អេសាយ 57
57
ពួកអ៊ីស្រាអែលសាវា
1មនុស្សសុចរិតគេវិនាសទៅ
ឥតមានអ្នកណាយកចិត្តទុកដាក់ឡើយ
ហើយមនុស្សចិត្តល្អ គេត្រូវយកទៅ
ឥតមានអ្នកណាពិចារណាថា
មនុស្សសុចរិតបានដកចេញ
ឲ្យរួចពីចំពោះការអាក្រក់នោះទេ។
2អ្នកនោះចូលទៅក្នុងសេចក្ដីសុខសាន្ត
គេសម្រាកនៅលើដំណេករបស់ខ្លួន
គឺគ្រប់ទាំងមនុស្សដែលដើរតាមផ្លូវទៀងត្រង់។
3ឯអ្នករាល់គ្នា ពួកកូនចៅនៃស្រីដែលជាគ្រូនក្ខត្តឫក្ស
គឺជាពូជរបស់អ្នកក្បត់ប្រពន្ធ
និងស្រីពេស្យាអើយ ចូរមកជិតនេះចុះ។
4តើអ្នករាល់គ្នាឡកឡឺយឲ្យអ្នកណា?
អ្នកហាមាត់ចំអក ហើយលៀនអណ្ដាតឲ្យអ្នកណា?
តើអ្នករាល់គ្នាមិនមែនជាកូនឥតខាន់ស្លា
ជាពូជមនុស្សភូតភរទេឬ?
5អ្នករាល់គ្នាមានចិត្តឆេះឆួលនឹងរូបព្រះ
នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី
ហើយក៏សម្លាប់កូនក្មេងនៅតាមក្រហែងថ្មច្រកភ្នំនានា។
6នៅចំណោមថ្មរលីងក្នុងបាតជ្រោះ
អ្នកបានច្រួចតង្វាយច្រូច
និងតង្វាយម្សៅថ្វាយដល់ថ្មទាំងនោះ
ដូច្នេះ ថ្មទាំងនោះជាចំណែករបស់អ្នកហើយ
តើគួរឲ្យយើងរសាយកំហឹងចំពោះអំពើយ៉ាងនោះឬ?
7អ្នកបានដាក់គ្រែដេករបស់អ្នកនៅលើកំពូលភ្នំធំខ្ពស់
គឺនៅទីនោះដែលអ្នកបានឡើងទៅថ្វាយយញ្ញបូជាដែរ។
8អ្នកបានដំឡើងទីរំឭកពីអ្នកនៅខាងក្រោយសន្លឹកទ្វារ
និងក្របទ្វារដែរ
ហើយអ្នកបានបើកខ្លួនឲ្យដល់ម្នាក់ដទៃទៀតក្រៅពីយើង
អ្នកបានឡើងទៅធ្វើឲ្យគ្រែអ្នកធំទូលាយ
ហើយបានតាំងសញ្ញានឹងគេ
អ្នកបានស្រឡាញ់ដំណេករបស់គេ ក៏បានរៀបកន្លែងឲ្យ។
9អ្នកបាននាំតង្វាយជាប្រេង
ទៅគាល់ស្តេច ហើយបានចម្រើនគ្រឿងក្រអូប
របស់អ្នកជាច្រើនឡើង
ក៏បានចាត់ទូតរបស់អ្នកឲ្យទៅឯស្រុកឆ្ងាយ
ព្រមទាំងបន្ទាបខ្លួនអ្នកចុះទៅដល់ស្ថាន
ឃុំព្រលឹងមនុស្សស្លាប់។
10អ្នកត្រូវអស់កម្លាំង ដោយផ្លូវរបស់អ្នកវែងឆ្ងាយ
ប៉ុន្តែ អ្នកមិនបានថាជាបង់កម្លាំងទទេនោះទេ
គឺអ្នកបានទទួលសេចក្ដីចម្រើនកម្លាំងវិញ
បានជាអ្នកមិនបានណាយចិត្តសោះឡើយ។
11តើអ្នកបានភ័យខ្លាច ហើយស្រយុតចិត្តចំពោះអ្នកណា
បានជាអ្នកកុហក ហើយមិនបាននឹកដល់យើង
ឬយកចិត្តទុកដាក់សោះដូច្នេះ
តើយើងមិនបានអត់ធ្មត់ជាយូរមកហើយទេឬ?
ប៉ុន្តែ អ្នកមិនបានកោតខ្លាចដល់យើងសោះ។
12យើងនឹងប្រកាសប្រាប់ពីសេចក្ដីសុចរិត
និងការប្រព្រឹត្តរបស់អ្នក
តែគ្មានប្រយោជន៍ដល់អ្នកសោះ។
13កាលណាអ្នកអំពាវនាវ
នោះឲ្យពួកដែលអ្នកបានប្រមូលជួយអ្នកឲ្យរួចចុះ
តែខ្យល់នឹងផាត់គេទៅទាំងអស់
សេចក្ដីទទេៗនឹងចាប់យកគេទៅអស់រលីង
ប៉ុន្តែ អស់អ្នកណាដែលពឹងជ្រកនឹងយើងវិញ
គេនឹងបានស្រុកទុកជាកេរអាករ
ហើយនឹងបានភ្នំបរិសុទ្ធរបស់យើងទុកជាមត៌ក។
ព្រះអម្ចាស់ប្រោសប្រជាជនរបស់ព្រះអង្គឲ្យជា
14នោះនឹងមានគេបង្គាប់ថា
ចូរលើកដីឡើង ចូរលើកដីឡើង ចូររៀបចំថ្នល់
ហើយយកថ្មចំពប់ចេញពីផ្លូវ
របស់ប្រជារាស្ត្ររបស់យើងទៅ។
15ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត
ជាព្រះដ៏គង់នៅអស់កល្បជានិច្ច
ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ
ព្រះអង្គមានព្រះបន្ទូលដូច្នេះថា
យើងនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ
ក៏នៅជាមួយអ្នកណាដែលមានចិត្តសង្រេង និងទន់ទាប
ដើម្បីធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង
ធ្វើឲ្យចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ។
16ដ្បិតយើងមិនព្រមតវ៉ាជាដរាបទៅទេ
ក៏មិនមានសេចក្ដីក្រោធជានិច្ចដែរ
ព្រោះវិញ្ញាណគេនឹងរលត់ទៅនៅមុខយើង
ព្រមទាំងព្រលឹងទាំងប៉ុន្មានដែលយើងបានធ្វើនេះ។
17យើងបានខឹង ហើយបានវាយគេ
ដោយព្រោះអំពើទុច្ចរិតនៃចិត្តលោភរបស់គេ
យើងបានគេចមុខ ហើយមានសេចក្ដីក្រោធ
តែគេចេះតែថយទៅតាមអំពើចិត្តជានិច្ច។
18យើងបានឃើញអស់ទាំងផ្លូវរបស់គេ
ហើយយើងនឹងប្រោសឲ្យជា
យើងនឹងនាំមុខគេ ព្រមទាំងកម្សាន្តចិត្តគេ
ហើយពួកអ្នកដែលកាន់ទុក្ខនឹងគេ
ឲ្យបានក្សាន្តឡើងដែរ។
19គឺយើងដែលបង្កើតពាក្យចេញពីបបូរមាត់
ព្រះយេហូវ៉ាមានព្រះបន្ទូលថា
សូមសេចក្ដីសុខ សេចក្ដីសុខ
ដល់អ្នកណាដែលនៅឆ្ងាយ
ហើយដល់អ្នកដែលនៅជិតផង
យើងនឹងប្រោសគេឲ្យជា។
20តែពួកមនុស្សអាក្រក់
គេប្រៀបដូចជាសមុទ្រដែលចេះតែកម្រើក
ឥតមានស្ងប់ឡើយ
ហើយទឹកនោះចេះតែបារល្បាប់ និងភក់ឡើង។
21ព្រះនៃខ្ញុំ ព្រះអង្គមានព្រះបន្ទូលថា គ្មានសេចក្ដីសុខ
ដល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 57: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies