អេសាយ 31
31
អេស៊ីព្ទពុំអាចជួយអ៊ីស្រាអែលបានឡើយ
1វេទនាដល់ពួកអ្នកដែលចុះទៅឯស្រុកអេស៊ីព្ទ
ដើម្បីរកគេជួយ ព្រមទាំងពឹងដល់សេះ
ហើយទុកចិត្តនឹងរទេះចម្បាំង ដោយព្រោះគេមានជាច្រើន
ហើយនឹងពលសេះផង ដោយព្រោះគេមានកម្លាំងណាស់
ឥតសង្ឃឹមដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
ឬស្វែងរកព្រះយេហូវ៉ាសោះ។
2ឯព្រះអង្គវិញ ព្រះអង្គក៏មានប្រាជ្ញាដែរ
ព្រះអង្គនឹងនាំសេចក្ដីវេទនាមក
ហើយមិនព្រមដកព្រះបន្ទូលរបស់ព្រះអង្គវិញឡើយ
គឺព្រះអង្គនឹងក្រោកឡើងទាស់នឹងពួកវង្ស
របស់អ្នកដែលប្រព្រឹត្តអាក្រក់
ហើយទាស់នឹងអស់អ្នកដែលចូលដៃ
ជាមួយពួកប្រព្រឹត្តអំពើទុច្ចរិតនោះ។
3រីឯពួកសាសន៍អេស៊ីព្ទ
គេគ្រាន់តែជាមនុស្សប៉ុណ្ណោះ មិនមែនជាព្រះទេ
ហើយសេះរបស់គេគ្រាន់តែជាសាច់ឈាមដែរ
មិនមែនជាវិញ្ញាណឡើយ
ដូច្នេះ កាលណាព្រះយេហូវ៉ាលូកសន្ធឹងព្រះហស្តទៅ
នោះទោះទាំងអ្នកដែលជួយក៏នឹងចំពប់
ហើយអ្នកដែលគេជួយក៏នឹងដួលដែរ
គេនឹងត្រូវវិនាសទៅទាំងអស់គ្នា។
4ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំដូច្នេះថា
ព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គនឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន
ហើយលើទីទួលនៃភ្នំនោះ ប្រៀបដូចជាសិង្ហ
និងកូនវា ដែលគ្រហឹមពីលើរំពា
ទោះបើគេហៅពួកគង្វាលជាច្រើនមកបង្ក្រាបវាក៏ដោយ
តែវាមិនភ័យខ្លាច ដោយឮសំឡេងគេ
ឬក្រាបចុះ ដោយព្រោះសូរយុកយាក់របស់គេឡើយ។
5ព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គនឹងការពារក្រុងយេរូសាឡិម
ដូចជាសត្វស្លាបដែលហើររេរាការពារសម្បុកដែរ
ព្រះអង្គនឹងការពារ ហើយជួយឲ្យរួច
ព្រះអង្គនឹងហោះពីលើ ហើយរារាំងផង។
6ឱកូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មករកព្រះអង្គ ដែលអ្នករាល់គ្នាបានបះបោរនឹងព្រះអង្គជាខ្លាំងទៅហើយ 7ពីព្រោះនៅគ្រានោះ គ្រប់មនុស្សទាំងអស់នឹងបោះចោលរូបព្រះធ្វើពីប្រាក់ ហើយពីមាស ដែលដៃអ្នករាល់គ្នាបានធ្វើសម្រាប់ខ្លួន ដែលរាប់ថាជាអំពើបាប។
8នោះពួកអាសស៊ើរនឹងដួលស្លាប់ដោយដាវ
មិនមែនជាដាវរបស់មនុស្សដែរ
ហើយដាវនោះដែលមិនមែនជារបស់មនុស្ស
នឹងផ្តិលគេបង់ គេនឹងរត់ពីដាវ
ហើយពួកកំលោះៗរបស់គេ នឹងត្រូវធ្វើជាឈ្លើយ។
9ឯថ្មដារបស់គេនឹងបាត់ទៅ ដោយព្រោះសេចក្ដីតក់ស្លុត
ហើយពួកចៅហ្វាយរបស់គេនឹងស្រយុតចិត្ត
ដោយព្រោះទង់ជ័យ
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
ដែលភ្លើងរបស់ព្រះអង្គកំពុងឆេះនៅក្រុងស៊ីយ៉ូន
ហើយគុកភ្លើងរបស់ព្រះអង្គក៏នៅក្រុងយេរូសាឡិមដែរ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 31: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies