អេសាយ 31

31
អេស៊ីព្ទ​ពុំ​អាច​ជួយ​អ៊ីស្រា‌អែល​បាន​ឡើយ
1វេទនា​ដល់​ពួក​អ្នក​ដែល​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ
ដើម្បី​រក​គេ​ជួយ ព្រម​ទាំង​ពឹង​ដល់​សេះ
ហើយ​ទុក​ចិត្ត​នឹង​រទេះ​ចម្បាំង ដោយ​ព្រោះ​គេ​មាន​ជា​ច្រើន
ហើយ​នឹង​ពល​សេះ​ផង ដោយ​ព្រោះ​គេ​មាន​កម្លាំង​ណាស់
ឥត​សង្ឃឹម​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល
ឬ​ស្វែង​រក​ព្រះ‌យេហូវ៉ា​សោះ។
2ឯ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​ក៏​មាន​ប្រាជ្ញា​ដែរ
ព្រះ‌អង្គ​នឹង​នាំ​សេចក្ដី​វេទនា​មក
ហើយ​មិន​ព្រម​ដក​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​វិញ​ឡើយ
គឺ​ព្រះ‌អង្គ​នឹង​ក្រោក​ឡើង​ទាស់​នឹង​ពួក​វង្ស
របស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់
ហើយ​ទាស់​នឹង​អស់​អ្នក​ដែល​ចូល​ដៃ
ជា‌មួយ​ពួក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នោះ។
3រីឯ​ពួក​សាសន៍​អេស៊ីព្ទ
គេ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ មិន​មែន​ជា​ព្រះ​ទេ
ហើយ​សេះ​របស់​គេ​គ្រាន់​តែ​ជា​សាច់​ឈាម​ដែរ
មិន​មែន​ជា​វិញ្ញាណ​ឡើយ
ដូច្នេះ កាល​ណា​ព្រះ‌យេហូវ៉ា​លូក​សន្ធឹង​ព្រះ‌ហស្ត​ទៅ
នោះ​ទោះ​ទាំង​អ្នក​ដែល​ជួយ​ក៏​នឹង​ចំពប់
ហើយ​អ្នក​ដែល​គេ​ជួយ​ក៏​នឹង​ដួល​ដែរ
គេ​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​អស់​គ្នា។
4ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា
ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ព្រះ‌អង្គ​នឹង​យាង​ចុះ​មក​ច្បាំង​លើ​ភ្នំ​ស៊ីយ៉ូន
ហើយ​លើ​ទី​ទួល​នៃ​ភ្នំ​នោះ ប្រៀប​ដូច​ជា​សិង្ហ
និង​កូន​វា ដែល​គ្រហឹម​ពី​លើ​រំពា
ទោះ​បើ​គេ​ហៅ​ពួក​គង្វាល​ជា​ច្រើន​មក​បង្ក្រាប​វា​ក៏​ដោយ
តែ​វា​មិន​ភ័យ​ខ្លាច ដោយ​ឮ​សំឡេង​គេ
ឬ​ក្រាប​ចុះ ដោយ​ព្រោះ​សូរ​យុក‌យាក់​របស់​គេ​ឡើយ។
5ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ព្រះ‌អង្គ​នឹង​ការពារ​ក្រុង​យេរូ‌សាឡិម
ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ​រេរា​ការពារ​សម្បុក​ដែរ
ព្រះ‌អង្គ​នឹង​ការពារ ហើយ​ជួយ​ឲ្យ​រួច
ព្រះ‌អង្គ​នឹង​ហោះ​ពី​លើ ហើយ​រារាំង​ផង។
6ឱ​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​ត្រឡប់​មក​រក​ព្រះ‌អង្គ ដែល​អ្នក​រាល់​គ្នា​បាន​បះ‌បោរ​នឹង​ព្រះ‌អង្គ​ជា​ខ្លាំង​ទៅ​ហើយ 7ពី​ព្រោះ​នៅ​គ្រា​នោះ គ្រប់​មនុស្ស​ទាំង​អស់​នឹង​បោះ​ចោល​រូប​ព្រះ​ធ្វើ​ពី​ប្រាក់ ហើយ​ពី​មាស ដែល​ដៃ​អ្នក​រាល់​គ្នា​បាន​ធ្វើ​សម្រាប់​ខ្លួន ដែល​រាប់​ថា​ជា​អំពើ​បាប។
8នោះ​ពួក​អាស‌ស៊ើរ​នឹង​ដួល​ស្លាប់​ដោយ​ដាវ
មិន​មែន​ជា​ដាវ​របស់​មនុស្ស​ដែរ
ហើយ​ដាវ​នោះ​ដែល​មិន​មែន​ជា​របស់​មនុស្ស
នឹង​ផ្តិល​គេ​បង់ គេ​នឹង​រត់​ពី​ដាវ
ហើយ​ពួក​កំលោះៗ​របស់​គេ នឹង​ត្រូវ​ធ្វើ​ជា​ឈ្លើយ។
9ឯ​ថ្មដា​របស់​គេ​នឹង​បាត់​ទៅ ដោយ​ព្រោះ​សេចក្ដី​តក់‌ស្លុត
ហើយ​ពួក​ចៅ‌ហ្វាយ​របស់​គេ​នឹង​ស្រយុត​ចិត្ត
ដោយ​ព្រោះ​ទង់‌ជ័យ
នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
ដែល​ភ្លើង​របស់​ព្រះ‌អង្គ​កំពុង​ឆេះ​នៅ​ក្រុង​ស៊ីយ៉ូន
ហើយ​គុក​ភ្លើង​របស់​ព្រះ‌អង្គ​ក៏​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 31: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល