យេរេមា 2:1-19

យេរេមា 2:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ «ចូរ​ទៅ​ចុះ ហើយ​ស្រែក​ដាក់​ត្រចៀក ពួក​ក្រុង​យេរូ‌សាឡិម​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​យើង​នឹក​ចាំ​ពី​អ្នក​កាល​នៅ​ក្មេង ដែល​អ្នក​មាន​ចិត្ត​កួច​ចំពោះ​យើង ហើយ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក កាល​ទើប​នឹង​បាន​គ្នា គឺ​ដែល​អ្នក​បាន​ដើរ​តាម​យើង នៅ​ក្នុង​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ឥត​មានអ្នក​ណា​សាប‌ព្រោះ​ឡើយ គ្រា​នោះ អ៊ីស្រាអែល​ជា​ពួក​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​ផល​ដំបូង​នៃ​សេចក្ដី​ចម្រើន​របស់​ព្រះ‌អង្គ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អស់​អ្នក​ណា​ដែល​ស៊ី​បង្ហិន​គេ នោះ​នឹង​ត្រូវ​មាន​ទោស សេចក្ដី​អាក្រក់​នឹង​មក​គ្រប​លើ​អ្នក​នោះ»។ ឱ​ពួក​វង្ស​របស់​យ៉ាកុប និង​អស់​ទាំង​គ្រួសារ​នៃ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ឃើញ​មាន អំពើ​ទុច្ចរិត​យ៉ាង​ណា​នៅ​ក្នុង​យើង បាន​ជា​គេ​ថយ​ទៅ​ឆ្ងាយ​ពី​យើង​ដូច្នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​សេចក្ដី​ឥត​ប្រយោជន៍ ហើយ​ក៏​ទៅ​ជា​ឥត​ប្រយោជន៍​គ្រប់​គ្នា​ផង គេ​ក៏​មិន​បាន​សួរ​ថា៖ ព្រះ‌យេហូវ៉ា ដែល​នាំ​យើង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​នាំ​យើង​ដើរ​កាត់​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​មាន​សុទ្ធ​តែ​វាល​ខ្សាច់ និង​ជង្ហុក គឺ​ជា​ទី​មាន​តែ​ដី​ហួត‌ហែង និង​ម្លប់​នៃ​សេចក្ដី​ស្លាប់​ទទេ ជា​កន្លែង​ដែល​ឥត​មាន​មនុស្ស​ដើរ​កាត់ ឬ​មនុស្ស​ណា​អាស្រ័យ​នៅ​ឡើយ តើ​ព្រះ‌អង្គ​នៅ​ឯ​ណា? យើង​ក៏​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​សម្បូណ៌ ដើម្បី​ឲ្យ​បាន​បរិ‌ភោគ​ផល និង​របស់​ល្អ​នៃ​ស្រុក​នោះ ប៉ុន្តែ កាល​អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ហើយ នោះ​បាន​ធ្វើ​ឲ្យ​ស្រុក​យើង​ទៅ​ជា​ស្មោក‌គ្រោក ហើយ​ឲ្យ​មត៌ក​របស់​យើង បាន​ត្រឡប់​ជា​ទី​ស្អប់​ខ្ពើម​វិញ។ ពួក​សង្ឃ​ក៏​មិន​បាន​សួរ​ថា៖ តើ​ព្រះ‌យេហូវ៉ា​គង់​នៅ​ឯ​ណា? គឺ​ពួក​អ្នក​ដែល​កាន់​ប្រើ​ក្រឹត្យ‌វិន័យ គេ​មិន​បាន​ស្គាល់​យើង​ទេ ពួក​គ្រប់‌គ្រង បាន​ប្រព្រឹត្ត​រំលង​នឹង​យើង ហើយ​ពួក​ហោរា​បាន​ទាយ ដោយ​ព្រះ‌បាល​ផង គេ​បាន​ដើរ​តាម​តែ​របស់ ដែល​ឥត​មាន​ប្រយោជន៍​អ្វី​សោះ។ ហេតុ​ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​តវ៉ា​នឹង​អ្នក​រាល់​គ្នា​ទៀត ព្រម​ទាំងកូន​ចៅ​របស់​អ្នក​តទៅ​ដែរ ដ្បិត​មាន​តែ​ឆ្លង​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន របស់​ពួក​គីទីម​មើល ហើយ​ចាត់​គេ​ទៅ​ឯ​ស្រុក​កេដារ ឲ្យ​ពិចារណា​យ៉ាង​អស់​ពី​ចិត្ត នោះ​នឹង​ឃើញ​បើ​មាន​អ្វី​ដូច។ តើ​ដែល​មាន​សាសន៍​ណា​ផ្លាស់​ព្រះ​របស់​ខ្លួន ដែល​មិន​មែន​ជា​ព្រះ​ផង​ឬ​ទេ? តែ​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ដូរ​ព្រះ ដ៏​ជា​សិរី‌ល្អ​របស់​ខ្លួន ឲ្យ​បាន​តែ​របស់ ដែល​ឥត​មាន​ប្រយោជន៍​វិញ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ឲ្យ​នឹក​ប្លែក​ពី​ដំណើរ​នេះ ហើយ​ឲ្យ​ភ័យ​ស្បើម​ចុះ ត្រូវ​ឲ្យ​មាន​ចិត្ត​ត្រមោច​នៅ ដ្បិត​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ប្រព្រឹត្ត អំពើ​អាក្រក់​ពីរ​យ៉ាង គឺ​បាន​ទាំង​បោះ‌បង់​ចោល​យើង ដែល​ជា​ក្បាល​ទឹក​រស់ ហើយ​បាន​ដាប់​ធ្វើ​អាង​វិញ ជា​អាង​ប្រេះ​បែក​ដែល​ទុក​ទឹក​មិន​បាន​ផង។ តើ​អ៊ីស្រា‌អែល​ជា​ខ្ញុំ​បម្រើ​លោះ​ដោយ​ប្រាក់ ឬ​ជា​ខ្ញុំ​បម្រើ​ដែល​កើត​នៅ​ផ្ទះ​ចៅ‌ហ្វាយ? ហេតុ​អ្វី​បាន​ជា​ត្រូវ​រឹប​យក​ដូច្នេះ? កូន​សិង្ហ​ទាំង​ប៉ុន្មាន​បាន​គ្រហឹម ហើយ​សន្ធាប់​ដាក់​គេ បាន​បំផ្លាញ​ស្រុក ឯ​ទី​ក្រុង​របស់​គេ​ទាំង​ប៉ុន្មាន​ត្រូវ​ឆេះ​អស់​ហើយ ឥត​មាន​អ្នក​ណា​នៅ​ទៀត។ ពួក​ក្រុង​ណូព និង​ក្រុង​តាហា‌ពេនេស គេ​បាន​បំបែក​កំពូល​ក្បាល​របស់​អ្នក​ហើយ តើ​អ្នក​មិន​បាន​នាំ​ការ​នេះ​មក​លើ​ខ្លួន​អ្នក​ទេ​ឬ? ដោយ​អ្នក​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក ក្នុង​កាល​ដែល​ព្រះ‌អង្គ កំពុង​តែ​នាំ​អ្នក​តាម​ផ្លូវ​នោះ ចុះ​ឥឡូវ​នេះ តើ​អ្នក​មាន​ការ​អ្វី បាន​ជា​ទៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដោយ​ប្រាថ្នា​ចង់​ផឹក​ទឹក​ទន្លេ​ស៊ីហោរ​ដូច្នេះ? ឬ​មាន​ការ​អ្វី​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ ដើម្បី​ផឹក​ទឹក​ទន្លេ​នោះ? អំពើ​ទុច្ចរិត​របស់​អ្នក នឹង​វាយ​ផ្ចាល​អ្នក ហើយ​ការ​រា​ថយ​របស់​អ្នក នឹង​ស្ដី​បន្ទោស​អ្នក​វិញ។ ដូច្នេះ ចូរ​ពិចារណា ហើយ​ដឹង​ថា ការ​ដែល​អ្នក​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ឥត​មាន​ចិត្ត​កោត​ខ្លាច ដល់​យើង​នៅ​ក្នុង​ខ្លួន នោះ​ជា​ការ​អាក្រក់ ក៏​ជូរ​ចត់​ណាស់​ហើយ នេះ​ជា​ព្រះ‌បន្ទូល របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

ចែក​រំលែក
អាន យេរេមា 2

យេរេមា 2:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖ ចូរ​ទៅ​ស្រែក​ប្រកាស​ប្រាប់ អ្នក​ក្រុង​យេរូ‌សាឡឹម​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: «យើង​នឹក​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក កាល​អ្នក​ទើប​នឹង​ពេញ​ក្រមុំ ហើយ​នឹក​ចាំ​ពី​សេចក្ដី​ស្នេហា​របស់​អ្នក ពេល​ទើប​នឹង​រៀបការ គឺ​គ្រា​ដែល​អ្នក​បម្រើ​យើង​នៅ​វាល​រហោ‌ស្ថាន ជា​កន្លែង​ដែល​គ្មាន​អ្វី​ដុះ។ នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​ញែក​ជន‌ជាតិ អ៊ីស្រា‌អែល​ទុក​សម្រាប់​ព្រះអង្គ ជា​ផល​ផ្លែ​ដំបូង​របស់​ព្រះអង្គ អស់​អ្នក​ដែល​លួច​ស៊ី​ផ្លែ​នេះ នឹង​ត្រូវ​មាន​ទោស ហើយ​រង​ទុក្ខ​វេទនា​ទៀត​ផង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុប អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: តើ​ដូនតា​របស់​អ្នក​រាល់​គ្នា​ឃើញ​យើង​ធ្វើ​ខុស ត្រង់​ណា បាន​ជា​ពួក​គេ​ឃ្លាត​ចាក​ពី​យើង ហើយ​បែរ​ទៅ​គោរព​ព្រះ​ឥត​បាន​ការ ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​ឥត​បាន​ការ ដូច្នេះដែរ? ពួក​គេ​មិន​បាន​សួរ​ថា តើ​ព្រះ‌អម្ចាស់​នៅ​ឯ​ណា? គឺ​ព្រះ​ដែល​បាន​នាំ​ពួក​យើង​ចាក​ចេញ​ពី ស្រុក​អេស៊ីប ហើយ​ដឹក​នាំ​ពួក​យើង​ក្នុង​វាល​រហោ‌ស្ថាន ជា​វាល​ដែល​មាន​តែ​ព្រៃ​ល្បោះ និង​ដី​ក្រហូង ជា​វាល​ហួត‌ហែង ជា​ទី​ស្មសាន ជា​កន្លែង​ដែល​គ្មាន​នរណា​ឆ្លង​កាត់ គ្មាន​មនុស្ស​ណា​រស់​នៅ​បាន។ យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​មក​នៅ​ក្នុង​ស្រុក ដែល​មាន​ដំណាំ​ដាំ​ដុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ ផ្លែ​ឈើ​ដែល​មាន​រស‌ជាតិ។ ប៉ុន្តែ កាល​អ្នក​រាល់​គ្នា​ចូល​មក​ដល់ អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ស្រុក​របស់​យើង ទៅ​ជា​សៅហ្មង អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ទឹក​ដី​ដែល​ជា​មត៌ក របស់​យើង​ក្លាយ​ជា​កន្លែង​គួរ​ឲ្យ​ស្អប់​ខ្ពើម។ ក្រុម​បូជា‌ចារ្យ​ពុំ​ដែល​សួរ​ថា “ព្រះ‌អម្ចាស់​នៅ​ឯ​ណា?” គ្រូ​អាចារ្យ​ខាង​វិន័យ​ក៏​មិន​ស្គាល់​យើង​ដែរ។ មេ​ដឹក​នាំ​របស់​ប្រជា‌ជន​នាំ​គ្នា​ប្រឆាំង​នឹង​យើង ពួក​ព្យាការី​និយាយ​ក្នុង​នាម​ព្រះ​បាល ហើយ​នាំ​គ្នា​រត់​ទៅ​ពឹង​ពាក់​ព្រះ​ក្លែង‌ក្លាយ ដែល​ពុំ​អាច​ជួយ​ពួក​គេ​បាន​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ឡើង​ក្ដី នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ចូរ​ទៅ​កោះ​គីទីម​ដែល​នៅ​ដាច់​ស្រយាល ហើយ​សង្កេត​មើល​ចុះ ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​ស្រុក​កេដារ ហើយ​ស៊ើប‌សួរ​ឲ្យ​បាន​ហ្មត់‌ចត់​ថា តើ​នៅ​តំបន់​ទាំង​នោះ​គេ​ប្រព្រឹត្ត​ដូច អ្នក​រាល់​គ្នា​ឬ​ទេ? តើ​មាន​ប្រជា‌ជាតិ​ណា​មួយ​ផ្លាស់​ប្ដូរ ព្រះ​របស់​ខ្លួន​ឬ​ទេ? (តាម​ពិត ព្រះ​ទាំង​នោះ ពុំ​មែន​ជា​ព្រះ​ពិត​ប្រាកដ​ទេ)។ រីឯ​ប្រជា‌ជន​របស់​យើង​វិញ គេ​បាន​ផ្លាស់​ប្ដូរ ព្រះ​ដែល​ផ្ដល់​ឲ្យ​គេ​មាន​សិរី‌រុងរឿង ហើយ​បែរ​ជា​នាំ​គ្នា​គោរព​ព្រះ​ដែល ឥត​បាន​ការ​ទៅ​វិញ។ ផ្ទៃ​មេឃ​អើយ! ចូរ​តក់‌ស្លុត ចូរ​ញាប់‌ញ័រ ហើយ​ស្រឡាំង‌កាំង​ទៅ! -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ប្រជា‌ជន​របស់​យើង​ប្រព្រឹត្ត​អាក្រក់​ពីរ​យ៉ាង គឺ​គេ​បោះ​បង់​យើង​ដែល​ជា​ប្រភព​ទឹក​កំពុង​ហូរ បែរ​ទៅ​ជីក​អណ្ដូង ជីក​ស្រះ​ដែល​តែងតែ​ប្រេះ មិន​អាច​ទុក​ទឹក​បាន​នោះ​ទៅ​វិញ។ តើ​អ៊ីស្រា‌អែល​ជា​ទាសករ​ដែល​គេ​ទិញ​មក ឬ​ជា​ទាសករ​ដែល​កើត​ក្នុង​ផ្ទះ បាន​ជា​សាសន៍​ដទៃ​នាំ​គ្នា​វាយ​ដណ្ដើម ពួក​គេ​ដូច្នេះ? ពួក​គេ​គ្រហឹម​ដាក់​អ៊ីស្រា‌អែល​ដូច​សិង្ហ​គ្រហឹម ពួក​គេ​ស្រែក​គំរាម និង​បំផ្លាញ​ស្រុក ឲ្យ​វិនាស​ហិន‌ហោច ពួក​គេ​ដុត​ក្រុង​ទាំង‌ឡាយ ហើយ​គ្មាន​នរណា​រស់​ក្នុង​ក្រុង​នោះ​ទៀត​ទេ។ សូម្បី​តែ​ជន‌ជាតិ​ណូប និង​ជន‌ជាតិ​តាហា‌ពេនេស ក៏​នាំ​គ្នា​កោរ​សក់​អ៊ីស្រា‌អែល នាំ​យក​ទៅ​ជា​ឈ្លើយ​ដែរ។ អ្នក​ជួប​ទុក្ខ​វេទនា​បែប​នេះ មក​ពី​អ្នក​បោះ​បង់ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ក្នុង​ពេល​ដែល​ព្រះអង្គ​កំពុង​ដឹក​នាំ​អ្នក។ ឥឡូវ​នេះ តើ​មាន​អ្វី​ទាក់‌ទាញ​អ្នក​ឲ្យ​ទៅ ស្រុក​អេស៊ីប ទៅ​រក​ផឹក​ទឹក​ទន្លេ​នីល​ឬ? តើ​មាន​អ្វី​ទាក់‌ទាញ​អ្នក​ឲ្យ​ទៅ​ស្រុក​អាស្ស៊ីរី ទៅ​រក​ផឹក​ទឹក​ទន្លេ​អឺប្រាត​ឬ? ចូរ​ឲ្យ​អំពើ​អាក្រក់​របស់​អ្នក​ដាក់​ទោស​អ្នក ចូរ​ឲ្យ​អំពើ​ក្បត់​របស់​អ្នក​ផ្តន្ទា​អ្នក។ ដូច្នេះ អ្នក​នឹង​ដឹង​ច្បាស់​ថា ការ​បោះ​បង់ និង​ការ​មិន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នាំ​ឲ្យ​អ្នក​រង​ទុក្ខ​វេទនា​ដ៏​ជូរ​ចត់។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។

ចែក​រំលែក
អាន យេរេមា 2

យេរេមា 2:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា ចូរ​ទៅ​ចុះ ហើយ​ស្រែក​ដាក់​ត្រចៀក​ពួក​ក្រុង​យេរូ‌សាឡិម​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ គឺ​អញ​នឹក​ចាំ​ពី​ឯង​កាល​នៅ​ក្មេង ដែល​ឯង​មាន​ចិត្ត​កួច​ចំពោះ​អញ ហើយ​ពី​សេចក្ដី​ស្រឡាញ់​របស់​ឯង កាល​ទើប​នឹង​បាន​គ្នា គឺ​ដែល​ឯង​បាន​ដើរ​តាម​អញ នៅ​ក្នុង​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ឥត​មាន​អ្នក​ណា​សាប‌ព្រោះ​ឡើយ គ្រា​នោះ អ៊ីស្រាអែល​ជា​ពួក​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​ផល​ដំបូង​នៃ​សេចក្ដី​ចំរើន​របស់​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អស់​អ្នក​ណា​ដែល​ស៊ី​បង្ហិន​គេ នោះ​នឹង​ត្រូវ​មាន​ទោស សេចក្ដី​អាក្រក់​នឹង​មក​គ្រប​លើ​អ្នក​នោះ។ ឱ​ពួក​វង្ស​របស់​យ៉ាកុប នឹង​អស់​ទាំង​គ្រួសារ​នៃ​ពួក​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ទ្រង់​មាន​បន្ទូល​សួរ​ថា ពួក​ព្ធយុ‌កោ​របស់​ឯង​រាល់​គ្នា​បាន​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​យ៉ាង​ណា​នៅ​ក្នុង​អញ បាន​ជា​គេ​ថយ​ទៅ​ឆ្ងាយ​ពី​អញ​ដូច្នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​សេចក្ដី​ឥត​ប្រយោជន៍ ហើយ​ក៏​ទៅ​ជា​ឥត​ប្រយោជន៍​គ្រប់​គ្នា​ផង គេ​ក៏​មិន​បាន​សួរ​ថា ព្រះ‌យេហូវ៉ា ដែល​នាំ​យើង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​នាំ​យើង​ដើរ​កាត់​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​មាន​សុទ្ធ​តែ​វាល​ខ្សាច់ នឹង​ជង្ហុក គឺ​ជា​ទី​មាន​តែ​ដី​ហួត‌ហែង នឹង​ម្លប់​នៃ​សេចក្ដី​ស្លាប់​ទទេ ជា​កន្លែង​ដែល​ឥត​មាន​មនុស្ស​ដើរ​កាត់ ឬ​មនុស្ស​ណា​អាស្រ័យ​នៅ​ឡើយ តើ​ទ្រង់​នៅ​ឯ​ណា អញ​ក៏​បាន​នាំ​ឯង​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​សំបូរ ដើម្បី​ឲ្យ​បាន​បរិភោគ​ផល នឹង​របស់​ល្អ​នៃ​ស្រុក​នោះ ប៉ុន្តែកាល​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ហើយ នោះ​បាន​ធ្វើ​ឲ្យ​ស្រុក​អញ​ទៅ​ជា​ស្មោក‌គ្រោក ហើយ​ឲ្យ​មរដក​របស់​អញ​បាន​ត្រឡប់​ជា​ទី​ស្អប់​ខ្ពើម​វិញ ពួក​សង្ឃ​ក៏​មិន​បាន​សួរ​ថា តើ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ឯ​ណា​ដែរ គឺ​ពួក​អ្នក​ដែល​កាន់​ប្រើ​ក្រឹត្យ‌វិន័យ គេ​មិន​បាន​ស្គាល់​អញ​ទេ ពួក​គ្រប់‌គ្រង​បាន​ប្រព្រឹត្ត​រំលង​នឹង​អញ ហើយ​ពួក​ហោរា​បាន​ទាយ ដោយ​ព្រះ‌បាល​ផង គេ​បាន​ដើរ​តាម​តែ​របស់​ដែល​ឥត​មាន​ប្រយោជន៍​អ្វី​សោះ។ ហេតុ​ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​តវ៉ា​នឹង​ឯង​រាល់​គ្នា​ទៀត ហើយ​នឹង​កូន​ចៅ​របស់​ឯង​ត​ទៅ​ដែរ ដ្បិត​មាន​តែ​ឆ្លង​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន​របស់​ពួក​គីទីម​មើល ហើយ​ចាត់​គេ​ទៅ​ឯ​ស្រុក​កេដារ ឲ្យ​ពិចារណា​យ៉ាង​អស់​ពី​ចិត្ត នោះ​នឹង​ឃើញ​បើ​ដែល​មាន​អ្វី​ឲ្យ​ដូច​ឬ​ទេ តើ​ដែល​មាន​សាសន៍​ណា​ផ្លាស់​ព្រះ​របស់​ខ្លួន ដែល​មិន​មែន​ជា​ព្រះ​ផង​ឬ​ទេ តែ​រាស្ត្រ​របស់​អញ​បាន​ដូរ​ព្រះ​ដ៏​ជា​សិរី‌ល្អ​របស់​ខ្លួន ឲ្យ​បាន​តែ​របស់​ដែល​ឥត​មាន​ប្រយោជន៍​វិញ ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌បន្ទូល​ថា ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ឲ្យ​នឹក​ប្លែក​ពី​ដំណើរ​នេះ ហើយ​ឲ្យ​ភ័យ​ស្បើម​ចុះ ត្រូវ​ឲ្យ​មាន​ចិត្ត​ត្រមោច​នៅ ដ្បិត​រាស្ត្រ​អញ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​២​យ៉ាង គឺ​បាន​ទាំង​បោះ‌បង់​ចោល​អញ ដែល​ជា​ក្បាល​ទឹក​រស់ ហើយ​បាន​ដាប់​ធ្វើ​អាង​វិញ ជា​អាង​ប្រេះ​បែក​ដែល​ទុក​ទឹក​មិន​បាន​ផង។ តើ​អ៊ីស្រាអែល​ជា​ខ្ញុំ​បំរើ​លោះ​ដោយ​ប្រាក់ ឬ​ជា​ខ្ញុំ​បំរើ​ដែល​កើត​នៅ​ផ្ទះ​ចៅហ្វាយ ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​រឹប​ជាន់​ដូច្នេះ កូន​សិង្ហ​ទាំង​ប៉ុន្មាន​បាន​គ្រហឹម ហើយ​សន្ធាប់​ដាក់​គេ ហើយ​បាន​បំផ្លាញ​ស្រុក ឯ​ទី​ក្រុង​គេ​ទាំង​ប៉ុន្មាន​បាន​ត្រូវ​ឆេះ​អស់​ហើយ ឥត​មាន​អ្នក​ណា​នៅ​ទៀត ពួក​ក្រុង​ណូព នឹង​ក្រុង​តាហា‌ពេនេស គេ​បាន​បំបែក​កំពូល​ក្បាល​របស់​ឯង​ហើយ តើ​ឯង​មិន​បាន​នាំ​ការ​នេះ​មក​លើ​ខ្លួន​ឯង​ទេ​ឬ​អី ដោយ​ឯង​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ក្នុង​កាល​ដែល​ទ្រង់​កំពុង​តែ​នាំ​ឯង​តាម​ផ្លូវ​នោះ ចុះ​ឥឡូវ​នេះ តើ​ឯង​មាន​ការ​អ្វី បាន​ជា​ទៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដោយ​ប្រាថ្នា​ចង់​ផឹក​ទឹក​ទន្លេ​ស៊ីហោរ​ដូច្នេះ​ឬ​មាន​ការ​អ្វី​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អាសស៊ើរ ដើម្បី​នឹង​ផឹក​ទឹក​ទន្លេ​នោះ អំពើ​ទុច្ចរិត​របស់​ឯង នឹង​វាយ‌ផ្ចាល​ឯង ហើយ​ការ​រា‌ថយ​របស់​ឯង នឹង​ស្តី​បន្ទោស​ឯង​វិញ ដូច្នេះ ចូរ​ពិចារណា ហើយ​ដឹង​ថា ការ​ដែល​ឯង​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ឥត​មាន​ចិត្ត​កោត‌ខ្លាច​ដល់​អញ​នៅ​ក្នុង​ខ្លួន នោះ​ជា​ការ​អាក្រក់ ក៏​ជូរ​ចត់​ណាស់​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

ចែក​រំលែក
អាន យេរេមា 2