ចៅហ្វាយ 6:1-27
ចៅហ្វាយ 6:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាទៀត ហើយព្រះយេហូវ៉ាប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ម៉ាឌានអស់ប្រាំពីរឆ្នាំ។ ពួកសាសន៍ម៉ាឌានក៏មានកម្លាំងឡើង ឈ្នះពួកអ៊ីស្រាអែល គឺដោយព្រោះតែសាសន៍ម៉ាឌាននោះហើយបានជាពួកកូនចៅអ៊ីស្រាអែលធ្វើរូងនៅក្នុងភ្នំ ធ្វើរអាង និងទីជម្រកសម្រាប់ខ្លួន។ ដ្បិតពេលណាពួកអ៊ីស្រាអែលបានសាបព្រោះ ពួកសាសន៍ម៉ាឌាន ពួកសាសន៍អាម៉ាឡេក និងមនុស្សនៅស្រុកខាងកើត ឡើងមកទាស់នឹងគេ។ គេមកបោះទ័ពទាស់នឹងអ៊ីស្រាអែល ហើយបំផ្លាញផលដំណាំកើតពីដី រហូតដល់ក្រុងកាសា ឥតមានទុកស្បៀងអាហារណា ឲ្យនៅក្នុងស្រុកអ៊ីស្រាអែលឡើយ ទោះទាំងចៀម គោ ឬលាក្តី។ ដ្បិតគេឡើងមកទាំងដឹកហ្វូងសត្វ និងជំរំរបស់គេមកជាមួយ គេចូលមកមានគ្នាជាច្រើនដូចកណ្តូប ឯខ្លួនគេ និងសត្វអូដ្ឋរបស់គេ នោះរាប់មិនអស់ឡើយ គឺគេចូលមកដើម្បីតែនឹងបំផ្លាញស្រុកប៉ុណ្ណោះ។ ពួកកូនចៅអ៊ីស្រាអែលបានធ្លាក់ខ្លួនក្រខ្សត់យ៉ាងខ្លាំង ដោយព្រោះសាសន៍ម៉ាឌាន។ ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏ស្រែកអំពាវនាវរកព្រះយេហូវ៉ា។ កាលពួកកូនចៅអ៊ីស្រាអែលបានស្រែកអំពាវនាវរកព្រះយេហូវ៉ា ដោយព្រោះសាសន៍ម៉ាឌាន ព្រះយេហូវ៉ាក៏ចាត់ហោរាម្នាក់ឲ្យមកឯពួកកូនចៅអ៊ីស្រាអែល ហើយលោកប្រាប់គេថា៖ «ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "យើងបាននាំអ្នករាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទ គឺឲ្យចេញពីផ្ទះដែលអ្នកធ្វើជាទាសករ។ យើងបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ពួកសាសន៍អេស៊ីព្ទ និងពីកណ្ដាប់ដៃរបស់អស់អ្នកដែលសង្កត់សង្កិនអ្នករាល់គ្នា ក៏បានបណ្តេញគេចេញពីមុខអ្នករាល់គ្នាទៅ ហើយបានប្រគល់ស្រុករបស់គេមកឲ្យអ្នករាល់គ្នា។ យើងបានប្រាប់អ្នករាល់គ្នាថា យើងជាព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នាមិនត្រូវខ្លាចព្រះទាំងប៉ុន្មានរបស់សាសន៍អាម៉ូរី ដែលអ្នករាល់គ្នារស់នៅក្នុងស្រុកគេនោះឡើយ" តែអ្នករាល់គ្នាមិនបានស្តាប់តាមបង្គាប់យើងសោះ»។ គ្រានោះ ទេវតារបស់ព្រះយេហូវ៉ាបានមកអង្គុយនៅក្រោមដើមម៉ៃសាក់នៅអូប្រា ដែលជារបស់យ៉ូអាស ក្នុងអំបូរអ័បៀស៊ើរ រីឯគេឌានជាកូនរបស់លោក កំពុងតែបោកស្រូវនៅក្នុងធុងគាបផ្លែទំពាំងបាយជូរ ដើម្បីលាក់នឹងពួកម៉ាឌាន។ ទេវតារបស់ព្រះយេហូវ៉ាបានបង្ហាញខ្លួនឲ្យលោកឃើញ ហើយប្រាប់ថា៖ «នែ៎ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាគង់ជាមួយអ្នក»។ គេឌានឆ្លើយតបថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះយេហូវ៉ាគង់នៅជាមួយយើងខ្ញុំមែន ហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់យើងខ្ញុំដូច្នេះ? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ ដែលបុព្វបុរសរបស់យើងខ្ញុំបានថ្លែងប្រាប់តមកថា ព្រះយេហូវ៉ាបាននាំយើងឡើងចេញពីស្រុកអេស៊ីព្ទមកនោះ? ឥឡូវនេះ ព្រះយេហូវ៉ាបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ពួកម៉ាឌានហើយ»។ ព្រះយេហូវ៉ាបែរមកឯលោក ហើយមានព្រះបន្ទូលថា៖ «ចូរចេញទៅដោយសារកម្លាំងរបស់អ្នកនេះចុះ ហើយសង្គ្រោះអ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន គឺយើងចាត់អ្នកឲ្យទៅ»។ លោកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ធ្វើដូចម្តេចឲ្យទូលបង្គំអាចសង្គ្រោះអ៊ីស្រាអែលបាន? មើល៍ ត្រកូលទូលបង្គំខ្សត់ខ្សោយជាងគេក្នុងពួកម៉ាណាសេ ហើយទូលបង្គំក៏ជាអ្នកតូចជាងគេនៅក្នុងគ្រួសារបស់ឪពុកទូលបង្គំដែរ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលតបថា៖ «យើងនឹងនៅជាមួយអ្នក ហើយអ្នកនឹងវាយសាសន៍ម៉ាឌាន ដូចជាវាយមនុស្សតែម្នាក់»។ លោកទូលព្រះអង្គថា៖ «ប្រសិនបើទូលបង្គំប្រកបដោយព្រះគុណរបស់ព្រះអង្គ សូមសម្ដែងទីសម្គាល់មួយឲ្យទូលបង្គំដឹងថា គឺពិតជាព្រះអង្គមែនដែលមានព្រះបន្ទូលនឹងទូលបង្គំ។ សូមកុំយាងចេញពីទីនេះឡើយ ចាំឲ្យទូលបង្គំត្រឡប់មកវិញ ហើយនាំយកតង្វាយរបស់ទូលបង្គំ មកថ្វាយនៅចំពោះព្រះអង្គសិន»។ ព្រះអង្គក៏មានព្រះបន្ទូលថា៖ «យើងនឹងនៅចាំរហូតអ្នកត្រឡប់មកវិញ»។ ដូច្នេះ គេឌានក៏ចូលទៅក្នុងផ្ទះរបស់លោក ហើយរៀបចំកូនពពែមួយ និងនំបុ័ងឥតដំបែធ្វើពីម្សៅមួយថាំង។ លោកយកសាច់ដាក់ក្នុងកញ្ច្រែង ហើយដាក់ទឹកសម្លក្នុងចាន នាំយកមកថ្វាយព្រះអង្គ នៅក្រោមដើមម៉ៃសាក់ លោកក៏ថ្វាយតង្វាយនោះដល់ព្រះអង្គ។ ទេវតារបស់ព្រះពោលមកកាន់លោកថា៖ «ចូរយកសាច់ និងនំបុ័ងឥតដំបែនោះ មកដាក់នៅលើថ្មនេះ ហើយចាក់ទឹកសម្លពីលើទៅ»។ លោកក៏ធ្វើតាមដូច្នោះ។ ពេលនោះ ទេវតារបស់ព្រះយេហូវ៉ាក៏លូកចុងដំបងដែលកាន់នៅព្រះហស្ត ទៅពាល់សាច់ និងនំបុ័ងឥតដំបែនោះ រួចក៏មានភ្លើងចេញពីថ្មមកបញ្ឆេះសាច់ និងនំបុ័ងឥតដំបែអស់ទៅ ហើយទេវតារបស់ព្រះយេហូវ៉ាក៏ស្រាប់តែបាត់ពីមុខលោកទៅ។ កាលគេឌានដឹងថា ជាទេវតារបស់ព្រះយេហូវ៉ា លោកក៏ពោលថា៖ «វរហើយ ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ! ដ្បិតទូលបង្គំបានឃើញទេវតារបស់ព្រះយេហូវ៉ានៅប្រទល់មុខ»។ ប៉ុន្ដែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «សូមឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត កុំភ័យអី អ្នកមិនត្រូវស្លាប់ទេ »។ ពេលនោះ គេឌានក៏សង់អាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះ រួចដាក់ឈ្មោះថា យេហូវ៉ា-សាឡិម (ដែលមានន័យថា ព្រះអម្ចាស់ជាសេចក្ដីសុខសាន្ត)។ អាសនានោះស្ថិតនៅត្រង់អូប្រា ដែលជារបស់ពួកអ័បៀស៊ើរ រហូតដល់សព្វថ្ងៃ។ នៅយប់នោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរយកគោឈ្មោលរបស់ឪពុកអ្នក គឺគោទីពីរអាយុប្រាំពីរខួប ទៅទាញរំលំអាសនារបស់ព្រះបាល ដែលជារបស់ឪពុកអ្នក ហើយកាប់បំផ្លាញបង្គោលសក្ការៈ ដែលនៅក្បែរនោះចេញ រួចសង់អាសនាមួយថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅលើកំពូលភ្នំនោះ ដោយរៀបថ្មឲ្យបានត្រឹមត្រូវ។ បន្ទាប់មក ត្រូវយកគោទីពីរថ្វាយជាតង្វាយដុត ដោយយកបង្គោលសក្ការៈ ដែលអ្នកបានកាប់នោះ មកធ្វើជាឧសសម្រាប់ដុត»។ ដូច្នេះ គេឌាននាំអ្នកបម្រើរបស់លោកដប់នាក់ ហើយធ្វើតាមដូចព្រះយេហូវ៉ាបានប្រាប់លោក តែដោយព្រោះលោកខ្លាចមនុស្សនៅក្នុងគ្រួសាររបស់លោក និងមនុស្សនៅទីក្រុង លោកមិនហ៊ានធ្វើនៅពេលថ្ងៃទេ គឺលោកធ្វើនៅពេលយប់វិញ។
ចៅហ្វាយ 6:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិអ៊ីស្រាអែលនាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មីទៀត ហេតុនេះហើយបានជាព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ាឌានអស់រយៈពេលប្រាំពីរឆ្នាំ។ ជនជាតិម៉ាឌានជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង។ ជនជាតិអ៊ីស្រាអែលបានយករអាងភ្នំ រូងភ្នំ និងចំណោតភ្នំធ្វើជាជម្រក ដើម្បីគេចខ្លួនពីជនជាតិម៉ាឌាន។ រាល់ពេលជនជាតិអ៊ីស្រាអែលសាបព្រោះ ជនជាតិម៉ាឌាន និងជនជាតិអាម៉ាឡេក ព្រមទាំងពួកពនេចរ មកពីស្រុកខាងកើត បានឡើងមកលុកលុយ។ អ្នកទាំងនោះបានមកបោះទ័ពនៅក្បែរជនជាតិអ៊ីស្រាអែល ហើយបំផ្លាញផលដំណាំរបស់គេរហូតដល់ក្រុងកាសា។ អ្នកទាំងនោះមិនបានទុកអ្វីឲ្យជនជាតិអ៊ីស្រាអែលបរិភោគឡើយ ទោះបីចៀម គោ ឬលាក្ដី ក៏មិនទុកឲ្យសល់ដែរ។ ពួកគេនាំគ្នាមក ទាំងដឹកហ្វូងសត្វ និងជំរំរបស់គេមកជាមួយផង ពួកគេមានគ្នាច្រើនអនេកដូចកណ្ដូប គឺទាំងមនុស្ស ទាំងសត្វអូដ្ឋ មានចំនួនច្រើនឥតគណនាចូលមកបំផ្លាញស្រុកអ៊ីស្រាអែល។ ព្រោះតែជនជាតិម៉ាឌាន ជនជាតិអ៊ីស្រាអែលបានធ្លាក់ខ្លួនក្រខ្សត់យ៉ាងខ្លាំង គេក៏ស្រែកអង្វរព្រះអម្ចាស់ឲ្យជួយសង្គ្រោះគេ។ នៅពេលជនជាតិអ៊ីស្រាអែលស្រែកអង្វរ សុំព្រះអម្ចាស់រំដោះគេឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន ព្រះអង្គក៏ចាត់ព្យាការីមួយរូបឲ្យមកប្រាប់ពួកគេថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: “យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប គឺយើងបានរំដោះអ្នករាល់គ្នាចេញពីកន្លែង ដែលអ្នករាល់គ្នាជាប់ជាទាសករ។ យើងបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប និងកណ្ដាប់ដៃរបស់អស់អ្នកដែលជិះជាន់ សង្កត់សង្កិនអ្នករាល់គ្នា។ យើងបានដេញពួកគេចេញពីមុខអ្នករាល់គ្នា ព្រមទាំងប្រគល់ទឹកដីរបស់ពួកគេមកឲ្យអ្នករាល់គ្នាទៀតផង។ យើងបានប្រាប់អ្នករាល់គ្នារួចហើយថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នាមិនត្រូវគោរពកោតខ្លាចព្រះរបស់ជនជាតិអាម៉ូរី ក្នុងស្រុកដែលអ្នករាល់គ្នាមករស់នៅនេះទេ តែអ្នករាល់គ្នាមិនបានស្ដាប់យើងសោះ”»។ គ្រានោះ ទេវតារបស់ព្រះអម្ចាស់បានមកភូមិអូប្រា អង្គុយនៅក្រោមដើមជ្រៃ ដែលជាកម្មសិទ្ធិរបស់លោកយ៉ូអាស ក្នុងអំបូរអបៀស៊ើរ។ ពេលនោះ លោកគេឌាន ជាកូនរបស់លោកយ៉ូអាស កំពុងតែបោកបែនស្រូវ ក្នុងធុងសម្រាប់គាបផ្លែទំពាំងបាយជូរ ដើម្បីកុំឲ្យជនជាតិម៉ាឌានឃើញ។ ទេវតារបស់ព្រះអម្ចាស់មកបង្ហាញខ្លួនឲ្យលោកគេឌានឃើញ ហើយពោលថា៖ «វីរជនដ៏អង់អាចអើយ ព្រះអម្ចាស់គង់នៅជាមួយអ្នកហើយ!»។ លោកគេឌានឆ្លើយតបវិញថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះអម្ចាស់គង់នៅជាមួយយើងមែន ហេតុអ្វីក៏ទុក្ខវេទនាទាំងនេះកើតមានដល់យើង? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានដែលដូនតារបស់យើងតែងតែតំណាលប្រាប់ ទាំងបញ្ជាក់ថា ព្រះអម្ចាស់បាននាំយើងចេញពីស្រុកអេស៊ីបមកនោះ? ឥឡូវនេះ ព្រះអម្ចាស់បោះបង់ចោលយើងហើយ ព្រះអង្គបានប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន!»។ ព្រះអម្ចាស់ បែរមករកលោក ហើយមានព្រះបន្ទូលថា៖ «ដោយសារកម្លាំងដែលអ្នកមាន ចូរទៅសង្គ្រោះអ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន គឺយើងចាត់អ្នកឲ្យទៅ!»។ លោកគេឌានឆ្លើយថា៖ «លោកម្ចាស់អើយ ធ្វើដូចម្ដេចឲ្យខ្ញុំប្របាទអាចសង្គ្រោះអ៊ីស្រាអែលបាន? ដ្បិតក្នុងកុលសម្ព័ន្ធម៉ាណាសេ អំបូររបស់ខ្ញុំប្របាទខ្សត់ខ្សោយជាងគេ ហើយក្នុងគ្រួសាររបស់ខ្ញុំប្របាទទៀតសោត ក៏ខ្ញុំប្របាទក្មេងជាងគេដែរ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកវិញថា៖ «យើងនឹងស្ថិតនៅជាមួយអ្នក ហើយអ្នកនឹងវាយឈ្នះជនជាតិម៉ាឌាន ដូចវាយជាមួយនឹងមនុស្សតែម្នាក់»។ លោកគេឌានទូលតបថា៖ «ប្រសិនបើលោកគាប់ចិត្តខ្ញុំប្របាទមែន សូមផ្ដល់ទីសម្គាល់មួយឲ្យខ្ញុំប្របាទបានដឹងថា លោកពិតជាព្រះអម្ចាស់ដែលកំពុងតែមានព្រះបន្ទូលមកខ្ញុំប្របាទមែន! សូមលោកម្ចាស់កុំអញ្ជើញទៅណា ចាំខ្ញុំប្របាទត្រឡប់មកវិញ ទាំងនាំយកតង្វាយមកជូនផង»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងចាំនៅទីនេះរហូតដល់អ្នកត្រឡប់មកវិញ»។ លោកគេឌានចូលទៅយកកូនពពែមួយមករៀបចំធ្វើម្ហូប និងយកម្សៅមួយថាំងមកធ្វើនំប៉័ងឥតមេ។ លោកស្រង់សាច់ដាក់ក្នុងកញ្ច្រែង ហើយដួសទឹកសម្លដាក់ក្នុងចានមួយ រួចយកទៅជូនទេវតារបស់ព្រះអម្ចាស់ នៅក្រោមដើមជ្រៃ។ ទេវតាពោលមកលោកថា៖ «ចូរដាក់សាច់ និងនំប៉័ងឥតមេលើថ្មនេះទៅ រួចចាក់ទឹកសម្លពីលើផង»។ លោកគេឌានធ្វើតាម។ ទេវតារបស់ព្រះអម្ចាស់យកចុងដំបងដែលលោកកាន់ទៅពាល់សាច់ និងនំប៉័ងឥតមេ ពេលនោះ មានភ្លើងផុសចេញពីថ្ម ហើយឆេះសាច់ និងនំប៉័ងអស់ទៅ។ បន្ទាប់មក ទេវតារបស់ព្រះអម្ចាស់ក៏កំបាំងបាត់ទៅ។ ពេលនោះ លោកគេឌានដឹងថា ជាទេវតារបស់ព្រះអម្ចាស់ លោកពោលថា៖ «វីវរហើយ ព្រះជាអម្ចាស់អើយ! ដ្បិតទូលបង្គំបានឃើញទេវតារបស់ព្រះអង្គ ផ្ទាល់នឹងភ្នែក!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «សុំឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត កុំខ្លាចអ្វីឡើយ អ្នកនឹងមិនស្លាប់ទេ »។ លោកគេឌានសង់អាសនៈមួយថ្វាយព្រះអម្ចាស់ ត្រង់កន្លែងនោះ ហើយដាក់ឈ្មោះថា៖ «ព្រះអម្ចាស់ប្រទានសេចក្ដីសុខសាន្ត»។ អាសនៈនេះនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ នាភូមិអូប្រា ជាភូមិរបស់អំបូរអបៀស៊ើរ។ នៅយប់ដដែលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «ចូរយកគោបារបស់ឪពុកអ្នក គឺគោទីពីរ ដែលមានអាយុប្រាំពីរឆ្នាំ។ បន្ទាប់មក ចូររំលំអាសនៈព្រះបាលរបស់ឪពុកអ្នក ព្រមទាំងកាប់បំផ្លាញបង្គោលរបស់ព្រះអាសេរ៉ានៅក្បែរនោះផង។ បន្ទាប់មកទៀត ចូរសង់អាសនៈមួយដ៏សមរម្យថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅលើកំពូលភ្នំនោះ រួចយកគោបាទីពីរនោះមកដុតទាំងមូលធ្វើជាយញ្ញបូជា ដោយយកបង្គោលព្រះអាសេរ៉ា ដែលអ្នកបានកាប់នោះ មកធ្វើជាអុសសម្រាប់ដុត»។ លោកគេឌាននាំអ្នកបម្រើរបស់លោកដប់នាក់មក ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់មកលោក ប៉ុន្តែ ដោយលោកខ្លាចក្រុមញាតិរបស់លោក និងខ្លាចអ្នកភូមិ លោកមិនហ៊ានធ្វើការនោះនៅពេលថ្ងៃទេ គឺលោកធ្វើនៅពេលយប់វិញ។
ចៅហ្វាយ 6:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមកពួកកូនចៅអ៊ីស្រាអែល គេប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាទៀត នោះព្រះយេហូវ៉ាទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃសាសន៍ម៉ាឌានអស់៧ឆ្នាំ ពួកសាសន៍ម៉ាឌានក៏មានកំឡាំងឡើង ឈ្នះពួកអ៊ីស្រាអែល គឺដោយព្រោះតែសាសន៍ម៉ាឌាននោះហើយ បានជាពួកកូនចៅគេធ្វើរូងនៅក្នុងភ្នំ នឹងរអាង ហើយនឹងទីមាំមួនសំរាប់ខ្លួន រីឯកាលពួកអ៊ីស្រាអែលបានសាបព្រោះ នោះពួកសាសន៍ម៉ាឌាន ពួកសាសន៍អាម៉ាលេក នឹងពួកមនុស្សនៅស្រុកខាងកើត គេឡើងមកទាស់ គេមកបោះទ័ពទាស់នឹងអ៊ីស្រាអែល ក៏បំផ្លាញអស់ទាំងផលកើតពីដី រហូតដល់ក្រុងកាសា ឥតមានទុកស្បៀងអាហារណាឲ្យនៅក្នុងស្រុកអ៊ីស្រាអែលឡើយ ទោះទាំងចៀម គោ ឬលាក្តី ដ្បិតគេឡើងមកទាំងដឹកហ្វូងសត្វ នឹងត្រសាលរបស់គេមកដែរ គឺចូលមកមានគ្នាសន្ធឹកដូចជាកណ្តូប ឯខ្លួនគេ នឹងសត្វអូដ្ឋរបស់គេ នោះរាប់មិនអស់ឡើយ គេមកប្រយោជន៍តែនឹងបំផ្លាញស្រុកប៉ុណ្ណោះ ឯពួកកូនចៅអ៊ីស្រាអែលត្រូវទុគ៌តទៅ ដោយព្រោះសាសន៍ម៉ាឌាន ដូច្នេះគេអំពាវនាវដល់ព្រះយេហូវ៉ា។ កាលពួកកូនចៅអ៊ីស្រាអែលបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះសាសន៍ម៉ាឌាន នោះទ្រង់ក៏ចាត់ហោរាម្នាក់មកឯគេ ប្រាប់ថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា អញបាននាំឯងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទ គឺឲ្យចេញពីផ្ទះពួកបាវបំរើមក អញបានដោះឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ នឹងពីកណ្តាប់ដៃនៃអស់អ្នកដែលសង្កត់សង្កិនឯង ក៏បានបណ្តេញគេពីមុខឯងចេញទៅ ហើយបានឲ្យស្រុករបស់គេមកឯងរាល់គ្នាវិញ អញបានប្រាប់ឯងថា អញជាព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា មិនត្រូវឲ្យឯងខ្លាចដល់អស់ទាំងព្រះរបស់សាសន៍អាម៉ូរី ដែលឯងនៅស្រុកគេនោះឡើយ តែឯងរាល់គ្នាមិនបានស្តាប់តាមបង្គាប់អញសោះ។ គ្រានោះ ទេវតានៃព្រះយេហូវ៉ាក៏យាងមកគង់នៅក្រោមដើមម៉ៃសាក់នៅត្រង់អូប្រា ដែលជារបស់យ៉ូអាស ក្នុងគ្រួអ័បៀស៊ើរ រីឯគេឌានជាកូន គាត់កំពុងតែបោកស្រូវនៅក្នុងធុងគាបផ្លែទំពាំងបាយជូរ ដើម្បីលាក់នឹងពួកម៉ាឌាន ទេវតានៃព្រះយេហូវ៉ា ក៏លេចមកឲ្យលោកឃើញ ហើយប្រាប់ថា នែ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង តែគេឌានឆ្លើយឡើងថា ឱព្រះអម្ចាស់នៃទូលបង្គំអើយ បើសិនជាព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងពួកទូលបង្គំពិត នោះហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់ពួកទូលបង្គំដូច្នេះ ឯអស់ទាំងការអស្ចារ្យរបស់ទ្រង់ ដែលពួកឰយុកោបានថ្លែងប្រាប់តមកថា ព្រះយេហូវ៉ាទ្រង់បាននាំយើងខ្ញុំឡើងចេញពីស្រុកអេស៊ីព្ទមក តើការទាំងនោះនៅឯណា ដ្បិតឥឡូវនេះព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលពួកទូលបង្គំ ព្រមទាំងប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកម៉ាឌានហើយ នោះព្រះយេហូវ៉ា ទ្រង់ទតមើលលោក ហើយមានបន្ទូលថា ចូរឯងទៅដោយសារកំឡាំងឯងនេះ ហើយជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួចពីកណ្តាប់ដៃនៃពួកម៉ាឌានចុះ អញបានចាត់ឯងឲ្យទៅហើយ រួចលោកទូលទ្រង់ថា ឱព្រះអម្ចាស់អើយ ធ្វើដូចម្តេចឲ្យទូលបង្គំជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែលបាន មើល ទូលបង្គំជាគ្រួក្រជាងគេក្នុងពួកម៉ាន៉ាសេ ហើយទូលបង្គំក៏ជាអ្នកតូចបំផុតក្នុងពួកផ្ទះឪពុកទូលបង្គំផង ព្រះយេហូវ៉ាទ្រង់មានបន្ទូលតបថា អញនឹងនៅជាមួយនឹងឯង ឯងនឹងវាយសាសន៍ម៉ាឌានដូចជាវាយដល់មនុស្សតែម្នាក់ លោកទូលថា បើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ នោះសូមទ្រង់សំដែងទីសំគាល់ឲ្យទូលបង្គំបានដឹងផង ថាគឺទ្រង់ហើយដែលមានបន្ទូលនឹងទូលបង្គំពិតមែន សូមទ្រង់កុំថយចេញពីទីនេះឡើយ ដរាបដល់ទូលបង្គំទៅនាំយកដង្វាយរបស់ទូលបង្គំ មកថ្វាយនៅចំពោះទ្រង់សិន ទ្រង់ក៏ទទួលថា អញនឹងចាំទាល់តែឯងមកវិញ។ ដូច្នេះ គេឌានក៏ចូលទៅក្នុងផ្ទះ ចាត់ចែងរៀបចំកូនពពែ១ នឹងនំបុ័ងឥតដំបែធ្វើពីម្សៅ១ថាំង ដាក់សាច់ក្នុងកញ្ច្រែង ហើយក៏ដាក់ទឹកសំឡក្នុងចាន នាំយកមកថ្វាយទ្រង់ នៅត្រង់ដើមម៉ៃសាក់នោះ នោះទេវតានៃព្រះក៏មានបន្ទូលប្រាប់ថា ចូរយកសាច់ នឹងនំបុ័ងឥតដំបែនោះ មកដាក់នៅលើថ្មនេះ ហើយចាក់ទឹកសំឡពីលើទៅ លោកក៏ធ្វើតាមដូច្នោះ រួចទេវតានៃព្រះយេហូវ៉ាក៏លូកចុងដំបង ដែលកាន់នៅព្រះហស្ត ទៅពាល់សាច់ នឹងនំបុ័ងឥតដំបែនោះ ក៏មានភ្លើងចេញពីថ្មបញ្ឆេះសាច់ នឹងនំបុ័ងឥតដំបែអស់រលីងទៅ លុះស្រេចហើយ ទេវតានៃព្រះយេហូវ៉ា ក៏យាងចេញពីមុខបាត់ទៅ គេឌានក៏បានដឹងថា ជាទេវតានៃព្រះយេហូវ៉ា បានជាលោកទូលថា វរហើយ ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ ដ្បិតទូលបង្គំបានឃើញទេវតានៃព្រះយេហូវ៉ានៅប្រទល់មុខ ព្រះយេហូវ៉ាទ្រង់ព្រះបន្ទូលតបមកថា ចូរឲ្យមានសេចក្ដីសុខចុះ កុំឲ្យភ័យអី ឯងមិនត្រូវស្លាប់ទេ នោះគេឌានក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះ រួចដាក់ឈ្មោះថា «យេហូវ៉ា-សាឡិម» អាសនានោះក៏នៅត្រង់អូប្រារបស់ផងពួកអ័បៀស៊ើរ ដរាបដល់សព្វថ្ងៃនេះ។ នៅវេលាយប់នោះឯង ព្រះយេហូវ៉ាទ្រង់បង្គាប់លោកថា ចូរនាំយកគោឈ្មោលរបស់ឪពុកឯង គឺជាគោទី២អាយុ៧ខួបទៅជាមួយ ត្រូវឲ្យឯងរំលំអាសនានៃព្រះបាលរបស់ឪពុកឯងចេញទៅ ព្រមទាំងកាប់បំផ្លាញអ្នកតាដែលនៅក្បែរទីនោះផង រួចស្អាងអាសនា១ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង តាមរបៀបនៅលើថ្មដានោះ ហើយត្រូវយកគោទី២ថ្វាយជាដង្វាយដុត ដោយដុតនឹងឈើជារូបអ្នកតា ដែលឯងបានកាប់នោះ ដូច្នេះគេឌានក៏នាំយកអ្នកបំរើរបស់ខ្លួន១០នាក់ ទៅធ្វើតាមដូចជាព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ តែលោកធ្វើនៅពេលថ្ងៃមិនបាន ដោយព្រោះខ្លាចពួកអ្នកផ្ទះរបស់ឪពុកខ្លួន នឹងពួកមនុស្សនៅទីក្រុងនោះ បានជាធ្វើនៅពេលយប់វិញ។