យេរេមា 9
9
1 ឱប្រសិនបើក្បាលខ្ញុំពេញដោយទឹក
ហើយភ្នែកខ្ញុំជារន្ធចេញទឹកជានិច្ច
ដើម្បីឲ្យខ្ញុំបានយំទាំងយប់ទាំងថ្ងៃ
ពីដំណើរពួកអ្នកដែលត្រូវគេសម្លាប់
ក្នុងកូនស្រីនៃសាសន៍ខ្ញុំ
2 ឱបើខ្ញុំមានទីស្នាក់អាស្រ័យនៅទីរហោស្ថាន
ជាទីសំណាក់របស់អ្នកដំណើរ
ដើម្បីឲ្យខ្ញុំបានលះបង់សាសន៍របស់ខ្ញុំ
ហើយឃ្លាតចេញពីគេទៅ
ដ្បិតគេសុទ្ធតែជាពួកកំផិត គឺជាជំនុំមនុស្សក្បត់។
3ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
គេដំឡើងអណ្ដាតដូចជាធ្នូ សម្រាប់ពាក្យភូតភរ
ហើយគេបានចម្រើនកម្លាំងនៅក្នុងស្រុកផង
តែមិនមែនសម្រាប់សេចក្ដីពិតត្រង់ទេ
ដ្បិតគេចេះតែប្រព្រឹត្តអំពើអាក្រក់មួយហើយមួយទៀត
ហើយគេមិនស្គាល់យើងទេ។
4ចូរឲ្យគ្រប់គ្នាប្រុងប្រយ័ត្នចំពោះអ្នកជិតខាងខ្លួន
កុំទុកចិត្តនឹងបងប្អូនណាមួយឡើយ
ដ្បិតគ្រប់ទាំងបងប្អូននឹងដណ្ដើមយក
ប្រយោជន៍អស់រលីង ហើយគ្រប់ទាំងអ្នកជិតខាង
នឹងដើរទៅមកនិយាយមួលបង្កាច់គេ។
5គ្រប់គ្នានឹងបព្ឆោាតអ្នកជិតខាងខ្លួន
ហើយមិនព្រមពោលសេចក្ដីពិតទេ
គេបានបង្វឹកអណ្ដាតឲ្យកុហក
គេខំអស់ពីចិត្តនឹងប្រព្រឹត្តអាក្រក់។
6គេសង្កត់សង្កិន និងបោកបព្ឆោាតម្ដងហើយម្ដងទៀត
គេមិនព្រមស្គាល់យើងឡើយ
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
7ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖
មើល៍! យើងនឹងរំលាយ ហើយសាកល្បងគេ
ដ្បិតតើឲ្យយើងធ្វើយ៉ាងណាទៀត
ដល់កូនស្រីរបស់ប្រជារាស្ត្ររបស់យើងនេះ?
8អណ្ដាតគេជាព្រួញដែលសម្លាប់
ក៏ពោលសុទ្ធតែពាក្យបោកបព្ឆោាត
គេនិយាយសេចក្ដីមេត្រីនឹងអ្នកជិតខាង
ដោយបបូរមាត់ តែក្នុងចិត្តគេលបចាំចាប់វិញ។
9ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
តើមិនត្រូវឲ្យយើងធ្វើទោសគេ
ដោយព្រោះអំពើយ៉ាងនោះទេឬ?
តើព្រលឹងយើងមិនត្រូវសងសឹក
ចំពោះសាសន៍ណាយ៉ាងនេះទេឬ?
10ខ្ញុំនឹងឡើងសំឡេងយំ
ហើយស្រែកទ្រហោនឹងភ្នំទាំងប៉ុន្មាន
ទួញចំពោះវាលឃ្វាលសត្វនៅទីរហោស្ថាន
ព្រោះបានឆេះអស់ហើយ
បានជាគ្មានអ្នកណាដើរតាមនោះទៀត
ក៏គ្មានអ្នកណាឮសំឡេងរបស់ហ្វូងសត្វដែរ
ឯសត្វហើរលើអាកាស
និងសត្វជើងបួនបានបាត់អស់ទៅហើយ។
11យើងនឹងធ្វើឲ្យក្រុងយេរូសាឡិមត្រឡប់ជាកងគំនរ
គឺជាទីលំនៅនៃពួកចចក
ហើយធ្វើឲ្យក្រុងទាំងប៉ុន្មាននៅស្រុកយូដា
ត្រូវចោលស្ងាត់ ឥតមានអ្នកណានៅឡើយ។
12តើអ្នកណាមានប្រាជ្ញា ដែលអាចយល់សេចក្ដីនេះបាន? តើព្រះឧស្ឋនៃព្រះយេហូវ៉ាបានមានព្រះបន្ទូលចំពោះអ្នកណា ដើម្បីឲ្យគេបានថ្លែងប្រាប់តទៅ? ហេតុអ្វីបានជាស្រុកត្រូវវិនាស ហើយឆេះសុសដូចជាទីរហោស្ថាន ដែលគ្មានអ្នកណាដើរកាត់ទៀតដូច្នេះ? 13ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គឺដោយព្រោះតែគេបានបោះបង់ក្រឹត្យវិន័យរបស់យើង ដែលយើងបានដាក់នៅមុខគេ ហើយមិនបានស្តាប់ ឬដើរតាមពាក្យរបស់យើងប៉ុណ្ណោះ។ 14គឺគេបានដើរតាមតែចិត្តរឹងរបស់គេវិញ ព្រមទាំងតាមព្រះបាលទាំងប៉ុន្មាន ដែលបុព្វបុរសគេបានបង្រៀនដល់គេ។ 15ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ យើងនឹងចិញ្ចឹមជនជាតិនេះដោយស្លែង ហើយនឹងឲ្យទឹកពុលទៅគេផឹក។ 16យើងនឹងកម្ចាត់កម្ចាយគេទៅគ្រប់ទាំងសាសន៍ ជាសាសន៍ដែលខ្លួនគេ ឬបុព្វបុរសគេ ក៏មិនបានស្គាល់ផង ហើយយើងនឹងចាត់ប្រើដាវឲ្យទៅតាមគេ ដរាបដល់បានបំផ្លាញគេអស់រលីង។
17ព្រះយេហូវ៉ានៃពួកពលបរិវារព្រះអង្គមានព្រះបន្ទូលថា៖
ចូរអ្នករាល់គ្នាពិចារណាចុះ
ហើយហៅពួកស្រីស៊ីឈ្នួលយំឲ្យមក
ចូរចាត់គេឲ្យទៅហៅពួកស្រីវាងវៃឲ្យមកដែរ។
18ត្រូវឲ្យគេប្រញាប់លើកបទទំនួញឲ្យយើង
ដើម្បីឲ្យភ្នែកយើងបានស្រក់ទឹកចុះ
ហើយឲ្យត្របកភ្នែកយើងបានចេញទឹកល្ហល្ហាច។
19ដ្បិតមានឮសំឡេងទ្រហោយំ ពីក្រុងស៊ីយ៉ូនមកថា៖
ឱម៉្លេះសមយើងវេទនាយ៉ាងណាហ្ន៎
យើងមានសេចក្ដីខ្មាសជ្រប់មុខ
ដោយព្រោះយើងត្រូវចោលស្រុក
ហើយដោយព្រោះគេបានរំលំទីលំនៅ
របស់យើងចោល។
20ប៉ុន្តែ ឱពួកស្រីៗអើយ
ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
ហើយឲ្យត្រចៀកទទួលព្រះបន្ទូល
ពីព្រះឧស្ឋរបស់ព្រះអង្គផង
ត្រូវបង្រៀនកូនស្រីរបស់អ្នករាល់គ្នា
ឲ្យចេះទ្រហោយំ ហើយឲ្យអ្នកជិតខាងទាំងប៉ុន្មាន
ចេះទួញទំនួញ
21ព្រោះសេចក្ដីស្លាប់បានឡើងចូលមកតាមបង្អួចយើង
ក៏បានចូលមកក្នុងដំណាក់របស់យើងដែរ
ដើម្បីដកយកជីវិតកូនក្មេងនៅតាមទីធ្លា
និងពួកកំលោះៗនៅតាមដងផ្លូវ។
22ចូរប្រាប់ចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
សាកសពរបស់មនុស្សនឹងធ្លាក់ចុះ
ដូចជាជីនៅវាលស្រែ ហើយដូចជាកណ្ដាប់ស្រូវ
តាមក្រោយអ្នកច្រូត
ឥតមានអ្នកណាប្រមូលវិញឡើយ។
23ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកម្លាំងខ្លួន ឬអ្នកមានអួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ។ 24ឯអ្នកដែលអួត នោះត្រូវឲ្យអួតតែពីសេចក្ដីនេះវិញ គឺថាខ្លួនមានយោបល់ ហើយក៏ស្គាល់ដល់យើងថា យើងជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្ដីសប្បុរស សេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅផែនដី ដ្បិតយើងរីករាយចិត្តចំពោះសេចក្ដីទាំងនោះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
25ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍! នឹងមានគ្រាមកដល់ ដែលយើងនឹងវាយផ្ចាលពួកកាត់ស្បែក ដែលកាត់មិនស្មោះត្រង់ 26គឺសាសន៍អេស៊ីព្ទ សាសន៍យូដា សាសន៍អេដុម និងពួកកូនចៅអាំម៉ូន និងម៉ូអាប់ ព្រមទាំងអស់អ្នកនៅទីរហោស្ថាន ដែលកាត់ជ្រុងពុកចង្កាផង ដ្បិតបណ្ដាសាសន៍ទាំងប៉ុន្មាន មិនកាត់ស្បែកទេ ពួកវង្សអ៊ីស្រាអែលទាំងអស់ ក៏មិនបានកាត់ស្បែកចិត្តដែរ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 9: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies