អេសាយ 42

42
អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់
1នេះ​នែ​អ្នក​បម្រើ​របស់​យើង ដែល​យើង​ទប់‌ទល់
គឺ​ជា​អ្នក​ជ្រើស‌រើស​របស់​យើង
ដែល​ជា​ទី​រីក‌រាយ​ដល់​ចិត្ត​យើង
យើង​បាន​ដាក់​វិញ្ញាណ​យើង​ឲ្យ​សណ្ឋិត​លើ​ព្រះ‌អង្គ
ហើយ​ព្រះ‌អង្គ​នឹង​សម្ដែង​ចេញ
ឲ្យ​គ្រប់​ទាំង​សាសន៍​បាន​ឃើញ​សេចក្ដី​យុត្តិ‌ធម៌។
2ព្រះ‌អង្គ​នឹង​មិន​ស្រែក ឬ​បន្លឺ​ឡើង
ឬ​ឲ្យ​អ្នក​ណា​ឮ​សំឡេង​នៅ​ក្នុង​ផ្លូវ​ឡើយ
3ព្រះ‌អង្គ​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់​ទេ
ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ
ទ្រង់​នឹង​សម្ដែង​ចេញ​នូវ​សេចក្ដី​យុត្តិ‌ធម៌ ដោយ​សេចក្ដី​ពិត
4ព្រះ‌អង្គ​នឹង​មិន​ដែល​អន់​ថយ ឬ​រសាយ​ចិត្ត
ដរាប​ដល់​បាន​តាំង​សេចក្ដី​យុត្តិ‌ធម៌​ឡើង​នៅ​ផែនដី
ហើយ​កោះ​ទាំង​ប៉ុន្មាន​នឹង​សង្ឃឹម
ដល់​ក្រឹត្យ‌ក្រម​របស់​ព្រះ‌អង្គ។
5ឯ​ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត
និង​លាត​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ
គឺ​ជា​ព្រះ​ដែល​បាន​ក្រាល​ផែនដី
និង​របស់​សព្វ​សារពើ​ដែល​ចេញ​ពី​នោះ​មក
គឺ​ព្រះ‌អង្គ​ដែល​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន
នៅ​ផែនដី​មាន​ដង្ហើម
ព្រម​ទាំង​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ដែល​ដើរ​ក្នុង​លោក
មាន​វិញ្ញាណ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា
6យើង​នេះ​គឺ​ជា​យេហូវ៉ា យើង​បាន​ហៅ​អ្នក​មក
ដោយ​សេចក្ដី​សុចរិត
យើង​នឹង​កាន់​ដៃ​អ្នក ហើយ​រក្សា​អ្នក
យើង​ប្រទាន​និមិត្តរូប​មួយ​ដល់​អ្នក
ទុក​ជា​សេចក្ដី​សញ្ញា​សម្រាប់​ប្រជា​ជន
ជា​ពន្លឺ​ដល់​អស់​ទាំង​សាសន៍
7ដើម្បី​នឹង​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ឡើង
និង​នាំ​ពួក​ត្រូវ​ចាប់​ចង​ចេញ​ពី​គុក​ងងឹត
ហើយ​ឲ្យ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត
បាន​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង។
8យើង​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​យើង
យើង​មិន​ព្រម​ប្រគល់​សិរី‌ល្អ​របស់​យើង​ដល់​អ្នក​ណា​ទៀត
ឬ​ឲ្យ​សេចក្ដី​សរសើរ​របស់​យើង ដល់​រូប​ឆ្លាក់​ឡើយ។
9មើល៍ ការ​ខាង​ដើម​ទាំង​ប៉ុន្មាន​បាន​កន្លង​ទៅ
ហើយ​ការ​ថ្មី​ដែល​យើង​ថ្លែង​ប្រាប់​នេះ
យើង​ប្រាប់​ពី​ការ​ទាំង​នោះ ដល់​អ្នក​រាល់​គ្នា
មុន​ដែល​កើត​មក​ផង។
បទ​ចម្រៀង​ថ្មី
10អ្នក​រាល់​គ្នា​ដែល​ចុះ​ទៅ​ឯ​សមុទ្រ
ហើយ​ទាំង​អស់​ដែល​នៅ​ក្នុង​នោះ
ព្រម​ទាំង​កោះ និង​ពួក​អ្នក​នៅ​កោះ​ទាំង​នោះអើយ
ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា
ហើយ​សរសើរតម្កើង​ព្រះ‌អង្គ​ពី​ចុង​ផែនដី​ចុះ។
11ឯ​ទី​រហោ‌ស្ថាន និង​ទី​អាស្រ័យ​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន
ចូរ​បន្លឺ​ឡើង ព្រម​ទាំង​បណ្ដា​ភូមិ
ដែល​ពួក​កេដារ​នៅ​ទាំង​អស់​ផង
ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​សេឡា​ច្រៀង​ឡើង
ត្រូវ​ឲ្យ​គេ​ស្រែក​ពី​កំពូល​ភ្នំ​ចុះ។
12ត្រូវ​ឲ្យ​គេ​ថ្វាយ​កិត្តិ‌សព្ទ​ដល់​ព្រះ‌យេហូវ៉ា
ហើយ​បញ្ចេញ​សេចក្ដី​សរសើរ​របស់​ព្រះ‌អង្គ
ដល់​អស់​ទាំង​កោះ។
13ព្រះ‌យេហូវ៉ា​នឹង​យាង​ចេញ​ទៅ ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ
ព្រះ‌អង្គ​នឹង​បណ្ដាល​សេចក្ដី​ឧស្សាហ៍​ឡើង
ដូច​ជា​មនុស្ស​ថ្នឹក​ចម្បាំង
ព្រះ‌អង្គ​នឹង​ស្រែក​ឡើង ព្រះ‌អង្គ​នឹង​ស្រែក​ជា​ខ្លាំង
ហើយ​នឹង​បង្ក្រាប​ពួក​សត្រូវ​ដោយ​ឫទ្ធា‌នុភាព។
14យើង​បាន​អត់​ទ្រាំ​ជា​យូរ​មក​ហើយ
យើង​បាន​នៅ​ស្ងៀម ហើយ​បាន​ទប់​ចិត្ត
ឥឡូវ​នេះ យើង​នឹង​ស្រែក​ឡើង​ដូច​ជា​ស្រី
ដែល​ឈឺ​នឹង​សម្រាល​កូន
យើង​នឹង​ដក​ដង្ហើម​គំហុក​ចូល រួច​ទម្លាយ​ចេញ​តែ​ម្តង។
15យើង​នឹង​បំផ្លាញ​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច
ហើយ​ឲ្យ​ស្មៅ​នៅ​លើ​នោះ​ស្វិត​ក្រៀម​ទៅ
យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​ក្លាយ​ទៅ​ជា​កោះ​វិញ
ហើយ​ឲ្យ​អស់​ទាំង​ត្រពាំង​ទឹក​រីង​គោក។
16យើង​នឹង​នាំ​ពួក​មនុស្ស​ខ្វាក់​តាម​ផ្លូវ​មួយ​ដែល​គេ​មិន​ស្គាល់
យើង​នឹង​ដឹក​គេ​តាម​ផ្លូវ​ច្រក​ដែល​គេ​មិន​ធ្លាប់​ដើរ
យើង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ងងឹត​បាន​ភ្លឺ​ឡើង​នៅ​មុខ​គេ
ហើយ​ផ្លូវ​ក្ងិច‌ក្ងក់​ឲ្យ​ទៅ​ជា​ត្រង់​វិញ
គឺ​ការ​ទាំង​នេះ​ដែល​យើង​នឹង​ធ្វើ
ហើយ​មិន​បោះ‌បង់​ចោល​គេ​ឡើយ។
17ឯ​ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​ឆ្លាក់
ហើយ​ដែល​និយាយ​ទៅ​រូប​សិត​ថា
"លោក​ជា​ព្រះ​របស់​យើង​ខ្ញុំ"
នោះ​នឹង​ត្រូវ​បែរ​ខ្នង​ចេញ​វិញ
ហើយ​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ​ផង។
18ឱ​មនុស្ស​ដំឡង់​អើយ ចូរ​ស្តាប់​ចុះ
ហើយ​ពួក​កង្វាក់​អើយ ចូរ​មើល ដើម្បី​ឲ្យ​បាន​ឃើញ។
19តើ​អ្នក​ណា​ជា​អ្នក​ខ្វាក់
បើ​មិន​មែន​ជា​អ្នក​បម្រើ​របស់​យើង
ឬ​ថ្លង់​ដូច​ជា​អ្នក​នាំ​ដំណឹង​ដែល​យើង​ចាត់​ប្រើ
តើ​អ្នក​ណា​ខ្វាក់​ភ្នែក​ដូច​ជា​អ្នក​ដែល​មេត្រី​នឹង​យើង
ហើយ​ខ្វាក់​ដូច​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា?
20អ្នកនោះ​ឃើញ​ការ​ជា​ច្រើន​យ៉ាង តែ​មិន​ពិចារ‌ណា​ទេ
ត្រចៀក​នៅ​ចំហ តែ​ស្តាប់​មិន​ឮ​សោះ។
21ព្រះ‌យេហូវ៉ាបាន​សព្វ​ព្រះ‌ហឫ‌ទ័យ
នឹង​លើក​តម្កើង​ក្រឹត្យ‌វិន័យ
ហើយ​ឲ្យ​មាន​កិត្តិ‌សព្ទ
ដោយ​យល់​ដល់​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។
22ប៉ុន្តែ នេះ​ជា​សាសន៍​ដែល​ត្រូវ​គេ​ប្លន់
ហើយរឹប​យក​ទ្រព្យ​សម្បត្តិ
គេ​សុទ្ធ​តែ​ជាប់​អន្ទាក់​នៅ​ក្នុង​រូង
ហើយ​ក៏​លាក់​ទុក​នៅ​ក្នុង​គុក
គេ​សម្រាប់​ជា​រំពា ឥត​មាន​អ្នក​ណា​ដោះ​ឲ្យ​រួច
ហើយ​សម្រាប់​ជា​របឹប ឥត​មាន​អ្នក​ណា​ថា
ចូរ​ប្រគល់​ទៅ​ឲ្យ​គេ​វិញ​នោះ​ឡើយ។
23តើ​មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា
ដែល​នឹង​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​ទាំង​នេះ
ដែល​នឹង​ប្រុង​ស្តាប់
ហើយ​ឮ​សម្រាប់​គ្រា​ទៅ​ខាង​មុខ​នោះ?
24តើ​អ្នក​ណា​បាន​ប្រគល់​ពួក​យ៉ាកុប​ឲ្យ​គេរឹប​អូស
ហើយ​ពួក​អ៊ីស្រា‌អែល​ឲ្យ​ដល់​ពួក​ចោរ​ដូច្នេះ?
តើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ទេ​ឬ
ដែល​យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ
ឥត​ព្រម​ដើរ​តាម​ផ្លូវ​ព្រះ‌អង្គ ឬ​ស្តាប់​តាម​ក្រឹត្យ‌វិន័យ​ព្រះ‌អង្គ?
25ហេតុ​នោះ​បាន​ជា​ព្រះ‌អង្គ​ចាក់​ភ្លើង
នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ទៅ​លើ​គេ
និង​អំណាច​នៃ​សង្គ្រាម​ផង ក៏​បញ្ឆេះ​គេ​នៅ​ព័ទ្ធ​ជុំ‌វិញ
តែ​មិន​បាន​ដឹង​ទេ ភ្លើង​នោះ​បាន​បញ្ឆេះ​គេ
តែ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឡើយ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 42: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល