យេរេមា 2:1-19

យេរេមា 2:1-19 គកស១៦

ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ «ចូរ​ទៅ​ចុះ ហើយ​ស្រែក​ដាក់​ត្រចៀក ពួក​ក្រុង​យេរូ‌សាឡិម​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​យើង​នឹក​ចាំ​ពី​អ្នក​កាល​នៅ​ក្មេង ដែល​អ្នក​មាន​ចិត្ត​កួច​ចំពោះ​យើង ហើយ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក កាល​ទើប​នឹង​បាន​គ្នា គឺ​ដែល​អ្នក​បាន​ដើរ​តាម​យើង នៅ​ក្នុង​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ឥត​មានអ្នក​ណា​សាប‌ព្រោះ​ឡើយ គ្រា​នោះ អ៊ីស្រាអែល​ជា​ពួក​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​ផល​ដំបូង​នៃ​សេចក្ដី​ចម្រើន​របស់​ព្រះ‌អង្គ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អស់​អ្នក​ណា​ដែល​ស៊ី​បង្ហិន​គេ នោះ​នឹង​ត្រូវ​មាន​ទោស សេចក្ដី​អាក្រក់​នឹង​មក​គ្រប​លើ​អ្នក​នោះ»។ ឱ​ពួក​វង្ស​របស់​យ៉ាកុប និង​អស់​ទាំង​គ្រួសារ​នៃ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ឃើញ​មាន អំពើ​ទុច្ចរិត​យ៉ាង​ណា​នៅ​ក្នុង​យើង បាន​ជា​គេ​ថយ​ទៅ​ឆ្ងាយ​ពី​យើង​ដូច្នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​សេចក្ដី​ឥត​ប្រយោជន៍ ហើយ​ក៏​ទៅ​ជា​ឥត​ប្រយោជន៍​គ្រប់​គ្នា​ផង គេ​ក៏​មិន​បាន​សួរ​ថា៖ ព្រះ‌យេហូវ៉ា ដែល​នាំ​យើង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​នាំ​យើង​ដើរ​កាត់​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​មាន​សុទ្ធ​តែ​វាល​ខ្សាច់ និង​ជង្ហុក គឺ​ជា​ទី​មាន​តែ​ដី​ហួត‌ហែង និង​ម្លប់​នៃ​សេចក្ដី​ស្លាប់​ទទេ ជា​កន្លែង​ដែល​ឥត​មាន​មនុស្ស​ដើរ​កាត់ ឬ​មនុស្ស​ណា​អាស្រ័យ​នៅ​ឡើយ តើ​ព្រះ‌អង្គ​នៅ​ឯ​ណា? យើង​ក៏​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​សម្បូណ៌ ដើម្បី​ឲ្យ​បាន​បរិ‌ភោគ​ផល និង​របស់​ល្អ​នៃ​ស្រុក​នោះ ប៉ុន្តែ កាល​អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ហើយ នោះ​បាន​ធ្វើ​ឲ្យ​ស្រុក​យើង​ទៅ​ជា​ស្មោក‌គ្រោក ហើយ​ឲ្យ​មត៌ក​របស់​យើង បាន​ត្រឡប់​ជា​ទី​ស្អប់​ខ្ពើម​វិញ។ ពួក​សង្ឃ​ក៏​មិន​បាន​សួរ​ថា៖ តើ​ព្រះ‌យេហូវ៉ា​គង់​នៅ​ឯ​ណា? គឺ​ពួក​អ្នក​ដែល​កាន់​ប្រើ​ក្រឹត្យ‌វិន័យ គេ​មិន​បាន​ស្គាល់​យើង​ទេ ពួក​គ្រប់‌គ្រង បាន​ប្រព្រឹត្ត​រំលង​នឹង​យើង ហើយ​ពួក​ហោរា​បាន​ទាយ ដោយ​ព្រះ‌បាល​ផង គេ​បាន​ដើរ​តាម​តែ​របស់ ដែល​ឥត​មាន​ប្រយោជន៍​អ្វី​សោះ។ ហេតុ​ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​តវ៉ា​នឹង​អ្នក​រាល់​គ្នា​ទៀត ព្រម​ទាំងកូន​ចៅ​របស់​អ្នក​តទៅ​ដែរ ដ្បិត​មាន​តែ​ឆ្លង​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន របស់​ពួក​គីទីម​មើល ហើយ​ចាត់​គេ​ទៅ​ឯ​ស្រុក​កេដារ ឲ្យ​ពិចារណា​យ៉ាង​អស់​ពី​ចិត្ត នោះ​នឹង​ឃើញ​បើ​មាន​អ្វី​ដូច។ តើ​ដែល​មាន​សាសន៍​ណា​ផ្លាស់​ព្រះ​របស់​ខ្លួន ដែល​មិន​មែន​ជា​ព្រះ​ផង​ឬ​ទេ? តែ​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ដូរ​ព្រះ ដ៏​ជា​សិរី‌ល្អ​របស់​ខ្លួន ឲ្យ​បាន​តែ​របស់ ដែល​ឥត​មាន​ប្រយោជន៍​វិញ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ឲ្យ​នឹក​ប្លែក​ពី​ដំណើរ​នេះ ហើយ​ឲ្យ​ភ័យ​ស្បើម​ចុះ ត្រូវ​ឲ្យ​មាន​ចិត្ត​ត្រមោច​នៅ ដ្បិត​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ប្រព្រឹត្ត អំពើ​អាក្រក់​ពីរ​យ៉ាង គឺ​បាន​ទាំង​បោះ‌បង់​ចោល​យើង ដែល​ជា​ក្បាល​ទឹក​រស់ ហើយ​បាន​ដាប់​ធ្វើ​អាង​វិញ ជា​អាង​ប្រេះ​បែក​ដែល​ទុក​ទឹក​មិន​បាន​ផង។ តើ​អ៊ីស្រា‌អែល​ជា​ខ្ញុំ​បម្រើ​លោះ​ដោយ​ប្រាក់ ឬ​ជា​ខ្ញុំ​បម្រើ​ដែល​កើត​នៅ​ផ្ទះ​ចៅ‌ហ្វាយ? ហេតុ​អ្វី​បាន​ជា​ត្រូវ​រឹប​យក​ដូច្នេះ? កូន​សិង្ហ​ទាំង​ប៉ុន្មាន​បាន​គ្រហឹម ហើយ​សន្ធាប់​ដាក់​គេ បាន​បំផ្លាញ​ស្រុក ឯ​ទី​ក្រុង​របស់​គេ​ទាំង​ប៉ុន្មាន​ត្រូវ​ឆេះ​អស់​ហើយ ឥត​មាន​អ្នក​ណា​នៅ​ទៀត។ ពួក​ក្រុង​ណូព និង​ក្រុង​តាហា‌ពេនេស គេ​បាន​បំបែក​កំពូល​ក្បាល​របស់​អ្នក​ហើយ តើ​អ្នក​មិន​បាន​នាំ​ការ​នេះ​មក​លើ​ខ្លួន​អ្នក​ទេ​ឬ? ដោយ​អ្នក​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក ក្នុង​កាល​ដែល​ព្រះ‌អង្គ កំពុង​តែ​នាំ​អ្នក​តាម​ផ្លូវ​នោះ ចុះ​ឥឡូវ​នេះ តើ​អ្នក​មាន​ការ​អ្វី បាន​ជា​ទៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដោយ​ប្រាថ្នា​ចង់​ផឹក​ទឹក​ទន្លេ​ស៊ីហោរ​ដូច្នេះ? ឬ​មាន​ការ​អ្វី​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ ដើម្បី​ផឹក​ទឹក​ទន្លេ​នោះ? អំពើ​ទុច្ចរិត​របស់​អ្នក នឹង​វាយ​ផ្ចាល​អ្នក ហើយ​ការ​រា​ថយ​របស់​អ្នក នឹង​ស្ដី​បន្ទោស​អ្នក​វិញ។ ដូច្នេះ ចូរ​ពិចារណា ហើយ​ដឹង​ថា ការ​ដែល​អ្នក​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ឥត​មាន​ចិត្ត​កោត​ខ្លាច ដល់​យើង​នៅ​ក្នុង​ខ្លួន នោះ​ជា​ការ​អាក្រក់ ក៏​ជូរ​ចត់​ណាស់​ហើយ នេះ​ជា​ព្រះ‌បន្ទូល របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

អាន យេរេមា 2