ពួក​ចៅ‌ហ្វាយ 3:12-31

ពួក​ចៅ‌ហ្វាយ 3:12-31 គកស១៦

ក្រោយ​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទៀត ហើយ​ព្រះ‌យេហូវ៉ា​ចម្រើន​កម្លាំង​ព្រះ​បាទ​អេក្លុន ជា​ស្តេច​ស្រុក​ម៉ូអាប់ ឲ្យ​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។ ស្តេច​បាន​ប្រមូល​ពួក​កូន​ចៅ​អាំម៉ូន និង​ពួក​អាម៉ាឡេក រួច​ចូល​ទៅ​វាយ​ពួក​អ៊ីស្រា‌អែល ហើយ​ដណ្ដើម​បាន​ទី​ក្រុង​ដើម​លម៉ើ ។ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ចំណុះ​ព្រះ​បាទ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់ អស់​រយៈ​ពេល​ដប់​ប្រាំបី​ឆ្នាំ។ ប៉ុន្ដែ កាលពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​តាំង​ឲ្យ​មាន​ម្នាក់ ជា​អ្នក​សង្គ្រោះ​ដល់​គេ គឺ​អេហ៊ុឌ ជា​កូន​កេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ជា​បុរស​ម្នាក់​ដែល​ប្រើ​ការ​តែ​ដៃ​ឆ្វេង។ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ផ្ញើ​សួយ‌អាករ​ទៅ​ថ្វាយ​ព្រះបាទ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់ ដោយ‌សារ​លោក។ អេហ៊ុឌ​បាន​ធ្វើ​កាំបិត​មុខ​ពីរ មាន​ប្រវែង​មួយ​ហត្ថ​សម្រាប់​ខ្លួន ហើយ​សៀត​ភ្ជាប់​នឹង​ចង្កេះ​ខាង​ស្តាំ ក្រោម​សម្លៀក​បំពាក់​របស់​លោក។ លោក​ក៏​ចូល​ទៅ​ថ្វាយ​សួយ‌អាករ​ដល់​ព្រះ​បាទ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់ (រីឯ​ព្រះ​បាទ​អេក្លុន​ជា​មនុស្ស​ធាត់​ខ្លាំង​ណាស់)។ កាល​អេហ៊ុឌ​បាន​ថ្វាយ​សួយ‌អាករ​រួច​ហើយ លោក​ក៏​ជូន​ពួក​អ្នក​ដែល​កាន់​សួយ‌អាករ​ត្រឡប់​ទៅ​ស្រុក​វិញ។ រី​ឯ​ខ្លួន​លោក លោក​ក៏​ត្រឡប់​ក្រោយ​នៅ​ត្រង់​រូប​ចម្លាក់​ថ្ម​ជិត​គីល‌កាល ហើយ​ចូល​មក​ទូល​ស្តេច​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​មានកិច្ច​ការ​សម្ងាត់​ទូល​ថ្វាយ​ព្រះ‌អង្គ»។ ស្ដេច ក៏​បង្គាប់​ថា៖ «ចូរ​ស្ងៀម​សិន» ឯ​អស់​អ្នក​ដែល​នៅ​បម្រើ​ស្ដេច ក៏​នាំ​គ្នា​ចេញ​ទៅ​ក្រៅ​អស់។ ឯ​ស្ដេច​គង់​នៅ​តែ​ឯង​ក្នុង​បន្ទប់​ខាង​លើ ជា​កន្លែង​សម្រាប់​លំហើយ​អង្គ។ ពេល​នោះ អេហ៊ុឌ​ក៏​ចូល​ទៅ​ជិត​ស្ដេច ទូល​ថា៖ «ទូល‌បង្គំ​មាន​ព្រះ‌បន្ទូល​ពី​ព្រះ សម្រាប់​ទូល​ថ្វាយ​ព្រះ​ករុណា»។ ស្តេច​ក៏​ក្រោក​ពី​កៅ​អី។ ពេល​នោះ អេហ៊ុឌ​ក៏​លូក​ដៃ​ឆ្វេង​ទៅ ដក​យក​កាំបិត​ពី​ចង្កេះ​ខាង​ស្តាំ ចាក់​ត្រង់​ពោះ​ស្តេច ឯ​ដង​កាំបិត​ក៏​មុត​កប់​ចូល​ទៅ​តាម​ផ្លែ រួច​ខ្លាញ់​បិទ​ភ្ជិត​កាំ​បិត​នោះ ព្រោះ​លោក​មិន​បាន​ដក​កាំបិត​ចេញ​ពី​ពោះ​ស្តេច​ឡើយ។ បន្ទាប់​មក អេហ៊ុឌ​ក៏​ចេញ​មក​រាន​ហាល​ខាង​មុខ ហើយ​បិទ​ទ្វារ​បន្ទប់ រួច​ចាក់​សោ​យ៉ាង​ជិត។ កាល​លោក​ចេញ​ទៅ​បាត់ ពួក​អ្នក​បម្រើ​មក​ដល់ ហើយ​ឃើញ​ទ្វារ​ចាក់​សោ​ជិតដូច្នេះ គេ​គិត​ថា «ប្រាកដ​ជា​ស្ដេច​ទ្រង់​ដោះ​ទុក្ខ​សត្វ នៅ​ក្នុង​បន្ទប់​ហើយ»។ គេ​នាំ​គ្នា​នៅ​រង់​ចាំ​ទាល់​តែ​មាន​សេចក្ដី​អៀន​ខ្មាស។ ប៉ុន្ដែ កាល​ស្ដេច​មិន​បាន​បើក​ទ្វារ​បន្ទប់​នោះ​សោះ គេ​ក៏​យក​កូន​សោ​ទៅ​ចាក់​បើក​ទ្វារ ហើយ​ឃើញ​ម្ចាស់​របស់​គេ​សុគត​នៅ​លើ​ឥដ្ឋ។ អេហ៊ុឌ​បាន​ភៀស​ខ្លួន​ចេញ ក្នុង​ពេល​គេ​កំពុង​តែ​បង្អែ​បង្អង់ ហើយ​ឆ្លង​ហួស​ពី​កន្លែង​រូប​ចម្លាក់​ថ្ម រួច​ចូល​ទៅ​សៃរ៉ា។ ពេល​ទៅ​ដល់ លោក​ផ្លុំ​ត្រែ​ឡើង​ក្នុង​ស្រុក​ភ្នំ​អេប្រាអិម។ ពេល​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចុះ​ពី​ស្រុក​ភ្នំ​ទៅ​ជា​មួយ​លោក ហើយ​លោក​ជា​អ្នក​នាំ​មុខ​គេ។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​មក​តាម​ខ្ញុំ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​សាសន៍​ម៉ូអាប់ ជា​ខ្មាំង​សត្រូវ មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ»។ ដូច្នេះ គេ​ក៏​ចុះ​ទៅ​តាម​លោក ហើយ​វាយ​យក​កន្លែង​ឆ្លង​ទន្លេ​យ័រ‌ដាន់​ពី​សាសន៍​ម៉ូអាប់ ហើយ​មិន​ឲ្យ​អ្នក​ណា​ម្នាក់​ឆ្លងសោះ​ឡើយ។ នៅ​គ្រា​នោះ គេ​ប្រហារ​ជីវិត​សាសន៍​ម៉ូអាប់​អស់​ប្រហែល​មួយ​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន ហើយ​ស្ទាត់​ជំនាញ គ្មាន​អ្នក​ណា​ម្នាក់គេច​រួច​ឡើយ។ ដូច្នេះ សាសន៍​ម៉ូអាប់​ត្រូវ​ក្រាប​ចុះ​នៅ​ក្រោម​អំណាច​របស់​ពួក​អ៊ីស្រា‌អែលនៅ​ថ្ងៃ​នោះ​ឯង ហើយ​ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​ប៉ែតសិប​ឆ្នាំ។ បន្ទាប់​ពី​អេហ៊ុឌ​មក មាន​សាំកើរ ជា​កូន​អ័ណាត លោក​បាន​សម្លាប់​ពួក​ភីលី‌ស្ទីន​អស់​ប្រាំ​មួយ​រយ​នាក់ ដោយ​ប្រើ​ជន្លួញ​គោ ហើយ​លោក​ក៏​បាន​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល​ដែរ។