អេសាយ 43

43
ព្រះ‌អម្ចាស់​នឹង​រំដោះ​ជន​ជាតិ​អ៊ីស្រា‌អែល
1ប៉ុន្តែ ឱ​ពួក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា
ជា​ព្រះ​ដែល​បង្កើត​អ្នក​មក
ហើយ​ឱ​ពួក​អ៊ីស្រា‌អែល​អើយ ព្រះ​ដែល​ជប​សូន​អ្នក
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
«កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ
យើង​បាន​ហៅ​ចំ​ឈ្មោះ​អ្នក យើង​នឹង​នៅ​ជា​មួយ​អ្នក។
2កាល​ណា​អ្នក​ដើរ​កាត់​ទឹក​ធំ នោះ​យើង​នឹង​នៅ​ជា‌មួយ
កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​អ្នក​ឡើយ
កាល​ណា​អ្នក​លុយ​កាត់​ភ្លើង នោះ​អ្នក​នឹង​មិន​ត្រូវ​រលាក
ហើយ​អណ្ដាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​អ្នក​ដែរ។
3ដ្បិត​យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក
យើង​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល
គឺ​ជា​ព្រះ​សង្គ្រោះ​របស់​អ្នក
យើង​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ទុក​ជា​ថ្លៃ​លោះ​អ្នក
ព្រម​ទាំង​ស្រុក​អេធី‌យ៉ូពី និង​ស្រុក​សេបា ជំនួស​អ្នក​ផង។
4យើង​នឹង​ឲ្យ​មនុស្ស​ដទៃ​ជំនួស​អ្នក
ហើយ​ប្រជា‌ជាតិ​ផ្សេងៗ​ស្នង​នឹង​ជីវិត​អ្នក
ដោយ​ព្រោះ​អ្នក​មាន​តម្លៃ​វិសេស​នៅ​ភ្នែកយើង
ក៏​គួរ​លើក​តម្កើង ហើយ​ជា​ទី​ស្រឡាញ់​ដល់​យើង​ផង។
5កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ
យើង​នឹង​នាំ​ពូជ‌ពង្ស​អ្នក​មក​ពី​ទិស​ខាង​កើត
ហើយ​នឹង​ប្រមូល​គេ​មក​ពី​ទិស​ខាង​លិច
6យើង​នឹង​បង្គាប់​ដល់​ទិស​ខាង​ជើង​ថា ចូរ​ប្រគល់​គេ​មក
ហើយ​ដល់​ទិស​ខាង​ត្បូង​ថា កុំ​ឃាត់​គេ​ទុក​ឡើយ
ចូរ​នាំ​អស់​ទាំង​កូន​ប្រុស​របស់​យើង​មក​ពី​ទី​ឆ្ងាយ
ហើយ​ពួក​កូន​ស្រី​យើង​មក​ពី​ចុង​ផែនដី​ចុះ
7គឺ​គ្រប់​មនុស្ស​ដែល​បាន​ហៅ​តាម​នាម​ឈ្មោះ​យើង
ជា​អ្នក​ដែល​យើង​បាន​បង្កើត​មក​សម្រាប់​សិរី‌ល្អ​នៃយើង
គឺ​ជា​អ្នក​ដែល​យើង​បាន​ជប​សូន និង​បាន​បង្កើត​មក។
8ចូរ​នាំ​មនុស្ស​ខ្វាក់​ដែល​មាន​ភ្នែក
និង​មនុស្ស​ថ្លង់​ដែល​មាន​ត្រចៀក​ចេញ​មក
9ត្រូវ​ឲ្យ​អស់​ទាំង​សាសន៍​ប្រជុំ​គ្នា
ហើយ​ឲ្យ​ប្រជា‌ជាតិ​ទាំង​ពួង​ជំនុំ​គ្នា​ចុះ
ក្នុង​ពួក​គេ តើ​មាន​អ្នក​ណា
ដែល​អាច​នឹង​ថ្លែងទំនាយ​ពី​ការ​នេះ​បាន
ឬ​អាច​នឹង​សម្ដែងឲ្យ​យើង​ដឹង​ពី​ដំណើរ
ដែល​កន្លង​មក​នោះ?
ចូរ​ឲ្យ​គេ​នាំ​ស្មរ​បន្ទាល់​របស់​គេ​មក​បង្ហាញ
ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​ឮ ហើយ​និយាយ​ថា
នេះ​ជា​ការ​ពិត​មែន»។
10ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា
អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង
ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បាន​រើស​តាំង
ដើម្បី​ឲ្យ​បាន​ស្គាល់ ហើយ​ជឿ​ដល់យើង
ព្រម​ទាំង​យល់​ថា គឺ​យើង​នេះ​ហើយ
ឥត​មាន​ព្រះ​ណា​កើត​មក​មុន​យើង​ទេ
ហើយ​នៅ​ក្រោយ​យើង​ក៏​គ្មាន​ដែរ។
11គឺយើង​នេះ​ហើយ​ជា​យេហូវ៉ា
ក្រៅ​ពី​យើង គ្មាន​អ្នក​សង្គ្រោះ​ណា​ទៀត​ឡើយ
12យើង​បាន​ថ្លែងទំនាយ​ប្រាប់ យើង​បាន​ជួយ​សង្គ្រោះ
យើង​បាន​សម្ដែង​ឲ្យ​ឃើញ​ហើយ
ឥត​មាន​ព្រះ​ដទៃ​ណា​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ឡើយ
ហេតុ​ដូច្នោះ អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង
ហើយ​គឺ​យើង​នេះ​ដែល​ជា​ព្រះ
នេះ​ជា​ព្រះ‌បន្ទូលរបស់​ព្រះ‌យេហូវ៉ា។
13ចាប់​តាំង​ពី​មាន​ពេល​ថ្ងៃ​ឡើង​វេលា​ណា
នោះ​គឺ​ជា​យើង​នេះ​ហើយ
ឥត​មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច​ពី​ដៃ​យើង​បាន​ទេ
ឯ​ការ​ដែល​យើង​ធ្វើ តើ​អ្នក​ណា​នឹង​ឃាត់​បាន?
14ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក​រាល់​គ្នា
គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា
ដោយ​យល់​ដល់​អ្នក​រាល់​គ្នា
នោះ​យើង​ចាត់​មនុស្ស​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន
ហើយ​នឹង​ទម្លាក់​គេ​ទាំង​អស់​គ្នា គេ​នឹង​រត់​រតាក់‌រតាយ​ទៅ
សូម្បី​តែ​ពួក​ខាល់ដេ​នៅ​ក្នុង​នាវា
ដែល​គេ​យក​ជា​ទី​សប្បាយ​នោះ​ដែរ។
15យើង​នេះ គឺ​យេហូវ៉ា
យើង​ជា​ព្រះ​ដ៏​បរិសុទ្ធ​របស់​អ្នក​រាល់​គ្នា
គឺ​ជា​ព្រះ​ដែល​បង្កើត​សាសន៍​អ៊ីស្រា‌អែល
ហើយ​ជា​មហា‌ក្សត្រ​របស់​អ្នក​រាល់​គ្នា។
16ព្រះ‌យេហូវ៉ា​ដែល​ធ្វើ​ឲ្យ​មាន​ផ្លូវ​ក្នុង​សមុទ្រ
និង​ផ្លូវ​ច្រក​នៅ​ទី​ទឹក​ធំ
17ជា​ព្រះ​ដែល​នាំ​រទេះ​ចម្បាំង និង​ពល​សេះ​ចេញ​មក
ព្រម​ទាំង​កង‌ទ័ព និង​មនុស្ស​ស្ទាត់​ជំនាញ
ពួក​គេ​ដេក​ទាំង​អស់​គ្នា ឥត​ក្រោក​ឡើង​វិញ​ឡើយ
គេ​នឹង​សាប‌សូន្យ ហើយ​ត្រូវ​រលត់​ទៅ ដូច​ជា​ប្រឆេះ
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា
18អ្នក​រាល់​គ្នា​កុំ​នឹក​ចាំ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ
ឬ​រិះ‌គិត​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ពី​ដើម​នោះ
19មើល៍! យើង​នឹង​ធ្វើ​ការ​មួយ​ថ្មី
ការ​នោះកំពុង​លេច​មក តើ​អ្នក​រាល់​គ្នា​មិនឃើញ​ទេ​ឬ?
យើង​នឹង​ធ្វើ​ផ្លូវ​មួយ​នៅ​ទី​រហោ‌ស្ថាន
និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់។
20ពួក​សត្វ​តិរច្ឆាន​ទាំង​ប៉ុន្មាន​នឹង​សរសើរ​ដល់​យើង
គឺ​ទាំង​ចចក និង​សត្វ​អូទ្រុស​ផង
ពី​ព្រោះ​យើង​ឲ្យ​មាន​ទឹក​នៅ​ក្នុង​ទី​រហោ‌ស្ថាន
និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់
ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រយើង ជា​ពួក​ជ្រើស‌រើស​នោះ​បាន​ទឹក​ផឹក
21ជា​ប្រជា‌រាស្ត្រ​ដែល​យើង​បាន​ជប‌សូន​សម្រាប់​តែ​ខ្លួនយើង
ដើម្បី​ឲ្យ​គេ​បាន​សម្ដែង​ចេញ
ជា​សេចក្ដី​សរសើរ​របស់​យើង​ផង។
22តែ ឱ​ពួក​យ៉ាកុប​អើយ អ្នក​មិន​បាន​អំពាវ‌នាវរក​យើង​ទេ
ឱ​អ៊ីស្រា‌អែល​អើយ អ្នក​បាន​ណាយ​ចិត្ត​នឹង​យើងហើយ។
23អ្នក​មិន​បាន​នាំ​យក​ចៀម​របស់​អ្នក
មក​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​យើង
ក៏​មិន​បាន​លើក​មុខយើង
ដោយ​យញ្ញ‌បូជា​របស់​អ្នក​ដែរ
យើង​មិន​បាន​បង្ខំ​អ្នក​ដោយ​ព្រោះ​តង្វាយ
ឬ​ឲ្យ​អ្នក​នឿយ​ហត់​ដោយ​ដុត​កំញានឡើយ។
24អ្នក​មិន​បាន​ចំណាយ​ប្រាក់​ទិញ
គ្រឿង​ក្រអូប​ណា​ឲ្យ​យើង​សោះ
ក៏មិន​បាន​ឲ្យ​យើង​ឆ្អែត
ដោយ​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​អ្នក​ដែរ
គឺ​អ្នក​បាន​ផ្ទុក​អំពើ​បាប​របស់​អ្នកឲ្យយើង
ហើយ​បាន​នាំ​ឲ្យ​យើង​នឿយ​ហត់
ដោយ​អំពើ​ទុច្ចរិត​របស់​អ្នក។
25គឺយើង​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​អ្នក​ចេញ
ដោយ​យល់​ដល់​ខ្លួន​យើង
ហើយ​យើង​មិន​នឹក​ចាំ​អំពើ​បាប​របស់​អ្នក​ទៀត​ឡើយ។
26ចូរ​រំឭក​យើង ឲ្យ​យើង​បាន​តវ៉ា​គ្នា
ចូរ​រៀប​រាប់‌ប្រាប់​ពី​ហេតុ​ផល​របស់​អ្នក
ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​សុចរិត។
27ឯ​ឪពុក​ដើម​របស់​អ្នក​បាន​ធ្វើ​បាប
ហើយ​ពួក​គ្រូ​អ្នក​បាន​រំលង​ច្បាប់​យើង​ដែរ។
28ហេតុ​នោះ យើង​បាន​បន្ទាប​ពួក​មេ​នៃ​ទី​បរិសុទ្ធ
ក៏​បាន​ប្រគល់​ពួក​យ៉ាកុប​ទៅ​ឲ្យ​ត្រូវ​បណ្ដាសា
និង​ឲ្យ​ពួក​អ៊ីស្រា‌អែល​ត្រូវ​គេ​ត្មះ‌តិះ‌ដៀល»។

ទើបបានជ្រើសរើសហើយ៖

អេសាយ 43: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល