល​ណា​ទើប​គេ​ជ្រះ​ស្អាត​វិញ?
6ដ្បិត​រូប​កូន​គោ​នោះ​កើត​ចេញពី​អ៊ីស្រា‌អែល
ជាង​បាន​ធ្វើ​វា​ឡើង វា​មិន​មែន​ជា​ព្រះ​ទេ។
រូប​កូន​គោ​របស់​សាម៉ារី​នឹង​ត្រូវ​បែក​បាក់​ខ្ទេច‌ខ្ទី។
7ដ្បិត​គេ​បាន​សាប‌ព្រោះ​ខ្យល់
ហើយ​គេ​នឹង​ច្រូត​បាន​ជា​ខ្យល់​គួច។
ស្រូវ​របស់​គេ​ស្កក ឥត​មាន​គ្រាប់
គ្មាន​អ្វី​យក​មក​ធ្វើ​ម្សៅ​ឡើយ
ហើយ​ប្រសិន‌បើ​បាន​ផល
នោះ​មនុស្ស​ដទៃ​នឹង​លេប​បាត់​ទៅ។
8អ៊ីស្រា‌អែល​ត្រូវ​លេប​បាត់​ហើយ
ឥឡូវ​នេះ គេ​ស្ថិត​នៅ​ក្នុង​ចំណោម​សាសន៍​នានា
ដូច​ភាជនៈ​ដែល​គ្មាន​អ្នក​ណា​ចង់​បាន។
9ដ្បិត​គេ​បាន​ឡើង​ទៅ​ស្រុក​អាស‌ស៊ើរ
ដូច​ជា​លា​ព្រៃ​ដែល​នៅ​ដាច់​តែ​ឯង
អេប្រាអិម​បាន​ជួល​គូស្នេហ៍។
10ទោះ​បើ​គេ​ជូន​សំណូក​ដល់​សាសន៍​ដទៃ​ក៏​ដោយ
យើង​នឹង​ប្រមូល​ផ្ដុំ​ពួក​គេភ្លាម
ហើយ​ស្តេច និង​ពួក​មេ​ដឹក​នាំ
នឹង​ត្រូវ​រង​ទុក្ខ​វេទនា​ភ្លាម​ដែរ
ដោយ​ព្រោះ​តែ​បង់​សួយ​សារ‌អាករ។
11ដោយ​ព្រោះ​អេប្រាអិម​បាន​សង់​អាសនា
ច្រើន​ឡើងៗ​សម្រាប់​ធ្វើ​បាប
អាសនា​ទាំង​នោះ​ក៏​ត្រឡប់​ជា​ទី
ដែលនាំ​ឲ្យ​គេ​ធ្វើ​បាប​ដែរ។
12ទោះ​បើ​យើង​សរ‌សេរ​អស់​ទាំង​មាត្រា​ច្បាប់
របស់​យើង​ទុក​សម្រាប់​គេ​ក៏​ដោយ
ក៏​គេ​ចាត់​ទុក​ជា​ច្បាប់​ដទៃ​ដែរ។
13រី​ឯ​តង្វាយ​យញ្ញ‌បូជា​ដែល​ត្រូវ​ថ្វាយ​ដល់​យើង
នោះ​គេ​សម្លាប់​សត្វ ដើម្បី​ឲ្យ​តែ​បាន​សាច់​ស៊ី​ប៉ុណ្ណោះ
តែ​ព្រះ‌យេហូវ៉ា​មិន​ទទួល​ទេ
ឥឡូវ​នេះ ព្រះ‌អង្គ​នឹង​នឹក​ចាំ​ពី​អំពើ​ទុច្ចរិត​របស់​គេ
ហើយ​ដាក់​ទោស​អំពើ​បាប​របស់​គេ
គេ​នឹង​វិល​ទៅ​ស្រុក​អេស៊ីព្ទ​វិញ។
14ដ្បិត​អ៊ីស្រា‌អែល​បាន​បំភ្លេច​ព្រះ​ដែល​បង្កើត​ខ្លួន
ក៏​សង់​វិមាន​ផ្សេងៗ​ឡើង
ហើយ​យូដា​បាន​សង់​ទី​ក្រុង
ដែល​មាន​កំផែង​ការ​ពារ​កាន់​តែ​ច្រើន
តែ​យើង​នឹង​ចាត់​ភ្លើង​ទៅ​លើ​ទី​ក្រុង​របស់​គេ
ភ្លើង​នោះ​នឹង​បំផ្លាញ​ទី​មាំ​មួន​របស់​គេ​ទៅ។

ទើបបានជ្រើសរើសហើយ៖

ហូសេ 8: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល