អេសាយ 41

41
ព្រះ‌អម្ចាស់​ជា​ទី​ពឹង​ផ្អែក​របស់​ជន​ជាតិ​អ៊ីស្រា‌អែល
1ឱ​កោះ​ទាំង​ប៉ុន្មាន​អើយ ចូរ​នៅ​ស្ងៀម​នៅ​មុខ​យើង​ចុះ
ហើយ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​ចម្រើន​កម្លាំង​ឡើង
ត្រូវ​ឲ្យ​គេ​ចូល​មក​ជិត រួច​ឲ្យ​គេ​និយាយ​ចុះ
ចូរ​យើង​មូល​គ្នា​មក​វិនិច្ឆ័យ​សម្រេច​ក្តី​យើង។
2តើ​អ្នក​ណា​បាន​លើក​ម្នាក់​ឡើង​ពី​ទិស​ខាង​កើត
ទាំង​ហៅ​មក​ដល់​ជើង​ខ្លួន​ក្នុង​សេចក្ដី​សុចរិត
ព្រម​ទាំង​ប្រគល់​អស់​ទាំង​សាសន៍​ដល់​អ្នក​នោះ
ហើយ​លើក​ឲ្យ​គ្រប់‌គ្រង​លើ​អស់​ទាំង​ស្តេច​ផង
ក៏​យក​គេ​ដូច​ជា​ធូលី ប្រគល់​ដល់​ដាវ​របស់​អ្នក​នោះ
ហើយ​ដូច​ជា​ចំបើង ដែល​ត្រូវ​ផាត់​តាម​ខ្យល់
ដោយ​ធ្នូ​ដែរ។
3អ្នក​នោះ​ដេញ​តាម​គេ ក៏​ដើរ​ដោយ​សុខ‌សាន្ត
ទៅ​តាម​ផ្លូវ​ដែល​ជើង​ខ្លួន​មិន​ដែល​ជាន់​ឡើយ
4តើ​អ្នក​ណា​បាន​ធ្វើ ហើយ​សម្រេច​ការ​នេះ
ដោយ​ហៅ​អស់​ទាំង​តំណ​មនុស្ស​តាំង​ពី​ដើម​មក
គឺយើង យេហូវ៉ា​នេះ ដែល​ជា​ដើម
ហើយ​ជា​អ្នក​នៅ​ជា‌មួយ​មនុស្ស​ជាន់​ក្រោយ​បង្អស់​ដែរ
គឺ​យើង​នេះ​ហើយ
5កោះ​ទាំង​ប៉ុន្មាន​បាន​ឃើញ ហើយ​ក៏​ភ័យ​ខ្លាច
អស់​ទាំង​ចុង​ផែនដី​ក៏​ញាប់‌ញ័រ គេ​នាំ​គ្នា​ចូល​មក​ជិត។
6គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក
ហើយ​គ្រប់​គ្នា​និយាយ​ដល់​បង‌ប្អូន​ខ្លួន​ថា
"ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង"
7ដូច្នេះ ជាង​ឈើ​គេ​កម្លា​ចិត្ត​ជាង​ទង
ហើយ​អ្នក​ដែល​ផែ​ដោយ​ញញួរ
ក៏​កម្លា​ចិត្ត​ដល់​អ្នក​ដែល​ដំដែក
ដោយ​និយាយ​ពី​ការ​ផ្សា​ថា
នេះ​ល្អ​ហើយ រួច​ក៏​វាយ​ភ្ជាប់​ដោយ​ដែក​គោល
ដើម្បី​មិន​ឲ្យ​រើ​ទៅ​ឯ​ណា​ឡើយ។
8តែ​អ្នក ឱ​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​យើង​អើយ
ព្រម​ទាំង​យ៉ាកុប ដែល​យើង​បាន​រើស
ជា​ពូជ​អ័ប្រា‌ហាំ ដ៏​ជា​សម្លាញ់​របស់​យើង​ផង
9គឺ​អ្នក​ដែល​យើង​បាន​ចាប់​នាំ​មក​ពី​ចុង​ផែនដី
ហើយ​បាន​ហៅ​មក​ពី​ទី​ឆ្ងាយ​បំផុត
ដោយ​និយាយ​នឹង​អ្នក​ថា
អ្នក​ជា​អ្នក​បម្រើ​របស់​យើង
យើង​បាន​រើស​អ្នក មិន​មែន​បោះ‌បង់​ចោល​អ្នក​ទេ
10កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក
កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​យើង​ជា​ព្រះ​នៃ​អ្នក
យើង​នឹង​ចម្រើន​កម្លាំង​ដល់​អ្នក
យើង​នឹង​ជួយ​អ្នក
យើង​នឹង​ទ្រ​អ្នក ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​យើង។
11មើល៍ អស់​អ្នក​ដែល​ខឹង​ក្តៅ​ក្រហាយ​នឹង​អ្នក
គេ​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​នៅ
ពួក​អ្នក​ដែល​ត​តាំង​នឹង​អ្នក
គេ​នឹង​បាន​ដូច​ជា​ទទេ​សោះ
ហើយ​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ។
12អ្នក​នឹង​រក​គេ គឺ​ពួក​អ្នក​ដែល​ត​តាំង​នឹង​អ្នក​នោះ
តែ​មិន​ប្រទះ​ឃើញ​ឡើយ
ឯ​ពួក​អ្នក​ដែល​ច្បាំង​នឹង​អ្នក គេ​នឹង​បាន​ដូច​ជា​ទទេ​សោះ
ហើយ​ដូច​ជា​របស់​ដែល​គ្មាន​ផង។
13ដ្បិត​យើង​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក
យើង​នឹង​កាន់​ដៃ​ស្តាំ​អ្នក ដោយ​ពោល​នឹង​អ្នក​ថា
កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ យើង​នឹង​ជួយ​អ្នក
14ឱ​យ៉ាកុប​ជា​ដង្កូវ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ
ហើយ​អ្នក​រាល់​គ្នា ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែរ
ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
«យើង​នឹង​ជួយ​អ្នក ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល
ព្រះ‌អង្គ​ជា​អ្នក​ប្រោស​លោះ​អ្នក។
15មើល៍! យើង​បាន​យក​អ្នក​ធ្វើ​ជា​គ្រឿង​បញ្ជាន់​យ៉ាង​ថ្មី
ហើយ​មុត ដែល​មាន​ធ្មេញ
អ្នក​នឹង​បញ្ជាន់​អស់​ទាំង​ភ្នំ​ធំ ព្រម​ទាំង​វាយ​កម្ទេច
ហើយ​អ្នក​នឹង​ធ្វើ​ឲ្យ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដូច​ជា​អង្កាម។
16អ្នក​នឹង​រោយ​គេ ហើយ​ខ្យល់​នឹង​ផាត់​បាត់​ទៅ
ឯ​ខ្យល់​កួច នឹង​កម្ចាត់‌កម្ចាយ​គេ​អស់​ទៅ​ដែរ
អ្នក​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា
អ្នក​នឹង​យក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល
ជា​ទី​អួត​របស់​អ្នក។
17ពួក​ក្រីក្រ និង​ពួក​កម្សត់​ទុគ៌ត គេ​រក​ទឹក
តែ​គ្មាន​សោះ
គេ​ខះ​ក​ដោយ​ស្រេក​ទឹក
ឯ​យើង គឺ​ព្រះ‌យេហូវ៉ា យើង​នឹង​តប​ឆ្លើយ​នឹង​គេ
យើង​នេះ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល
យើង​នឹង​មិន​បោះ‌បង់​ចោល​គេ​ឡើយ។
18យើង​នឹង​បើក​ផ្លូវ​ទឹក​ឲ្យ​ហូរ​នៅ​លើ​ទី​ខ្ពស់​ត្រងិល
ហើយ​នឹង​ទឹក​ផុស​នៅ​កណ្ដា​ជ្រលង​ភ្នំ
យើង​នឹង​ធ្វើ​ឲ្យ​ទី​រហោ‌ស្ថាន​ត្រឡប់​ទៅ​ជា​ត្រពាំង​ទឹក
ហើយ​ឲ្យ​ដី​ហួត‌ហែង​មាន​រន្ធ​ទឹក​ហូរ
19យើង​នឹង​ធ្វើ​ឲ្យ​ដើម​តា‌ត្រៅ ដើម​នាង‌នួន
ដើម​ពពាល​ខែ និង​ដើម​សំរោង ដុះ​នៅ​ទី​រហោ‌ស្ថាន
យើង​នឹង​ដាំ​ដើម​កកោះ ដើម​ស្រល់ និង​ដើម​ស្រឡៅ
ជា‌មួយ​គ្នា​នៅ​ទី​សមុទ្រ​ខ្សាច់។
20ដើម្បី​ឲ្យ​គេ​បាន​ឃើញ ហើយ​ដឹង
ព្រម​ទាំង​ពិចារ‌ណា​យល់​ជា‌មួយ​គ្នា​ថា
គឺ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​សម្រេច​ការ​នោះ
គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដែល​បង្កើត​ឡើង»។
ព្រះ‌អម្ចាស់​ជំទាស់​នឹង​ព្រះ​ក្លែង‌ក្លាយ
21ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
«ចូរ​សម្ដែង​ដើម​ហេតុ​នៃ​រឿង​អ្នក​មក»
មហា‌ក្សត្រ​នៃ​ពួក​យ៉ាកុប
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖
«ចូរ​រៀបរាប់​តាម​លំអាន​របស់​អ្នក​ទាំង​ប៉ុន្មាន​ចុះ។
22ត្រូវ​ឲ្យ​គេ​បញ្ចេញ​សេចក្ដី​ទាំង​នោះ​មក
ហើយ​ប្រាប់​យើង​រាល់​គ្នា​ពី​ការ​ដែល​កើត​ឡើង
ឲ្យ​បាន​ដឹង ចូរ​ស​ប្រាប់​ពី​កាល​ដែល​កើត​មាន
កាល​ពី​ដើម ជា​យ៉ាង​ណា
ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ពិចារ‌ណា
ឲ្យ​ដឹង​ចុង​បំផុត​នៃ​ការ​ទាំង​នោះ
ឬ​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​ការ​នៅ​ខាង​មុខ​ចុះ។
23ចូរ​សម្ដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ខាង​មុខ​នោះ
ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​ជា​ព្រះ​មែន
ចូរ​ធ្វើ​ការ​អ្វី​មួយ ទោះ​ល្អ ឬ​អាក្រក់​ក្តី
ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ស្ងើច ហើយ​ឃើញ​ជា‌មួយ​គ្នា។
24អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្វី​ទេ
ហើយ​ការ​របស់​អ្នក​រាល់​គ្នា​ក៏​ជា​ទទេ​សោះ
អ្នក​ណា​ដែល​រើស​យក​អ្នក​រាល់​គ្នា
នោះ​គួរ​ខ្ពើម​ឆ្អើម​ហើយ។
25យើង​បាន​តាំង​ម្នាក់​ពី​ទិស​ខាង​ជើង​ឡើង
អ្នក​នោះ​បាន​មក​ដល់​ហើយ
អ្នក​នោះ​នឹង​អំពាវ‌នាវ​រក​ឈ្មោះ​យើង​ពី​ទិស​ខាង​កើត
ក៏​នឹង​ញាំ‌ញី​ពួក​គ្រប់‌គ្រង ដូច​ជា​គេ​ជាន់​បាយអ
ហើយ​ដូច​ជា​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ។
26តើ​អ្នក​ណា​បាន​សម្ដែង​សេចក្ដី​តាំង​ពី​ដើម​មក
ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ដឹង
ហើយ​មុន​កំណត់ ដើម្បី​ឲ្យ​យើង​បាន​ពោល​ថា
អ្នក​នោះ​និយាយ​ត្រូវ​មែន
គ្មាន​អ្នក​ណា​សម្ដែង​ទេ
គ្មាន​អ្នក​ណា​បង្ហាញ​សោះ
គ្មាន​អ្នក​ណា​ឮ​ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ឡើយ។
27យើង​ទេ​តើដែល​បាន​ប្រកាស​ប្រាប់
ដល់​ក្រុង​ស៊ីយ៉ូន​ពី​ដំបូង​ថា
"មើល​ន៍! គេ​មក​ហើយ"
យើង​នឹង​ឲ្យ​ម្នាក់​ដល់​ក្រុង​យេរូ‌សាឡិម
ជា​អ្នក​ដែល​នឹង​នាំ​ដំណឹង​ល្អ​មក។
28យើង​បាន​សង្កេត​មើល
តែ​មិន​ឃើញ​មនុស្ស​ណា​មួយ​សោះ
ទោះ​ទាំង​នៅ​ក្នុង​ពួក​ទាំង​នោះ
ក៏​ឥត​មាន​ណា​មួយ ជា​អ្នក​ប្រឹក្សា
ដែល​កាល​ណា​យើង​នឹង​សួរ
នោះ​នឹង​អាច​ឆ្លើយ​មួយ​ម៉ាត់​បាន​ឡើយ។
29គេ​សុទ្ធ​តែ​ឥតប្រយោជន៍​ទទេ
ហើយ​ការ​របស់​គេ​ក៏​អសារ​ឥត​ការ​ដែរ
រូប​សិត​របស់​គេ​សុទ្ធ​តែ​ជា​ខ្យល់ ហើយ​សូន្យ​ទទេ»។

ទើបបានជ្រើសរើសហើយ៖

អេសាយ 41: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល