យេរេមា 16
16
លោកយេរេមានៅឯកោ
1ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 2អ្នកមិនត្រូវយកប្រពន្ធ ឬបង្កើតកូនប្រុស កូនស្រីនៅទីនេះទេ 3ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលពីដំណើរកូនប្រុសកូនស្រីដែលកើតនៅទីនេះ ពីម្តាយដែលសម្រាលវាមក និងពីឪពុកដែលបង្កើតវានៅស្រុកនេះដូច្នេះថា 4គេនឹងស្លាប់ដោយលំបាកណាស់ ឥតមានអ្នកណាយំសោកឡើយ ក៏គ្មានអ្នកណាបញ្ចុះសពគេដែរ គឺគេនឹងដូចជាជីនៅដី គេនឹងត្រូវវិនាសដោយដាវ និងអំណត់ ហើយសាកសពរបស់គេនឹងបានសម្រាប់ជាអាហារដល់សត្វហើរលើអាកាស និងសត្វព្រៃនៅផែនដី។
5ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ កុំចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ ក៏កុំទៅយំសោក ឬទួញទំនួញដោយព្រោះគេឡើយ ដ្បិតយើងបានដកសេចក្ដីសុខរបស់យើង គឺជាសេចក្ដីសប្បុរស និងសេចក្ដីអាណិតអាសូរ ចេញពីជនជាតិនេះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ 6មនុស្សទាំងអស់ ទាំងធំទាំងតូច នឹងត្រូវស្លាប់នៅស្រុកនេះ ឥតមានអ្នកណាបញ្ចុះសពគេឡើយ មនុស្សក៏នឹងមិនយំសោក ឬឆូតសាច់ ឬកោរសក់ដោយព្រោះគេឡើយ។ 7គ្មានអ្នកណាកាច់នំបុ័ងជូនដល់អ្នកសោយសោក ដើម្បីកម្សាន្តចិត្តពីដំណើរអ្នកដែលស្លាប់សោះ ក៏គ្មានអ្នកណាជូនពែងរំលែកទុក្ខដល់គេ ដោយព្រោះគេបាត់បង់ឪពុកម្តាយនោះដែរ។ 8ឯផ្ទះដែលគេកំពុងស៊ីលៀង អ្នកមិនត្រូវចូលទៅអង្គុយស៊ីផឹកជាមួយគេដែរ។ 9ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ មើល៍ នៅគ្រាអាយុអ្នក ហើយនៅចំពោះភ្នែកអ្នក យើងនឹងធ្វើឲ្យសំឡេងរីករាយ និងសំឡេងអរសប្បាយ ព្រមទាំងសំឡេងប្ដីប្រពន្ធថ្មោងថ្មីបាត់ចេញពីទីនេះទៅ។
10ពេលណាអ្នកបានប្រាប់ពាក្យទាំងនេះដល់ជនជាតិនេះរួចជាស្រេច ហើយគេសួរអ្នកថា៖ ហេតុអ្វីបានជាព្រះយេហូវ៉ាមានព្រះបន្ទូល ពីការអាក្រក់យ៉ាងធំទាំងនេះទាស់នឹងយើងដូច្នេះ? តើយើងមានអំពើទុច្ចរិតណា ឬបានប្រព្រឹត្តអំពើបាបយ៉ាងណា ទាស់នឹងព្រះយេហូវ៉ាជាព្រះនៃយើង? 11នោះអ្នកត្រូវប្រាប់គេថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលថា គឺដោយព្រោះបុព្វបុរសរបស់អ្នករាល់គ្នាបានបោះបង់យើង ទៅតាមព្រះដទៃ ព្រមទាំងគោរព ហើយថ្វាយបង្គំដល់វាផង គេបានបោះបង់យើង ឥតដែលរក្សាច្បាប់យើងឡើយ 12ហើយចំណែកអ្នករាល់គ្នានោះបានប្រព្រឹត្តអាក្រក់ លើសជាងបុព្វបុរសអ្នកទៅទៀត ដ្បិត អ្នករាល់គ្នាប្រព្រឹត្តតាមតែសេចក្ដីរឹងចចេសនៅក្នុងចិត្តអាក្រក់របស់អ្នករៀងខ្លួន បានជាមិនព្រមស្តាប់តាមយើងសោះ។ 13ហេតុនោះ យើងនឹងបោះអ្នករាល់គ្នាចោលចេញពីស្រុកនេះ ឲ្យទៅនៅឯស្រុកមួយដែលអ្នក ឬបុព្វបុរសអ្នកមិនបានស្គាល់ ហើយនៅទីនោះ អ្នករាល់គ្នានឹងគោរពប្រតិបត្តិតាមព្រះដទៃទាំងយប់ទាំងថ្ងៃ ព្រោះយើងនឹងមិនអាណិតដល់អ្នកទេ។
ព្រះនឹងស្ដាប្រទេសអ៊ីស្រាអែលឡើងវិញ
14ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍! នឹងមានគ្រាមកដល់ដែលគេលែងស្បថថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ជាព្រះដែលបាននាំពួកកូនចៅអ៊ីស្រាអែលឡើងរួចពីស្រុកអេស៊ីព្ទមក 15គេនឹងស្បថយ៉ាងនេះវិញថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលព្រះអង្គបាននាំពួកកូនចៅអ៊ីស្រាអែល ចេញពីស្រុកខាងជើងមក ហើយពីអស់ទាំងប្រទេស ដែលព្រះអង្គបានបណ្តេញគេនោះផង យើងនឹងនាំគេឲ្យវិលមកក្នុងស្រុករបស់គេ ជាស្រុកដែលយើងបានឲ្យដល់បុព្វបុរសគេ។
16ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងចាត់មនុស្សឲ្យទៅហៅពួកនេសាទជាច្រើនមក អ្នកទាំងនោះនឹងបង់សំណាញ់ប្រមូលគេ បន្ទាប់មក យើងនឹងចាត់ឲ្យទៅហៅពួកព្រានជាច្រើនមក អ្នកទាំងនោះនឹងដេញចាប់គេនៅលើគ្រប់ទាំងភ្នំធំ និងភ្នំតូច ហើយនៅក្រហែងថ្មទាំងប៉ុន្មានផង។ 17ដ្បិតភ្នែកយើងមើលឃើញអស់ទាំងផ្លូវរបស់គេ ហើយគេមិនកំបាំងពីមុខយើងទេ ឯអំពើទុច្ចរិតរបស់គេ ក៏មិនបិទបាំងពីភ្នែកយើងដែរ។ 18ប៉ុន្តែ មុនដំបូង យើងនឹងសងអំពើទុច្ចរិត និងអំពើបាបរបស់គេមួយជាពីរ ព្រោះគេបានធ្វើឲ្យស្រុកយើងទៅជាស្មោកគ្រោក ដោយសាកសពនៃរូបព្រះគួរខ្ពើម ហើយធ្វើឲ្យស្រុកជាមត៌ករបស់យើង មានពេញដោយរបស់គួរខ្ពើមឆ្អើមរបស់គេ។
19ឱព្រះយេហូវ៉ា ជាកម្លាំងនៃទូលបង្គំ
ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ
នៅគ្រាលំបាកអើយ
ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯព្រះអង្គ
ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា
បុព្វបុរសរបស់យើងខ្ញុំបានទទួលតែពាក្យកុហក
គឺជាសេចក្ដីអសារឥតការ
និងសេចក្ដីដែលឥតមានប្រយោជន៍អ្វីសោះ។
20តើមានទំនងឲ្យមនុស្សធ្វើព្រះសម្រាប់ខ្លួន
ដែលមិនមែនជាព្រះពិតដែរឬ?
21ដូច្នេះ មើល៍! យើងនឹងធ្វើឲ្យគេស្គាល់ ម្តងនេះយើងនឹងធ្វើគេស្គាល់ដៃយើង និងឥទ្ធិឫទ្ធិរបស់យើង នោះគេនឹងស្គាល់ឈ្មោះយើង ថាជាព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
យេរេមា 16: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies