ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាទៀត ហើយព្រះយេហូវ៉ាប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ម៉ាឌានអស់ប្រាំពីរឆ្នាំ។ ពួកសាសន៍ម៉ាឌានក៏មានកម្លាំងឡើង ឈ្នះពួកអ៊ីស្រាអែល គឺដោយព្រោះតែសាសន៍ម៉ាឌាននោះហើយបានជាពួកកូនចៅអ៊ីស្រាអែលធ្វើរូងនៅក្នុងភ្នំ ធ្វើរអាង និងទីជម្រកសម្រាប់ខ្លួន។ ដ្បិតពេលណាពួកអ៊ីស្រាអែលបានសាបព្រោះ ពួកសាសន៍ម៉ាឌាន ពួកសាសន៍អាម៉ាឡេក និងមនុស្សនៅស្រុកខាងកើត ឡើងមកទាស់នឹងគេ។ គេមកបោះទ័ពទាស់នឹងអ៊ីស្រាអែល ហើយបំផ្លាញផលដំណាំកើតពីដី រហូតដល់ក្រុងកាសា ឥតមានទុកស្បៀងអាហារណា ឲ្យនៅក្នុងស្រុកអ៊ីស្រាអែលឡើយ ទោះទាំងចៀម គោ ឬលាក្តី។ ដ្បិតគេឡើងមកទាំងដឹកហ្វូងសត្វ និងជំរំរបស់គេមកជាមួយ គេចូលមកមានគ្នាជាច្រើនដូចកណ្តូប ឯខ្លួនគេ និងសត្វអូដ្ឋរបស់គេ នោះរាប់មិនអស់ឡើយ គឺគេចូលមកដើម្បីតែនឹងបំផ្លាញស្រុកប៉ុណ្ណោះ។ ពួកកូនចៅអ៊ីស្រាអែលបានធ្លាក់ខ្លួនក្រខ្សត់យ៉ាងខ្លាំង ដោយព្រោះសាសន៍ម៉ាឌាន។ ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏ស្រែកអំពាវនាវរកព្រះយេហូវ៉ា។ កាលពួកកូនចៅអ៊ីស្រាអែលបានស្រែកអំពាវនាវរកព្រះយេហូវ៉ា ដោយព្រោះសាសន៍ម៉ាឌាន ព្រះយេហូវ៉ាក៏ចាត់ហោរាម្នាក់ឲ្យមកឯពួកកូនចៅអ៊ីស្រាអែល ហើយលោកប្រាប់គេថា៖ «ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "យើងបាននាំអ្នករាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទ គឺឲ្យចេញពីផ្ទះដែលអ្នកធ្វើជាទាសករ។ យើងបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ពួកសាសន៍អេស៊ីព្ទ និងពីកណ្ដាប់ដៃរបស់អស់អ្នកដែលសង្កត់សង្កិនអ្នករាល់គ្នា ក៏បានបណ្តេញគេចេញពីមុខអ្នករាល់គ្នាទៅ ហើយបានប្រគល់ស្រុករបស់គេមកឲ្យអ្នករាល់គ្នា។ យើងបានប្រាប់អ្នករាល់គ្នាថា យើងជាព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នាមិនត្រូវខ្លាចព្រះទាំងប៉ុន្មានរបស់សាសន៍អាម៉ូរី ដែលអ្នករាល់គ្នារស់នៅក្នុងស្រុកគេនោះឡើយ" តែអ្នករាល់គ្នាមិនបានស្តាប់តាមបង្គាប់យើងសោះ»។ គ្រានោះ ទេវតារបស់ព្រះយេហូវ៉ាបានមកអង្គុយនៅក្រោមដើមម៉ៃសាក់នៅអូប្រា ដែលជារបស់យ៉ូអាស ក្នុងអំបូរអ័បៀស៊ើរ រីឯគេឌានជាកូនរបស់លោក កំពុងតែបោកស្រូវនៅក្នុងធុងគាបផ្លែទំពាំងបាយជូរ ដើម្បីលាក់នឹងពួកម៉ាឌាន។ ទេវតារបស់ព្រះយេហូវ៉ាបានបង្ហាញខ្លួនឲ្យលោកឃើញ ហើយប្រាប់ថា៖ «នែ៎ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាគង់ជាមួយអ្នក»។ គេឌានឆ្លើយតបថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះយេហូវ៉ាគង់នៅជាមួយយើងខ្ញុំមែន ហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់យើងខ្ញុំដូច្នេះ? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ ដែលបុព្វបុរសរបស់យើងខ្ញុំបានថ្លែងប្រាប់តមកថា ព្រះយេហូវ៉ាបាននាំយើងឡើងចេញពីស្រុកអេស៊ីព្ទមកនោះ? ឥឡូវនេះ ព្រះយេហូវ៉ាបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ពួកម៉ាឌានហើយ»។ ព្រះយេហូវ៉ាបែរមកឯលោក ហើយមានព្រះបន្ទូលថា៖ «ចូរចេញទៅដោយសារកម្លាំងរបស់អ្នកនេះចុះ ហើយសង្គ្រោះអ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន គឺយើងចាត់អ្នកឲ្យទៅ»។ លោកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ធ្វើដូចម្តេចឲ្យទូលបង្គំអាចសង្គ្រោះអ៊ីស្រាអែលបាន? មើល៍ ត្រកូលទូលបង្គំខ្សត់ខ្សោយជាងគេក្នុងពួកម៉ាណាសេ ហើយទូលបង្គំក៏ជាអ្នកតូចជាងគេនៅក្នុងគ្រួសារបស់ឪពុកទូលបង្គំដែរ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលតបថា៖ «យើងនឹងនៅជាមួយអ្នក ហើយអ្នកនឹងវាយសាសន៍ម៉ាឌាន ដូចជាវាយមនុស្សតែម្នាក់»។ លោកទូលព្រះអង្គថា៖ «ប្រសិនបើទូលបង្គំប្រកបដោយព្រះគុណរបស់ព្រះអង្គ សូមសម្ដែងទីសម្គាល់មួយឲ្យទូលបង្គំដឹងថា គឺពិតជាព្រះអង្គមែនដែលមានព្រះបន្ទូលនឹងទូលបង្គំ។ សូមកុំយាងចេញពីទីនេះឡើយ ចាំឲ្យទូលបង្គំត្រឡប់មកវិញ ហើយនាំយកតង្វាយរបស់ទូលបង្គំ មកថ្វាយនៅចំពោះព្រះអង្គសិន»។ ព្រះអង្គក៏មានព្រះបន្ទូលថា៖ «យើងនឹងនៅចាំរហូតអ្នកត្រឡប់មកវិញ»។ ដូច្នេះ គេឌានក៏ចូលទៅក្នុងផ្ទះរបស់លោក ហើយរៀបចំកូនពពែមួយ និងនំបុ័ងឥតដំបែធ្វើពីម្សៅមួយថាំង។ លោកយកសាច់ដាក់ក្នុងកញ្ច្រែង ហើយដាក់ទឹកសម្លក្នុងចាន នាំយកមកថ្វាយព្រះអង្គ នៅក្រោមដើមម៉ៃសាក់ លោកក៏ថ្វាយតង្វាយនោះដល់ព្រះអង្គ។ ទេវតារបស់ព្រះពោលមកកាន់លោកថា៖ «ចូរយកសាច់ និងនំបុ័ងឥតដំបែនោះ មកដាក់នៅលើថ្មនេះ ហើយចាក់ទឹកសម្លពីលើទៅ»។ លោកក៏ធ្វើតាមដូច្នោះ។ ពេលនោះ ទេវតារបស់ព្រះយេហូវ៉ាក៏លូកចុងដំបងដែលកាន់នៅព្រះហស្ត ទៅពាល់សាច់ និងនំបុ័ងឥតដំបែនោះ រួចក៏មានភ្លើងចេញពីថ្មមកបញ្ឆេះសាច់ និងនំបុ័ងឥតដំបែអស់ទៅ ហើយទេវតារបស់ព្រះយេហូវ៉ាក៏ស្រាប់តែបាត់ពីមុខលោកទៅ។ កាលគេឌានដឹងថា ជាទេវតារបស់ព្រះយេហូវ៉ា លោកក៏ពោលថា៖ «វរហើយ ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ! ដ្បិតទូលបង្គំបានឃើញទេវតារបស់ព្រះយេហូវ៉ានៅប្រទល់មុខ»។ ប៉ុន្ដែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «សូមឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត កុំភ័យអី អ្នកមិនត្រូវស្លាប់ទេ »។ ពេលនោះ គេឌានក៏សង់អាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះ រួចដាក់ឈ្មោះថា យេហូវ៉ា-សាឡិម (ដែលមានន័យថា ព្រះអម្ចាស់ជាសេចក្ដីសុខសាន្ត)។ អាសនានោះស្ថិតនៅត្រង់អូប្រា ដែលជារបស់ពួកអ័បៀស៊ើរ រហូតដល់សព្វថ្ងៃ។ នៅយប់នោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរយកគោឈ្មោលរបស់ឪពុកអ្នក គឺគោទីពីរអាយុប្រាំពីរខួប ទៅទាញរំលំអាសនារបស់ព្រះបាល ដែលជារបស់ឪពុកអ្នក ហើយកាប់បំផ្លាញបង្គោលសក្ការៈ ដែលនៅក្បែរនោះចេញ រួចសង់អាសនាមួយថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅលើកំពូលភ្នំនោះ ដោយរៀបថ្មឲ្យបានត្រឹមត្រូវ។ បន្ទាប់មក ត្រូវយកគោទីពីរថ្វាយជាតង្វាយដុត ដោយយកបង្គោលសក្ការៈ ដែលអ្នកបានកាប់នោះ មកធ្វើជាឧសសម្រាប់ដុត»។ ដូច្នេះ គេឌាននាំអ្នកបម្រើរបស់លោកដប់នាក់ ហើយធ្វើតាមដូចព្រះយេហូវ៉ាបានប្រាប់លោក តែដោយព្រោះលោកខ្លាចមនុស្សនៅក្នុងគ្រួសាររបស់លោក និងមនុស្សនៅទីក្រុង លោកមិនហ៊ានធ្វើនៅពេលថ្ងៃទេ គឺលោកធ្វើនៅពេលយប់វិញ។
អាន ពួកចៅហ្វាយ 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ពួកចៅហ្វាយ 6:1-27
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ