អេសាយ 44
44
ព្រះប្រទានពរដល់អ៊ីស្រាអែល
1ប៉ុន្តែ ឱពួកយ៉ាកុប ជាអ្នកបម្រើយើង
ហើយពួកអ៊ីស្រាអែល ដែលយើងបានជ្រើសរើសអើយ
ចូរស្តាប់ឥឡូវចុះ
2ព្រះយេហូវ៉ាដែលព្រះអង្គបានបង្កើតអ្នកមក
ហើយបានជបសូនអ្នកចាប់តាំងពីនៅក្នុងផ្ទៃម្តាយ
គឺជាអ្នកដែលនឹងជួយអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា
ឱពួកយ៉ាកុប ជាអ្នកបម្រើយើង
ហើយយេស៊ូរុនដែលយើងបានរើសអើយ កុំខ្លាចឡើយ។
3ដ្បិតយើងនឹងចាក់ទឹកទៅលើអ្នកណាដែលកំពុងស្រេក
ព្រមទាំងបង្ហូរទឹកទៅលើដីហួតហែង
យើងនឹងចាក់វិញ្ញាណយើងទៅលើពូជពង្សរបស់អ្នក
និងពររបស់យើងទៅលើកូនចៅរបស់អ្នក។
4នោះគេនឹងពន្លកឡើងនៅក្នុងស្មៅ
ដូចជាដើមចាកតាមមាត់ទឹក។
5ពេលនោះ នឹងមានម្នាក់ពោលថា
ខ្ញុំនេះជារបស់ព្រះយេហូវ៉ា
ម្នាក់ទៀតនឹងហៅខ្លួនតាមឈ្មោះយ៉ាកុប
ឯម្នាក់ទៀតនឹងចុះឈ្មោះដោយដៃខ្លួនថា
ខ្ញុំជារបស់ព្រះយេហូវ៉ា
ហើយនឹងយកឈ្មោះអ៊ីស្រាអែលជានាមត្រកូលរបស់ខ្លួន។
6ព្រះយេហូវ៉ាដ៏ជាមហាក្សត្រនៃសាសន៍អ៊ីស្រាអែល
ហើយជាអ្នកដែលប្រោសលោះ
គឺព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គមានព្រះបន្ទូលដូច្នេះថា
យើងជាដើម ហើយជាចុង
ក្រៅពីយើងគ្មានព្រះណាទៀតឡើយ។
7តើមានអ្នកណាដូចយើង? ចូរឲ្យគេប្រកាសខ្លួនមក។
ចូរឲ្យគេប្រកាស ហើយបង្ហាញភស្តុតាងនៅមុខយើងមក។
តើអ្នកណាបានប្រកាសតាំងតែពីដើម
ពីអ្វីៗដែលត្រូវកើតឡើង?
ចូរឲ្យគេរៀបរាប់ប្រាប់យើង
ពីហេតុការណ៍ដែលនឹងត្រូវកើតទៅមុខទៀត
ជាយ៉ាងណាចុះ។
8កុំភ័យឡើយ ក៏កុំខ្លាចដែរ
តើយើងមិនបានប្រាប់
ហើយបង្ហាញដល់អ្នកតាំងតែពីដើមមកទេឬ?
គឺអ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង
តើមានព្រះណាក្រៅពីយើងឬទេ?
គ្មានថ្មដាណាផ្សេងទៀតឡើយ
យើងមិនស្គាល់មួយសោះ។
អ្នកថ្វាយបង្គំរូបព្រះ
9ពួកអ្នកដែលឆ្លាក់ធ្វើរូបព្រះ គឺសុទ្ធតែឥតប្រយោជន៍ ហើយរបស់ទាំងប៉ុន្មានដែលគេចូលចិត្តនោះ ក៏គ្មានប្រយោជន៍ដូចគ្នា។ ស្មរបន្ទាល់របស់គេមើលមិនឃើញ ក៏មិនដឹងអ្វីផង ជាការដែលនាំឲ្យគេត្រូវខ្មាស។ 10តើអ្នកណាសូនធ្វើព្រះ ឬសិតធ្វើរូបដែលឥតមានប្រយោជន៍ដូច្នេះ? 11មើល៍ ពួកអ្នកដែលគោរពតាម នឹងត្រូវខ្មាសទាំងអស់ដែរ ហើយពួកជាងគ្រាន់តែជាមនុស្សប៉ុណ្ណោះ ឲ្យគេប្រជុំគ្នា រួចឈរឡើងចុះ គេនឹងត្រូវភ័យ ហើយមានសេចក្ដីខ្មាសទាំងអស់គ្នា។
12ជាងដែកធ្វើពូថៅមួយ គាត់ធ្វើការដោយធ្យូង គាត់យកញញួរដំឡើងជារាង ទាំងធ្វើការដោយដើមដៃដ៏មានកម្លាំងរបស់ខ្លួន អើ គាត់ក៏ឃ្លាន ហើយអស់កម្លាំង គាត់មិនបានផឹកទឹក ហើយក៏ហេវ។ 13ឯជាងឈើគាត់វាយបន្ទាត់ ក៏គូររាងដោយខ្មៅដៃ គាត់ឈូសយករាង ហើយគូសដោយប្រពាយ រួចឆ្លាក់ឲ្យដូចជារូបមនុស្ស តាមលម្អរបស់មនុស្ស ដើម្បីតាំងនៅក្នុងផ្ទះ។ 14គាត់កាប់ដើមតាត្រៅ ក៏យកដើមចន្ទន៍ ក្រឹស្នា និងដើមម៉ៃសាក់ គឺគាត់រើសយកតែឈើណាដែលជាប់ៗនៅក្នុងព្រៃ ឬគាត់ដាំដើមខ្វាវដែលដុះលាស់ឡើងដោយសារទឹកភ្លៀង។ 15ទាំងអស់នេះមានប្រយោជន៍ដល់មនុស្សសម្រាប់ធ្វើឧសដុត គេក៏យកខ្លះមកដុតអាំង ក៏យកខ្លះបង្កាត់ភ្លើងដុតនំបុ័ង ហើយក៏ធ្វើព្រះមួយឡើង រួចក្រាបថ្វាយបង្គំ គឺគាត់ឆ្លាក់ធ្វើជារូប ហើយក្រាបចុះគោរពដល់រូបនោះ។ 16ដូច្នេះ គាត់យកខ្លះធ្វើឧសដុត ខ្លះទៀតដុតធ្វើម្ហូប គឺគាត់អាំងសាច់ ហើយស៊ីឆ្អែត។ គាត់កម្ដៅខ្លួនដែរ ដោយពោលថា "អៃយ៉ា កក់ក្តៅស្រួលណាស់ ពេលខ្ញុំអាំងភ្លើង"។ 17ឯឈើដែលសល់ គាត់យកទៅធ្វើជារូបឆ្លាក់សម្រាប់ក្រាបចុះថ្វាយបង្គំ ហើយអធិស្ឋានដល់រូបនោះ ដោយពាក្យថា "សូមជួយសង្គ្រោះខ្ញុំផង ពីព្រោះលោកជាព្រះនៃខ្ញុំ"។
18ពួកនោះមិនដឹងទេ ក៏មិនយល់សោះ ដ្បិតភ្នែកគេត្រូវបាំងមិនឲ្យមើលឃើញ ហើយចិត្តគេក៏មិនឲ្យយល់បាន។ 19គ្មានអ្នកណាមួយនឹកឃើញ គេឥតមានតម្រិះ ឬយោបល់នឹកថា ខ្លះបានយកទៅដុតហើយខ្លះប្រើយករងើកដុតធ្វើនំបុ័ង យើងបានអាំងសាច់ស៊ីផង។ ឈើដែលនៅសល់ តើនឹងយកទៅធ្វើជារបស់គួរស្អប់ខ្ពើមឬ? តើគួរឲ្យយើងក្រាបចុះចំពោះដុំឈើឬទេ? 20អ្នកនោះស៊ីតែផេះទទេ ចិត្តដែលត្រូវបញ្ឆោតបាននាំគេឲ្យវង្វេង អ្នកនោះនឹងដោះព្រលឹងខ្លួនឲ្យរួចមិនបាន ក៏មិនចេះថា ខ្ញុំកាន់របស់ភូតភរនៅដៃស្តាំនោះឡើយ។
អ៊ីស្រាអែលមិនត្រូវភ្លេច
21ឱពួកយ៉ាកុប និងពួកអ៊ីស្រាអែលអើយ
ចូរនឹកចាំពីសេចក្ដីទាំងនេះចុះ
ដ្បិតអ្នកជាអ្នកបម្រើរបស់យើង
យើងបានសូនបង្កើតអ្នក
ដូច្នេះ អ្នកជាអ្នកបម្រើរបស់យើង
ឱពួកអ៊ីស្រាអែលអើយ យើងមិនភ្លេចអ្នកឡើយ។
22យើងបានលុបអំពើរំលងរបស់អ្នកចេញ
ដូចជាពពកយ៉ាងក្រាស់
និងអំពើបាបអ្នកដូចជាពពកផង
ចូរវិលមកឯយើងវិញ ពីព្រោះយើងបានលោះអ្នកហើយ។
23ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង
ដ្បិតព្រះយេហូវ៉ាបានសម្រេចការហើយ
ឱផែនដីដ៏ទាបអើយ ចូរស្រែកឡើង
ឱភ្នំទាំងឡាយ ឱព្រៃ និងអស់ទាំងដើមឈើក្នុងព្រៃអើយ
ចូរធ្លាយចេញជាបទចម្រៀងចុះ
ពីព្រោះព្រះយេហូវ៉ាបានប្រោសលោះ
ពួកយ៉ាកុបទាំងអស់ហើយ
ព្រះអង្គនឹងតម្កើងអង្គទ្រង់ឡើងនៅក្នុងពួកអ៊ីស្រាអែលផង។
24ព្រះយេហូវ៉ា ជាព្រះដែលប្រោសលោះអ្នក
គឺជាព្រះដែលជបសូនអ្នក តាំងពីនៅក្នុងផ្ទៃម្តាយ
ព្រះអង្គមានព្រះបន្ទូលដូច្នេះថា
យើងជាយេហូវ៉ា ជាព្រះដែលបង្កើតរបស់សព្វសារពើ
យើងលាតសន្ធឹងផ្ទៃមេឃតែម្នាក់ឯង
ហើយបានក្រាលផែនដីដោយខ្លួនយើង
25យើងលើកទីសម្គាល់របស់ពួកមនុស្សភូតភរចោលចេញ
ហើយក៏ធ្វើឲ្យគ្រូថ្លែងទំនាយទៅជាឆ្កួត
ជាពួកអ្នកដែលបំបែរមនុស្សមានប្រាជ្ញាឲ្យវិលទៅក្រោយ
ឲ្យចំណេះរបស់គេទៅជាល្ងីល្ងើវិញ
26យើងបញ្ជាក់ពាក្យសម្ដីដែលនិយាយនឹងអ្នកបម្រើយើង
ហើយសម្រេចតាមសេចក្ដីប្រឹក្សារបស់ពួកអ្នក
ដែលយើងបានថ្លែងពីក្រុងយេរូសាឡិមថា
"ទីក្រុងនោះនឹងមានមនុស្សអាស្រ័យនៅ"
និងអស់ទាំងទីក្រុងនៃស្រុកយូដាថា
"ទីក្រុងទាំងនោះនឹងបានសង់ឡើងវិញ
យើងនឹងលើកអស់ទាំងទីបាក់បែកនោះឡើង"។
27យើងក៏បង្គាប់ដល់ទីជម្រៅថា "ចូរឲ្យរីងស្ងួតទៅ"
ហើយយើងនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានរីងហួតទៅដែរ។
28យើងនិយាយពីស៊ីរូសថា ជាគង្វាលរបស់យើង
ជាអ្នកដែលនឹងសម្រេចតាមបំណងចិត្តយើងទាំងប៉ុន្មាន
ហើយបង្គាប់ឲ្យក្រុងយេរូសាឡិមបានសង់ឡើងវិញ
និងឲ្យជើងជញ្ជាំងនៃព្រះវិហារបានដាក់ចុះ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 44: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies