អេសាយ 42
42
អ្នកបម្រើរបស់ព្រះអម្ចាស់
1នេះនែអ្នកបម្រើរបស់យើង ដែលយើងទប់ទល់
គឺជាអ្នកជ្រើសរើសរបស់យើង
ដែលជាទីរីករាយដល់ចិត្តយើង
យើងបានដាក់វិញ្ញាណយើងឲ្យសណ្ឋិតលើព្រះអង្គ
ហើយព្រះអង្គនឹងសម្ដែងចេញ
ឲ្យគ្រប់ទាំងសាសន៍បានឃើញសេចក្ដីយុត្តិធម៌។
2ព្រះអង្គនឹងមិនស្រែក ឬបន្លឺឡើង
ឬឲ្យអ្នកណាឮសំឡេងនៅក្នុងផ្លូវឡើយ
3ព្រះអង្គនឹងមិនផ្តាច់ដើមត្រែងដែលបាក់ទេ
ក៏មិនលត់ប្រឆេះដែលនៅហុយដែរ
ទ្រង់នឹងសម្ដែងចេញនូវសេចក្ដីយុត្តិធម៌ ដោយសេចក្ដីពិត
4ព្រះអង្គនឹងមិនដែលអន់ថយ ឬរសាយចិត្ត
ដរាបដល់បានតាំងសេចក្ដីយុត្តិធម៌ឡើងនៅផែនដី
ហើយកោះទាំងប៉ុន្មាននឹងសង្ឃឹម
ដល់ក្រឹត្យក្រមរបស់ព្រះអង្គ។
5ឯព្រះដ៏ជាព្រះយេហូវ៉ា ជាព្រះដែលបានបង្កើត
និងលាតអស់ទាំងជាន់ផ្ទៃមេឃ
គឺជាព្រះដែលបានក្រាលផែនដី
និងរបស់សព្វសារពើដែលចេញពីនោះមក
គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាន
នៅផែនដីមានដង្ហើម
ព្រមទាំងឲ្យមនុស្សទាំងឡាយដែលដើរក្នុងលោក
មានវិញ្ញាណ ព្រះអង្គមានព្រះបន្ទូលថា
6យើងនេះគឺជាយេហូវ៉ា យើងបានហៅអ្នកមក
ដោយសេចក្ដីសុចរិត
យើងនឹងកាន់ដៃអ្នក ហើយរក្សាអ្នក
យើងប្រទាននិមិត្តរូបមួយដល់អ្នក
ទុកជាសេចក្ដីសញ្ញាសម្រាប់ប្រជាជន
ជាពន្លឺដល់អស់ទាំងសាសន៍
7ដើម្បីនឹងធ្វើឲ្យភ្នែកមនុស្សខ្វាក់បានភ្លឺឡើង
និងនាំពួកត្រូវចាប់ចងចេញពីគុកងងឹត
ហើយឲ្យពួកអ្នកដែលអង្គុយនៅក្នុងទីងងឹត
បានចេញរួចពីទីឃុំឃាំង។
8យើងជាយេហូវ៉ា នេះហើយជាឈ្មោះរបស់យើង
យើងមិនព្រមប្រគល់សិរីល្អរបស់យើងដល់អ្នកណាទៀត
ឬឲ្យសេចក្ដីសរសើររបស់យើង ដល់រូបឆ្លាក់ឡើយ។
9មើល៍ ការខាងដើមទាំងប៉ុន្មានបានកន្លងទៅ
ហើយការថ្មីដែលយើងថ្លែងប្រាប់នេះ
យើងប្រាប់ពីការទាំងនោះ ដល់អ្នករាល់គ្នា
មុនដែលកើតមកផង។
បទចម្រៀងថ្មី
10អ្នករាល់គ្នាដែលចុះទៅឯសមុទ្រ
ហើយទាំងអស់ដែលនៅក្នុងនោះ
ព្រមទាំងកោះ និងពួកអ្នកនៅកោះទាំងនោះអើយ
ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា
ហើយសរសើរតម្កើងព្រះអង្គពីចុងផែនដីចុះ។
11ឯទីរហោស្ថាន និងទីអាស្រ័យនៅក្នុងនោះទាំងប៉ុន្មាន
ចូរបន្លឺឡើង ព្រមទាំងបណ្ដាភូមិ
ដែលពួកកេដារនៅទាំងអស់ផង
ត្រូវឲ្យពួកអ្នកនៅក្រុងសេឡាច្រៀងឡើង
ត្រូវឲ្យគេស្រែកពីកំពូលភ្នំចុះ។
12ត្រូវឲ្យគេថ្វាយកិត្តិសព្ទដល់ព្រះយេហូវ៉ា
ហើយបញ្ចេញសេចក្ដីសរសើររបស់ព្រះអង្គ
ដល់អស់ទាំងកោះ។
13ព្រះយេហូវ៉ានឹងយាងចេញទៅ ដូចជាមនុស្សខ្លាំងពូកែ
ព្រះអង្គនឹងបណ្ដាលសេចក្ដីឧស្សាហ៍ឡើង
ដូចជាមនុស្សថ្នឹកចម្បាំង
ព្រះអង្គនឹងស្រែកឡើង ព្រះអង្គនឹងស្រែកជាខ្លាំង
ហើយនឹងបង្ក្រាបពួកសត្រូវដោយឫទ្ធានុភាព។
14យើងបានអត់ទ្រាំជាយូរមកហើយ
យើងបាននៅស្ងៀម ហើយបានទប់ចិត្ត
ឥឡូវនេះ យើងនឹងស្រែកឡើងដូចជាស្រី
ដែលឈឺនឹងសម្រាលកូន
យើងនឹងដកដង្ហើមគំហុកចូល រួចទម្លាយចេញតែម្តង។
15យើងនឹងបំផ្លាញទាំងភ្នំធំ និងភ្នំតូច
ហើយឲ្យស្មៅនៅលើនោះស្វិតក្រៀមទៅ
យើងនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានក្លាយទៅជាកោះវិញ
ហើយឲ្យអស់ទាំងត្រពាំងទឹករីងគោក។
16យើងនឹងនាំពួកមនុស្សខ្វាក់តាមផ្លូវមួយដែលគេមិនស្គាល់
យើងនឹងដឹកគេតាមផ្លូវច្រកដែលគេមិនធ្លាប់ដើរ
យើងនឹងធ្វើឲ្យសេចក្ដីងងឹតបានភ្លឺឡើងនៅមុខគេ
ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ
គឺការទាំងនេះដែលយើងនឹងធ្វើ
ហើយមិនបោះបង់ចោលគេឡើយ។
17ឯពួកអ្នកដែលទុកចិត្តនឹងរូបឆ្លាក់
ហើយដែលនិយាយទៅរូបសិតថា
"លោកជាព្រះរបស់យើងខ្ញុំ"
នោះនឹងត្រូវបែរខ្នងចេញវិញ
ហើយមានសេចក្ដីខ្មាសជ្រប់មុខផង។
18ឱមនុស្សដំឡង់អើយ ចូរស្តាប់ចុះ
ហើយពួកកង្វាក់អើយ ចូរមើល ដើម្បីឲ្យបានឃើញ។
19តើអ្នកណាជាអ្នកខ្វាក់
បើមិនមែនជាអ្នកបម្រើរបស់យើង
ឬថ្លង់ដូចជាអ្នកនាំដំណឹងដែលយើងចាត់ប្រើ
តើអ្នកណាខ្វាក់ភ្នែកដូចជាអ្នកដែលមេត្រីនឹងយើង
ហើយខ្វាក់ដូចជាអ្នកបម្រើរបស់ព្រះយេហូវ៉ា?
20អ្នកនោះឃើញការជាច្រើនយ៉ាង តែមិនពិចារណាទេ
ត្រចៀកនៅចំហ តែស្តាប់មិនឮសោះ។
21ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ
នឹងលើកតម្កើងក្រឹត្យវិន័យ
ហើយឲ្យមានកិត្តិសព្ទ
ដោយយល់ដល់សេចក្ដីសុចរិតរបស់ព្រះអង្គ។
22ប៉ុន្តែ នេះជាសាសន៍ដែលត្រូវគេប្លន់
ហើយរឹបយកទ្រព្យសម្បត្តិ
គេសុទ្ធតែជាប់អន្ទាក់នៅក្នុងរូង
ហើយក៏លាក់ទុកនៅក្នុងគុក
គេសម្រាប់ជារំពា ឥតមានអ្នកណាដោះឲ្យរួច
ហើយសម្រាប់ជារបឹប ឥតមានអ្នកណាថា
ចូរប្រគល់ទៅឲ្យគេវិញនោះឡើយ។
23តើមានអ្នកណាក្នុងពួកអ្នករាល់គ្នា
ដែលនឹងផ្ទៀងត្រចៀកស្តាប់សេចក្ដីទាំងនេះ
ដែលនឹងប្រុងស្តាប់
ហើយឮសម្រាប់គ្រាទៅខាងមុខនោះ?
24តើអ្នកណាបានប្រគល់ពួកយ៉ាកុបឲ្យគេរឹបអូស
ហើយពួកអ៊ីស្រាអែលឲ្យដល់ពួកចោរដូច្នេះ?
តើមិនមែនជាព្រះយេហូវ៉ាទេឬ
ដែលយើងរាល់គ្នាបានធ្វើបាបនឹងព្រះអង្គ
ឥតព្រមដើរតាមផ្លូវព្រះអង្គ ឬស្តាប់តាមក្រឹត្យវិន័យព្រះអង្គ?
25ហេតុនោះបានជាព្រះអង្គចាក់ភ្លើង
នៃសេចក្ដីក្រោធរបស់ព្រះអង្គទៅលើគេ
និងអំណាចនៃសង្គ្រាមផង ក៏បញ្ឆេះគេនៅព័ទ្ធជុំវិញ
តែមិនបានដឹងទេ ភ្លើងនោះបានបញ្ឆេះគេ
តែគេមិនបានយកចិត្តទុកដាក់ឡើយ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 42: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies