យេរេមា 7

7
លោក​យេរេមា​ប្រកាស​ពីការ​ជំនុំ​ជម្រះ​របស់ព្រះ​ដល់ប្រជារាស្ត្រ
1ព្រះបន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក​យេរេមាថា៖ 2ចូរ​ឈរ​ត្រង់​ទ្វារ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ហើយ​ប្រកាស​ប្រាប់​នៅ​ទី​នោះ តាម​ពាក្យ​នេះ​ថា ឱ​អស់​អ្នក​ក្នុង​ពួក​យូដា ដែល​ចូល​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ 3ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​កែ​ផ្លូវ និង​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា​ឲ្យ​ល្អ​ទៅ នោះ​យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ​ទី​នេះ តទៅ។ 4កុំ​ទុក​ចិត្ត​នឹង​ពាក្យ​បញ្ឆោត ដែល​ថា នេះ​ជា​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ឡើយ។ 5ដ្បិត​បើ​អ្នក​រាល់​គ្នា​កែ​ផ្លូវ​ប្រព្រឹត្ត និង​ចរិត​របស់​អ្នក​ឲ្យ​ល្អ ហើយ​បើ​សម្រេច​ក្ដី​ដល់​មនុស្ស និង​អ្នក​ជិត​ខាង​ដោយ​យុត្តិ‌ធម៌ 6បើ​អ្នក​មិន​សង្កត់‌សង្កិន​មនុស្ស​ប្រទេស​ដទៃ ពួក​កំព្រា និង​ពួក​ស្ត្រី​មេម៉ាយ ហើយ​មិន​កម្ចាយ​ឈាម​ដែល​ឥត​មាន​ទោស​នៅ​ទី​នេះ ក៏​មិន​គោរព​តាម​ព្រះ​ដទៃ ឲ្យ​ខ្លួន​បាន​អន្តរាយ​ឡើយ 7នោះ​យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ​ទី​នេះ​តទៅ គឺ​ក្នុង​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​អ្នក ចាប់​តាំង​ពី​ចាស់​បុរាណ ដរាប​ដល់​អស់‌កល្ប​ជា‌និច្ច។
8មើល៍! អ្នក​រាល់​គ្នា​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត ដែល​គ្មាន​ប្រយោជន៍។ 9តើ​អ្នក​រាល់​គ្នា​លួច​ប្លន់ កាប់​សម្លាប់ ផិត​គ្នា ស្បថ​បំពាន ដុត​កំញាន​ថ្វាយ​ព្រះ‌បាល ហើយ​គោរព​តាម​ព្រះ​ដទៃ ដែល​អ្នក​មិន​បាន​ស្គាល់​ពី​ដើម 10រួច​មក​ឈរ​នៅ​មុខ​យើង​ក្នុង​វិហារ​នេះ ដែល​បាន​ហៅ​តាម​ឈ្មោះ​យើង ហើយ​ពោល​ថា៖ យើង​បាន​សង្គ្រោះ​ហើយ គឺ​ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​នេះ​ឬ? 11ព្រះ‌វិហារ​នេះ​ដែល​ហៅ​តាម​ឈ្មោះ​យើង តើ​បាន​ត្រឡប់​ជា​រោង​ចោរ​នៅ​ភ្នែក​អ្នក​រាល់​គ្នា​ឬ ? ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ គឺ​ខ្លួន​យើង​បាន​ឃើញ​ការ​នេះ​ហើយ។
12ចូរ​អ្នក​រាល់​គ្នា​ទៅ​ទី​កន្លែង​របស់​យើង ដែល​នៅ​ត្រង់​ស៊ីឡូរ​ចុះ ជា​កន្លែង​ដែល​យើង​បាន​តាំង​ឈ្មោះ​យើង​ឲ្យ​នៅ​មុន​ដំបូង ត្រូវ​ពិចារណា​មើល ដែល​យើង​បាន​ធ្វើ​ដល់​កន្លែង​នោះ​ជា​យ៉ាង​ណា ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​យើង 13ហើយ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ យើង​បាន​និយាយ​នឹង​អ្នក​រាល់​គ្នា ទាំង​ខ្នះ‌ខ្នែង​រំឭក​អ្នក​តាំង​ពី​ព្រលឹម​ស្រាង​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ យើង​ក៏​បាន​ហៅ​អ្នក​រាល់​គ្នា តែ​អ្នក​មិន​បាន​ឆ្លើយ​តប​សោះ។ 14ហេតុ​នោះ យើង​នឹង​ធ្វើ​ដល់​វិហារ ដែល​ហៅ​តាម​ឈ្មោះ​យើង គឺ​ជា​ទី​ដែល​អ្នក​រាល់​គ្នា​ទុក​ចិត្ត​នេះ ហើយ​ដល់​ទី​កន្លែង​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា និង​បុព្វ‌បុរស​អ្នក​ផង ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីឡូរ​នោះ​ដែរ។ 15យើង​នឹង​បោះ‌បង់​អ្នក​រាល់​គ្នា​ចេញ​ពី​ភ្នែក​យើង ដូច​ជា​បាន​បោះ‌បង់​ពួក​បង‌ប្អូន​អ្នក​ដែរ គឺ​ជា​ពូជ​អេប្រាអិម​ទាំង​ប៉ុន្មាន។
ពួក​មនុស្ស​ដែល​មិន​ស្ដាប់​បង្គាប់
16សម្រាប់​អ្នក​រាល់​គ្នា កុំ​អធិស្ឋាន​ឲ្យ​ជន​ជាតិ​នេះ​ឡើយ ក៏​កុំ​ឲ្យ​បន្លឺ​សំឡេង​អំពាវ‌នាវ ឬ​អធិស្ឋាន​ឲ្យ​គេ ឬ​អង្វរ​ដល់​យើង​ជំនួស​គេ​ឲ្យ​សោះ ព្រោះ​យើង​មិន​ព្រម​ស្តាប់​អ្នក​ទេ។ 17តើ​អ្នក​មិន​ឃើញ​អំពើ​ដែល​គេ​ប្រព្រឹត្ត នៅ​ក្នុង​ក្រុង​នានា​នៃ​ស្រុក​យូដា ហើយ​នៅ​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទេ​ឬ? 18គឺ​កូន​ក្មេង​រើស​ឧស ឪពុក​បង្កាត់​ភ្លើង ហើយ​ពួក​ស្រីៗ​ច្របាច់​ម្សៅ​ធ្វើ​នំ​ថ្វាយ​ដល់​ព្រះ‌ចន្ទ ព្រម​ទាំង​ច្រួច​តង្វាយ​ថ្វាយ​ដល់​ព្រះ​ឯ​ទៀត នេះ​ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង​ក្តៅ។ 19ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ តើ​គេ​បណ្ដាល​ឲ្យ​យើង​មាន​សេចក្ដី​ក្រោធ​មែន​ឬ? តើ​មិន​មែន​ខ្លួន​គេ​ដែល​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ​ទេ​ឬ? 20ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍ កំហឹង និង​សេចក្ដី​ក្រោធ​របស់​យើង បាន​ចាក់​មក​លើ​ទី​នេះ គឺ​លើ​មនុស្ស លើ​សត្វ ហើយ​លើ​ដើម​ឈើ​នៅ​ចម្ការ និង​លើ​ផល​ដែល​កើត​ពី​ដី​ផង កំហឹង​នោះ​នឹង​ឆេះ​ឡើង​ឥត​រលត់​ឡើយ។
21ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ថ្វាយ​តង្វាយ​ដុត​ថែម​លើ​យញ្ញ‌បូជា​របស់​អ្នក​រាល់​គ្នា ហើយ​ស៊ី​សាច់​ចុះ 22ពី​ព្រោះ​នៅ​គ្រា​ដែល​យើង​បាន​នាំ​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​យើង​មិន​បាន​និយាយ​នឹង​គេ ឬ​បង្គាប់​គេ ពី​ដំណើរ​តង្វាយ​ដុត និង​យញ្ញ‌បូជា​ទេ 23គឺ​យើង​បាន​បង្គាប់​សេចក្ដី​នេះ​ដល់​គេ​វិញ​ថា ចូរ​ស្តាប់​តាម​ពាក្យ​យើង នោះ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​រាល់​គ្នា​ត្រូវ​ដើរ​តាម​ផ្លូវ​ដែល​យើង​បង្គាប់​អ្នក​គ្រប់​ជំពូក ដើម្បី​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ។ 24ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​សោះ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង គឺ​គេ​បាន​ដើរ​តាម​តែ​គំនិត​របស់​ខ្លួន​គេ និង​សេចក្ដី​រឹង​ចចេស​ក្នុង​ចិត្ត​អាក្រក់​របស់​គេ​វិញ គេ​បាន​រា​ថយ​ក្រោយ ឥត​ជឿន​ទៅ​ខាង​មុខ​ទេ។ 25ចាប់​តាំង​ពី​ថ្ងៃ​ដែល​បុព្វ‌បុរស​អ្នក​រាល់​គ្នា បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ យើង​បាន​ចាត់​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក​រក​អ្នក ដោយ​ខ្នះ‌ខ្នែង​ចាត់​គេ​ពី​ព្រលឹម​ស្រាង​រាល់​ថ្ងៃ​ផង។ 26ប៉ុន្តែ អ្នក​មិន​បាន​ស្តាប់​តាម​យើង ឬ​ផ្ទៀង​ត្រចៀក​មក​សោះ គឺ​បាន​តាំង​ក្បាល​រឹង ហើយ​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​បុព្វ‌បុរស​ទៅ​ទៀត។
27អ្នក​ត្រូវ​ប្រាប់​ដល់​គេ​តាម​អស់​ទាំង​ពាក្យ​នេះ តែ​គេ​នឹង​មិន​ស្តាប់​តាម​អ្នក​ទេ ហើយ​អ្នក​នឹង​ស្រែក​ហៅ​គេ​ដែរ តែ​គេ​មិន​ព្រម​ឆ្លើយ​តប​ឡើយ។ 28អ្នក​ត្រូវ​ប្រាប់​គេ​ថា នេះ​ហើយ ជា​សាសន៍​ដែល​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន ក៏​មិន​បាន​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ។ សេចក្ដី​ពិត​បាន​សូន្យ​បាត់ គឺ​បាន​កាត់​ចេញ​ពី​មាត់​គេ​ហើយ។
29ចូរ​កាត់​សក់​អ្នក​បោះ​ចោល​ទៅ
ហើយ​ចាប់​ផ្ដើម​ទួញ​ទំនួញ​នៅ​លើ​ទី​ខ្ពស់​ចុះ
ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បដិសេធ
ហើយ​បោះ‌បង់​ចោល​តំណ​មនុស្ស
ដែល​ត្រូវ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ។
30ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ពួក​កូន​ចៅ​យូដា​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​នៅ​ភ្នែក​យើង គេ​បាន​ដាក់​របស់​គួរ​ស្អប់​ខ្ពើម​របស់​គេ នៅ​ក្នុង​វិហារ​ដែល​ហៅ​តាម​ឈ្មោះ​យើង ដើម្បី​ធ្វើ​ឲ្យ​អាប់‌ឱន។ 31គេ​ក៏​បាន​ធ្វើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៅ​ត្រង់​តូផែត ដែល​នៅ​ក្នុង​ច្រក​ភ្នំ​នៃ​ពួក​កូន​ចៅ​ហ៊ីនណម ដើម្បី​ដុត​កូន​ប្រុស​កូន​ស្រី​របស់​គេ​ក្នុង​ភ្លើង ជា​ការ​ដែល​យើង​មិន​បាន​បង្គាប់​ឡើយ ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​យើង​ដែរ។ 32ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មាន​ពេល​មក​ដល់ ដែល​គេ​នឹង​លែង​ហៅ​ទី​នោះ​ថា តូផែត ឬ​ថា​ច្រក​ភ្នំ​នៃ​កូន​ចៅ​ហ៊ីនណម​តទៅ គឺ​នឹង​ហៅ​ថា​ច្រក​ភ្នំ​នៃ​ការ​សម្ល៉េះ​វិញ ពី​ព្រោះ​គេ​នឹង​បញ្ចុះ​សព​នៅ​ត្រង់​តូផែត​នោះ ទាល់​តែ​គ្មាន​កន្លែង​ទំនេរ​ទៀត។ 33សាក​សព​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​នេះ​នឹង​ក្លាយ​ជា​ចំណី​សត្វ​ហើរ​លើ​អាកាស សត្វ​នៅ​ដី​ផង ឥត​មាន​អ្នក​ណា​បង្អើល​វា​ចេញ​ឡើយ។ 34នៅ​គ្រា​នោះ យើង​លែង​ឲ្យ​មាន​សំឡេង​អំណរ និង​សំឡេង​រីក‌រាយ ជា​សំឡេង​របស់​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី ពី​ក្រុង​ស្រុក​យូដា ហើយ​ពី​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទៅ ពី​ព្រោះ​ស្រុក​នេះ​នឹង​ត្រូ​វ​វិនាស​សូន្យ។

ទើបបានជ្រើសរើសហើយ៖

យេរេមា 7: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល