ចៅហ្វាយ 3:12-31

ចៅហ្វាយ 3:12-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទៀត ហើយ​ព្រះ‌យេហូវ៉ា​ចម្រើន​កម្លាំង​ព្រះ​បាទ​អេក្លុន ជា​ស្តេច​ស្រុក​ម៉ូអាប់ ឲ្យ​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។ ស្តេច​បាន​ប្រមូល​ពួក​កូន​ចៅ​អាំម៉ូន និង​ពួក​អាម៉ាឡេក រួច​ចូល​ទៅ​វាយ​ពួក​អ៊ីស្រា‌អែល ហើយ​ដណ្ដើម​បាន​ទី​ក្រុង​ដើម​លម៉ើ ។ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ចំណុះ​ព្រះ​បាទ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់ អស់​រយៈ​ពេល​ដប់​ប្រាំបី​ឆ្នាំ។ ប៉ុន្ដែ កាលពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​តាំង​ឲ្យ​មាន​ម្នាក់ ជា​អ្នក​សង្គ្រោះ​ដល់​គេ គឺ​អេហ៊ុឌ ជា​កូន​កេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ជា​បុរស​ម្នាក់​ដែល​ប្រើ​ការ​តែ​ដៃ​ឆ្វេង។ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ផ្ញើ​សួយ‌អាករ​ទៅ​ថ្វាយ​ព្រះបាទ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់ ដោយ‌សារ​លោក។ អេហ៊ុឌ​បាន​ធ្វើ​កាំបិត​មុខ​ពីរ មាន​ប្រវែង​មួយ​ហត្ថ​សម្រាប់​ខ្លួន ហើយ​សៀត​ភ្ជាប់​នឹង​ចង្កេះ​ខាង​ស្តាំ ក្រោម​សម្លៀក​បំពាក់​របស់​លោក។ លោក​ក៏​ចូល​ទៅ​ថ្វាយ​សួយ‌អាករ​ដល់​ព្រះ​បាទ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់ (រីឯ​ព្រះ​បាទ​អេក្លុន​ជា​មនុស្ស​ធាត់​ខ្លាំង​ណាស់)។ កាល​អេហ៊ុឌ​បាន​ថ្វាយ​សួយ‌អាករ​រួច​ហើយ លោក​ក៏​ជូន​ពួក​អ្នក​ដែល​កាន់​សួយ‌អាករ​ត្រឡប់​ទៅ​ស្រុក​វិញ។ រី​ឯ​ខ្លួន​លោក លោក​ក៏​ត្រឡប់​ក្រោយ​នៅ​ត្រង់​រូប​ចម្លាក់​ថ្ម​ជិត​គីល‌កាល ហើយ​ចូល​មក​ទូល​ស្តេច​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​មានកិច្ច​ការ​សម្ងាត់​ទូល​ថ្វាយ​ព្រះ‌អង្គ»។ ស្ដេច ក៏​បង្គាប់​ថា៖ «ចូរ​ស្ងៀម​សិន» ឯ​អស់​អ្នក​ដែល​នៅ​បម្រើ​ស្ដេច ក៏​នាំ​គ្នា​ចេញ​ទៅ​ក្រៅ​អស់។ ឯ​ស្ដេច​គង់​នៅ​តែ​ឯង​ក្នុង​បន្ទប់​ខាង​លើ ជា​កន្លែង​សម្រាប់​លំហើយ​អង្គ។ ពេល​នោះ អេហ៊ុឌ​ក៏​ចូល​ទៅ​ជិត​ស្ដេច ទូល​ថា៖ «ទូល‌បង្គំ​មាន​ព្រះ‌បន្ទូល​ពី​ព្រះ សម្រាប់​ទូល​ថ្វាយ​ព្រះ​ករុណា»។ ស្តេច​ក៏​ក្រោក​ពី​កៅ​អី។ ពេល​នោះ អេហ៊ុឌ​ក៏​លូក​ដៃ​ឆ្វេង​ទៅ ដក​យក​កាំបិត​ពី​ចង្កេះ​ខាង​ស្តាំ ចាក់​ត្រង់​ពោះ​ស្តេច ឯ​ដង​កាំបិត​ក៏​មុត​កប់​ចូល​ទៅ​តាម​ផ្លែ រួច​ខ្លាញ់​បិទ​ភ្ជិត​កាំ​បិត​នោះ ព្រោះ​លោក​មិន​បាន​ដក​កាំបិត​ចេញ​ពី​ពោះ​ស្តេច​ឡើយ។ បន្ទាប់​មក អេហ៊ុឌ​ក៏​ចេញ​មក​រាន​ហាល​ខាង​មុខ ហើយ​បិទ​ទ្វារ​បន្ទប់ រួច​ចាក់​សោ​យ៉ាង​ជិត។ កាល​លោក​ចេញ​ទៅ​បាត់ ពួក​អ្នក​បម្រើ​មក​ដល់ ហើយ​ឃើញ​ទ្វារ​ចាក់​សោ​ជិតដូច្នេះ គេ​គិត​ថា «ប្រាកដ​ជា​ស្ដេច​ទ្រង់​ដោះ​ទុក្ខ​សត្វ នៅ​ក្នុង​បន្ទប់​ហើយ»។ គេ​នាំ​គ្នា​នៅ​រង់​ចាំ​ទាល់​តែ​មាន​សេចក្ដី​អៀន​ខ្មាស។ ប៉ុន្ដែ កាល​ស្ដេច​មិន​បាន​បើក​ទ្វារ​បន្ទប់​នោះ​សោះ គេ​ក៏​យក​កូន​សោ​ទៅ​ចាក់​បើក​ទ្វារ ហើយ​ឃើញ​ម្ចាស់​របស់​គេ​សុគត​នៅ​លើ​ឥដ្ឋ។ អេហ៊ុឌ​បាន​ភៀស​ខ្លួន​ចេញ ក្នុង​ពេល​គេ​កំពុង​តែ​បង្អែ​បង្អង់ ហើយ​ឆ្លង​ហួស​ពី​កន្លែង​រូប​ចម្លាក់​ថ្ម រួច​ចូល​ទៅ​សៃរ៉ា។ ពេល​ទៅ​ដល់ លោក​ផ្លុំ​ត្រែ​ឡើង​ក្នុង​ស្រុក​ភ្នំ​អេប្រាអិម។ ពេល​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចុះ​ពី​ស្រុក​ភ្នំ​ទៅ​ជា​មួយ​លោក ហើយ​លោក​ជា​អ្នក​នាំ​មុខ​គេ។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​មក​តាម​ខ្ញុំ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​សាសន៍​ម៉ូអាប់ ជា​ខ្មាំង​សត្រូវ មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ»។ ដូច្នេះ គេ​ក៏​ចុះ​ទៅ​តាម​លោក ហើយ​វាយ​យក​កន្លែង​ឆ្លង​ទន្លេ​យ័រ‌ដាន់​ពី​សាសន៍​ម៉ូអាប់ ហើយ​មិន​ឲ្យ​អ្នក​ណា​ម្នាក់​ឆ្លងសោះ​ឡើយ។ នៅ​គ្រា​នោះ គេ​ប្រហារ​ជីវិត​សាសន៍​ម៉ូអាប់​អស់​ប្រហែល​មួយ​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន ហើយ​ស្ទាត់​ជំនាញ គ្មាន​អ្នក​ណា​ម្នាក់គេច​រួច​ឡើយ។ ដូច្នេះ សាសន៍​ម៉ូអាប់​ត្រូវ​ក្រាប​ចុះ​នៅ​ក្រោម​អំណាច​របស់​ពួក​អ៊ីស្រា‌អែលនៅ​ថ្ងៃ​នោះ​ឯង ហើយ​ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​ប៉ែតសិប​ឆ្នាំ។ បន្ទាប់​ពី​អេហ៊ុឌ​មក មាន​សាំកើរ ជា​កូន​អ័ណាត លោក​បាន​សម្លាប់​ពួក​ភីលី‌ស្ទីន​អស់​ប្រាំ​មួយ​រយ​នាក់ ដោយ​ប្រើ​ជន្លួញ​គោ ហើយ​លោក​ក៏​បាន​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល​ដែរ។

ចែក​រំលែក
អាន ចៅហ្វាយ 3

ចៅហ្វាយ 3:12-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី។ ហេតុ​នេះ ព្រះ‌អម្ចាស់​បាន​ពង្រឹង​អំណាច​របស់​ព្រះ‌បាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់ ឲ្យ​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។ ព្រះ‌បាទ​អេក្លូន​បាន​ពួត‌ដៃ​ជា​មួយ​ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​អាម៉ា‌ឡេក ទៅ​ច្បាំង​នឹង​អ៊ីស្រា‌អែល ហើយ​ដណ្ដើម​បាន​ក្រុង​ដើម​លម៉ើ។ ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ចំណុះ​ព្រះ‌បាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់ អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ក៏​ធ្វើ​ឲ្យ​មាន​អ្នក​សង្គ្រោះ​មួយ​រូប​ងើប​ឡើង​សង្គ្រោះ​ពួក​គេ គឺ​លោក​អេហ៊ូដ ជា​កូន​របស់​លោក​កេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន លោក​អេហ៊ូដ​ប្រើ​តែ​ដៃ​ឆ្វេង​ប៉ុណ្ណោះ។ នៅ​គ្រា​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ចាត់​លោក​អេហ៊ូដ​ឲ្យ​នាំ​សួយសារ‌អាករ​ទៅ​ថ្វាយ​ព្រះ‌បាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់។ លោក​អេហ៊ូដ​ធ្វើ​កាំ​បិត​មុខ​ពីរ ដែល​មាន​ប្រវែង​ប្រហែល​មួយ​ហត្ថ ហើយ​ចង​ផ្អោប​នឹង​ភ្លៅ​ស្ដាំ លាក់​ក្នុង​សម្លៀក‌បំពាក់​របស់​លោក។ លោក​នាំ​សួយសារ‌អាករ​ទៅ​ថ្វាយ​ព្រះ‌បាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់។ ព្រះ‌បាទ​អេក្លូន​ធាត់​ណាស់។ ក្រោយ​បាន​ថ្វាយ​សួយសារ‌អាករ​រួច​ហើយ លោក​ក៏​វិល​ទៅ​វិញ​ជា​មួយ​អស់​អ្នក​ដែល​កាន់​សួយសារ‌អាករ​មក។ លុះ​មក​ដល់​ត្រង់​រូប​បដិមា ដែល​នៅ​ជិត​គីល‌កាល់ លោក​បក​ក្រោយ ហើយ​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូលបង្គំ​មាន​កិច្ចការ​សម្ងាត់​មួយ​ទូល​ថ្វាយ​ព្រះអង្គ»។ ស្ដេច​បញ្ជា​ទៅ​អ្នក​បម្រើ​ឲ្យ​ចេញ​ទៅ អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្ដេច​ក៏​នាំ​គ្នា​ចេញ​ទៅ។ ពេល​នោះ ស្ដេច​គង់​នៅ​ក្នុង​បន្ទប់​ត្រជាក់​ខាង​លើ ជា​កន្លែង​លំហែ​កាយ​សម្រាប់​ស្ដេច​ផ្ទាល់។ លោក​អេហ៊ូដ​ចូល​ទៅ​ជិត ទូល​ថា៖ «ទូលបង្គំ​មាន​ព្រះ‌បន្ទូល​ពី​ព្រះ‌អម្ចាស់ សម្រាប់​ទូល​ថ្វាយ​ព្រះ‌ករុណា​ផ្ទាល់!» ស្ដេច​ក៏​ក្រោក​ពី​កៅ‌អី។ រំពេច​នោះ លោក​អេហ៊ូដ​លូក​ដៃ​ឆ្វេង​ដក​កាំបិត ដែល​ចង​ផ្អោប​នៅ​ភ្លៅ​ស្ដាំ រួច​ចាក់​ត្រង់​ពោះ​ស្ដេច មុត​កប់​រហូត​ដល់​ដង ហើយ​ខ្លាញ់​ពោះ​ក៏​បិទ​ភ្ជិត​កាំបិត​នោះ។ លោក​អេហ៊ូដ​មិន​បាន​ដក​កាំបិត​ចេញ​មក​វិញ​ទេ។ បន្ទាប់​មក លោក​អេហ៊ូដ​បាន​បិទ​ទ្វារ​បន្ទប់ និង​ចាក់​សោ​យ៉ាង​ជិត រួច​ចេញ​មក​ក្រៅ​វិញ តាម​ច្រក​ខាង​ក្រោយ។ កាល​លោក​អេហ៊ូដ​ចេញ​ផុត​ទៅ អ្នក​បម្រើ​មក​ដល់ ឃើញ​ទ្វារ​បន្ទប់​បិទ​ជិត ពួក​គេ​គិត​គ្នា​ថា «ស្ដេច​ប្រហែល​ជា​កំពុង​តែ​ដោះ​ទុក្ខ​សត្វ នៅ​ខាង​ក្នុង​នោះ​ហើយ​មើល​ទៅ!»។ គេ​នាំ​គ្នា​រង់‌ចាំ រហូត​ទាល់​តែ​ចាប់​ផ្ដើម​បារម្ភ ព្រោះ​មិន​ឃើញ​ស្ដេច​បើក​ទ្វារ​បន្ទប់។ ដូច្នេះ គេ​ក៏​យក​សោ​ទៅ​ចាក់​បើក​ទ្វារ ហើយ​ឃើញ​ម្ចាស់​របស់​គេ​សុគត​នៅ​លើ​ឥដ្ឋ។ ក្នុង​រយៈ​ពេល​ដែល​គេ​រង់‌ចាំ​នោះ លោក​អេហ៊ូដ​រត់​ឆ្ងាយ​ហួស​រូប​បដិមា ហើយ​ទៅ​ដល់​តំបន់​សៃរ៉ា។ ពេល​ទៅ​ដល់ លោក​ផ្លុំ​ស្នែង​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ជន‌ជាតិ​អ៊ីស្រា‌អែល​ចុះ​ពី​ភ្នំ​ទៅ​ជា​មួយ​លោក លោក​ក៏​នាំ​មុខ​គេ។ លោក​ប្រកាស​ថា៖ «ចូរ​មក​តាម​ខ្ញុំ ដ្បិត​ព្រះ‌អម្ចាស់​បាន​ប្រគល់​សាសន៍​ម៉ូអាប់ ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ!»។ ពួក​គេ​ទៅ​ជា​មួយ​លោក ហើយ​វាយ​យក​កន្លែង​ទឹក​រាក់ សម្រាប់​ឆ្លង​ទន្លេ​យ័រដាន់ ពី​ជន‌ជាតិ​ម៉ូអាប់ ពួក​គេ​មិន​ឲ្យ​នរណា​ម្នាក់​ឆ្លង​តាម​នោះ​ឡើយ។ នៅ​គ្រា​នោះ ពួក​គេ​បាន​សម្លាប់​ជន‌ជាតិ​ម៉ូអាប់ អស់​ប្រហែល​មួយ​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ និង​ក្លាហាន​ផង គឺ​ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ ចាប់​តាំង​ពី​ពេល​នោះ​មក ជន‌ជាតិ​ម៉ូអាប់​ស្ថិត​នៅ​ក្រោម​អំណាច​ត្រួត‌ត្រា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​ប៉ែត‌សិប​ឆ្នាំ។ បន្ទាប់​ពី​លោក​អេហ៊ូដ លោក​សាំកើរ ជា​កូន​របស់​លោក​អណាត ក៏​បាន​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ គឺ​លោក​បាន​សម្លាប់​ជន‌ជាតិ​ភីលីស្ទីន​អស់​ប្រាំ​មួយ​រយ​នាក់ ដោយ​ប្រើ​ជន្លួញ​គោ។

ចែក​រំលែក
អាន ចៅហ្វាយ 3

ចៅហ្វាយ 3:12-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ក្រោយ​មក ពួក​កូន​ចៅ​អ៊ីស្រាអែល ក៏​ប្រព្រឹត្ត​សេចក្ដី​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទៀត រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចំរើន​កំឡាំង​ដល់​អេក្លុន ជា​ស្តេច​ស្រុក​ម៉ូអាប់​ឲ្យ​ទាស់​នឹង​អ៊ីស្រាអែល ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​សេចក្ដី​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ទ្រង់ ស្តេច​នោះ​ក៏​ប្រមូល​ពួក​កូន​ចៅ​អាំម៉ូន នឹង​ពួក​អាម៉ា‌លេក​មក រួច​ចូល​ទៅ​វាយ​ពួក​អ៊ីស្រាអែល ហើយ​ចាប់​យក​បាន​ទី​ក្រុង​ដើម​លម៉ើ​របស់​គេ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​នៅ​ជា​ចំណុះ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់​នោះ​អស់​១៨​ឆ្នាំ តែ​កាល​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​តាំង​ឲ្យ​មាន​អ្នក​១ ជា​អ្នក​ជួយ​សង្គ្រោះ​ដល់​គេ គឺ​អេហ៊ុឌ ជា​កូន​កេរ៉ា​ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ដែល​ជា​អ្នក​ប្រើ​ការ​ខាង​ដៃ​ឆ្វេង ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ផ្ញើ​សួយ‌អាករ​ទៅ​ថ្វាយ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់​នោះ ដោយ‌សារ​លោក ឯ​អេហ៊ុឌ លោក​ធ្វើ​កាំបិត​១ មាន​មុខ​ពីរ ប្រវែង​១​ហត្ថ​សំរាប់​ខ្លួន ហើយ​សៀត​ភ្ជាប់​នៅ​ចង្កេះ​ខាង​ស្តាំ​ត្រង់​ក្រោម​អាវ លោក​ក៏​ចូល​ទៅ​ថ្វាយ​សួយ‌អាករ​ដល់​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់ (រីឯ​អេក្លុន នោះ​ជា​មនុស្ស​ធាត់​ខ្លាំង​ណាស់) កាល​បាន​ថ្វាយ​សួយ‌អាករ​ជា​ស្រេច នោះ​ក៏​នាំ​គ្នា​ទៅ​ដល់​ត្រឹម​កន្លែង​ដាប់​ថ្ម ដែល​នៅ​ជិត​គីល‌កាល រួច​លោក​ឲ្យ​ពួក​អ្នក​ដែល​កាន់​នាំ​សួយ‌អាករ​មក ត្រឡប់​ទៅ​ស្រុក​វិញ តែ​ឯ​ខ្លួន​លោកៗ​វិល​ចូល​មក​ឯ​ស្តេច​ទូល​ថា បពិត្រ​ព្រះ‌ករុណា ទូលបង្គំ​មាន​ការ​យ៉ាង​សំងាត់​នឹង​ទូល​ដល់​ទ្រង់ ដូច្នេះ ស្តេច​ទ្រង់​ក៏​បង្គាប់​ថា ចូរ​ស្ងៀម​សិន រួច​អស់​អ្នក​ដែល​ឈរ​ជិត​ក៏​នាំ​គ្នា​ចេញ​ទៅ​ក្រៅ​អស់​ទៅ ឯ​ស្តេច​ទ្រង់​គង់​នៅ​តែ​ឯង​ក្នុង​បន្ទប់​ខាង​លើ ជា​កន្លែង​សំរាប់​លំហើយ​អង្គ លំដាប់​នោះ អេហ៊ុឌ​ក៏​ចូល​ទៅ​ជិត​ទ្រង់​ទូល​ថា ទូលបង្គំ​មាន​បន្ទូល​នៃ​ព្រះ សំរាប់​នឹង​ទូល​ដល់​ទ្រង់ ស្តេច​ក៏​ក្រោក​ចាក​ពី​ព្រះ‌ទែន​ឡើង នោះ​អេហ៊ុឌ​ក៏​លូក​ដៃ​ឆ្វេង​ទៅ​ដក​យក​កាំបិត​ពី​ចង្កេះ​ខាង​ស្តាំ ចាក់​ត្រង់​ពោះ​នៃ​ស្តេច ឯ​ដង​កាំបិត​ក៏​មុត​កប់​ចូល​ទៅ​តាម​ផ្លែ​ធ្លុះ​ចេញ​ទៅ​ខាង​ក្រោយ រួច​ខ្លាញ់​បិទ​ភ្ជិត​ទាំង​អស់​ទៅ លោក​ឥត​បាន​ដក​កាំបិត​ចេញ​ពី​ពោះ​ស្តេច​ឡើយ ស្រេច​ហើយ​ក៏​ចេញ​មក​ឯ​រាន​ខាង​មុខ រួច​បិទ​ទ្វារ​បន្ទប់​ខាង​លើ​នោះ​ចាក់​សោ​ភ្ជិត​ទៅ។ កាល​លោក​បាន​ចេញ​ទៅ​បាត់​ហើយ នោះ​ពួក​គាល់​ហ្វៅ​របស់​ស្តេច​មក​ឃើញ​ទ្វារ​ចាក់​សោ​ជិត​ដូច្នោះ ក៏​គិត​ថា ប្រាកដ​ជា​ទ្រង់​ផ្ទំ​នៅ​ក្នុង​បន្ទប់​នោះ​ហើយ រួច​គេ​នៅ​ចាំ​ទាល់​តែ​មាន​សេចក្ដី​អៀន‌ខ្មាស​ដល់​ខ្លួន តែ​ទ្រង់​មិន​បាន​បើក​ទ្វារ​បន្ទប់​នោះ​សោះ គេ​ក៏​យក​កូន​សោ​ទៅ​ចាក់​បើក​ទ្វារ នោះ​ឃើញ​ម្ចាស់​របស់​គេ ទ្រង់​សុគត​នៅ​លើ​ឥដ្ឋ​ហើយ។ ឯ​អេហ៊ុឌ លោក​បាន​រត់​រួច​ទៅ កំពុង​ដែល​អ្នក​ទាំង​នោះ​នៅ​រារង់​បង្អង់​ចាំ ក៏​បាន​ទៅ​ហួស​ពី​កន្លែង​ដាប់​ថ្ម​នោះ ចូល​ទៅ​ដល់​សៃរ៉ា លុះ​ដល់​ហើយ នោះ​លោក​ផ្លុំ​ត្រែ​ឡើង​នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ចុះ​ពី​ស្រុក​ភ្នំ​ទៅ​ជា​មួយ មាន​លោក​ជា​អ្នក​នាំ​មុខ​គេ លោក​បង្គាប់​ថា ចូរ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ពួក​សាសន៍​ម៉ូអាប់​ជា​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ​គេ​ក៏​ចុះ​តាម​លោក​ទៅ ចាប់​យក​ទី​ឆ្លង​ទន្លេ​យ័រដាន់​ពី​សាសន៍​ម៉ូអាប់ ឥត​បើក​ឲ្យ​អ្នក​ណា​មួយ​ឆ្លង​សោះ​ឡើយ នៅ​វេលា​នោះ គេ​ប្រហារ​ជីវិត​សាសន៍​ម៉ូអាប់ អស់​ប្រហែល​ជា​១​ម៉ឺន​នាក់​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន ហើយ​ស្ទាត់​ជំនាញ​គ្រប់​គ្នា គ្មាន​អ្នក​ណា​មួយ​រួច​ឡើយ ដូច្នេះ​សាសន៍​ម៉ូអាប់​ត្រូវ​ក្រាប​ចុះ​នៅ​ក្រោម​អំណាច​នៃ​ពួក​អ៊ីស្រាអែល​នៅ​ថ្ងៃ​នោះ​ឯង​វិញ នោះ​ស្រុក​ក៏​បាន​សុខ‌សាន្ត‌ត្រាណ​អស់​៨០​ឆ្នាំ។ ក្រោយ​ពី​លោក​មក មាន​ឈ្មោះ​សាំកើរ ជា​កូន​អ័ណាត ដែល​យក​ជន្លួញ​គោ​វាយ​សំឡាប់​ពួក​ភីលីស្ទីន​អស់​៦០០​នាក់ អ្នក​នោះ​ក៏​ជួយ​សង្គ្រោះ​អ៊ីស្រាអែល​ដែរ។

ចែក​រំលែក
អាន ចៅហ្វាយ 3