អេសាយ 40

40
ព្រះ​សម្រាល​ទុក្ខ​ប្រជារាស្ត្ររបស់​ព្រះ‌អង្គ
1ព្រះ​នៃ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖
ចូរ​កម្សាន្ត​ទុក្ខ ចូរ​កម្សាន្ត​ទុក្ខ​ប្រជា‌រាស្ត្រ​របស់​យើង
2ចូរ​លួង‌លោម​ចិត្ត​ដល់​ក្រុង​យេរូ‌សាឡិម
ហើយ​ស្រែក​ប្រាប់​ក្រុង​នោះ​ថា
គ្រា​ធ្វើ​សឹក​សង្គ្រាម​របស់​គេ​បានចប់​សព្វ​គ្រប់​ហើយ
អំពើ​ទុច្ចរិត​របស់​គេ​ក៏​ទទួល​បានការ​អត់​ទោស
ហើយ​គេ​បាន​ទទួល​មួយ​ជា​ពីរ​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា
ស្នង​នឹង​អំពើ​បាប​របស់​គេ​ដែរ»។
3មាន​ឮ​សំឡេង​មួយ​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា៖
«ចូរ​រៀបចំ​ផ្លូវ​សម្រាប់​ទទួល​ព្រះ‌យេហូវ៉ា
ចូរ​ធ្វើ​ឲ្យ​មាន​ថ្នល់​រាប​ស្មើ​នៅ​ទី​ស្ងាត់
ថ្វាយ​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ។
4ឯ​គ្រប់​ទាំង​ច្រក​ភ្នំ នោះ​នឹង​ត្រូវ​លើក​ឡើង
ហើយ​គ្រប់​ទាំង​ភ្នំ​ធំ​តូច នឹង​ត្រូវ​ពង្រាប​ទៅ
នៅ​កន្លែង​ណា​ដែល​គ្រលិក‌គ្រលុក នោះ​ត្រូវ​ធ្វើ​ឲ្យ​ស្មើ
ហើយ​កន្លែង​ណា​ដែល​រដិប‌រដុប​នឹង​ត្រូវ​ធ្វើ​ឲ្យ​រាប​ចុះ
5នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​សម្ដែង​មក
គ្រប់​មនុស្ស​ទាំង‌ឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា
ដ្បិត​ព្រះ‌ឧស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ»។
6មាន​ឮ​សំឡេង​មួយ​កំពុង​តែ​ថា៖
«ចូរ​ប្រកាស​ចុះ» នោះ​មាន​ម្នាក់​សួរ​ថា៖
«តើ​ត្រូវ​ឲ្យ​ស្រែក​ថា​ដូច​ម្តេច?»។
ចូរ​ថា៖ «មនុស្ស​ជាតិ​ទាំង‌ឡាយ​ប្រៀប​ដូច​ជា​ស្មៅ
ហើយ​អំពើ​ដ៏​ល្អ​ទាំង​ប៉ុន្មាន​របស់​គេ​ក៏​ដូច​ជា​ផ្កា​នៅ​ទី​វាល។
7ឯ​ស្មៅ​ក៏​ស្វិត​ក្រៀម​ទៅ ហើយ​ផ្កា​រោយ‌រុះ​ចុះ
ដោយ​ព្រោះ​ខ្យល់​ដង្ហើម​នៃ​ព្រះ‌យេហូវ៉ា​បក់​មក​ត្រូវ
ឯ​បណ្ដា‌ជន គេ​ពិត​ដូច​ជា​ស្មៅ​ដែរ។
8ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះ​ចុះ
តែ​ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា
ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប»។
9ឱ​ក្រុង​ស៊ីយ៉ូន ជា​អ្នក​នាំ​ដំណឹង​ល្អ​អើយ
ចូរ​ឡើង​ទៅ​ប្រកាស​ប្រាប់​ពី​លើ​ភ្នំ​ខ្ពស់​ចុះ
ឱ​យេរូសាឡិម ជា​អ្នក​នាំ​ដំណឹង​ល្អ​អើយ
ចូរ​បន្លឺ​សំឡេង​ឡើង​ជា​ខ្លាំង ចូរ​បន្លឺ​ឡើង កុំ​ខ្លាច​ឡើយ
ចូរ​ប្រាប់​ដល់​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ថា
"មើល៍ ព្រះ​នៃ​អ្នក​រាល់​គ្នា!"។
10មើល៍ ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​យាង​មក
ដោយ​មាន​ព្រះ‌ចេស្តា
ហើយ​ព្រះ‌ពាហុ​នៃ​ព្រះ‌អង្គ​នឹង​កាន់‌កាប់​ត្រួត‌ត្រា​ឲ្យ​ព្រះ‌អង្គ
ព្រះ‌អង្គ​នាំ​យក​រង្វាន់​មក​ជា‌មួយ
ហើយ​បំណាច់​ដែល​ព្រះ‌អង្គ​សង​ដល់​គេ​ក៏​នៅ​ចំពោះ​ព្រះ‌អង្គ។
11ព្រះ‌អង្គ​នឹង​ឃ្វាល​ហ្វូង​របស់​ព្រះ‌អង្គ ដូច​ជា​គង្វាល
ព្រះ‌អង្គ​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ‌ពាហុ
ហើយ​លើក​ផ្ទាប់​នៅ​ព្រះ‌ឧរា ក៏​នឹង​នាំ​ពួក​មេៗ
ដែល​មាន​កូន​ខ្ចី ទៅ​ដោយ​ថ្នម។
12តើ​អ្នក​ណា​បាន​វាល់​ទឹក​ទាំង​ប៉ុន្មាន​ដោយ​ក្បង់​ដៃ
ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ
ព្រម​ទាំង​ដាក់​ធូលី​ដី​ទាំង​អស់​ចុះ​ក្នុង​រង្វាល់
ហើយ​ថ្លឹង​អស់​ទាំង​ភ្នំ​ធំ ដោយ​ជញ្ជីង
និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដោយ​ជញ្ជីង
13តើ​អ្នក​ណា​បាន​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា
ឬ​បាន​បង្រៀន​ព្រះ‌អង្គ​ដោយ​ខ្លួន​ធ្វើ​ជា​អ្នក​ជួយ​ប្រឹក្សា?
14តើ​ព្រះ‌អង្គ​បាន​ប្រឹក្សា​នឹង​អ្នក​ណា ហើយ​អ្នក​ណា​បាន​ពន្យល់​ព្រះ‌អង្គ
ឬ​បង្រៀន​ព្រះ‌អង្គ​ក្នុង​ផ្លូវ​យុត្តិ‌ធម៌?
ឬ​ឲ្យ​ព្រះ‌អង្គ​មាន​ចំណេះ ឬ​បង្ហាញ​ផ្លូវ​នៃ​យោបល់​ដល់​ព្រះ‌អង្គ?
15អស់​ទាំង​សាសន៍​ប្រៀប​ដូច​ជា​ទឹក​មួយ​ដំណក់​នៅ​ក្នុង​ថាំង
ហើយ​ក៏​រាប់​ទុក​ដូច​ជា​លម្អង​ធូលី​នៅ​លើ​ថាស​ជញ្ជីង​ដែរ
ព្រះ‌អង្គ​លើក​កោះ​ទាំង​ប៉ុន្មាន​ឡើង ដូច​ជា​របស់​យ៉ាង​តិច​តួច
16ឯ​ព្រៃ​ល្បាណូន​នោះ​មិន​គ្រាន់​នឹង​ដុត
ហើយ​សត្វ​ទាំង​ប៉ុន្មាន​នៅ​ព្រៃ​នោះ
ក៏​មិន​ល្មម​នឹង​ធ្វើ​ជា​តង្វាយ​ដុត​ផង។
17អស់​ទាំង​សាសន៍​រាប់​ដូច​ជាគ្មាន​តម្លៃ​នៅ​ចំពោះ​ព្រះ‌អង្គ
ព្រះ‌អង្គ​រាប់​គេ​ទុក​ដូច​ជា​តិច​ជាង​សូន្យ​ទៅ​ទៀត
ហើយ​ជា​ឥត​ប្រយោជន៍​ផង។
18ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹង​ធៀប​ផ្ទឹម​ព្រះ ដូច​ជា​អ្នក​ណា
ឬ​ប្រៀប​ព្រះ‌អង្គ​ទៅ​នឹង​អ្វី?
19ឯ​រូប​ព្រះ គឺ​មាន​ជាង​ម្នាក់​បាន​សិត​ធ្វើ​ទេ
ហើយ​ជាង​ទង គេ​ស្រោប​ដោយ​មាស ក៏​ធ្វើ​ខ្សែ​ប្រាក់​ឲ្យ​ផង។
20ចំណែក​អ្នក​ណា​ដែល​ខ្វះ‌ខាត​គ្មាន​ល្មម​នឹង​ធ្វើ​ដូច្នោះ​បាន
គេ​ក៏​រើស​យក​ឈើ​ដែល​មិន​ចេះ​ពុក​វិញ
គេ​រក​ជាង​មាន​ស្នាដៃ​មក​ឆ្លាក់​ធ្វើ​រូប​មួយ​តម្កល់​ឡើង​ជាប់
មិន​ឲ្យ​ត្រូវ​រើ​ចេញ​ឡើយ។
21តើ​អ្នក​រាល់​គ្នា​មិន​បាន​ដឹង​ទេ​ឬ តើ​មិន​បាន​ឮ
តើ​ឥត​មាន​អ្នក​ណា​ប្រាប់​ដល់​អ្នក​រាល់​គ្នា តាំង​ពី​ដើម​មក
តើ​អ្នក​រាល់​គ្នា​មិន​បាន​យល់​សេចក្ដី
តាំង​ពី​កំណើត​លោកិយ៍​រៀង​មក​ទេ​ឬ?
22គឺ​ព្រះ​ដែល​គង់​ពី​លើ​រង្វង់​ផែនដី
ហើយ​មនុស្ស​នៅ​ផែនដី​ប្រៀប​ដូច​ជា​កណ្តូប
គឺ​ព្រះ‌អង្គ​ដែល​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ
ហើយ​សន្ធឹង​ទៅ ដូច​ជា​ត្រសាល​សម្រាប់​អាស្រ័យ​នៅ
23ព្រះ‌អង្គ​ទម្លាក់​ងារ​ពួក​អ្នក​គ្រប់‌គ្រង​ឲ្យ​សូន្យ​ទៅ
ក៏​ធ្វើ​ឲ្យ​ពួក​ចៅ‌ក្រម​នៅ​ផែនដី​ទៅ​ជា​ឥត​ប្រយោជន៍​ដែរ
24អើ​ពួក​ទាំង​នោះ​នឹង​មិន​ដែល​បាន​ដាំ​ចុះ​ឡើយ
ក៏​នឹង​បាន​សាប‌ព្រោះ​សឹង​តែ​មិន​ទាន់​ផង
ដើម​គេ​នឹង​មិន​ដែល​ចាក់​ឫស​ចុះ​ក្នុង​ដី​ឡើយ
ព្រះ‌អង្គ​នឹង​ផ្លុំ​ខ្យល់​ទៅ នោះ​គេ​នឹង​ស្វិត​ក្រៀម
រួច​ខ្យល់​កួច​នឹង​ផាត់​យក​គេ​ទៅ ដូច​ជា​ជញ្ជ្រាំង។
25ដូច្នេះ ព្រះ​ដ៏​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖
«តើ​អ្នក​រាល់​គ្នា​នឹង​ប្រៀប​ផ្ទឹម​យើង​ដូច​ជា​អ្នក​ណា
ឬ​អ្នក​ឲ្យ​ស្មើ​នឹង​យើង​នោះ?
26ចូរ​ងើយ​ភ្នែក​អ្នក​មើល​ទៅ​លើ
ហើយ​ពិចារ‌ណា​ពី​អ្នក​ណា​ដែល​បាន​បង្កើត​របស់​ទាំង​នេះ
ដែល​នាំ​ឲ្យ​ពួក​ពល‌បរិវារ​ចេញ​មក​តាម​ចំនួន​ដូច្នេះ
ព្រះ‌អង្គ​ក៏​ហៅ​របស់​ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ
ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ
ហើយ​គ្មាន​ណា​មួយ​ខាន​ឡើយ
ដោយ​ព្រោះ​តេជា‌នុភាព​ដ៏​ខ្លាំង‌ក្លា​ដែរ។
27ឱ​ពួក​យ៉ាកុប​អើយ ហេតុ​អ្វី​បាន​ជា​និយាយ
ឱ​ពួក​អ៊ីស្រា‌អែល​អើយ ហេតុ​អ្វី​បាន​ជា​ថា
ផ្លូវ​ដែល​អ្នក​ប្រព្រឹត្ត នោះ​លាក់​កំបាំង​នឹង​ព្រះ‌យេហូវ៉ា
ហើយ​រឿង‌រ៉ាវ​របស់​អ្នក​បាន​រំលង​ផុត​ពី​ព្រះ​នៃ​អ្នក​ដូច្នេះ?
28តើ​អ្នក​មិន​បាន​ដឹង តើ​មិន​បាន​ឮ​ទេ​ឬ
ថា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប​ជា‌និច្ច
គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី
រហូត​ដល់​ចុង​បំផុត
ព្រះ‌អង្គ​មិន​ដែល​ល្វើយ​ឡើយ ក៏​មិន​ដែល​អស់​កម្លាំង​ផង
គ្មាន​អ្នក​ណា​អាច​ស្ទង់​យល់​យោបល់​របស់​ព្រះ‌អង្គ​បាន​ទេ។
29ព្រះ‌អង្គ​រមែង​ចម្រើន​កម្លាំង​ដល់​អ្នក​ដែល​ល្វើយ
ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កម្លាំង​សោះ
នោះ​ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ។
30ទោះ​ទាំង​ពួក​ជំទង់ គេ​នឹង​ល្វើយ ហើយ​នឿយ​ហត់
ពួក​កំលោះ​ក៏​នឹង​ដួល​ដែរ។
31តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ
នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជា‌និច្ច
គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី
គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់
ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ»។

ទើបបានជ្រើសរើសហើយ៖

អេសាយ 40: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល