យេរេមា 22

22
ពាក្យ​រំឭក​ដាស់​តឿន​ឲ្យ​ប្រែ​ចិត្ត
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ចុះ​ទៅ​ដំណាក់​ស្តេច​យូដា ហើយ​ពោល​ពាក្យ​នេះ​នៅ​ទី​នោះ 2គឺ​ប្រាប់​ថា ឱ​ស្តេច​សាសន៍​យូដា​ដែល​គង់​លើ​បល្ល័ង្ក​នៃ​ដាវីឌ ព្រម​ទាំង​ពួក​មហាតលិក និង​បណ្ដា‌ជន​របស់​ព្រះ‌អង្គ​ដែល​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ 3ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត ហើយ​ដោះ​អ្នក​ដែល​ត្រូវ​គេ​ប្លន់ ឲ្យ​បាន​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​នោះ កុំ​ជិះ​ជាន់ ឬ​គំហក​កំហែង​ដល់​អ្នក​ដទៃ ដែល​មក​ស្នាក់​នៅ ឬ​ដល់​ពួក​កំព្រា និង​ស្ត្រី​មេម៉ាយ​ឡើយ ក៏​កុំ​កម្ចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​ទោស​នៅ​ទី​នេះ​ដែរ។ 4ដ្បិត​ប្រសិន‌បើ​អ្នក​រាល់​គ្នា​ពិត​ជា​ធ្វើ​តាម​ពាក្យ​នេះ នោះ​នឹង​មាន​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​ដាវីឌ​ជិះ​រាជ‌រថ និង​សេះ​យាង​ចូល​តាម​ទ្វារ​នេះ ព្រម​ទាំង​ពួក​មហាតលិក និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង។ 5ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ពាក្យ​ទាំង​នេះ​ទេ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​ស្បថ​នឹង​ខ្លួន​យើង​ថា ដំណាក់​នេះ​នឹង​ត្រូវ​បំផ្លាញ​អស់​រលីង។ 6ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ពី​ដំណើរ​ដំណាក់​នៃ​ស្តេច​យូដា​ថា៖
ចំពោះ​យើង អ្នក​ប្រៀប​ដូច​ជា​ស្រុក​កាឡាត
និង​កំពូល​ភ្នំ​ល្បាណូន
ប៉ុន្តែ យើង​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​អ្នក​ត្រឡប់
ទៅ​ជា​ទីរហោស្ថាន
ជា​ទី​ក្រុង​ដែលគ្មាន​មនុស្ស​រស់​នៅ។
7យើង​នឹង​តាំង​ពួក​បំផ្លាញ​ឲ្យ​មក​ទាស់​នឹង​អ្នក
គ្រប់​គ្នា​នឹង​កាន់​គ្រឿង​អាវុធ​របស់​ខ្លួន
គេ​នឹង​កាប់​រំលំ​ដើម​តា‌ត្រៅ ដែល​ជ្រើស​រើស​របស់​អ្នក
ហើយ​បោះ​ទៅ​ក្នុង​ភ្លើង
8សាសន៍​ជា​ច្រើន​នឹង​ដើរ​មក​តាម​ទី​ក្រុង​នេះ គ្រប់​គ្នា​នឹង​និយាយ​ដល់​គូកន​ខ្លួន​ថា៖ ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ធ្វើ​ដូច្នេះ​ដល់​ក្រុង​ធំ​នេះ? 9គេ​នឹង​ឆ្លើយ​តប​ថា៖ ពី​ព្រោះ​គេ​បាន​បោះ‌បង់​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ក៏​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ។
10កុំ​យំ​នឹង​មនុស្ស​ដែល​ស្លាប់​ឡើយ
ក៏​កុំ​សោក​ស្តាយ​គេ​ដែរ
ត្រូវ​ឲ្យ​យំ​ជា​ខ្លាំង​នឹង​អ្នក​ដែល​ចាក​ចេញ​ពី​ទី​នេះ​វិញ
ដ្បិត​គេ​នឹង​មិន​ដែល​វិល​មក​ទៀត​ឡើយ
ក៏​មិន​ដែល​ឃើញ​ស្រុក​កំណើត​របស់​ខ្លួន​ទៀត​ផង។
ព្រះ‌បន្ទូលទៅ​កាន់​បុត្ររបស់ស្ដេច​យូសៀស
11ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ សាលូម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា ដែល​សោយ‌រាជ្យ​ជំនួស​យ៉ូសៀស ជា​បិតា ហើយ​បាន​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ហើយ គេ​នឹង​មិន​មក​ទី​នេះ​វិញទេ 12នៅ​កន្លែង​ណា​ដែល​ត្រូវ​ចាប់​នាំ​ទៅ​ជា​ឈ្លើយ គេ​នឹង​ស្លាប់​នៅ​ទី​នោះ ឥត​ដែល​ឃើញ​ស្រុក​នេះ​ទៀត​ឡើយ។
13វេទនា​ដល់​អ្នក​ណា​ដែល​សង់​ផ្ទះ​ខ្លួន ដោយ​ការ​ទុច្ចរិត
ហើយ​ធ្វើ​បន្ទប់​ខ្លួន​ដោយ​ការ​មិន​ទៀង​ត្រង់
ជា​អ្នក​ដែល​ប្រើ​ប្រាស់​អ្នក​ជិត​ខាង​ខ្លួន​ទទេ
ឥត​ចេញ​ឈ្នួល​ឲ្យ
14ហើយ​ក៏​ពោល​ថា យើង​នឹង​សង់​ផ្ទះ​មួយ​ធំ
ដែល​មាន​បន្ទប់​ទូលាយ​សម្រាប់​យើង
ក៏​ធ្វើ​បង្អួច ហើយ​បិទ​ជញ្ជាំង​ដោយ​ក្តារ​តា‌ត្រៅ
រួច​លាប​ពណ៌​ក្រហម​ស្រស់។
15តើ​អ្នក​ត្រូវ​សោយ‌រាជ្យ
ដោយ​ព្រោះ​តែ​អ្នក​មាន​ចិត្ត​សង្វាត
និង​ចម្រើន​ឈើ​តា‌ត្រៅ​ឬ?
ឯ​ឪពុក​អ្នក តើ​មិន​បាន​ស៊ី ហើយ​ផឹក​ដែរ​ទេ​ឬ?
ប៉ុន្តែ បាន​ប្រព្រឹត្ត​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត
បាន​ជា​មាន​សន្តិ‌សុខ​ក្នុង​គ្រា​នោះ។
16គាត់​បាន​កាត់​ក្ដី​ឲ្យ​ពួក​ក្រីក្រ និង​ពួក​កម្សត់​ទុគ៌ត
ដូច្នេះ ក៏​មាន​សេចក្ដី​សុខ
ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ថា៖
ដែល​ប្រព្រឹត្ត​ដូច្នោះ តើ​មិន​ស្គាល់​យើង​ទេ​ឬ?
17ឯ​ភ្នែក និង​ចិត្ត​របស់​អ្នក
រក​តែ​បំពេញ​សេចក្ដី​លោភ​របស់​អ្នក
ក៏​កម្ចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​មាន​ទោស
ព្រម​ទាំង​ជិះ​ជាន់ និង​ប្រព្រឹត្ត​សេចក្ដី​ច្រឡោត​ប៉ុណ្ណោះ។
18ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល
ស្ដី​ពី​ដំណើរ​យេហូ‌យ៉ាគីម ជា​បុត្រ​យ៉ូសៀស
ស្តេច​សាសន៍​យូដា​ដូច្នេះ​ថា៖
មនុស្ស​នឹង​មិន​សោក​ស្តាយ​ដោយ​ពាក្យ​ថា
ឱ​បង ឱ​ប្អូន​អើយ ក៏​មិន​ដែល​សោក​ស្តាយ​ថា
ឱ​ព្រះ‌អម្ចាស់​អើយ ឬ​ថា​ព្រះ‌ករុណា​ដ៏​ឧត្តម​អើយ
នោះ​ឡើយ។
19គេ​នឹង​បញ្ចុះ​សព​យេហូ‌យ៉ាគីម
ដូច​ជា​បញ្ចុះ​សព​សត្វ​លា គឺ​គេ​នឹង​អូស​ទៅ​បោះ​ចោល
នៅ​ខាង​ក្រៅ​ទ្វារ​នៃ​ក្រុង​យេរូ‌សាឡិម។
20ចូរ​ឡើង​ទៅ​លើ​ភ្នំ​ល្បាណូន ហើយ​ស្រែក​ឡើង
ចូរ​បន្លឺ​សំឡេង​នៅ​ស្រុក​បាសាន
ហើយ​ស្រែក​ពី​ភ្នំ​អាបារីម​ចុះ
ពី​ព្រោះសហាយ​របស់​អ្នក​ត្រូវ​បំផ្លាញ​ហើយ។
21កាល​នៅ​គ្រា​សម្បូណ៌
នោះ​យើង​បាន​និយាយ​នឹង​អ្នក​ហើយ
តែ​អ្នក​ឆ្លើយ​តប​ថា៖ យើង​មិន​ស្តាប់​ទេ
គឺ​បែប​យ៉ាង​នេះ ដែល​បាន​ប្រព្រឹត្ត
តាំង​តែ​ពី​ក្មេង​មក
គឺ​មិន​ព្រម​ស្តាប់​តាម​ពាក្យ​យើង​ឡើយ។
22ខ្យល់​នឹង​ស៊ី​បំផ្លាញ​ពួក​គង្វាល​របស់​អ្នក
ហើយ​ពួក​សហាយ​របស់​អ្នក​នឹង​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ
ដូច្នេះ អ្នក​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ
ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត​ជា​មិន​ខាន។
23ឱ​អ្នក​ដែល​អាស្រ័យ​នៅ​ព្រៃ​ល្បាណូន
ដែល​ធ្វើ​សម្បុក​នៅ​ដើម​តា‌ត្រៅ​អើយ
កាល​ណា​សេចក្ដី​ទុក្ខ​វេទនា​មក​លើអ្នក
ដូច​ជា​ស្ត្រី​ដែល​ឈឺ​ចាប់​សម្រាល​កូន
នោះ​អ្នក​គួរឲ្យ​អាណិត​យ៉ាង​ណា​ទៅ!។
សេចក្ដី​ជំនុំ​ជម្រះ​មក​លើ​កូនាស​(យេហូយ៉ាគីន)
24ព្រះ‌យេហូវ៉ា​ស្បថ​ថា៖ ដូច​ជា​យើង​រស់​នៅ ទោះ​បើព្រះបាទ​កូនាស ជា​បុត្រ​ព្រះបាទ​យេហូ‌យ៉ាគីម ស្តេច​សាសន៍​យូដា ជា​ចិញ្ចៀន​ត្រា​នៅ​ដៃ​ស្តាំ​យើង​ក៏​ដោយ គង់​តែ​យើង​នឹង​កន្ត្រាក់​ចេញ​ទៅ​ដែរ។ 25យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចង់​បាន​ជីវិត​អ្នក ហើយ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​អ្នក​បាន​ខ្លាច​នោះ គឺ​ក្នុង​កណ្ដាប់​ដៃ​នៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ក្នុង​កណ្ដាប់​ដៃ​នៃ​សាសន៍​ខាល់ដេ​ផង។ 26យើង​នឹង​បោះ​អ្នក​ចោល ព្រម​ទាំង​ម្តាយ​ដែល​បង្កើត​អ្នក​ផង ទៅ​ក្នុង​ស្រុក​មួយ​ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​អ្នក ហើយ​អ្នក​នឹង​ស្លាប់​នៅ​ក្នុង​ស្រុក​នោះ។ 27ប៉ុន្តែ ស្រុក​ដែល​ចិត្ត​គេ​រឭក​ចង់​វិល​ទៅ​នៅ​វិញ​នោះ គេ​នឹង​មិន​ត្រឡប់​ទៅ​នៅ​វិញ​ឡើយ។
28ឯ​មនុស្ស​ឈ្មោះ​កូនាស នេះ
តើ​ជា​ភាជនៈ​កំបែក ហើយ​សម្អប់
ជា​ប្រដាប់​ដែល​ឥត​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ឬ?
ហេតុ​អ្វី​បាន​ជា​គេ និង​កូន​ចៅ​របស់​គេ​ត្រូវ​បោះ​ចោល
ហើយ​គ្រវែង​ទៅ​នៅ​ស្រុក​មួយ​ដែល​គេ​មិន​ស្គាល់​នោះ?
29ឱ​ផែនដី ផែនដី ផែនដី​អើយ
ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ
30ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ៖
ត្រូវ​កត់​ឈ្មោះ​របស់​មនុស្ស​នេះ​ថា​ជា​គ្មាន​កូន
ជា​មនុស្ស​ដែល​នឹង​មិន​ចម្រើន​ក្នុង​ជំនាន់​របស់​ខ្លួន​ឡើយ
ដ្បិត​នឹង​គ្មាន​ពូជ‌ពង្ស​គេ​ណា​មួយ
ដែល​នឹង​អាច​អង្គុយ​លើ​បល្ល័ង្ក​ស្ដេច​ដាវីឌ
ហើយ​គ្រប់​គ្រង​លើ​ស្រុក​យូដា​បាន​ទៀត​ឡើយ។

ទើបបានជ្រើសរើសហើយ៖

យេរេមា 22: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល