អេសាយ 45
45
ព្រះបាទស៊ីរូសជាឧបករណ៍របស់ព្រះ
1ព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់ព្រះបាទស៊ីរូស
ដែលព្រះអង្គបានចាក់ប្រេងតាំងឡើងហើយ
ជាអ្នកដែលព្រះអង្គកាន់ដៃស្តាំ
ដើម្បីឲ្យបានបង្ក្រាបអស់ទាំងសាសន៍នៅមុខខ្លួន
ហើយបន្ធូរចង្កេះពួកស្តេច
ព្រមទាំងបើកទ្វារនៅមុខខ្លួន
រួចទ្វារទាំងនោះនឹងមិនត្រូវបិទវិញឡើយ។
2គឺមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងដើរទៅខាងមុខអ្នក
ហើយពង្រាបទីខ្ពស់ៗឲ្យស្មើ
យើងនឹងបំបាក់ទ្វារលង្ហិនឲ្យខ្ទេចខ្ទី
ហើយនឹងផ្ដាច់រនុកដែកផង
3យើងនឹងឲ្យឃ្លាំងលាក់កំបាំង
និងទ្រព្យសម្បត្តិដែលកប់ទុកដល់អ្នក
ដើម្បីឲ្យអ្នកបានដឹងថា យើងនេះ គឺយេហូវ៉ា
ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលហៅអ្នកតាមឈ្មោះ។
4យើងបានហៅអ្នកតាមឈ្មោះអ្នកនេះ
ដោយយល់ដល់ពួកយ៉ាកុបជាអ្នកបម្រើយើង
និងអ៊ីស្រាអែល ជាអ្នកដែលយើងបានជ្រើសរើស
យើងបានកំណត់នាមត្រកូលដល់អ្នកហើយ
ទោះបើអ្នកមិនបានស្គាល់យើងក៏ដោយ។
5យើងនេះជាយេហូវ៉ា គ្មានព្រះណាដទៃឡើយ
ក្រៅពីយើងឥតមានព្រះណាទៀតសោះ
យើងនឹងក្រវាត់ឲ្យអ្នក ទោះបើអ្នកមិនស្គាល់យើងក៏ដោយ។
6ដើម្បីឲ្យមនុស្សទាំងឡាយ
ចាប់តាំងពីទិសខាងថ្ងៃរះរហូតដល់ទិសខាងថ្លៃលិចបានដឹងថា
ក្រៅពីយើងគ្មានព្រះណាផ្សេងទៀតឡើយ
គឺយើងនេះជាព្រះយេហូវ៉ា ឥតមានព្រះណាទៀតសោះ។
7គឺយើងដែលបង្កើតពន្លឺ ហើយក៏ធ្វើឲ្យមានងងឹតផង
យើងធ្វើឲ្យមានសន្តិសុខ ហើយឲ្យមានសេចក្ដីវេទនាដែរ
គឺយើងនេះហើយ ជាយេហូវ៉ា ដែលធ្វើគ្រប់ការទាំងនេះ។
8ឱផ្ទៃមេឃអើយ ចូរស្រក់ទឹកពីលើមក
ហើយឲ្យពពកចាក់សេចក្ដីសុចរិតចុះមក
ចូរឲ្យផែនដីហាឡើង ឲ្យបានបង្កើតផលជាសេចក្ដីសង្គ្រោះ
ហើយឲ្យសេចក្ដីសុចរិតពន្លកឡើងជាមួយគ្នា
យើងនេះហើយជាយេហូវ៉ា
ដែលបានបង្កើតសេចក្ដីនោះឡើង។
9វេទនាដល់អ្នកណាដែលតតាំងនឹងព្រះ
ដែលបានបង្កើតខ្លួនមក
គេជាភាជនៈមួយក្នុងចំណោមភាជនៈដែលធ្វើពីដី។
តើដីឥដ្ឋពោលទៅកាន់ជាងស្មូនថា
តើអ្នកកំពុងធ្វើអ្វីហ្នឹង?
ឬថា ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ ដែរឬ?
10វេទនាដល់អ្នកណាដែលសួរដល់ឪពុកថា
តើបានបង្កើតអ្វីដូច្នេះ?
ឬដល់ម្តាយខ្លួនថា តើបានសម្រាលអ្វីមកយ៉ាងនេះ?»។
11ព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
គឺជាព្រះដែលបង្កើតគេមក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖
«ចូរសួរយើងពីអស់ទាំងការដែលត្រូវមកនៅពេលខាងមុខចុះ
តើអ្នកនឹងបង្គាប់យើងពីដំណើរពួកកូនរបស់យើង
និងពីកិច្ចការដែលដៃរបស់យើងធ្វើឬ?
12យើងបានរៀបចំផែនដី
ហើយបង្កើតមនុស្សឲ្យអាស្រ័យនៅ
គឺដៃយើងដែលបានលាតផ្ទៃមេឃ
ហើយយើងបានបង្គាប់ដល់អស់ទាំងពលបរិវារ
ដែលនៅលើស្ថាននោះដែរ។
13យើងបានលើកស៊ីរូសនេះឡើងដោយសេចក្ដីសុចរិត
យើងនឹងធ្វើឲ្យគ្រប់ទាំងផ្លូវរបស់គេបានត្រង់
គេនឹងសង់ទីក្រុងរបស់យើងឡើង
ហើយនឹងលែងពួកបំបរបង់របស់យើងឲ្យវិលមកវិញ
មិនមែនដោយថ្លៃលោះ ឬរង្វាន់ណាទេ
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។
14ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
«កម្រៃនៃស្រុកអេស៊ីព្ទ ហើយផលចម្រើននៃស្រុកអេធីយ៉ូពី
និងពួកសេបា ជាមនុស្សមានមាឌធំ
នឹងមកឯអ្នក ហើយខ្លួនគេនឹងបានជារបស់អ្នកដែរ
គេនឹងដើរតាមក្រោយអ្នក គេនឹងឆ្លងមកទាំងជាប់ច្រវាក់
ហើយទម្លាក់ខ្លួនក្រាបចុះអង្វរចំពោះអ្នក ដោយពាក្យថា
ព្រះគង់ជាមួយលោកពិត
គ្មានព្រះឯណាទៀតក្រៅពីព្រះអង្គឡើយ»។
15ឱព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះអើយ
ប្រាកដជាព្រះអង្គជាព្រះដែលពួនអង្គ។
16ពួកអ្នកដែលធ្វើរូបព្រះ គេនឹងត្រូវខ្មាស
ហើយជ្រប់មុខទាំងអស់គ្នា
គេនឹងត្រូវបាក់មុខ ដោយសេចក្ដីអៀនខ្មាសទាំងអស់គ្នា។
17តែព្រះយេហូវ៉ានឹងជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួច
ដោយសេចក្ដីសង្គ្រោះដ៏ស្ថិតស្ថេរអស់កល្បជានិច្ច
អ្នករាល់គ្នានឹងមិនត្រូវខ្មាស
ឬជ្រប់មុខដរាបដល់អស់កល្បតរៀងទៅ។
18ដ្បិតព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ
ជាព្រះដែលព្រះអង្គសូនធ្វើ
ហើយប្រតិស្ឋានផែនដីឲ្យមានឡើង
មិនមែនបង្កើតមកឲ្យនៅទទេទេ
គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ
ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖
«គឺយើងនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ។
19យើងមិនបានពោលដោយសម្ងាត់
ក្នុងទីងងឹតនៅផែនដីទេ
យើងមិនបានបង្គាប់ដល់ពួកពូជពង្សនៃយ៉ាកុបថា
ចូរខំស្វែងរកយើងដោយពោលជាឥតប្រយោជន៍នោះទេ
គឺយើង ព្រះយេហូវ៉ានេះ យើងនិយាយតាមសុចរិត
យើងថ្លែងប្រាប់សេចក្ដីដែលត្រឹមត្រូវ»។
រូបព្រះមិនអាចសង្គ្រោះបាប៊ីឡូនបានទេ
20ពួកអ្នកដែលរួចពីសាសន៍ដទៃអើយ ចូរប្រមូលគ្នាមក
ហើយចូលឲ្យជិត
ពួកអ្នកដែលលើកយកដុំឈើធ្វើជារូបព្រះឆ្លាក់របស់គេ
ហើយអធិស្ឋានដល់ព្រះដែលជួយសង្គ្រោះខ្លួនមិនបាន
នោះជាអ្នកអាប់ឥតប្រាជ្ញាទេ។
21ចូរថ្លែងប្រាប់ ហើយសម្ដែងហេតុចេញចុះ
ត្រូវប្រឹក្សាគ្នា តើអ្នកណាបានប្រាប់ពីការនេះ
តាំងពីចាស់បុរាណមក?
តើអ្នកណាបានថ្លែងទំនាយទុក តាំងពីយូរមកហើយ?
តើមិនមែនយើងជាយេហូវ៉ាទេឬ?
ក្រៅពីយើង គ្មានព្រះឯណាទៀត ដែលជាព្រះសុចរិត
ហើយជាព្រះអង្គសង្គ្រោះទេ
គ្មានណាមួយក្រៅពីយើងឡើយ។
22មនុស្សទាំងអស់នៅចុងផែនដីអើយ ចូរមើលមកយើង
ហើយទទួលសេចក្ដីសង្គ្រោះចុះ
ដ្បិតយើងនេះជាព្រះ ឥតមានព្រះណាទៀតឡើយ។
23យើងបានស្បថដោយខ្លួនយើង
ពាក្យនោះបានចេញពីមាត់យើង
ដោយសេចក្ដីសុចរិតហើយ ក៏មិនដែលប្រែប្រួលដែរ
គឺថាគ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខយើង
ហើយគ្រប់ទាំងអណ្ដាតនឹងស្បថពីដំណើរយើង។
24សេចក្ដីសុចរិត និងអានុភាព
មាននៅក្នុងព្រះយេហូវ៉ាតែមួយទេ
មនុស្សទាំងឡាយនឹងមករកព្រះអង្គ
ហើយអស់អ្នកដែលបានក្តៅក្រហាយនឹងព្រះអង្គ
គេនឹងត្រូវខ្មាសវិញ។
25ឯអស់ទាំងពូជពង្សនៃអ៊ីស្រាអែល
នឹងបានសុចរិតក្នុងព្រះយេហូវ៉ា
ហើយមានគេសរសើរ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 45: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies