យេរេមា 10

10
រូប​ព្រះ​បាន​នាំ​សេចក្ដី​ហិន​វិនាសមក​លើ​ទឹក​ដី​អ៊ីស្រា‌អែល
1ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ចុះ 2គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
កុំ​រៀន​តាម​កិរិយា​របស់​សាសន៍​ដទៃ​ឡើយ
ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ទី​សម្គាល់​នៅ​លើ​មេឃ​ដែរ
ដ្បិត​សាសន៍​ដទៃ​គេ​ខ្លាច​ទី​សម្គាល់​ទាំង​នោះ
3ពី​ព្រោះ​អស់​ទាំង​ទំនៀម​ទម្លាប់​របស់​សាសន៍​ដទៃ
សុទ្ធ​តែ​អសារ​ឥត​ការ​ទទេ គេ​កាប់​ដើម​ឈើ​នៅ​ក្នុង​ព្រៃ
គឺ​ជា​ស្នាដៃ​របស់​មនុស្ស​កាន់​ពូថៅ
4គេ​តាក់‌តែង​ដោយ​ប្រាក់ និង​មាស
គេ​យក​ញញួរ​បោះ​ជាប់​ដោយ​ដែក​គោល
ដើម្បី​មិន​ឲ្យ​រើ​ទៅ​ឯ​ណា។
5រូប​ព្រះ​របស់​គេ ប្រៀប​ដូច​ជា​ទីង​មោង
នៅ​ក្នុង​ចម្ការ​ត្រសក់ រូប​ទាំង​នោះ​មិន​ចេះ​និយាយ
ហើយ​ត្រូវ​ការ​ឲ្យ​គេ​សែង​ទៅ​មក
ព្រោះ​ដើរ​មិន​រួច កុំ​កោត​ខ្លាច​ចំពោះ​វា​ឡើយ
ដ្បិត​វា​ធ្វើ​អាក្រក់​មិន​បាន​ទេ
ក៏​មិន​អាច​នឹង​ធ្វើ​ល្អ​បាន​ផង។
6ឱ​ព្រះ‌យេហូវ៉ា​អើយ
គ្មាន​ណា​ឲ្យ​ដូច​ព្រះ‌អង្គ​ឡើយ ព្រះ‌អង្គ​ធំ​ប្រសើរ
ហើយ​ព្រះ‌នាម​ព្រះ‌អង្គ​ក៏​មាន​ឥទ្ធា‌នុភាព​យ៉ាង​ខ្លាំង​ដែរ។
7ឱ​មហា‌ក្សត្រ​នៃ​អស់​ទាំង​សាសន៍​អើយ
តើ​មាន​អ្នក​ណា​ដែល​មិន​ត្រូវ​កោត​ខ្លាច
ដល់​ព្រះ‌យេហូវ៉ា
ដ្បិត​សេចក្ដី​កោត​ខ្លាច​សំណំ​តែ​នឹង​ព្រះ‌អង្គ​ប៉ុណ្ណោះ
ព្រោះ​ក្នុង​បណ្ដា​មនុស្ស​មាន​ប្រាជ្ញា​ទាំង‌ឡាយ
នៅ​គ្រប់​ទាំង​សាសន៍
ហើយ​ក្នុង​នគរ​របស់​គេ​ទាំង​ប៉ុន្មាន
នោះ​គ្មាន​អ្នក​ណា​មួយ​ឲ្យ​ដូច​ព្រះ‌អង្គ​ឡើយ។
8គឺ​គេ​សុទ្ធ​តែ​ជា​មនុស្ស​ល្ងី‌ល្ងើ លេលា
លទ្ធិ​របស់​គេ​គឺ​រូប​ព្រះ ប៉ុន្តែ ជា​ដុំ​ឈើ!
9គេ​នាំ​យក​ប្រាក់​ផែ​ជា​ផ្ទាំង​មក​ពី​ស្រុក​តើស៊ីស
និង​មាស​ពី​ស្រុក​អ៊ូផាស
ជា​ស្នាដៃ​របស់​ជាង​ទង និង​ជាង​ស្មិត
ក៏​មាន​សំពត់​ពណ៌​ខៀវ និង​ពណ៌​ស្វាយ​ជា​គ្រឿង​តែង
រូប​នោះ​សុទ្ធ​តែ​ជា​ការ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទាំង​អស់។
10ប៉ុន្តែ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ពិត
ព្រះ‌អង្គ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ
ក៏​ជា​មហា‌ក្សត្រ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច
ផែនដី​ក៏​ញ័រ​ចំពោះ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
ហើយ​អស់​ទាំង​សាសន៍​មិន​អាច​នឹង​ធន់​នៅ
ចំពោះ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌អង្គ​បាន​ឡើយ។
11ដូច្នេះ ត្រូវ​ប្រាប់​គេ​ថា៖ ព្រះ​ទាំង​ប៉ុន្មាន​ដែល​មិន​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី នោះ​នឹង​ត្រូវ​វិនាស​បាត់​ពី​ផែនដី ហើយ​ពី​ក្រោម​ផ្ទៃ​មេឃ​ទៅ ។
12ព្រះ​បាន​បង្កើត​ផែនដី ដោយ​ឫទ្ធិ‌តេជះ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​តាំង​លោកិយ៍​ឡើង
ដោយ‌សារ​ប្រាជ្ញា​របស់​ព្រះ‌អង្គ
ហើយ​បាន​លាត​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់។
13កាល​ណា​ព្រះ‌អង្គ​បព្ចោញ​ព្រះ‌សៀង
នោះ​មាន​ទឹក​សន្ធឹក​នៅ​លើ​មេឃ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ចំហាយ​ឡើង​ពី​ចុង​ផែនដី​ទាំង​អស់
ក៏​បង្កើត​ផ្លេក‌បន្ទោរ សម្រាប់​ជូន​ភ្លៀង​មក
ហើយ​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​របស់​ព្រះ‌អង្គ​ផង។
14មនុស្ស​គ្រប់​គ្នា​ទៅ​ជា​ល្ងីល្ងើ ហើយ​ឥត​មាន​ចំណេះ
ជាង​ទង​គ្រប់​គ្នា​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ដែល​គេ​ឆ្លាក់
ដ្បិត​រូប​សិត​របស់​គេ​ជា​ការ​កុហក
ឥត​មាន​ដង្ហើម​ឡើយ។
15វា​សុទ្ធ​តែ​អសារ​ឥត​ការ ជា​ការ​បព្ឆោាតទេ
នៅ​គ្រា​ដែល​ផ្ចាញ់‌ផ្ចាល វា​នឹង​វិនាស​បាត់​ទៅ។
16ឯ​ព្រះ​យេហូវ៉ា
ជា​ចំណែក​របស់​ពួក​យ៉ាកុប​មិន​ដូច្នោះ​ទេ
ដ្បិត​ព្រះ‌អង្គ​គឺ​ជា​អ្នកដែល​បាន​បង្កើត​របស់​សព្វ​សារពើ
ហើយ​សាសន៍​អ៊ីស្រា‌អែល
ជា​កុល‌សម្ព័ន្ធ​នៃ​មត៌ក​របស់​ព្រះ‌អង្គ
ព្រះ‌នាម​ព្រះ‌អង្គ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។
17ឱ​អ្នក​ដែល​នៅ​ក្នុង​កំឡុង
មាន​ទាំង​ពួក​ខ្មាំង​ឡោម‌ព័ទ្ធ​អ្នក​ជុំ‌វិញ
ចូរ​ប្រមូល​អីវ៉ាន់​អ្នក​ចេញ​ពី​ស្រុក​ទៅ។
18ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
មើល៍! ឥឡូវ​នេះ
យើង​នឹង​បោះ​ចោល​ពួក​អ្នក​ស្រុក​នេះ
ហើយ​ធ្វើ​ទុក្ខ​គេ ឲ្យ​គេ​ស្គាល់​ដៃ​យើង។
19វរ​ហើយ​ខ្ញុំ ដោយ​ព្រោះ​សេចក្ដី​ឈឺ​ចាប់​របស់​ខ្ញុំ
របួស​ខ្ញុំ​ឈឺ​ណាស់ តែ​ខ្ញុំ​និយាយ​ថា
នេះ​ហើយ​ជា​សេចក្ដី​លំបាក​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​ទ្រាំ‌ទ្រ
20ត្រសាល​ខ្ញុំ​បាន​ត្រូវ​បំផ្លាញ​បង់
អស់​ទាំង​ខ្សែ​ក៏​ដាច់​ចេញ​ហើយ
កូន​ចៅ​ខ្ញុំ​បាន​ចេញ​ចាក​ចោល​ខ្ញុំ
ហើយ​មិន​នៅ​ទៀត​ទេ
គ្មាន​អ្នក​ណា​នឹង​ដំឡើង​ត្រសាល
ហើយ​ចង​រនាំង​ខ្ញុំ​ទៀត​ឡើយ
21ដ្បិត​ពួក​គង្វាល
បាន​ត្រឡប់​ជា​មនុស្ស​ល្ងីល្ងើ​ទាំង​អស់
ហើយ​មិន​បាន​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទេ
ហេតុ​នោះ​បាន​ជា​គេ​មិន​បាន​ចម្រើន
ហើយ​ពួក​គេ​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ។
22មាន​ឮ​សូរគ្រឹក​គ្រេង ដែល​ចេញ​ពី​ស្រុក​ខាង​ជើង​មក
ដើម្បី​ធ្វើ​ឲ្យ​ទី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ត្រូវ​បំផ្លាញ
ក្លាយ​ជា​ទី​អាស្រ័យ​របស់​ចចក​វិញ។
23ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ដឹង​ថា
ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ
ហើយ​ដែល​តម្រង់​ជំហាន​របស់​ខ្លួន
នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ។
24ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ចាល​ទូល‌បង្គំ​ចុះ
តែ​គឺ​តាម​សេចក្ដី​ទៀង​ត្រង់
មិន​មែន​ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ឡើយ
ក្រែង​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូល‌បង្គំ​សាប‌សូន្យ​ទៅ។
25សូម​ព្រះ‌អង្គ​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
ទៅ​លើ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​មិន​ស្គាល់​ព្រះ‌អង្គ
ហើយ​ទៅ​លើ​អស់​ទាំង​គ្រួ​មនុស្ស
ដែល​មិន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ​ផង
ដ្បិត​គេ​បាន​ត្របាក់​លេប​ពួក​យ៉ាកុប
គេ​បាន​ត្របាក់​លេប ព្រម​ទាំង​រំលីង​អស់
ហើយ​បំផ្លាញ​ទី​លំនៅ​របស់​គេ​ដែរ។

ទើបបានជ្រើសរើសហើយ៖

យេរេមា 10: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល